សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​មន្ត្រី​គណ​បក្ស​កម្លាំង​ជាតិ លោក គា វិសាល ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ​កន្លះ

ដោយ សុ ជីវី
2024.08.29
សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​មន្ត្រី​គណ​បក្ស​កម្លាំង​ជាតិ លោក គា វិសាល ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ​កន្លះ រូបឯកសារ៖ លោក គា វិសាល (កណ្ដាល) សកម្មជន​គណបក្ស​កម្លាំង​ជាតិ ពេល​អាជ្ញាធរ​នាំ​មក​ចូលរួម​សវនាការ​ស្ដីពី​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នៅ​តុលាការ​កំពូល កាល​ពីថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ពីពលរដ្ឋ

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស មន្ត្រី​គណ​បក្ស​កម្លាំង​ជាតិ លោក គា វិសាល ឲ្យ​ជាប់​ពន្ធនាគារ​ ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ​៤​លាន​រៀល ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើស​អើង និង​ការ​ជេរប្រមាថ​ជា​សាធារណៈ»។ ប៉ុន្តែ​គ្រួសារ​របស់​លោក គា វិសាល ចាត់​ទុក​ការ​សម្រេច​នេះ​ថា​ ជា​រឿង​អយុត្តិធម៌ និង​ហាក់​បង្ហាញ​ពី​ការ​រើសអើង​នយោបាយ។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ បាន​សម្រេច​ផ្ដន្ទាទោស មន្ត្រី​របស់​គណបក្ស​កម្លាំង​ជាតិ លោក គា វិសាល ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើសអើង និង​ការ​ជេរប្រមាថ​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម ដែល​ត្រូវ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៤​លាន​រៀល។

ប្រពន្ធ​របស់​លោក គា វិសាល គឺ​លោក​ស្រី ញ៉ែ សុខឿន យំ​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ​គឺ​ជា​រឿង​អយុត្តិធម៌ ពីព្រោះ​តុលាការ​មិន​មាន​ធាតុផ្សំ​គ្រប់គ្រាន់​សម្រាប់​ចោទ​ប្រកាន់​ប្ដី​លោក​ស្រី​ឡើយ។ លោក​ស្រី​បន្ថែម​ថា ប្ដី​របស់​លោក​ស្រី បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​តស៊ូ​រឹងមាំ​ឡើង ​ដើម្បី​សង្គម​ជាតិ បើ​ទោះបី​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ក៏​ដោយ។

លោកស្រី ញ៉ែ សុខឿន៖ «គាត់​នៅ​តែ​បន្ត​លើក​ទឹក​​ចិត្ត​ខ្ញុំ​ឲ្យ​ខ្ញុំ​រឹងមាំ តស៊ូ​ទៅ​មុខ​ទៀត​កុំ​បោះបង់​ចោល​នូវ​គោល​ជំហរ​នេះ ចំពោះ​គាត់​គាត់​មិន​អ្វី​នោះ​ទេ គាត់​ក៏​ផ្ដាំ​ផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន សហការី​របស់​គាត់​ឲ្យ​នៅ​រឹងមាំ បើ​ទោះបី​គាត់​ជាប់​នៅ​ទី​នោះ​ក៏​គាត់​មិន​ជា​អ្វី​នោះ​ទេ​គាត់​នៅ​តែ​រឹងមាំ»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែសីហា។

ចំណែក​នៅ​ខាង​មុខ​តុលាការ​មាន​អ្នក​គាំទ្រ​របស់​លោក គា វិសាល ជិត ១០នាក់ ទៅ​គាំទ្រ និង​លើក​ទឹក​ចិត្ត។ រីឯ​មេធាវី​ការពារ​ក្ដីរបស់​លោក គា វិសាល គឺ​លោក ជូង ជុងងី មិន​បាន​ចូលរួម​ស្ដាប់​ការ​ប្រកាស​សាលក្រម​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា សង្គម​ប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​នយោបាយ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ប៉ុន្តែ​ដោយសារ​បញ្ហា​នយោបាយ ទើប​ធ្វើ​ឲ្យ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់ និង​កាត់​ទោស​ជា​បន្តបន្ទាប់។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឲ្យ​ទូលាយ និង​បើក​ចំហ​សិទ្ធិ​សេរីភាព​ក្នុង​បញ្ចេញ​មតិ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់​ថា​កម្ពុជា​ជា​ប្រទេស​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

លោក យិន ម៉េងលី៖ «សូម​ឲ្យ​រដ្ឋាភិបាល​លោក​បើក​ចំហ​នូវ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​អ្នក​នយោបាយ ពីព្រោះ​អ្នក​នយោបាយ​គាត់​ត្រូវ​ការ​និយាយ​ហើយ បើក​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​ឡើង​វិញ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ប្រទេស​ជាតិ​យើង​ដើម្បី​មុខមាត់​យើង​ជៀសវាង​ការ​ចោទ​ប្រកាន់​ការ​រិះគន់​គ្រប់​មជ្ឈដ្ឋាន​មក​លើ​រដ្ឋាភិបាល»

កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា​កន្លង​ទៅ អាជ្ញាធរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​ចាប់​ខ្លួន​មន្ត្រី​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពង់ចាម និង​ជា​បេក្ខជន ក្រុម​ប្រឹក្សា​ខេត្ត​លេខ​រៀង​ទី១ គឺ​លោក គា វិសាល នៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​រាជធានី​ភ្នំពេញ។

ក្រោយ​មក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើសអើង និង​ការ​ជេរប្រមាថ​ជា​សាធារណៈ» តាម​បណ្ដឹង​របស់ លោក ម៉ៃ ហុងស្រៀង ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
អត្ថបទពេញនិយម
នយោបាយ
គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។