គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​អាច​នឹង​ជួប​ចរចា​ក្នុង​ពេល​ខាង​មុខ

ដោយ ថា កិត្យា
2016-06-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
RFA/Rann Samnang

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ជួប​ចរចា​គ្នា​ពេល​ខាង​មុខ​នេះ ដើម្បី​លើក​កម្ពស់​វប្បធម៌​សន្ទនា។ ជំហរ​ងាក​រក​វប្បធម៌​សន្ទនា​ឡើង​វិញ​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​កម្ពុជា បច្ចុប្បន្ន ហើយ​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ចរចា​ដោះស្រាយ​គ្នា​ជា​បន្ទាន់។ ការ​ព្រួយ​បារម្ភ​របស់​លោក បាន គីមូន នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស និង​ការ​បំភិត​បំភ័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រជាពលរដ្ឋ។

វប្បធម៌​សន្ទនា​អាច​នឹង​រស់​រវើក​ឡើង​វិញ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​តែ​បែរ​ខ្នង​ដាក់​បក្ស​ប្រឆាំង​មួយ​រយៈ​នោះ ពេល​នេះ​បាន​បង្ហាញ​ជំហរ​ទន់ភ្លន់​វិញ​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​អាច​នឹង​វិល​ចូល​តុ​ចរចា​ក្នុង​ពេល​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ក្រុម​ការងារ​ចរចា​ដែល​អាច​ជួប​គ្នា​នៅ​ពេល​ខាង​មុខ មិន​មែន​ជា​ការ​ជួប​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​មតិ​ភាគ​ច្រើន ដឹក​នាំ​ដោយ​លោក ស ខេង និង​ថ្នាក់​ដឹក​នាំ​នៃ​មតិ​ភាគ​តិច ដឹក​នាំ​ដោយ លោក កឹម សុខា នោះ​ទេ។ លោក​ថា ជំនួប​លើក​នេះ គឺ​ជា​ជំនួប​រវាង​ក្រុម​ការងារ​របស់​បក្ស​ទាំង​ពីរ ដែល​មាន​សមាសភាព​ម្ខាង ៥​រូប ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ឯ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​លោក ប៉ុល ហំម ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ៖ «មិន​ទាន់​កំណត់​ពេលវេលា​ទេ ហើយ​កម្មវត្ថុ​ក៏​មិន​ដឹង​អី​ដែរ ប៉ុន្តែ​គណៈកម្មការ​នេះ​នឹង​ពិភាក្សា​គ្នា​ដើម្បី​លើក​កម្ពស់​វប្បធម៌​សន្ទនា​ហ្នឹង​ឯង»

ការ​បង្ហាញ​ជំហរ​វិជ្ជមាន​ក្នុង​ការ​ចរចា​នៅ​ពេល​នេះ កើត​ឡើង​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មិថុនា។

ក្នុង​ជំនួប​សន្ទនា​នោះ លោក បាន គីមូន បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​សេចក្តី​រាយការណ៍​អំពី​ការ​បំភិត​បំភ័យ ការ​រំលោភ​បំពាន និង​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សមាជិក គ..ប និង​សមាជិក​គណបក្ស​ប្រឆាំង ព្រម​ទាំង​បំភិត​បំភ័យ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ។ លោក បាន គីមូន អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​វប្បធម៌​សន្ទនា​ត​ទៅ​ទៀត។

ទន្ទឹម​គ្នា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ជាង ៤០​ស្ថាប័ន ក៏​បាន​រួម​គ្នា​ចេញ​សេចក្តី​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ចាប់​ខ្លួន និង​យាយី​ចំពោះ​ពលរដ្ឋ​ដែល​គ្រាន់​តែ​សម្ដែង​មតិ និង​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គេ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ​ផ្សេងៗ​ដែល​កម្ពុជា ទទួល​ស្គាល់​ជា​ច្បាប់​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ការ​ចាប់​អារម្មណ៍​របស់​លោក បាន គីមូន លើ​កម្ពុជា តែ​លោក​សោកស្ដាយ​ដែល​លោក បាន គីមូន ហាក់​ក្តាប់​មិន​បាន​ពី​តថភាព​សង្គម​កម្ពុជា បច្ចុប្បន្ន ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា គណបក្ស​កាន់​អំណាច​គាប​សង្កត់​លើ​បក្ស​ប្រឆាំង«រាល់​បញ្ហា​ដែល​កើត​ឡើង​រហូត​ដល់​អ្នក​ខ្លះ​ជាប់​ពន្ធនាគារ អ្នក​ខ្លះ​ជាប់​ឃុំ ហើយ​នៅ​ក្នុង​នីតិវិធី​តុលាការ​នេះ គឺ​អាស្រ័យ​ទៅ​ដោយ​បុគ្គល​ទាំងអស់​នោះ​ប្រព្រឹត្ត​ល្មើស​ច្បាប់។ អ៊ីចឹង​ខ្ញុំ​យល់​ថា អាច​ឯកឧត្តម បាន គីមូន ត្រួតត្រា​ប្រទេស​ជាង ២០០​ប្រទេស។ ដូច្នេះ​ធ្វើ​ឲ្យ​ចន្លោះ​ប្រហោង​ខ្លះ ឬ​មួយ​មមាញឹក​ទៅ​រឿង​មជ្ឈិមបូព៌ា​កំពុង​តែ​ទម្លាក់​គ្រាប់ កាប់​សម្លាប់​គ្នា​ហុយ​ផ្សេង​នោះ ក៏​មិន​ដឹង​បាន​ជា​មើល​ឃើញ​សភាពការណ៍​កម្ពុជា អាច​យល់​ច្រឡំ​យ៉ាង​ដូច្នេះ»

