ប៉ូលិស​​ចាប់​ខ្លួន​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បញ្ជូន​ទៅ​ភ្នំពេញ​ដោយ​មិន​ប្រាប់​មូលហេតុ

កូន​ស្រី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក កែវ ថៃ អះអាង​ថា ប៉ូលិស​ខេត្ត​នេះ​​​ជា​ច្រើន​នាក់​ទៅ​ឡោមព័ទ្ធ​ចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ក្នុង​ផ្ទះ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ មីនា ហើយ​បញ្ជូន​លោក​ទៅ​រាជធានី​ភ្នំពេញ​ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​​ចាត់​​ទុក​​សកម្មភាព​របស់​​ប៉ូលិស​​នេះ​​ថា ​រំលោភ​​ច្បាប់។

កូន​ស្រី​ជន​ជាប់​ឃុំ​ កញ្ញា កែវ ចាន់​រចនា ​ប្រាប់​អាស៊ី​សេរី​ថា​ ការ​ចាប់​ខ្លួននេះ ប៉ូលិស​ពុំបាន​បង្ហាញ​ដីកា​​របស់​តុលាការ​​​ និង​ប្រាប់​ពី​ទោសកំហុស ដែល​ឪពុក​របស់​កញ្ញា​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ​ គឺ​ប៉ូលិស​​ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​១០​នាក់​បាន​ឡោមព័ទ្ធ​ផ្ទះ និង​​​ចូល​ទៅ​ចាប់​ឪពុក​របស់​ខ្លួន​​ទាំង​បង្ខំ​​រុញ​ ហើយ​បញ្ចូល​ចូល​ឡាន​ដោយ​មិន​ឱ្យ​ពាក់​ស្បែក​ជើង​ឡើយ​។ពលរដ្ឋ​រូប​នេះ​ ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​ មិន​អាច​ទទួល​យក​បាន​ ពីព្រោះ​ឪពុក​របស់​ខ្លួន​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ៖ «ក្រុម​គ្រួសារ​ខ្ញុំ​អត់​ឱ្យ​ជួប​ឪពុក​ខ្ញុំ​ទេ​ ចុះ​អត់​មាន​ដីកា​តុលាការ​ផង​ខ្ញុំ​ម៉េច​ឱ្យ​ជួប​ ប៉ូលិស​ថា​បើ​អត់​ឱ្យ​ជួប​គាត់​ឱ្យ​ព្រះរាជអាជ្ញា​មក ហើយ​ព្រះរាជអាជ្ញា​គាត់​មក​ គាត់​សុំ​ត្រឹម​តែ​ជួប​ប៉ា​ខ្ញុំ​ តែ​ដល់​ពេល​ប៉ា​ខ្ញុំ​ចុះ​ពី​លើ​ផ្ទះ​ គឺ​ពួកគាត់​ព្រួត ចាប់​យក​តែ​ម្ដង អូស​ដាក់​ឡាន​សូម្បី​តែ​គាត់​សុំ​ពាក់​ស្បែកជើង​ក៏​អត់​បាន​ពាក់​ដែរ​។​សមត្ថកិច្ច​បាន​ដក​ទូរស័ព្ទ​របស់​ខ្ញុំ​អស់​៣គ្រឿង​ទៀត ហើយ​គាត់​បាន​ធ្វើ​លិខិត​មួយ​ថា​ គាត់​បាន​ដក​ហូត​ទូរស័ព្ទ​របស់​ពួក​ខ្ញុំ »

កូន​ស្រី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បន្ថែម​ថា មួយ​រយៈ​នេះ លោក កែវ ថៃ បង្រៀន​ភាសា​អង់គ្លេស​ដល់​កូន​សិស្ស​តាម​ប្រព័ន្ធ​អ៊ីនធឹណិត ដោយ​គ្រូ និង​សិស្ស​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ​រៀងៗ ខ្លួន។

​លោក កែវ ថៃ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង និង​ជា​អតីត​សមាជិក​គ្រូបង្រៀន​ឯករាជ​កម្ពុជា​។​កាល​ពី​ឆ្នាំ២០១៩ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​តាម​រក​ចាប់​ខ្លួន​​ម្ដង​រួច​មក​ហើយ ​ប៉ុន្តែ​ លោក​បាន​ដឹង​ដំណឹង​មុន​ ហើយ​បាន​​រត់​គេច​ខ្លួន​ទាន់​ពេល។

​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ខូវ លី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦​មីនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

អាស៊ី​សេរី​ក៏​បាន​ព្យាយាម​ទាក់​ទង​ទៅ​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ លោក ឡុង ស៊ីថា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទៀត​ នៅ​តែ​មិន​បាន​លទ្ធផល​ ដោយ​លោក​ប្រាប់​យ៉ាង​ខ្លី​ថា ពុំ​បាន​ដំណឹង​រឿង​នេះ​នៅ​ឡើយ ហើយ​លោក​ថា​​នឹង​ផ្ដល់​ព័ត៌មាន​នេះ​ជាក់លាក់​​នៅ​ពេល​ក្រោយ៖ «មាន​តែ​លោក​ព្រះរាជអាជ្ញា​ធំ​ចុះ​ទៅ បាទ​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ផង​ ចាំ​មើល​ខ្ញុំ​ឆែក​ទៅ​ខាង​មន្ត្រី​​តុលាការ​សិន​បង »

កាល​ពី​ថ្មី​នេះ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​ចាត់​វិធាន​ការ​តាម​ច្បាប់​ដល់​គ្រូបង្រៀន​ទាំង​ឡាយ​​ដែល​បន្ត​បង្រៀន​គួរ​កូន​សិស្ស​អំឡុង​ពេល​ជំងឺ​កូវិដ​១៩​កំពុង​តែ​រាតត្បាត​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នេះ គឺ​ប៉ូលិស​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ពីព្រោះ​ពុំបាន​បង្ហាញ​ដីកា​និង​ប្រាប់​ពី​ទោស​កំហុស​របស់​ជន​ជាប់​ឃុំ​ឱ្យ​សាច់ញាតិ​ឱ្យ​បាន​ដឹង៖ «ទោះ​បី​ការ​ដឹក​នាំ​របស់​ព្រះរាជអាជ្ញា​វា​ទាល់​តែ​មាន​បទល្មើស​ជាក់​ស្ដែង​ ឬ​ក៏​យើង​បង្ហាញ​ បើ​សិន​វា​គ្រាន់​តែ​​ថា​ចង្អុល​ថា​អ្នក​នេះ​ជា​ព្រះរាជអាជ្ញា​ដូច​តាម​អ្វី​ដែល​ក្រុម​គ្រួសារ​គាត់​លើក​ខ្ញុំ​គិត​ថា​វា​ពិបាក​គេ​ទទួល​យក​ណាស់​ ពីព្រោះ​ថា​ប្រសិន​ជា​ព្រះរាជអាជ្ញា​ក៏​ត្រូវ​បង្ហាញ​ហេតុ​ផល​គេ​ដែរ​ ក្នុង​ការ​ដែល​ចាប់​គេ​ហ្នឹង ថា​តើ​គេ​មាន​ទោស​កំហុស​អ្វី​ចាប់​មូលហេតុ​អី​ បើ​សិន​ជា​យើង​អត់​បង្ហាញ​ហេតុ​ផល​ហើយ​យើង​ទៅ​ចាប់​គេ​អីចឹង​គេ​មិន​ហៅ​ថា​ការ​ចាប់​ខ្លួន​តាម​នីតិវិធី​ទេ »

ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នៅ​លើ​ពិភពលោក​មក គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​សកម្មជន​គណបក្ស​នេះ​​នៅ​ខេត្ត​ព្រៃវែង២​នាក់​ និង​ម្នាក់​ទៀត​នៅ​ខេត្ត​ស្វាយរៀង​ ដោយ​សារ​តែ​ពួកគេ​បង្ហោះ​សារ​តាម​ហ្វេស​ប៊ុក​ និង​និយាយ​​ទូរស័ព្ទ​​ព្រួយបារម្ភ​អំពី​ការ​រីក​ការ​រាលដាល​ជំងឺ​កូវិដ១៩ នៅ​កម្ពុជា។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ថា កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទ​មាត់​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​មេរោគ​ថ្មី​នេះ និង​វិធានការ​របស់​រដ្ឋាភិបាល។ ប្រភព​ដដែល​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ទង្វើ​រំលោភ​បំពាន​លើ​សិទ្ធិ​និយាយ​ស្ដី​ដោយ​សេរី​របស់​ពលរដ្ឋ​ត​ទៅ​ទៀត ហើយ​ជំនួស​មក​វិញ រដ្ឋាភិបាល​ត្រូវ​ផ្ដោត​អាទិភាព​លើ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ជំងឺ​កូវីដ-១៩ ជូន​សាធារណជន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។