លោក ហ៊ុន សែន កោតសរសើរ និងចាត់ទុកបក្សកុម្មុយនីស្តចិនជាគម្រូ និងថា គណបក្សនេះ កំពុងបន្តលើកកម្ពស់ឱ្យមានការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេស គណបក្សនយោបាយនានា និងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពសាកល។
ក្រៅពីវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់គណបក្សកុម្មុយនីស្តចិន ដែលលោក ហ៊ុន សែន ចាត់ទុកថា ជាគណបក្សដែលយកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងគំនិតផ្តួចផ្តើមនានា។ លោក ហ៊ុន សែន កោតសរសើរថា គណបក្សកុម្មុយនីស្តចិន បានដឹកនាំធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោក និងសម្រេចបានសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគួរឱ្យស្ញប់ស្ញែង។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានលើកឡើងទេថា គឺក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិននេះហើយ ដែលបានធ្វើឱ្យប្រជាជនចិនប្រមាណពី ៣០លាន ទៅ ៤០លាននាក់បានស្លាប់ ដោយសារតែបដិវត្តវប្បធម៌មហាអស្ចារ្យដាក់ចេញដោយបិតាស្ថាបនិកប្រទេសនេះ គឺលោក ម៉ៅ សេទុង កាលពីឆ្នាំ១៩៥៨។ នៅឆ្នាំ១៩៨៩ គណបក្សកុម្មុយនីស្តចិននេះ បានបង្ក្រាបយ៉ាងចាស់ដៃលើក្រុមអ្នកតវ៉ាជាពលរដ្ឋចិនដើម្បីលទ្ធិប្រជាធិបតេយ្យ នៅទីលានធានអានមិន (Tiananmen Square) បណ្តាលឱ្យពលរដ្ឋចិនរាប់រយនាក់បានស្លាប់ និងពលរដ្ឋចិនជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន។ បច្ចុប្បន្ន គណបក្សកុម្មុយនីស្តចិននេះ រងការរិះគន់ថា កំពុងអនុវត្តន៍គោលនយោបាយបែបប្រល័យពូជសាសន៍លើជនជាតិ អ៊ុយហ្គួរ (Uyghurs) នៅខេត្តស៊ីនជាំង (Xinjian) ស្ថិតនៅតំបន់ភាគពាយព្យនៃប្រទេសចិន ដែលជនជាតិអ៊ុយហ្គួររាប់សែននាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងគុក ដែលអាជ្ញាធរចិនហៅថា ជំរុំអប់រំរៀនសូត្រឡើងវិញ។ លើសពីនេះទៀត អាជ្ញាធរកុម្មុយនីស្តចិន ក៏បានបង្កើនយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមអ្នកតវ៉ានៅក្រុងហុងកុង។ ក្រោមការគ្រប់គ្រង១០០ឆ្នាំរបស់បក្សកុម្មុយនីស្តចិន ប្រជាជនចិនរងការរិតត្បិតសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ស្របពេលដែលរាល់សកម្មភាពរបស់ពួកគេត្រូវបានអាជ្ញាធរចិនឃ្លាំមើល និងឈ្លបយកការណ៍គ្រប់ពេលវេលា ទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ីធឺណិត។
របបលោក ហ៊ុន សែន បានងាកទៅឱបក្រសោបប្រទេសកុម្មុយនីស្តចិនកាន់តែខ្លាំងឡើងៗធ្វើជាចៅហ្វាយនាយ ឬ «បងធំទី១» ក្រោយពីបានបើកយុទ្ធនាការរម្លាយប្រជាធិបតេយ្យនៅកម្ពុជាតាំងពីពាក់កណ្តាលឆ្នាំ២០១៦មក ដើម្បីធានាការក្តោបក្តាប់អំណាចយូរអង្វែងរបស់ខ្លួន ដោយយកចិនធ្វើជាគម្រូ។ ការកើនឡើងឥទ្ធិពលរបស់ចិននេះ បានបន្សាបឥទ្ធិពលរបស់វៀតណាមនៅកម្ពុជា ដែលជាអតីតចៅហ្វាយនាយ និងជាអ្នកមានគុណធ្លាប់លើកបន្តុបគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ឱ្យឡើងកាន់អំណាចកាលពីចុងទសវត្សទី ៧០ និងដើមទសវត្សទី៨០។
ថ្វីបើលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកនាពេលនេះ ថ្លែងកោតសរសើរចិនកប់ៗមាត់ក៏ដោយ កាលពីទសវត្ស ៨០ នៅពេលដែលលោកត្រូវរ៉ូវខ្លាំងជាមួយវៀតណាម ដែលជាអតីតចៅហ្វាយនាយ ឬបងធំទី១ លោក ហ៊ុន សែន និងរបបរបស់លោកកាលណោះបានចោទចិនថា មានមហិច្ឆតាចក្រពត្រនិយម និងជាដើមចមបង្កឱ្យមានសោកនាដកម្មសព្វគ្រប់បែបយ៉ាងនៅកម្ពុជា ដោយសារតែចិនបានចូលដៃជាមួយរបបខ្មែរក្រហម និងជាអ្នកនៅពីក្រោយការផ្គត់ផ្គង់ហិរញ្ញវត្ថុ និងសម្ភារយោធាគ្រប់បែបយ៉ាង បង្កឱ្យពលរដ្ឋខ្មែរប្រមាណជិត ២លាននាក់ស្លាប់។
គណបក្សកុម្មុនីស្តចិន ត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ១៩២១។ គិតរហូតមកទល់ពេលនេះ មានរយៈពេល ១សតវត្សគត់ ដែលគណបក្សនេះគ្រប់គ្រងប្រទេសចិនយ៉ាងណែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។