ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បន្ត​លាតត្រដាង​ទ្រព្យសម្បត្តិ​មហាសាល​គ្រួសារ​ត្រកូល​ហ៊ុន​និង​មន្ត្រី​របប​នេះ

ដោយ មួង ណារ៉េត
2018-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល (ឆ្វេង) ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​សម្រាប់​ការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក​អេ (A) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៧។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល (ឆ្វេង) ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​សម្រាប់​ការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក​អេ (A) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA

ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី បន្ត​លាតត្រដាង​ទ្រព្យសម្បត្តិ​មហាសាល របស់​គ្រួសារ​ត្រកូល​ហ៊ុន និង មន្ត្រី​របប​លោក ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី ដែល​រង​ការ​សង្ស័យ​ថា បាន​មក​ពី​ការ​លាង​លុយ​កង្វក់ និង​អំពើពុករលួយ។ ប៉ុន្តែ មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា លោក​មិន​ចាប់អារម្មណ៍ នឹង​ការ​ចុះផ្សាយ​បែបនេះ នោះ​ទេ ព្រោះ​លោក​សម្អាង​ថា ជា​រឿង​គ្រាន់តែ​សង្ស័យ​ប៉ុណ្ណោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC បន្ត​ចុះផ្សាយ​ព័ត៌មាន កាលពី​ថ្ងៃទី២៥ ខែ​តុលា ដោយ​រាយ​នាម​កូនប្រសា​រលោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដែល​ជា​អគ្គ​ស្នងការ​រង​នគរបាល​​​​​​​​​​​​​ជាតិ ដែល​មាន​ផ្ទះ​តម្លៃ​ប្រហែល ១.៥ លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​របស់​លោក ឌី វិជ្ជា ទើបតែ​លក់​ឃ្លាំង​មួយ​មានតម្លៃ​ជាង ៥លាន​ដុល្លារ (.០៨​លាន​ដុល្លារ​) កាលពី​ខែ​ឧសភា។

លោក ឌី វិជ្ជា ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក ហុក ឡងឌី ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់ ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ឆ្នាំ២០០៨។ លោក​បាន​រៀបការ​ជាមួយ​កូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា។

ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​មហាសាល របស់​គ្រួសារ​ត្រកូល​ហ៊ុន​នេះ សារព័ត៌មាន​ដដែល បាន​រក​ឃើញ​ថា ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ទិញ​ផ្ទះ​តម្លៃ​ប្រហែល ១.៣ លាន​ដុល្លារ នៅ​អូស្ត្រាលី​ដែរ។ ប្រពន្ធ​របស់​លោក ហ៊ុន តូ មានទ្រព្យ​មួយ​កន្លែង​ទៀត​តម្លៃ​ជាង ៦​សែន​ដុល្លារ (៦៥០.០០០) ដែល​ទើប​ផ្ទេរ​កម្មសិទ្ធិ ឲ្យ​បងប្អូន​បង្កើត​របស់​គាត់​គ្រប់គ្រង​វិញ។

ចំណែក​ឯ​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​លោក គង់ វិបុល មាន​ភាគហ៊ុន ក្នុង​ដី​មួយ​កន្លែង ដែល​លក់​កាលពី​ខែ​មីនា ឆ្នាំ​២០០៧ ក្នុង​ទឹកប្រាក់ ជាង ២១ លាន​ដុល្លារ (២១.៤ លាន​ដុល្លារ)។ សារព័ត៌មាន​អូស្ត្រាលី ABC រក​ឃើញ​ថា លោក គង់ វិបុល មានទ្រព្យ​ជាច្រើន​កន្លែង​ទៀត​នៅ​អូស្ត្រាលី រួម​ទាំង​ផ្ទះ​តម្លៃ ៦​សែន​ដុល្លារ​ផង។

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​តំណាងរាស្ត្រ​អូស្ត្រាលី​ផង សុទ្ធតែ​សម្ដែង​ការ​ព្រួយបារម្ភ អំពី​ការ​លាង​លុយ​កង្វក់ និង​អំពើពុករលួយ ដែល​អាច​កើត​ចេញ​ពី​កា​រក​កើន​ទ្រព្យ​ដ៏​សម្បើម​នេះ។ ពួកគាត់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី បើក​ការស៊ើបអង្កេត ក្នុង​ករណី​នេះ។

មិនតែប៉ុណ្ណោះ តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​សហគមន៍​អូស្ត្រាលី ជាពិសេស​ក្នុង​ទីក្រុង ដែនដឺណុង (Dandenong) កាន់តែ​ព្រួយបារម្ភ​ខ្លាំង អំពី​សកម្មភាព​របស់​មន្ត្រី​របប​លោក ហ៊ុន សែន និង ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នៅ​អូស្ត្រាលី ដែល​បង្ក​ការ​គំរាមកំហែង ដល់​សេចក្តី​សុខសាន្ត របស់​ពួកគាត់។

