ក្រុមមេយោធារបបក្រុងភ្នំពេញ និងមេបញ្ជាការស្និតជាមួយ លោក ហ៊ុន សែន នាំគ្នាប្រកាសថ្កោលទោសជាថ្មី និងប្ដេជ្ញាឱ្យកងកម្លាំងចាប់ខ្លួន លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង បើសិនហ៊ានចូលទឹកដីកម្ពុជា។ អ្នកវិភាគថា លោក ហ៊ុន សែន កំពុង ភ័យខ្លាចវត្តមាន លោក សម រង្ស៊ី ដឹកនាំចលនាពលរដ្ឋ កងទ័ពផ្នែកខ្លះ និងផ្ទៃក្នុងគណបក្សកាន់អំណាចខ្លះ ប្រឆាំងអំណាចផ្ដាច់ការ លោក ហ៊ុន សែន។
ក្រុមមេយោធាបានប្រើប្រាស់បណ្ដាញប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ដោយប្រកាសថា ពួកគេបានត្រៀមខ្លួនរួចហើយ ដើម្បីបញ្ជាឱ្យកងទ័ពចាប់ខ្លួន លោក សម រង្សី។ មេបញ្ជាការយោធាទាំងនោះ មានដូចជា មេបញ្ជាការរងកងទ័ពជើងគោក លោក ព្រហ្ម ផេង មេកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង ដែលមានឈ្មោះអាស្រូវ ជាយោធាមានបាតដៃប្រឡាក់ឈាម មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង ៩១១ លោក ចាប ភក្ដី មេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន មេបញ្ជាការកងរាជអាវុធហត្ថ ឬប៉េអឹម លោក សៅ សុខា និងក្រុមមេបញ្ជាការភូមិភាគ អគ្គនាយកទីចាត់ការបុគ្គលិក ទីចាត់ការបំភ័ន្តអក្ខរៈជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៦ មករា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានប្រឆាំងការអំពាវនាវ របស់ លោក សម រង្ស៊ី និងព្រមានបង្ក្រាបជនរួមជាតិណា ដែលគាំទ្រការអំពាវនាវរបស់ លោក សម រង្ស៊ី ដោយចាត់ទុកថា គឺដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងសន្តិភាពជូនប្រទេសកម្ពុជា។
ប្រតិកម្មនេះ ដោយសារតែ លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ មករា បានអំពាវនាវក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឱ្យកងកម្លាំងប្រដាប់អាវុធ កុំស្ដាប់បញ្ជាលោក ហ៊ុន សែន ដែលលោក សម រង្ស៊ី ហៅថា ជានាយករដ្ឋមន្ត្រីខុសច្បាប់ និងជាចោរប្លន់អំណាចពីប្រជារាស្ត្រ។ លោក សម រង្ស៊ី បន្តហៅ លោក ហ៊ុន សែន ជាជនផ្ដាច់ការ និងប្រាប់កងកម្លាំងប្រដាប់អាវុធថា បើទោះ លោក ហ៊ុន សែន បានណែនាំកងកម្លាំងប្រដាប់អាវុធ ឱ្យចាប់រូបលោក នៅពេលលោកវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ២០១៩ ហើយឱ្យបង្ក្រាបអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ដែលនឹងងើបឈរឡើងដើម្បីទាមទារឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ បែបណាក៏ដោយ គឺមិនត្រូវស្ដាប់បញ្ជាលោក ហ៊ុន សែន ឡើយ។
លោក សម រង្ស៊ី អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ កុំប្រើអាវុធបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ តាមបញ្ជាជនផ្ដាច់ការ ដែលលោក សម រង្ស៊ី បញ្ជាក់ចំថា គឺ លោក ហ៊ុន សែន។ លោក សម រង្ស៊ី ស្នើសុំកងកម្លាំង កុំការពាររបបសព្វថ្ងៃ ព្រោះលោកអះអាងថា មិនមែនជារដ្ឋាភិបាលរបស់ពលរដ្ឋខ្មែរទេ តែជារបបផ្ដាច់ការខុសច្បាប់ កើតចេញពីការបោះឆ្នោតក្លែងក្លាយ នៅខែកក្កដា ឆ្នាំ ២០១៨ ដែលសកលលោក មិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយនោះទេ ហើយព្រឹត្តិការណ៍ខុសច្បាប់នោះ បានបង្កើតរដ្ឋសភាក្លែងក្លាយ និងនាយករដ្ឋមន្ត្រីក្លែងក្លាយ ឈ្មោះ ហ៊ុន សែន។
