តុលាការក្រុងភ្នំពេញ សម្រេចលើកពេលសវនាការលើសំណុំរឿង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅពេលក្រោយដោយមិនទាន់កំណត់ថ្ងៃជាក់លាក់។ ការលើកពេលនេះ ដោយសារបារម្ភពីជំងឺកូវីដ-១៩។ មន្ត្រីសង្គមស៊ីវិល គាំទ្រការ សម្រេចចិត្តនេះ និងជំរុញឲ្យឈានទៅបញ្ចប់វិបត្តិនយោបាយតែម្ដង ហើយរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដើម្បីការពារអាយុជីវិតប្រជាជន។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី២៤ ខែមីនា ឯកភាពចំពោះការលើកពេលសវនាការកាត់ក្ដីលើសំណុំរឿង តាមការស្នើសុំរបស់មេធាវីទាំង សងខាង ចាប់ពីសប្ដាហ៍នេះ រហូតដល់មានការជូនដំណឹងអំពីកាលបរិច្ឆេទសវនាការជាថ្មី។
កាលពីថ្ងៃទី២៣ ខែមីនា ក្រុមមេធាវីលោក កឹម សុខា និងក្រុមមេធាវីតំណាងរដ្ឋាភិបាល បានដាក់ លិខិតផ្សេងៗ គ្នាស្នើសុំដល់លោក កូយ សៅ ឲ្យជួយលើកពេលសវនាការដែលគ្រោងធ្វើនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមីនា ទៅពេលក្រោយវិញ ដើម្បីការពារសុវត្ថិភាព និងសុខភាពសម្រាប់ទាំងអស់គ្នា។
ក្រុមមេធាវីតំណាងរដ្ឋាភិបាល លើកឡើងថា បន្ទប់សវនាការនោះ មានទំហំតូចចង្អៀត ដែលមិនអាចអង្គុយឲ្យឃ្លាតគ្នាក្នុងចម្ងាយ ២ម៉ែត្រ តាមការណែនាំរបស់ក្រសួងសុខាភិបាលបានទេ ខណៈអ្នក ចូលរួមស្ដាប់សវនាការភាគច្រើន គឺជាមន្ត្រីស្ថានទូតបរទេស មន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋាភិបាលមួយចំនួនផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា គាំទ្រចំពោះ ការសម្រេចពន្យារពេលសវនាការលើសំណុំរឿងមេបក្សប្រឆាំង ព្រោះថា ដំណាក់កាលនេះ អ្នកណា ក៏មានការព្រួយបារម្ភខ្លាំងជំងឺឆ្លងប្រភេទថ្មីនេះដែរ។ ម្យ៉ាងវិញ លោកក៏ចង់ឃើញអ្នកនយោបាយ ខ្មែរគ្រប់និន្នាការ ទុកបញ្ហានយោបាយមួយអន្លើ ហើយចូលរួមទាំងអស់គ្នា ក្នុងផ្សព្វផ្សាយអប់រំដល់ ប្រជាពលរដ្ឋឲ្យចេះប្រុងប្រយ័ត្ននិងការពារខ្លួនកុំឲ្យជំងឺកូវីដ-១៩៖ « ទុករឿងនយោបាយមួយអន្លើសិន ឬក៏យើងអាចថា ចាប់ផ្ដើមធ្វើ យ៉ាងណាបញ្ចប់វិបត្តិនយោបាយតែម្ដង ដោយការជជែករកដំណោះស្រាយជាមួយគ្នាទៅ ប្រសើរ ជាងយើងបន្តនីតិវិធីទៅតាមប្រព័ន្ធតុលាការបន្តទៀត ទាំងការទទូចជាបន្តបន្ទាប់ពីសហគមន៍ជាតិ និងអន្តរជាតិ ដែលគេយល់ថា ការប្រើវិធានការតុលាការនេះ ដើម្បីដោះស្រាយបញ្ហានយោបាយ នៅកម្ពុជា គឺអត់មានប្រសិទ្ធភាពអ្វីនោះទេ។ដូចដែលយើងបានដឹងកន្លងមកហើយ » ។
ដំណើរការកាត់ក្ដីលើសំណុំរឿងលោក កឹម សុខា នេះ បានប្រព្រឹត្តទៅចំនួន១៦ថ្ងៃឬ៨សប្តាហ៍ហើយ ដោយចាប់ផ្ដើមតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មក។ ទោះជាយ៉ាងណាក្ដី ដំណើរការជំនុំជម្រះ នេះ ក៏ធ្លាប់លើកពេលនៅក្នុងសប្ដាហ៍ខ្លះជាបន្តបន្ទាប់ដែរ ដោយសារតែមានភាពចម្រូងចម្រាស នៃការដាក់ភស្តុតាងថ្មីៗ របស់តំណាងអយ្យការនៅក្នុងដំណាក់ជំនុំជម្រះ ដែលមេធាវីលោក កឹម សុខា ចាត់ទុកថា មិនត្រឹមត្រូវតាមច្បាប់។ លើសពីនេះទៀត សវនាការលើកចុងក្រោយកាលពីថ្ងៃ ទី១២ ខែមីនាកន្លងទៅ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលលោកចូលស្ដាប់សវនាការរឿងក្ដីលោក កឹម សុខា ថា ដំណើរការក្តីនេះ នឹងប៉ះពាល់ខ្លាំងដល់នីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ព្រមទាំងប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតផងដែរ។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែចង់ឃើញលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើង វិញ ហើយក៏សង្ឃឹមថា ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមបាននៅក្នុងដំណើរការនយោបាយ។ មន្ត្រីការទូតអាមេរិករូបនេះ ក៏បានសម្ដែងការមិនពេញចិត្តផងដែរ ចំពោះអ្វីដែលលោកហៅថា ជាការការប្រឌិតរឿងចោទសហរដ្ឋអាមេរិកថា បានឃុបឃិតជាមួយលោក កឹម សុខា ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។ ប៉ុន្តែអង្គការជាតិនិងអន្តរជាតិ ដែលឃ្លាំមើលនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា មើលឃើញថា ការចាប់ខ្លួន និងចោទប្រកាន់មេបក្សប្រឆាំងនេះ ជារឿងនយោបាយ ដោយសារលោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោតកាលពីឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីមើលឃើញថា គណបក្សប្រឆាំងមួយនេះ មានកម្លាំងគាំទ្រប្រកៀកប្រកិតជាមួយគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។