តំណាង​សហគមន៍​ខ្មែរ​មួយ​រូប និង ជា​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​ពលករ លោក តាក់ ម៉េងហ៊ាង បាន​ប្រាប់​សារព័ត៌មាន ABC ថា តាំងពី​លោក​មក​រស់នៅ​អូស្ត្រាលី​អស់​រយៈពេល ២២ ឆ្នាំ​មកនេះ ទើបតែ​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ លោក​កត់​សម្គាល់​ឃើញ​សកម្មភាព​បំភិតបំភ័យ និង គំរាមកំហែង​ជាច្រើន ដោយសារតែ​វត្តមាន​របស់​មន្ត្រី​ទាំងនោះ នៅ​ក្នុង​សហគមន៍​ខ្មែរ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន លោក ផៃ ស៊ីផាន ច្រានចោល​ការផ្សាយ របស់​សារព័ត៌មាន ABC និង​ចាត់ទុកថា​ជា​ការ​ផ្សាយ​អំពី​ភាព​សង្ស័យ​ប៉ុណ្ណោះ ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​មហាសាល របស់​មនុស្ស​ទាំងនោះ។ ប៉ុន្តែ លោក ផៃ ស៊ីផាន មិន​ឆ្ងល់​រឿង​ទ្រព្យសម្បត្តិ​ឯកជន របស់​មន្ត្រី​របប​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំង​នោះ​ទេ ព្រោះ​អះអាង​ថា ទ្រព្យ​ទាំងនោះ បាន​មក​ដោយ​អំពើ​សុចរិត។ លោក​បន្ត​ថា បើ​ទ្រព្យ​នោះ​ជា​ទ្រព្យ​មិន​ស្មោះត្រង់ ម្ល៉េះ​សម​សមត្ថកិច្ច​អូស្ត្រាលី ចាត់ការ​យូរ​ណាស់​បាត់​ទៅ​ហើយ៖ «អ្វី​ដែល​ជា​ព័ត៌មាន​តាម​កាសែត យើង​មិន​ចាត់ទុកថា​ជា​ផ្លូវការ​ទេ។ ការ​បណ្ដាក់ទុន ឬ លុយ ជា​អំណាច ឬ​ដែន​សមត្ថកិច្ច​របស់​អូស្ត្រាលី មិនមែន​ជា​រដ្ឋាភិបាល​សេពគប់ ឬ គាំទ្រ​នូវ​ការ​លាង​លុយ ឬ ការ​ធ្វើ​អ្វី​នោះ​ទេ គឺ​គេ​មាន​ប្រព័ន្ធ​របស់​គេ។ អូស្ត្រាលី​មាន​តំណាង​ក្នុង​ទូត​របស់​គេ​ដែរ ហើយ​គេ​ប្រយ័ត្នប្រយែង និង​កិច្ច​ប្រឆាំង​និង​ការ​លាង​លុយ និង​រត់ពន្ធ​ជាដើម»

លោក ផៃ ស៊ីផាន អះអាង​បន្ថែម​ថា ទោះបី​មន្ត្រី​របប​លោក ហ៊ុន សែន មាន​ប្រាក់ខែ​មិន​ច្រើន​ក្តី ក៏​ពួកគេ​អាច​មាន​ទ្រព្យ​រហូតដល់​លាន​ដុល្លារ​បាន​ដែរ ដោយសារតែ​ការ​រកស៊ី​លក់​ដីធ្លី​ជាដើម។

ជុំវិញ​ការ​​លើកឡើង​ពី​ការ​ព្រួយបារម្ភ អំពី​ការ​គំរាមកំហែង​របស់​មន្ត្រី​របប​លោក ហ៊ុន សែន ទៅលើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នោះ​វិញ លោក ផៃ ស៊ីផាន ថា នោះ​គ្រាន់តែ​ជា​ការ​ភ័យខ្លាច ដែល​ជា​លេស ដើម្បី​ធ្វើ​នយោបាយ​បង្ខូច​កេរ​ឈ្មោះ​របប​លោក ហ៊ុន សែន ប៉ុណ្ណោះ។

កន្លង​មក​តំណាង​សហគមន៍​ខ្មែរ នៅ​អូស្ត្រាលី​រួមមាន​លោក ហុង លីម លោក ជា យូហ៊ន និង ភរិយា​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា ផង ធ្លាប់​ទទួល​បាន​សារ​គំរាមកំហែង​ដល់​អាយុជីវិត ដោយសារតែ​ភាព​ឈានមុខ​ក្នុង​ការ​តវ៉ា​ទាមទារ​យុត្តិធម៌ និង​ប្រជាធិបតេយ្យ។ លោក ហ៊ុន សែន មុន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​អូស្ត្រាលី កាលពី​ខែមីនា ក៏បាន​គំរាម​តាម​វាយ​ពលរដ្ឋ​ខ្មែរ​ដល់​ផ្ទះ ឲ្យ​តែ​ហ៊ាន​ដុត​រូប​ទីងមោង​របស់​គាត់។

តំណាងរាស្ត្រ​អូស្ត្រាលី​គឺ​លោក Julian Hill កាលពី​ថ្ងៃទី២២ ខែ តុលា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ចាត់វិធានការ​ស៊ើបអង្កេត ទ្រព្យសម្បត្តិ​របស់​មន្ត្រី​របប​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​បុគ្គល ដែល​មាន​រាយ​នាម​ទាំងអស់​នេះ បាន​នៅឡើយ​ទេ នៅ​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល