លោក ហ៊ុន សែន តែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ
2023.04.02

គណបក្សប្រជាជនកម្ពុជាសម្រេចតែងតាំង លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យទៅជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងលេខរៀងទី១ នៃមណ្ឌលភ្នំពេញ។
ការតែងតាំងនេះធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយចេញពីគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាដែលមានចុះហត្ថលេខា ដោយលោក ហ៊ុន សែន ផ្ទាល់ នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២៣។
សេចក្តីសម្រេចដដែលនេះក្រៅពីតែងតាំងលោក ហ៊ុន ម៉ាណែត ដែលឈរនៅលេខរៀងទី១នោះនៅមានតែងតាំងបុគ្គលមួយចំនួនទៀតជាបេក្ខជនពេញសិទ្ធិនិងបេក្ខជនបម្រុងសរុបទាំងអស់ចំនួន១២នាក់ដែលអ្នកទាំងនោះភាគច្រើនជាមន្ត្រីនយោបាយជើងចាស់របស់គណបក្សប្រជាជនកម្ពុជាមានដូចជាលោក ប៉ា សុជាតិវង្ស លោក អ៊ិត សំហេង លោក ម៉ម ប៊ុនហេង អ្នកស្រី អ៊ឹង កន្ថាផាវី និង លោក កែប ជុតិមា ជាដើម។
ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជនពេញសិទ្ធិថ្មីឈរឈ្មោះបោះឆ្នោតអាណត្តិទី៧នេះគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា សេចក្ដីសម្រេចនេះធ្វើឡើងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះតាមស្មារតីអង្គប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣។
នេះជាការសម្រេចថ្មីមួយទៀតបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឲ្យបានឡើងឋានន្តរសក្ដិបន្ថែមមួយកម្រិតទៀតជានាយឧត្តមសេនីយ៍ ឬផ្កាយ៤។
សម្របពេលជាមួយគ្នានេះលោក ហ៊ុន សែន ក៏រូតរះ យកកូនប្រុសទី២របស់លោកគឺលោក ហ៊ុន ម៉ានិត ទៅញាត់ជាប់នឹងបងប្រុសរបស់ខ្លួនឱ្យកាន់តួនាទីជាមេបញ្ជាការរងកងទ័ពជើងគោកពេលនេះថែមទៀត។
អ្នកវិភាគថា នេះជាផែនការត្រៀមផ្ទេរអំណាចពីឪពុកទៅកូន ឬជាការផ្ទេរអំណាចតវង្សត្រកូលរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។