ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ត្រៀម​​ផ្លាស់​ប្ដូរ​​សមាជិក ២រូប និង​​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធាន​​ថ្មី

ដោយ ថន ថារ៉ូ
2019-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា
ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា
RFA

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ត្រៀម​ផ្លាស់ប្ដូរ​សមាជិក ២រូប នៅ​ពាក់​កណ្ដាល​ខែ​មិថុនា និង​ត្រៀម​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី ដោយសារ​ដល់​អាណត្តិ។ បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សង្គម​ថា ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​នេះ នឹង​នៅ​បន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច និង​មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន ដដែល។

សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​ជា​អ្នក​នាំ​ពាក្យ លោក មឹន ស៊ាន ប្រាប់​អាស៊ី​សេរី​ថា អ្នក​ដែល​ចូល​មក​ជំនួស​សមាជិក​ចាស់​ទាំង ២រូប ​មាន​​ បុត្រ​សុណិសា របស់​ ព្រះបាទ​ នរោត្តម​ សីហនុ គឺ​លោក កែវ ពុទ្ធិ​រស្មី និង​ចៅក្រម​មិន​ចូល​និវត្តន៍​ប្រចាំ​ក្រសួង​យុត្តិធម៌ លោក​ស្រី លី វួចឡេង។ ចំណែក​សមាជិក​ចាស់​ម្នាក់ ដែល​ត្រូវ​ចូល​និវត្តន៍​ដែរ គឺ​លោក ហ៊ី សោភា ទទួល​បាន​សិទ្ធិ​បន្ត​មួយ​អាណត្តិ​ រយៈ​ពេល​៣​ឆ្នាំ​ទៀត។

លោក មឹន ស៊ាន ប្រាប់​ថា ការ​ផ្លាស់ប្ដូរ​នេះ ​ដោយសារ​ច្បាប់​បាន​តម្រូវ​ឲ្យ​រាល់ ៣ឆ្នាំ ស្មើ​មួយ​អាណត្តិ​ត្រូវ​ផ្លាស់ប្ដូរ​សមាជិក ៣នាក់​ចេញ ហើយ​រើស​ ៣នាក់​ចូល​វិញ។ សមាជិក និង​ប្រធាន ទាំង ៩នាក់ នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទទួល​បាន​អាណត្តិ​ការងារ​ក្នុង​ម្នាក់ ៩ឆ្នាំ។ សមាជិក​ ដែល​ត្រូវ​ផ្លាស់ប្ដូរ នៅ​អាណត្តិ​នេះ គឺ​ទ្រង់ នរោត្តម សិរីវុឌ្ឍ និង​លោក មឹន ស៊ាន៖ «នៅ​ក្នុង​ច្បាប់​គេ​ចែង​អ៊ីចឹង ៣ឆ្នាំ​ត្រូវ​តែ​ដូរ ៣នាក់។ ៣ឆ្នាំ​ដូរ ៣នាក់ ៣ឆ្នាំ​ដូរ ៣នាក់ ដើម្បី​បង្វិល​ កុំ​ឲ្យ​ដូរ​ម្ដង​ទាំង​អស់។​ កាលណា​គ្រប់​៩​ឆ្នាំ​ អ្នក​ក្រោយ​ទៀត គ្រប់​៩​ឆ្នាំ​ដូរ​ទៀត។ សំណួរ៖ តើ​នឹង​ផ្លាស់​ប្ដូរ​ផ្លូវ​ការ​ពេល​ណា? ឆ្លើយ៖ មិន​ទាន់​ច្បាស់​ទេ តែ​ប្រហែល​ខែ​៦។ ខែ ៦ហ្នឹង ប្រកាស​ជា​ផ្លូវការ។ សំណួរ ៖ តើ​នឹង​ដូរ​ប្រធាន​ទេ? អត់​ដឹង​ទេ អ្នក​ចាស់​ចប់​ទៅ ចប់​ហើយ អ្នកថ្មី​គេ​នឹង​ដូរ​មក​ជំនួស​អ្នក​ចាស់ ៣នាក់។ ៣នាក់ មក​ជំនួស​ហ្នឹង​។ ៣ឆ្នាំ​គេ​បោះឆ្នោត​រើស​ប្រធាន​ម្ដង​ តែ​នរណា​ឡើង ​អត់​ដឹង​ទេ។ អា​ហ្នឹង​ស្រេច​លើ​បោះ»

ជំពូក​ទី​១២ នៃ​រដ្ឋធម្មនុញ្ញ​ ចែង​អំពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា ជា​ស្ថាប័ន​កំពូល​ មាន​សមត្ថកិច្ច​ធានា​ការពារ​ ការ​គោរព​រដ្ឋធម្មនុញ្ញ និង​ជា​ស្ថាប័ន​ស្រប​ច្បាប់​តែ​មួយ​គត់ ដែល​មាន​សិទ្ធិ​បក​ស្រាយ​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់ ​ដែល​រដ្ឋសភា​​​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់។ ក្រៅពី​លទ្ធភាព​បក​ស្រាយ​ច្បាប់ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សិទ្ធិ​ពិនិត្យ​ និង​សម្រេច​ អំពី​វិវាទ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា។ ចំណែក​សមាសភាព​វិញ ស្ថាប័ន​នេះ មាន​ប្រធាន​មួយ សមាជិក​៨នាក់ សរុប​ ៩នាក់ ដោយ​ ៣នាក់ តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ ៣នាក់​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង ៣នាក់​ទៀត តែង​តាំង​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម។ ស្ថាប័ន​នេះ ផ្លាស់ប្ដូរ​គ្នា​ធ្វើ​ប្រធាន​ផ្លាស់វេន តាម​រយៈ​ការ​បោះឆ្នោត​សមាជិក​ទាំង៩។ បច្ចុប្បន្ន​ ប្រធាន​ស្ថាប័ន​នេះ គឺ​លោក អ៊ឹម ឈុនលឹម ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​ពោធិ៍សាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង សោក​ស្ដាយ​ ដែល​ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​នេះ ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច និង​ជា​ស្ថាប័ន​ស្ដាប់​តាម​បញ្ជា​របស់​បុគ្គល គឺ​លោក ហ៊ុន សែន។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​កំពុង​ភៀស​ខ្លួន នៅ​ប្រទេស​អូស្ត្រាលី​រូប​នេះ គ្មាន​សង្ឃឹម​ថា ការ​ផ្លាស់ប្ដូរ​សមាជិក ​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​​កំពូល​មួយ​នេះ ឯករាជ្យ និង​បំពេញ​តួនាទី តាម​ច្បាប់​ចែង​ឡើយ គឺ​នៅ​តែ​រង​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច ដូច​ស្ថាប័ន​​ផ្សេង​ទៀត ដែល​រដ្ឋធម្មនុញ្ញ​ តម្រូវ​ឲ្យ​ឯករាជ្យ មាន​តុលាការ ស្ថាប័ន​នីតិ​បញ្ញត្តិ ជា​ដើម៖ «វា​ធ្ងន់​ជាង​អា​ក្រោម​ស្ថាប័ន​ទៅ​ទៀត ក្រោម​អំណាច​របស់​បុគ្គល។ ដូច្នេះ​ទោះ​បី​ជា​​មាន​កំណែ​ទម្រង់​ផ្លាស់ប្ដូរ​សមាសភាព​បែប​ណា ក៏​ខ្ញុំ​យល់​ថា ដំណើរ​ការ​ ការងារ​របស់​ស្ថាប័ន​ទាំង​អស់​ហ្នឹង មិន​មាន​ប្រសិទ្ធិ​​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទេ គឺ​មិន​អាច​មាន​ប្រសិទ្ធិ​ភាព​ទាល់​តែ​សោះ ដោយសារ​​យើង​មិន​អាច​បំពេញ​តួនាទី​តាម​អ្វី​ ដែល​ជាក់​ស្ដែង​នៅ​ក្នុង​ច្បាប់។ អ៊ីចឹង​​អា​ការងារ​ ដែល​ធ្វើ​រាល់​ថ្ងៃ គឺ​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច​ កំដរ​អំណាច​ជន​ផ្ដាច់​ការ​តែ​ប៉ុណ្ណឹង​ឯង​ គឺ​អត់​អាច​ធ្វើ​អ្វី​មួយ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ បម្រើ​ប្រជាពលរដ្ឋ​បាន​ទេ»

ក្រុមប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ ត្រូវ​រង​ការ​ចោទ​ថា បាន​ធ្វើ​ខុស​តួនាទី និង​ចូលរួម​អនុវត្ត​បទ​បញ្ជា​របស់​​​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ​ខ្លាំង ចាប់​ពី​កំឡុង​ ក្រោយ​​ការ​បោះឆ្នោត​ឆ្នាំ២០១៣ គឺ​សម័យ​​ លោក ឯក សំអុល និង​លោក អ៊ឹម ឈុនលឹម ជា​ប្រធាន។ កាល​ណោះ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​កាត់​ក្ដី​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ចាញ់ ការ​តវ៉ា​លទ្ធផល​ឆ្នោត អាណត្តិ​ទី៥ និង ​ក្រោយ​មក​ទៀត ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មិន​អើពើ ​នឹង​ការ​តវ៉ា​របស់​ក្រុម​ពលរដ្ឋ និង​សង្គម​ស៊ីវិល ដែល​មិន​ពេញ​ចិត្ត​ នឹង​ច្បាប់​មួយ​ចំនួន ដូច​ជា ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង ចៅក្រម ព្រះរាជអាជ្ញា ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ អង្គការ​សមាគម មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​ដើម។ ច្បាប់​ទាំង​នេះ មាន​ចរិត​ផ្ទុយ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ផ្លាស់ប្ដូរ​​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ២នាក់ ​នៅ​ពេល​ខាង​មុខ នឹង​មិន​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ មាន​ប្រសិទ្ធិ​ភាព​ការងារ​ល្អ​ជាង​មុន​ទេ ព្រោះ​ស្ថាប័ន​នេះ មាន​ទំនាក់​ទំនង​ការងារ​ជាមួយ​អំណាច​នីតិប្បញ្ញត្តិ ហើយ​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា កំពុង​ស្ថិត​ក្នុង​សភាព​ឯក​បក្ស​ដូច​សព្វ​ថ្ងៃ​បែប​នេះ ភាព​ឯករាជ្យ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ៖ «ប៉ុន្តែ​បើ​សិន​ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ នៅ​ស្ថាប័ន​នីតិ​បញ្ញត្តិ​កើត​មាន​ យើង​ក៏​សង្ឃឹម​ថា មាន​ការ​រួម​ចំណែក​ការ​ឃើញ​ប្រសិទ្ធិ​ភាព​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ»

អ្នក​ឃ្លាំមើល លោក សន ជ័យ អះអាង​ថា មាន​តែ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ទើប​មាន​សង្ឃឹម​ថា ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ អាច​មាន​ភាព​ឯករាជ្យ និង​ប្រសិទ្ធិ​ភាព​ការងារ​ល្អ​ប្រសើរ​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល