យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាជិត ១២.៨៣៥នាក់ គិតមកត្រឹមយប់ថ្ងៃទី១១ ខែសីហា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះ មួយចំនួន ដែលរួមមានឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកស្រីពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត និងជាសាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធានសហជីពកម្មករ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ និងអ្នកសារព័ត៌មាន សកម្មជននយោបាយ និងមន្ត្រីសហជីព ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងថា អ្នកស្រីរីករាយដែលបានឃើញពលរដ្ឋច្រើនបន្តចូលរួមយុទ្ធនាការនេះ ដែលមានន័យថា ពលរដ្ឋចង់បញ្ចប់វប្បធម៌និទណ្ឌភាពពិតប្រាកដមែន៖ « ក្នុងរយៈពេលខ្លីមិនដល់ ១ខែផង យើងទទួលបានស្នាមមេដៃជាង ១ម៉ឺននាក់ ដែលជាស្នាមមេដៃដែលគេចង់រួមកម្លាំងជាមួយយើងក្នុងការបញ្ចប់និទណ្ឌភាព មានន័យថាអ្នកដែលប្រព្រឹត្តអំពើកាប់សម្លាប់ទាំងឡាយនោះ ដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលអ្នកនោះត្រូវតែប្រឈមមុខជាមួយតុលាការឯករាជ្យ » ។
អ្នកស្រីថា យុទ្ធនាការនេះនឹងមិនកំណត់ពេលវេលាបញ្ចប់ពេលណានៅឡើយទេ លុះត្រាតែទទួលបានយុត្តិធម៌។ អ្នកស្រីរីករាយដែលបានឃើញសន្ទុះនៃការចូលរួមពីពលរដ្ឋនេះ។
គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ តាមបណ្ដាញអ៊ិនធើណិត តាមគេហទំព័រ change.org ក្រោមប្រធានបទជាភាសាអង់គ្លេសថា "Together We Fight to End Impunity" ឬប្រែថា យើងរួមគ្នាតស៊ូលុបបំបាត់អំពើនិទណ្ឌភាព"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