លោក សម រង្ស៊ី អំពាវនាវទៀតថា សូមកងកម្លាំងប្រដាប់អាវុធ កុំការពាររបបក្បត់ជាតិសព្វថ្ងៃ តែសូមបែរមកការពារប្រជារាស្ត្រវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់ និងសូមកងកម្លាំងប្រដាប់អាវុធ កុំឈរខាងរបបផ្ដាច់ការក្បត់ជាតិសព្វថ្ងៃ តែសូមបែរមកឈរខាងប្រជារាស្ត្រ ដែលទាមទារសេរីភាព និងយុត្តិធម៌ ហើយទាមទារឱ្យមានអ្នកដឹកនាំថ្មី ដែលជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប្រកបដោយទសពិធរាជធម៌។
មេដឹកនាំរបបឯកបក្សក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីថ្ងៃទី២៤ មករា បានប្រកាសថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលដីកាពីតុលាការកំពូលឱ្យចាប់ខ្លួន ប្រធានស្ដីទីបក្សប្រឆាំងរួចហើយ និងដាក់បញ្ជាបន្ថែមឱ្យកងទ័ពវាយកម្ទេចជនក្បត់ជាតិ ប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ ដែលមេដឹកនាំរបបឯកបក្សរូបនេះ សំដៅដល់ លោក សម រង្ស៊ី។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ការស្ទុះស្ទារបស់មេយោធាស្និត របបលោក ហ៊ុន សែន ចេញមុខព្រមានលោក សម រង្ស៊ី ម្នាក់ម្ដងនេះ ដោយសារ លោក ហ៊ុន សែន ដឹងច្បាស់ក្នុងចិត្តថា ទឹកចិត្តពលរដ្ឋទាំងនៅកម្ពុជា និងក្រៅស្រុកកំពុងពុះកញ្ជ្រោល ចង់ឱ្យមានការផ្លាស់ប្ដូរ លោក ហ៊ុន សែន។ លោក គឹម សុខ ថា លោក ហ៊ុន សែន បារម្ភខ្លាំងបំផុត គឺវត្តមានលោក សម រង្ស៊ី ដឹកនាំពលរដ្ឋដោយផ្ទាល់នៅកម្ពុជា ប្រឆាំងរបបផ្ដាច់ការសព្វថ្ងៃ ព្រោះមិនមែនតែពលរដ្ឋក្នុង និងក្រៅប្រទេសទេ ដែលកំពុងមានទឹកចិត្ត ពុះកញ្ជ្រោល រង់ចាំលោក សម រង្ស៊ី ទៅដឹកនាំ ការផ្លាស់ប្ដូរ សូម្បីតែផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ ផ្នែកខ្លះនៃកងទ័ព និងប៉េអិម ក៏កំពុងរង់ចាំឱកាស ដើម្បីផ្លាស់ប្ដូរ លោក ហ៊ុន សែន ចេញដែរ៖ «លោក ហ៊ុន សែន ទប់បានឬ ក៏អត់ ក្នុងកាលៈទេសៈនេះ វាមិនស្ថិតនៅលើភាគី លោក ហ៊ុន សែន តែឯងទេ។ ថាតើកម្លាំងដែលលោក ហ៊ុន សែន ដាក់ពង្រាយដើម្បីទប់ស្កាត់នោះ កម្លាំងប្រភេទណា ? មានការឯកភាពពីផ្ទៃក្នុងគណបក្សប្រជាជន ឬអត់ ?... នេះមិនរាប់កម្លាំងប៉ូលិស និងប៉េអិម មួយចំនួនផង ... មានន័យថា កម្លាំងរបស់ លោក ហ៊ុន សែន គឺដាក់ពង្រាយ តែកម្លាំងទាំងឡាយដែលស្ថិតនៅក្រោមកូនប្រុសគាត់តែមួយប៉ុណ្ណឹងទេ។ ប្រសិនបើមានការខ្ទាស់ពីផ្ទៃក្នុង ផ្នែកណាធំមួយដែលមានឥទ្ធិពល មានការខ្ទាស់ពីកម្លាំងកងទ័ពជាតិដែលមានតួនាទីសំខាន់ៗ ហើយមានការខ្ទាស់ពីកម្លាំងប៉ូលិស ប៉េអិមខ្លះនោះ នឹងមានការពិបាកនៅក្នុងការបន្តយុទ្ធនាការ ការការពារអំណាចរបស់គាត់ហើយ។ ចំណុចទី២ ក៏វាស្ថិតនៅលើ ថាតើយុទ្ធសាស្ត្រលោក សម រង្ស៊ី ខ្លាំងកម្រិតណា ? ហើយតើគាត់ហ៊ានបង្ហាញវត្តមាន ដឹកនាំដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជា ឬអត់ ?»។
លោក គឹម សុខ អះអាងថា នៅពេល លោក សម រង្ស៊ី ដឹកនាំពលរដ្ឋចូលកម្ពុជាវិញ លោក ហ៊ុន សែន នឹងមិនប្រើប្រាស់កងកម្លាំងនគរបាល ដូចការ ប្រកាសទេ តែនឹងពង្រាយកងយោធា ដាក់តាមដងផ្លូវព្រោះ ដើម្បីសំញែង បំបាក់ទឹកចិត្តពលរដ្ឋ ដែលចង់ប្រឆាំងអំណាចផ្ដាច់ការ តជំនាន់ពីឪពុក ទៅកូនដែរ។ ម្យ៉ាងទៀត លោក ហ៊ុន សែន មិនទុកចិត្តផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលមានចរន្តចង់ផ្លាស់ប្ដូរ លោកចេញពីតំណែង ក្រោយលោកបង្ហាញចេតនា ចង់បន្តតំណែងទុកឱ្យកូនប្រុស លោកបន្តវេន។
លោក គឹម សុខ បន្តថា នៅពេលមានវត្តមានលោក សម រង្ស៊ី ចូលដឹកនាំពលរដ្ឋ សកម្មជនបក្សប្រឆាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពេលនោះប្រទេសលោកសេរី អាចនឹងប្រកាសគាំទ្រចលនាពលរដ្ឋ ដូចទង្វើមេបក្សប្រឆាំងនៅប្រទេស វេណេហ្ស៊ុយអេឡា (Venezuela) ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។