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា។ តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​គាំទ្រ​ចំពោះ​ក្តី​កង្វល់​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ពេល​នេះ។ លោក​ថា ក្តី​កង្វល់​របស់​លោក បាន គីមូន បង្ហាញ​ឲ្យ​ឃើញ​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា មិន​មែន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ។ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ដែរ​ថា លោក​មិន​ទាន់​បាន​ព័ត៌មាន​ច្បាស់​នៃ​ការ​ជួប​ចរចា​គ្នា​រវាង​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​ឡើយ ហើយ​លោក​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កម្ពុជា មាន​វិបត្តិ​នយោបាយ ដូច្នេះ​ត្រូវ​តែ​ចរចា​គ្នា​ពី​វិបត្តិ​នេះ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប តំណាង​ឲ្យ​អ្នក​បោះឆ្នោត ៤៥% បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​ផ្ញើ​ជូន​លោក បាន គីមូន ឲ្យ​បើក​កិច្ច​ប្រជុំ​បន្ទាន់​ជាមួយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា ពិសេស​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយ​គណបក្ស​កាន់​អំណាច។ លិខិត​បន្ត​ទៀត​ថា ស្ថាប័ន​សំខាន់​ទាំង​បី​រួម​មាន អង្គការ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សហប្រជាជាតិ គឺ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា ព្រោះ​ថា កម្ពុជា គឺ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​តែ​គោរព​អ្វី​ដែល​ជា​បទដ្ឋាន​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​អង្គការ​សហប្រជាជាតិ បាន​ចែង​ជា​សកល«ប្រសិន​បើ​កម្ពុជា មិន​ចាប់​អារម្មណ៍​លើ​ការ​ព្រួយ​បារម្ភ​បែប​នេះ ខ្ញុំ​គិត​ថា អង្គការ​សហប្រជាជាតិ សមាជិក​ជាង ១០០​ប្រទេស​នេះ អាច​នឹង​ចូលរួម​ពិនិត្យ​មើល​នូវ​អ្វី​ដែល​ជា​ភាព​ខុស​ឆ្គង​របស់​កម្ពុជា។ អ៊ីចឹង​វា​ជា​សម្ពាធ​មួយ​អាច​ដាក់​បន្ទុក​មក​លើ​កម្ពុជា»

រីឯ​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ លោក ឆាំ ប៊ុនថេត មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល ហាក់​មិន​មាន​ឥទ្ធិពល​ខ្លាំង​ដើម្បី​ជំរុញ​រដ្ឋាភិបាល ឬ​បក្ស​កាន់​អំណាច​ឲ្យ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន​នោះ​ឡើយ«ល្បែង​នយោបាយ​នេះ គឺ​មិន​ចប់​ទេ លុះត្រា​ប្រជាពលរដ្ឋ និង​គណបក្ស​មួយ​ទៀត​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សង្គម​ហ្នឹង គួរ​រៀបចំ​ឥរិយាបថ​ខ្លួន​ឯង​មួយ​ដែរ​ថា តើ​អាច​ទាមទារ (demand) បាន​ប៉ុនណា

មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ថានភាព​នយោបាយ​កម្ពុជា ចាប់​ផ្ដើម​អួអាប់​បន្ទាប់​ពី​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ជាច្រើន​រូប និង​សកម្មជន​សិទ្ធិ​មនុស្ស ព្រម​ទាំង​សមាជិក គ..ប ម្នាក់ កំពុង​ជាប់​ឃុំ ខណៈ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ដែល​សំណុំ​រឿង​ទាំងអស់​នេះ ត្រូវ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​មើល​ឃើញ​ថា ជា​សំណុំ​រឿង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋចង់ឃើញអ្នកនយោបាយដោះស្រាយបញ្ហាដោយអង្គុយជជែកគ្នា។ វប្បធម៌សងសឹកត្រូវបំបាត់ឲ្យបាន។ អ្នកឈ្នះដឹនាំប្រទេស អ្នកចាញ់ដោយកិត្តយស និងរស់នៅប្រកបដោយសុកសាន្ត គ្មានការសងសឹក រឺគុំគួន នោះប្រទេសនឹងក្លាយជាអរិយ្យប្រទេសយ៉ាងពិតប្រាកដ។

