បក្ស​កាន់​អំណាច​តែងតាំង​មន្ត្រី​ជាន់​ខ្ពស់ ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន ១៥នាក់ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​ថ្នាក់​កណ្ដាល

ដោយ ប្រាជ្ញ ចេវ
2024.05.24
បក្ស​កាន់​អំណាច​តែងតាំង​មន្ត្រី​ជាន់​ខ្ពស់ ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន ១៥នាក់ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​ថ្នាក់​កណ្ដាល (រូបពីឆ្វេងទៅស្ដាំ) លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុមេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី​ក្រសួង​ផែនការ និងលោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ មន្ត្រី​ជាន់​ខ្ពស់ទាំង ៥រូប​នេះ ​ជា​មនុស្ស​ស្និទ្ធ​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ១៥នាក់ ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល។
រូប៖ ហ្វេសប៊ុករបស់លោកទាំង ៥រូប

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​មនុស្ស​ស្និទ្ធ​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ១៥នាក់ ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​បន្ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំ​មើល​ថា​ការ​តែង​តាំង​បុគ្គល​ទាំង​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​សូម្បី​តែ​សមាជិក​គណបក្ស​កាន់​អំណាច។

សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​ថ្នាក់​កណ្ដាល រួម​មាន រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក ជា សុមេធី និង រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន ជា​ដើម។

រដ្ឋមន្ត្រី​ទាំង ៥រូប​នេះ គឺ​ជា​កូន​​អតីត​មន្ត្រី​ជាន់​ខ្ពស់ ដែល​ជិតស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រួម​មាន​ លោក ទៀ បាញ់ លោក ប៊ិន ឈិន លោក ឆាយ ថន លោក ជា ស៊ីម (ស្លាប់​ទៅ​ហើយ) និង​លោក សុខ អាន (ស្លាប់​ទៅ​ហើយ)

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត ដែល​ស្ថិត​ស្នាល​នឹង​លោក ហ៊ុន ម៉ាណែត ផង​នោះ រួម​មាន អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ឌី វិជ្ជា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សុខ ពុទ្ធិវុធ ដែល​ត្រូវ​ជា​បង​ប្អូន​ថ្លៃ​របស់​លោក ហ៊ុន ម៉ាណែត។ ក្រៅ​ពី​នោះ មនុស្ស​ដែល​ស្និត​នឹង​លោក​ហ៊ុន ម៉ាណែត ក៏​ត្រូវ​បាន​តែង​តាំង​ផង​ដែរ រួម​មាន លោក ម៉ឹង ពន្លក លោក វង្ស ប៊ុនឥន្ទ្រាវុធ

លោក សេង ឡូត លោក ស៊ុយ ជីហ៊ាង លោក លោក ឡាយ គឹមលី លោក ហេង ណន និង ហាវ រតនៈ ជា​ដើម។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វន ចាន់ឡូត លើក​ឡើង​ថា ការ​តែង​តាំង​មនុស្ស ដែល​ស្និត​នឹង​ក្រុម​គ្រួសារ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត​ ត្រូវ​បាន​តែង​តាំង​ក្នុង​ជួរ​គណបក្ស និង​រដ្ឋាភិបាល គឺ​ជា​ការ​បង្ហាញ​កាន់​តែ​ច្បាស់​ថា ភាព​អយុត្តិធម៌​បាន​​កើត​ឡើង​ក្នុង​គណបក្ស​កាន់​អំណាច។ លោក​ថា ករណី​ទាំង​នេះ​គឺ​បង្ហាញ​ម្ដង​រួច​ទៅ​ហើយ នៅ​ពេល​មាន​ការ​ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ២០២៣ កន្លង​ទៅ​នោះ។

លោក វន ចាន់ឡូត៖ «ដូច​អាណត្តិ​ទី៧ នេះ យើង​ឃើញ​មាន​ការ​ឈូស​សមាជិក​ចាស់ៗ នៃ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដោយ​ជំនួស​មក​វិញ​​នៅ​​អ្នក​បន្ត​វេន​របស់​ខ្លួន អ៊ីចឹង​ករណី​នេះ​ក៏​ទំនង​ហ្នឹង ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​ខាង​មុខ​ដែរ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា។

ចំណែក​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ថា​លើក​ឡើង​ថា ការ​ដាក់​សាច់​ញាតិ​ និង​មន្ត្រី​ស្និទ្ធ​​នឹង​គ្រួសារ​នាយក​រដ្ឋមន្ត្រី​ទៅ​ក្នុង​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​ថ្នាក់​កណ្ដាល​​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​ក៏​ជា​កម្មសិទ្ធិ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នោះ​ដែរ​ដោយ​មិន​ខ្វល់​ពី​មន្ត្រី​ចាស់​ៗ ផ្សេង​ទៀត​ដែល​ស្ម័គ្រស្មោះ​តាំង​ពី​យូរ​ហើយ​ក្ដី។

លោក ម៉ែន សុថាវរិន្ទ្រ«គ្មាន​សំណាង​ទេ គណបក្ស​ប្រជាជន​ណា ដែល​គ្មាន​បក្ខពួក គ្មាន​មេ​គ្មាន​កើយ ដែល​ជា​គ្រួសារ​និយម​ហ្នឹង​គ្មាន​វាសនា​ទេ ទោះ​ជា​គាត់​ចេះ​ដឹង​យ៉ាង​ណា ក៏​គ្មាន​វាសនា​ដែរ គឺ​គេ​តែងតាំង​តែ​រដ្ឋមន្ត្រី ឬ​ថ្នាក់​ដឹក​នាំ​របស់​អ្នក​កាន់​អំណាច ដែល​ជា​បក្ខពួក​របស់​គេ​ស្និទ្ធ​បំផុត»

លោក ម៉ែន សុថាវរិន្ទ្រ ថា សម្រាប់​មន្ត្រី ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​គួរ​តែ​យល់​រឿង​នេះ ហើយ​ងាក​មក​ចូល​រួម​ជា​មួយ​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ធានា​ថា កម្ពុជា​មិន​មែន​ជា​របស់​គ្រួសារ ឬ​ក្រុម​ណា​មួយ​នោះ​ទេ។

កន្លង​មក រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង ១៥រូប​នេះ តែងតែ​ចេញ​សារ​គាំទ្រ​ធ្វើ​ដំណើរ​អម និង​ជួន​កាល​ធ្វើ​សកម្មភាព​តំណាង​ឱ្យ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។