មន្ត្រីបក្សកាន់អំណាចព្យាយាមលាងជម្រះលោក ហ៊ុន សែន ពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា
2025.01.17

អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា មន្ត្រីបក្សកាន់អំណាចកំពុងព្យាយាមលាងជម្រះមុខមាត់ឪពុកនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដើម្បីផ្ដាច់ចេញពីអ្នកពាក់ព័ន្ធ ក្នុងអំពើឃាតកម្មលើលោក លិម គិមយ៉ា។ ពួកគាត់ទាមទារឱ្យសមត្ថកិច្ចកម្ពុជាចាប់អ្នកពាក់ព័ន្ធសំណុំរឿងឃាតកម្មលើលោក លិម គិមយ៉ា ប្រគល់ឱ្យសមត្ថកិច្ចថៃយកទៅអនុវត្តច្បាប់។
សមត្ថកិច្ចថៃប្រកាសតាមចាប់ជនជាតិខ្មែរចំនួនពីរនាក់ គឺលោក ពេជ្រ គឹមស្រិន ដែលគេស្គាល់ថា ជាកូនចៅរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងម្នាក់ទៀតលោក លី រតនរស្មី មានឈ្មោះថៃថា ស៊ុមវ៉ាំង បាំរុងគីត (Somwang Bamrungkit) ដែលជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែម្ដង។
ការប្រកាសចាប់ខ្លួនជនទាំងពីរនេះ គឺពាក់ព័ន្ធឃាតកម្មនៅទីក្រុងបាងកក ដែលមានលោក អេកាឡាក់ ភែណយ ជាអ្នកទទួលបញ្ជា ឬស៊ីឈ្នួលបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា កាលពីថ្ងៃទី៧ ខែមករា។
សំណុំរឿងឧក្រិដ្ឋកម្មនេះ មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងប្រព័ន្ធឃោសនាបក្សកាន់អំណាចដែលរក្សាភាពស្ងៀមស្ងាត់ ក្រោយឃាតកម្មលើលោក លិម គិមយ៉ា នោះ បានចាប់ផ្ដើមនាំគ្នាបំផុសព័ត៌មាន ដោយកាត់ផ្ដាច់ទំនាក់ទំនងរវាងលោក ហ៊ុន សែន ជាមួយឧក្រិដ្ឋជនទាំងនោះកន្លងមក។
យុទ្ធនាការនោះធ្វើឡើងតាមរយៈការបង្ហោះលិខិតពីរសន្លឹកនៅលើបណ្ដាញសង្គម ដែលពួកគេអះអាងថាលោក លី រតនរស្មី ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែ រយៈពេលជាងមួយខែប៉ុណ្ណោះ គឺនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាបានបញ្ចប់ភារកិច្ចលោក លី រតនរស្មី ពីទីប្រឹក្សារបស់លោក ហ៊ុន សែន វិញ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីលោក សូ ណារ៉ូ បង្ហោះនៅលើហ្វេសប៊ុកថា ឯកសារដកតំណែងលោក លី រតនរស្មី ពីទីប្រឹក្សាលោក ហ៊ុន សែន ចេញយូរមកហើយ គ្មានអ្នកណាចាប់អារម្មណ៍ឡើយ រហូតដល់ពេល លោក លី រតនរស្មី ជាប់សង្ស័យពាក់ព័ន្ធនឹងការធ្វើឃាតកម្មលើលោក លិម គិមយ៉ា ទើបរកឃើញលិខិតនេះ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីលិខិតបញ្ចប់មុខតំណែងលោក លី រតនរស្មី កន្លងមកជាការសម្រេចផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដោយសារជននោះប្រព្រឹត្តកំហុសឆ្គងដែលផ្ទុយពីច្បាប់គណបក្ស។
លោក សុខ ឥសាន៖ «គ្មានបានធ្វើការឱ្យគណបក្សប្រជាជនកម្ពុជាទេ គាត់រកស៊ីមានទំនាក់ទំនងជាមួយពលករចំណាកស្រុក ដើម្បីទទួលបានកម្រៃជើងសារទេតើ គាត់មកប្រព្រឹត្តល្មើសច្បាប់នៅស្រុកគេ ប៉ះពាល់កេរ្តិ៍របស់កម្ពុជា អាហ្នឹងយើងត្រូវបណ្ដេញគាត់ចេញពីគណបក្ស គ្មានទុកដល់ណាទៀតទេ»។
បើទោះជាមន្ត្រីបក្សកាន់អំណាចលើកឡើងបែបនេះក្តី មជ្ឈដ្ឋានទូទៅមើលឃើញថា ការទម្លាយលិខិតបញ្ចប់តួនាទីលោក លី រតនរស្មី ក្រោយឃាតកម្មសម្លាប់លោក លិម គិមយ៉ា ប្រៀបបានទៅនឹងអ្នកលេងប៉ាហ៊ីដែរ។
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលចាត់ទុកលិខិតបញ្ចប់តំណែងចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ទើបបង្ហោះពេលនេះ គឺជាលិខិតក្លែងបន្លំ ពីព្រោះលោក ហ៊ុន សែន គ្មានហេតុផលអ្វីត្រូវបញ្ចប់តួនាទីលោក លី រតនរស្មី ដែលធ្វើការងារសកម្មក្នុងការតាមកម្ទេចសំឡេងប្រឆាំងនៅប្រទេសថៃ ដើម្បីជួយពង្រឹងឥទ្ធិពលនយោបាយបក្សកាន់អំណាចនោះទេ។
ជុំវិញរឿងនេះ អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត មើលឃើញថា បញ្ហានេះនឹងបង្កើតបាននូវការសន្និដ្ឋានមួយកាន់តែច្បាស់ថាឃាតកម្មលើលោក លិម គិមយ៉ាង ជាប់ពាក់ព័ន្ធរឿងនយោបាយ ដែលមានអ្នកកាន់អំណាចនៅកម្ពុជានៅពីក្រោយ។ លោកបញ្ជាក់ថា សកម្មភាពមន្ត្រីបក្សកាន់អំណាចទាំងនោះ ពុំអាចជួយដល់នីតិវិធីស៊ើបអង្កេតរបស់តុលាការថៃ និងបារាំង ឬលាងជម្រះការយល់ឃើញរបស់មហាជនជុំវិញសំណុំរឿងនេះបានឡើយ។
លោក វ៉ន ចាន់ឡូត៖ «ករណីនេះគណបក្សប្រជាជនកម្ពុជា ដូចជា មិនបាច់ព្យាយាមធ្វើឱ្យខ្លួនឯងពិបាកក្នុងការលាងជម្រះនូវមុខមាត់កិត្តិយសរបស់ខ្លួននោះ ប៉ុន្តែ បើសិនរឿងនេះ វាពិតជាមានការពាក់ព័ន្ធទៅនឹងបញ្ហានយោបាយ ទោះបីជាខំលាក់បំពួនយ៉ាងណា ក៏មិនអាចលាក់បាំងការពិតបានទេ»។
ចំណែកពលករខ្មែរធ្វើការនៅប្រទេសថៃ លោក សុះ សល់ ប្រាប់វិទ្យុអាស៊ីសេរីថា ទោះបីមន្ត្រីរដ្ឋាភិបាលបង្កើតព្រឹត្តិការណ៍ ដើម្បីបំភាន់មតិសាធារណជនយ៉ាងណា ក៏ពលករខ្មែរនៅទីនោះនៅតែយល់ថា ករណីនេះជាឃាតកម្មនយោបាយ ដែលមានអ្នកកាន់អំណាចកម្ពុជានៅពីក្រោយ។ លោកឱ្យដឹងថា ជាក់ស្ដែងមុនពេលខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា គឺលោក លី រតនរស្មី ជាសមាជិកបក្សកាន់អំណាចម្នាក់ ដែលមានអំណាចខ្លាំងនៅលើទឹកដីថៃ ដោយសារអ្នកធំនៅស្រុកខ្មែរចាំកាងទាំងមុខជំនួញ និងសកម្មភាពដើរអូសទាញកម្មករឱ្យចូលបម្រើគណបក្សប្រជាជនកម្ពុជា ជាពិសេស គំរាមកំហែងលើក្រុមសកម្មជនបក្សប្រឆាំងតែម្តង។
លោក សុះ សល់៖ «គាត់ចុះចូលគណបក្សប្រជាជនកម្ពុជាក្នុងគោលបំណង ដើម្បីឈរជើងនៅប្រទេសថៃយូរណាស់មកហើយ ប្រមូលកម្លាំងចលនាគណបក្សប្រឆាំងនៅថៃ ហើយការចេញលិខិតបញ្ចប់តំណែងលោក លី រតនរស្មី ពីទីប្រឹក្សាលោក ហ៊ុន សែន គឺយើងមិនជឿតែម្តង ហើយក៏វាមិនអាចលាងមន្ទិលរបស់ពលរដ្ឋទេ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលមនុស្សស្និតលោក កឹម សុខា គឺលោក មុត ចន្ថា សរសេរសារនៅលើហ្វេសប៊ុកថា ការរៀបចំឈុតឆាកនោះ ដើម្បីក្រឡៃផែនការធ្វើឃាតលើលោក លិម គិមយ៉ា ឱ្យក្លាយជារឿងជម្លោះរវាងជនរងគ្រោះ និងឧក្រិដ្ឋជននៅពីក្រោយ គឺលោក លី រតនរស្មី ខណៈជនរងគ្រោះពុំ ដែលស្គាល់លោក លី រតនរស្មី ពីមុនឡើយ។ លោកថា នេះល្បិចកលព្យាយាមលាក់ទុកឧក្រិដ្ឋជនពីរនាក់ គឺលោក ពេទ្រ គឹមស្រ៊ិន និងលោក លី រតនរស្មី ក្នុងចេតនាប្រឌិតសាច់រឿង ដើម្បីបង្វែរទម្លាក់ការទទួលខុសត្រូវឱ្យគណបក្សប្រឆាំង។
មកដល់ពេលនេះ អាជ្ញាធរកម្ពុជា នៅមិនទាន់ចាប់ខ្លួនជនសង្ស័យដែលជាជនជាតិខ្មែរទាំងពីរនេះ ឈ្មោះ ពេជ្រ គីមស្រ៊ិន និងឈ្មោះ លី រតនៈរស្មី បញ្ជូនមកឱ្យអាជ្ញាធរថៃដើម្បីអនុវត្តនីតិវិធីនៅឡើយ ក្រោយពីតុលាការព្រហ្មទណ្ឌថៃបានចេញដីកាតាមចាប់ខ្លួនជនសង្ស័យទាំង២នេះ។ ទោះបីជាយ៉ាងនេះក្ដី ប៉ូលិសថៃបានស្នើទៅប៉ូលិស Interpol ដើម្បីសុំការសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរទាំងពីរនាក់នេះរួចហើយ។
ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី ប្រាប់វិទ្យុអាស៊ីសេរី ដោយចាត់ទុកឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែន ជារឿងគំនុំឬរឿងបុគ្គលឡើយ។
ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងក្រុមគ្រួសាររបស់លោក លិម គិមយ៉ា ផង ទាមទារឱ្យតុលាការថៃ និងរដ្ឋាភិបាលបារាំងវែកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីជួយរកយុត្តិធម៌ជូនលោក លិម គិមយ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។