មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ភ្នំពេញ​គួរ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​កុំ​ឱ្យ​បាត់បង់​អនុគ្រោះ​ពន្ធ

ដោយ មួង ណារ៉េត
2019-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ថា សារ​ដ៏​ម៉ឺងម៉ាត់​របស់​សហភាព​អឺរ៉ុប រម្លឹក​របប​លោក ហ៊ុន សែន អំពី​ការ​ចៀស​មិន​ផុត​ពី​ការ​បាត់បង់​អនុគ្រោះ​ពន្ធ EBA បើ​របប​នេះ​មិន​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ឱ្យ​បាន​ឆាប់ មុន​ឱសានវាទ នៃ​ការ​បិទ​បញ្ចប់​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថា ដើមចម​នៃ​បញ្ហា ដែល​នាំ​ឱ្យ​ប្រទេស​កម្ពុជា ប្រឈម​នឹង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នេះ គឺ​មកពី​របប​លោក ហ៊ុន សែន ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​គាត់​ក្នុង​ផ្ទះ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់​ធ្ងន់ មិន​អាច​អត់ឱន​បាន។

អ្នកស្រី មូរ សុខហួរ ថា​ពេលវេលា នៃ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ កាន់តែ​ខិត​កៀក​ណាស់​ហើយ​។ ដូច្នេះ កូនសោ គឺ​នៅ​លើ​ដៃ​លោក ហ៊ុន សែន។ ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើយ​ក្រោយពី​មន្ត្រី​សហភាព​អឺរ៉ុប បញ្ជាក់​ថា នៅតែ​រក្សា​ជំហរ​ដដែល រឿង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA។ ជំហរ​របស់​សហភាព​អឺរ៉ុប​នេះ បញ្ជាក់​តាម​អគ្គនាយក​ស្ដីទី​ផ្នែក​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ើហ្ស (Peter Berz) ដែល​តំណាង​ឱ្យ​ស្នងការ​នៃ​គណៈកម្មការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាមស្ត្រុម (Cecilia Malmstrom)។ លោក ភីធឺ ប៊ើហ្ស បាន​បញ្ជាក់​ជំហរ​បែបនេះ នៅ​លិខិត​ឆ្លើយតប ទៅ​កាន់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៩ ខែ​ឧសភា។

លោក ភីធឺ ប៊ើហ្ស បញ្ជាក់​បន្ថែម​ថា សហភាព​អឺរ៉ុប បាន​ចាត់​វិធានការណ៍​ផ្សេងៗ រួម​ទាំង​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ ដែល​ចាប់​ផ្តើម តាំងពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ នោះ​ផង​។ លោក​បន្ត​ថា សហភាព​អឺរ៉ុប​នៅតែ​បន្ត​ទាមទារ ឱ្យ​របប​លោក ហ៊ុន សែន ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ដែល​វិធានការ​ចាំបាច់​ទាំងនោះ​រួមមាន ស្ដារ​បរិយាកាស​នយោបាយ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​បើក​ដំណើរការ ដោយ​សេរី និង​គ្មាន​ការ​រឹតត្បិត ឬ​ធ្វើ​ទុក្ខបុកម្នេញ។

បន្ថែម​លើ​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ដដែល បាន​ធានា​អះអាង ប្រាប់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា សហភាព​អឺរ៉ុប នៅតែ​បន្ត​ប្ដេជ្ញា​ចិត្ត ក្នុង​ត្រួតពិនិត្យ និង​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា យ៉ាង​យកចិត្តទុកដាក់​បំផុត។

សារ​របស់​មន្ត្រី​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែល​បាន​សរសេរ​លិខិត​ចំនួន​ពីរ​ច្បាប់ កាលពី​ខែ​មីនា ដើម្បី​ជូនដំណឹង និង​សុំ​អន្តរាគមន៍​ជាបន្ទាន់​ពី​សហភាព​អឺរ៉ុប ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​របប​លោក ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង ដែល​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ និង​ឥត​ស្រាកស្រាន្ត។ ក្នុង​លិខិត​ទាំងពីរ​នោះ អ្នកស្រី មូរ សុខហួរ បង្ហាញ​អំពី​ការ​ចេញ​ដីកា​តាម​ចាប់​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ៨ នាក់​បន្ថែម​ទៀត និង​ធ្វើ​ទុក្ខបុកម្នេញ​របស់​តុលាការ និង​អាជ្ញាធរ​មូលដ្ឋាន ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង។

ទោះយ៉ាង​នេះ​ក្តី អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឱ្យ​ចៀស គឺ​ចង់​មិន​ឱ្យ​សហភាព​អឺរ៉ុប​ដក EBA ពី​កម្ពុជា​ទេ ព្រោះ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេសជាតិ​។ ដូច្នេះ​ហើយ​ទើប​អ្នកស្រី នៅតែ​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ប្រញាប់​រក​ដំណោះស្រាយ ក្នុង​ការ​ជជែក​ជា​ការ​សន្ទនា​រវាង​ខ្មែរ និង​ខ្មែរ និង​ជជែក​សន្ទនា​ជាមួយ​សហគមន៍​អឺរ៉ុប​បន្ត​ទៅ​ទៀត។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ជុំវិញ​សារលិខិត​របស់​មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​នេះ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។ ប៉ុន្តែ កន្លងមក​របប​លោក ហ៊ុន សែន អះអាង​ថា ខ្លួន​នឹង​មិន​ធ្វើតាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​ទេ ព្រោះ​ម្យ៉ាង​ខ្លាច​បាត់បង់​អធិបតេយ្យ​ភាព និង​ឯករាជ្យ​របស់​កម្ពុជា និង​ម្យ៉ាងទៀត​ថា ចំណាត់ការ​រម្លាយ​សំឡេង​ប្រឆាំង ធ្វើ​ត្រឹមត្រូវ​តាមច្បាប់។

ពេលវេលា​នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​។ ជា​ផ្នែក​នៃ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ មន្ត្រី​គណៈប្រតិភូ​សហភាព​អឺរ៉ុប នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា នៅ​ដើមខែ មិថុនា​នេះ ជា​លើក​ទី​ពីរ មុន​នឹង​នីតិវិធី ៦​ខែ​ដំបូង ត្រូវ​បិទ​បញ្ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល