អ្នកនាំពាក្យ​បក្ស​​កាន់​អំណាច​​ថា ការ​​ដាក់​​សម្ពាធ​​បង្ខំ​​ឱ្យ​​មាន​​ការ​ចរចា ជា​​នយោបាយ​​ហួស​​សម័យ

ដោយ យន់ សាមៀន
2019.06.30
សុខ ឥសាន ៦២២ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ទៅ​លោក សម រង្ស៊ី ថា បើ​ចង់​ចរចា​ត្រូវ​ចូល​ស្រុក​អនុវត្ត​ទោស​ជាមុន​សិន​។ អ្នកវិភាគ​មិន​ស្វាគមន៍​សំដី​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច​ទេ ដោយ​ពួកគេ​លើកឡើង​ថា អ្នកនយោបាយ​គួរ​ចេះ​សម្បទាន​ឱ្យ​គ្នា​ដើម្បី​បញ្ចៀស​ការ​បាត់​អនុគ្រោះ​ពន្ធ។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្លើយ​ទៅ​លោក សម រង្ស៊ី ដែល​ប្រកាស​ចង់​ឱ្យ​មាន​ការចរចា​នយោបាយ​ដើម្បី​បញ្ចប់​វិបត្តិ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថា ការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល ដើម្បី​បង្ខំ​ឱ្យ​មានការ​ចរចា​ជា​នយោបាយ​ហួស​សម័យ​តាំងពី​ទស​វត្សរ៍​ឆ្នាំ​៧០។ អ្នកនាំពាក្យ​រូប​នេះ ចោទប្រកាន់​ថា លោក សម រង្ស៊ី ជា​អ្នក​បំផ្លាញ​វប្បធម៌​សន្ទនា ហើយ​ចុងក្រោយ​លោក សម រង្ស៊ី បាន​និយាយ​ជា​សាធារណៈ​ថា អត់​ចរចា​ជាមួយ លោក ហ៊ុន សែន ទេ​ដោយ​ទុក​ឱ្យ​លោក ហ៊ុន សែន ទៅ​ចរចា​ជាមួយ​អន្តរជាតិ​។ ប៉ុន្តែ ពេល​ទាល់ច្រក​ស្រាប់តែ​ងាក​មក​ចង់​រក​ការ​ចរចា។ លោក​ថា បើ​ចង់​ចរចា​ត្រូវ​ចូល​ស្រុក​អនុវត្ត​ទោស​ដោយ​ត្រូវ​ចូល​គុក​ជា​មុន​សិន។

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បែបនេះ ដោយសារតែ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​ប្រកាស​ប្រាប់​អាស៊ីសេរី​ថា លោក​មានបំណង​ចង់​ចរចា ជាមួយ​របប​ក្រុងភ្នំពេញ នៅ​ពេល​លោក​វិល​ត្រលប់​ចូល​កម្ពុជា នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ។

លោក សម រង្ស៊ី ថា គណបក្ស​សង្គ្រោះជាតិ មិន​ចាត់​ទុក​ខ្មែរ​ណា​ម្នាក់​ជាស​ត្រូវ ហើយ​មានបំណង​ចង់​ចរចា ដើម្បី​បញ្ចៀស​បញ្ហា​ជាប់​គាំង​នយោបាយ​។ ប៉ុន្តែ​មេដឹកនាំ​គណបក្សប្រឆាំង​រូប​យល់ថា ដើម្បី​ជំរុញ​ឱ្យ​មេ​ដឹក​របប​ក្រុងភ្នំពេញ​ព្រម​វិល​ចូល​តុ​ចរចា លុះ​ត្រា​តែ​មាន​ការ​ដាក់​សំពាធ​ណាមួយ​មក​លើ​របប​នេះ ជា​មុន​សិន​ទើប​របប​ក្រុងភ្នំពេញ ងាក​មក​រក​ការ​ចរចា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ៖ «ហ៊ុន សែន គាត់​ច្បាស់​ជា​មិន​ព្រម​ចរចា​ជាមួយ​យើង​ទទេៗ ទាល់​តែ​មាន​សំពាធ​ទាល់តែ​គេ​បង្ខំ​គាត់​និយាយ​ឱ្យ​ចំ​ទៅ គឺ​យើង​ត្រូវតែ​រួម​កម្លាំង​ពី​ក្នុងស្រុក​ផង ពី​ក្រៅ​ស្រុក​ផង​គួប​ផ្សំ​គ្នា​បាន​មានការ​ផ្លាស់ប្ដូរ»

លោក សម រង្ស៊ី ថែមទាំង​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រៀមខ្លួន​ក្រោកឈរ​ចូលរួម​តវ៉ា​ជាមួយ​លោក នៅ​ពេល​លោក​វិលត្រឡប់​ទៅ​ចូល​ប្រទេស​កម្ពុជា ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។ ប៉ុន្តែ លោក សុខ ឥសាន អះអាង​ថា បើ​លោក សម រង្ស៊ី ចូល​ស្រុក​មែន​នោះ នឹង​មិន​បាន​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ឡើយ​ព្រោះ​សមត្ថកិច្ច​នឹង​ចូល​ចាប់​ខ្លួន​លោក សម រង្ស៊ី ភា្លមៗ​នៅ​ពេល​យន្តហោះ​ចុះ​ដល់​ដី រីឯ​អ្នកគាំទ្រ​បាន​ត្រឹម​នៅ​ខាងក្រៅ​ព្រលាន​យន្តហោះ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា ក្នុង​ស្ថានភាព​នេះ​លោក ហ៊ុន សែន មិន​ព្រម​ចរចា​ទេ​ព្រោះ​ការចរចា​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​លោក ហ៊ុន សែន និង​ជំនាន់​ក្រោយ​របស់​លោក ហ៊ុន សែន ជួប​គ្រោះថ្នាក់​បាត់បង់​អំណាច​។ ប៉ុន្តែ​លោក គឹម សុខ យល់ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ចរចា​គឺ​គណបក្ស​នេះ ត្រូវ​ពង្រឹង​ខ្លួន​ឱ្យ​រឹងមាំ និង​ឈរ​លើ​បង្អែក​របស់​សហគមន៍​អន្តរជាតិ​ជាពិសេស​គឺ​សហភាព​អឺរ៉ុប​៖ «អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ធ្វើ​បើកចំហ​ទ្រូង​ក្នុង​ការចរចា ប៉ុន្តែ​ចរចា​តាមរយៈ​សំណើ​ណាមួយ​ទៅ​សហភាព​អឺរ៉ុប​បាន​ន័យ​ថា ឱ្យ​សហភាព​អឺរ៉ុប​ជា​អ្នកធ្វើ​អន្តរការី​ក្នុង​ការចរចា​ហ្នឹង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅពី​ពង្រឹង​ខ្លួន​ឱ្យ​រឹងមាំ​ហើយ​ពឹង​ផ្អែក​ទៅ​លើ​ជំហរ​ទៅលើ​សហភាព​អឺរ៉ុប​ទើប​អាច​ទៅ​រួច»

លោក សម រង្ស៊ី អះអាង​ថា ក្នុង​ដំណើរ​ទៅ​កម្ពុជា​វិញ នឹង​មាន​តំណាងរាស្ត្រ អឺរ៉ុប និង​តំណាង​ប្រទេស​ផ្សេងទៀត​ចូលរួម​ដំណើរ​ទៅ​កម្ពុជា​នឹង​លោក។ លោក សម រង្ស៊ី ប្រាប់​សភា​អឺរ៉ុប​ថា វាសនា​ពលរដ្ឋ​ខ្មែរ​ល្អ ឬ​អាក្រក់ គឺ​ស្ថិត​នៅ​លើ​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន ដោយសារតែ​លោក​បាន​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស និង​រំលាយ​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។