Jun 09, 2016 10:58 PM

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

ចរឹកខ្មែរ គឺបែបនេះ ធ្វើស្អីក៏ដោយ អាងតែខ្លួនជាអ្នកធំ ស្អីក៏ដោយ គឺអាញ់ អ្នកធំស្រុកខ្មែរ មិនចេះជួយរាស្រ្ត ឲ្យតែបានធ្វើធំ តាំងចាប់ដាក់ខ្លួនជាស្តេចគ្រាញ់ ហើយមិនចេះស្តាប់អ្នកម្ខាងទៀត ចរឹកធ្វើស្អីក៏ដោយ តាល់តែមានអ្នកទីបី បានចាប់ផ្តើមស្តី ចរិកនេះល្អមឈប់ហើយ តាំងពីមានដីធំ រហូតមកដល់សល់ដីមួយក្តាប់ មិនព្រមលះបង់ ទាល់តែមអ្នកទី៣ បានធ្វើខ្លួនជាមនុស្សល្អ ល្មមឈប់ហើយ ចរិកបែបនេះ

Jun 09, 2016 06:58 PM

អ្នក​អាន​អនាមិក

ពី ស្រុកបារាំង-ប៊កដូ

កម្ទេចរួចអស់ ទើបគេហៅទៅប្រាប់តាមក្រោយ នេះឬ? ដែលហៅថាចរចាគ្នា?
បើបក្សសង្គ្រោះជាតិចង់ធ្វើអត្តឃាត សុខចិត្តធ្វើតាមគេបញ្ឆោតទៅ!គឺ=ចែកអំណាចគ្នាដូចលើកមុនៗទៀតទៅ វានឹងរលាយខ្លួនដែលនៅសល់តិចតួច នាពេលខាងមុខចៀសមិនផុត(sic)
ត្រូវចេះអាណិតអាសូរដល់អ្នកស្នេហាជាតិដែលបានថ្វើពលិកម្ម បូជាគ្រប់បែបយ៉ាង សុខចិត្តឱ្យគេចាប់ដាក់គុក ត្រូវគិតរឿងទាំងអស់នេះជាចម្បង មុននឹងសម្រេចយកអ្វីមួយ ដ់ើម្បីកុំឱ្យវិរភាពទាំងអស់នោះ ក្លាយជាអសារឥតការ។

Jun 09, 2016 06:08 PM

អនាមិក

មន្ត្រីគណបក្សប្រជាជនកម្ពុជា៖
«រាល់​បញ្ហា​ដែល​កើត​ឡើង​រហូត​ដល់​អ្នក​ខ្លះ​ជាប់​ពន្ធនាគារ អ្នក​ខ្លះ​ជាប់​ឃុំ ហើយ​នៅ​ក្នុង​នីតិវិធី​តុលាការ​នេះ គឺ​អាស្រ័យ​ទៅ​ដោយ​បុគ្គល​ទាំងអស់​នោះ​ប្រព្រឹត្ត​ល្មើស​ច្បាប់។ អ៊ីចឹង​ខ្ញុំ​យល់​ថា អាច​ឯកឧត្តម បាន គីមូន ត្រួតត្រា​ប្រទេស​ជាង ២០០​ប្រទេស។ ដូច្នេះ​ធ្វើ​ឲ្យ​ចន្លោះ​ប្រហោង​ខ្លះ ឬ​មួយ​មមាញឹក​ទៅ​រឿង​មជ្ឈិមបូព៌ា​កំពុង​តែ​ទម្លាក់​គ្រាប់ កាប់​សម្លាប់​គ្នា​ហុយ​ផ្សេង​នោះ ក៏​មិន​ដឹង​បាន​ជា​មើល​ឃើញ​សភាពការណ៍​កម្ពុជា អាច​យល់​ច្រឡំ​យ៉ាង​ដូច្នេះ»។
មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតែមិនចោលក្បួនភូត កុហក ចោទរហូតដល់ថាអគ្គលេខាអង្គការសហប្រជាជាតិ ថាអត់ដឹងខ្យល់អី។ រឿងចាប់សកម្មជននិងតំណាងរាស្ត្រនិងព្រឹទ្ធសភា រឿងចាប់មន្ត្រីNGOs គឺសុទ្ធសឹងជារឿងនយោបាយ រឿងរំលោភបំពានបំភិតបំភ័យ បំបាក់ស្មារតីពលរដ្ឋខ្មែរឲ្យបាក់ ឲ្យរាបទុកឲ្យអំណាចផ្ដាច់ការលោកហ៊ុន សែនតាំងពីថ្នាក់កំពូលរហុតដល់មូលដ្ឋាន។

Jun 09, 2016 01:24 PM

អ្នក​អាន​អនាមិក

The CPP has to either make peace with opposition now or get punish by people in 2017 and 2018. They don't have a choice.

People have eyes and ears, and they are getting smarter now. You can't fool them anymore.

"We are poor individuals with no power, but together, we can bring down this corrupt government."

It is possible. Myanmar did it, why can't we?

Jun 09, 2016 10:46 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល