បក្ស​កាន់​អំណាច​ឃោសនា​​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​ទូទាំង​ប្រទេស​ខណៈ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​បង្ហោះ​សារ​ជំរុញ​ឲ្យ​ពលករ​កុំ​ទៅ​បោះឆ្នោត

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា​​ នៅ​ថ្ងៃ​សៅរ៍ ទី​៧ កក្កដា ​បាន​សម្រុក​ធ្វើ​យុទ្ធនាការ​​រក​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ស្របពេលដែលប្រធាន​ចលនា​​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី បាន​បង្ហោះ​សារ នៅ​ក្នុង​​ហ្វេស​ប៊ុក ​(Face book)​ របស់​លោក​​ ដោយ​បាន​ពន្យល់​អត្ថន័យ​ពិត​ប្រាកដ​នៃ​ការ​បោះឆ្នោត​ក្លែងក្លាយ​រៀបចំ​ដោយ​របប​ផ្ដាច់ការ​​ នៅ​ថ្ងៃ​ទី​២៩​កក្កដាខាងមុខ។ លោក សម រង្ស៊ី លើក​ឡើង​ថា ​ ជម្រើស​ពិតប្រាកដ​មានតែ​​ពីរគត់ គឺ​បើ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​កុំ​ទៅ​បោះឆ្នោត​ ហើយ​បើ​ចង់​បាន​របប​ដឹក​នាំយោធាផ្តាច់ការ​ដូច​សព្វ​ថ្ងៃ ​ទៅ​បោះឆ្នោត។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុង​ថ្ងៃ​ដំបូង​នេះ មាន​តែ​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​ដែល​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ ចំណែក​ឯ​បក្ស​តូចៗ​​វិញ​មិន​សូវ​មាន​សកម្មភាព​ដូច​កាល​ពី​បោះឆ្នោត​ឆ្នាំ​មុនៗ​នោះ​ទេ។

លោក ហ៊ុន សែន​ ដែលអង្គការសិទ្ធិម​នុស្សអន្តរជាតិចាត់ទុកជាមេដឹកនាំយោធាផ្តាច់ការនោះ បាន​បើក​យុទ្ធនាការ​ឃោសនា​ក្នុង​ថ្ងៃ​នេះ​ដំបូង​នេះ​ នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់ ដោយ​រថយន្ត​រាប់ពាន់​គ្រឿង​ ។លោក ហ៊ុន សែន​ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជាដែលបានដឹកនាំប្រទេសជាង​៣០ឆ្នាំ លោកអះអាងថា ដើម្បី​ឲ្យ​មាន​សុខ​សន្តិភាព​និង​ការ​រីកចម្រើន​ទៅ​មុខ​ទៀត៖ «»

គណបក្ស​កាន់​អំណាច​ក្រៅ​អំពី​ឃោសនា​ទ្រង់ទ្រាយធំ នៅ​រាជធានី​ភ្នំពេញ​ហើយ​ នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស​ក៏​មាន​ការ​រៀប​ចំ​យ៉ាង​ច្រើន​ដែរ​ ដូច​ជា​នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្ដរមានជ័យ​ កំពង់ចាម និង​ខេត្ត​ពោធិ៍សាត់​ជា​ដើម ដែល​មាន​អ្នក​ចូលរួម​រាប់ពាន់​នាក់​។ ​លោក សម រង្ស៊ី ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិនៅថ្ងៃដំបូងនៃការចាប់ផ្តើមឃោសនាបោះឆ្នោតនេះ បាន​បង្ហោះ​ខិត្តប័ណ្ណ​​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) បង្ហាញ​អត្ថន័យ​ពិតប្រាកដ​នៃ​ការ​បោះឆ្នោត​ក្លែងក្លាយ​រៀបចំ​ដោយ​របប​ផ្ដាច់ការ​​ នៅ​ថ្ងៃ​ទី​ ២៩​កក្កដា។ ខិត្តប័ណ្ណសរសេរថា​ ជម្រើស​ពិតប្រាកដ​មានតែ ២គត់​ គឺ មិន​ទៅ​បោះឆ្នោត​ គឺ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត​ ហើយ​ចង់​គណបក្ស​នេះ​មក​ដឹក​នាំ​ប្រទេស​ដើម្បី​ការ​ផ្លាស់ប្ដូរ​ជា វិជ្ជមាន និង​ការ​ទៅ​បោះឆ្នោត។ តែបើ​ទោះ​បី​ជា​ទៅ​បោះ​ឲ្យ​គណបក្ស​ណា​ក៏ដោយ គឺ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចង់​ឲ្យ​គណបក្ស​នេះ​ដឹក​នាំ​ប្រទេស​តទៅ​ទៀត​ដូច​សព្វថ្ងៃ។ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​​​​​ប្រជា​ពលរដ្ឋ​ចែកចាយ​ខិត្តប័ណ្ណ​នេះ​ទៅ​អ្នក​ដទៃ ចាប់​ពី​ថ្ងៃ​ទី​៧​កក្កដា​តទៅ។

ភ្លាម​ក្រោយ​ពី​លោក សម រង្ស៊ី​ បង្ហោះ​សារ​អំពាវនាវ​ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ចែករំលែក​ខិត្តប័ណ្ណ​នោះ​តាម​ហ្វេស​ប៊ុក​របស់​ខ្លួន​ពី​មួយ​ទៅ​មួយ​ជា​បន្តបន្ទាប់ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​បាន​ប្រកាស​មិន​ទៅ​ចូលរួម​បោះឆ្នោត​នោះ​ទេ។

អ្នកនាំ​ពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប​ លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា​ ការ​ឃោសនា​ថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅ​ដោយ​រលូន ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន​៥​គណបក្ស​ហែ​ក្បួន​ធំជាង​គេ ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នក​ចូលរួម​ជាង ៦ម៉ឺន​នាក់ (៦០.០០០) គណបក្ស​ ហ្វ៊ុន​ស៊ិន​ប៉ិច​ ប្រមាណ​ ២ពាន់​នាក់ (២.០០០) និង​គណបក្ស​ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ មាន​ជាង​ ១ម៉ឺន​នាក់(១០,០០០)​ជា​ដើម។ ទោះជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​រូប​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ជុំ​វិញ​នឹង​ខិត្តប័ណ្ណ​របស់​សម រង្ស៊ី នៅ​ឡើយ​ទេ៖ «»

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ថ្ងៃ​​ដំបូង​នេះ ​គណបក្ស​តូចៗ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួម​មាន​ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ​ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ធំ និង​ខេត្ត​ឧត្ដរមានជ័យ​ជា​ដើម ​មិន​សូវ​មាន​សកម្មភាព​ដូច​គណបក្ស​កាន់អំណាច​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​អង្គការ ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើក​ឡើង​ថា ការ​ឃោសនា​តិច ឬ​ច្រើន​អាស្រ័យ​ធនធាន​របស់​គណបក្ស​នយោបាយ​និមួយៗ ហើយ​មិន​ទាន់​មាន​ច្បាប់​ណា​កំណត់​លើ​ថវិកា​ចំណាយ​ក្នុង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា ​ការ​បោះ​ឆ្នោត​លើក​នេះ​ គឺ​ពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ច្បាស់​អំពី​សកម្មភាព​របស់​គណបក្ស​នយោបាយ​អស់​ហើយ៖ «»

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី២៧ ខែ​កក្កដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។