គណបក្សសង្គ្រោះជាតិអះអាងថា លោក ហ៊ុន សែន កំពុងសាងកំហុសធំៗ ពីរ ក្នុងការដឹកនាំប្រទេស។ សេចក្តីថ្លែងការណ៍គណបក្សផ្សាយនៅថ្ងៃនេះថា កំហុសទាំងនោះគឺ ទី១ លោក ហ៊ុន សែន សាងកំហុស និងបំផ្លាញប្រជាធិបតេយ្យ ទី២ បំផ្លាញសេដ្ឋកិច្ចជាតិ ដើម្បីក្រាញអំណាចមួយជីវិត។
សេចក្ដីថ្លែងការណ៍បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សាងកំហុសនយោបាយធំជាងគេចុងក្រោយនោះ គឺការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ ដើម្បីទប់ស្កាត់មិនឱ្យចូលរួមបោះឆ្នោតឆ្នាំ២០១៨។ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការសម្លាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយងាកទៅចាប់យកចិនជាខ្នងបង្អែកតែមួយគត់ ដោយងាកចេញពីសហភាពអឺរ៉ុប ធ្វើឱ្យគណៈកម្មការអឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ដែលប្រការនេះ ជាកំហុសនយោបាយដ៏ធ្ងន់ធ្ងរ។
គណបក្សសង្គ្រោះជាតិ ចាត់ទុកកំហុសនយោបាយរបស់លោក ហ៊ុន សែន នេះ គឺមានលក្ខណៈស្រដៀងកំហុសរបស់ ប៉ុល ពត ដែរ ដែល ប៉ុល ពត បានពឹងតែលើរដ្ឋាភិបាលចិនតែមួយគត់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងការពារអំណាចរបស់ខ្លួននៃរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
សេចក្ដីថ្លែងការណ៍បន្ថែមថា លោក ហ៊ុន សែន ដើរនយោបាយខុសនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ឬបំផ្លាញសេដ្ឋកិច្ចជាតិ ដោយសារតែ អសមត្ថភាពក្នុងការដឹកនាំ គ្មានបទពិសោធន៍ គ្មានចក្ខុវិស័យសេដ្ឋកិច្ច។ គ្រឹះសេដ្ឋកិច្ចរបស់ប្រទេសពឹងតែលើឧស្សាហកម្មកាត់ដេរ ដែលជាឧស្សាហកម្មប្រើបច្ចេកវិទ្យាទាប និងផ្ដល់ប្រាក់ខែទាបជូនកម្មករ។ វិស័យឧស្សាហកម្មកាត់ដេរនេះ លោក ហ៊ុន សែន ក៏ពឹងតែលើទីផ្សារលោកសេរី មានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ រីឯវត្ថុធាតុដើមវិញ លោក ហ៊ុន សែន ពឹងតែលើប្រទេសចិនតែមួយគត់។
ឥឡូវនេះ ទាំងទីផ្សារសម្រាប់នាំចេញ ទាំងវត្ថុធាតុដើមយកមកពីចិននោះ កំពុងតែមានភាពច្របូកច្របល់ ដោយការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA និងដោយការរីករាលដាលវីរុសCOVID-19 ឬកូរ៉ូណា។ ការរាតត្បាតវីរុសកូរ៉ូណា នៅប្រទេសចិននេះ បានបង្ខំឱ្យចិនបិទទ្វាររោងចក្រ ដែលមិនអាចនាំវត្ថុធាតុដើមមកកម្ពុជាបាន។ ដោយបញ្ហាទាំងពីរនេះ នាំឱ្យប្រទេសកម្ពុជា នឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅៗ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់។
លោក ហ៊ុន សែន កាលពីពេលថ្មីៗ នេះ ប្រកាសថា រោងចក្រមួយចំនួននៅកម្ពុជា នឹងត្រូវបិទទ្វារដោយសារតែគ្មានវត្ថុធាតុដើមពីចិននោះ។ លោកជំរុញឱ្យខាងថៅកែរោងចក្រផ្ដល់ប្រាក់ខែជូនកម្មករចំនួន ៦០%នៃប្រាក់ខែកម្មករសរុបចំនួន ១៩០ដុល្លារក្នុងមួយខែ ហើយខាងរបបរបស់លោកផ្ដល់ជួន ២០%ទៀត គិតជាទឹកប្រាក់ កម្មករទទួលបានប្រាក់ខែប្រមាណ ១២០ដុល្លារ ក្នុងមួយខែ។ តែការផ្ដល់ជូននេះ លោក ហ៊ុន សែន បានដាក់លក្ខខណ្ឌឱ្យកម្មករ ទៅទទួលការបណ្ដុះបណ្ដាលពីក្រសួងការងារជាមុនសិន។
សេចក្ដីថ្លែងការណ៍គណបក្សសង្គ្រោះជាតិដដែលបញ្ជាក់ថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន យកប្រាក់ពីរដ្ឋ មកបើកប្រាក់ខែឱ្យកម្មករនេះ មិនអាចទៅរួចឡើយ ពីព្រោះថា ឃ្លាតឆ្ងាយពីមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងនាំមកនូវភាពច្របូកច្របល់ នឹងធ្វើឱ្យក្ស័យធន ទាំងវិស័យសាធារណៈ និងទាំងក្នុងវិស័យឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។