អ្នកចូលរួមយុទ្ធនាការលុបបំបាត់អំពើនិទណ្ឌភាព កើនឡើងជិត ៨ពាន់នាក់
2020.07.29
យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខា ៧.៩៩៥ពាន់នាក់ គិតមកត្រឹមយប់ថ្ងៃទី២៩ ខែកក្កដា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះមួយចំនួន ដែលរួមមាន អ្នកស្រី ពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត និងជាសាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធានសហជីពកម្មករ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ និងអ្នកសារព័ត៌មាន សកម្មជននយោបាយ និងមន្ត្រីសហជីព ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀត ដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ថ្មីៗ នេះ អង្គការ និងសមាគមអន្តរជាតិចំនួន ៣៣ ដែលរួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) បានអំពាវនាវឲ្យរដ្ឋាភិបាល នៃប្រទេសប្រជាធិបតេយ្យជាច្រើន រួមដៃគ្នាជាមួយសហគមន៍អឺរ៉ុប ដើម្បីទាមទារឲ្យរបបក្រុងភ្នំពេញ ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ក្នុងចំណោមអង្គការ និងសមាគមទាមទារទាំង ១២ចំណុចនោះ ក៏មានការបញ្ចប់វប្បធម៌និទណ្ឌភាព ដោយបើកការស៊ើបអង្កេតឯករាជ្យ លើករណីឃាតកម្មធំៗ ដូចជា ឃាតកម្មឃាតកម្មលើបណ្ឌិត កែម ឡី នេះដែរ។
គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ លើបណ្ដាញអ៊ិនធើណិត តាមគេហទំព័រ change.org ក្រោមប្រធានបទជាភាសាអង់គ្លេសថា “Together We Fight to End Impunity” ឬប្រែថា យើងរួមគ្នាតស៊ូលុបបំបាត់អំពើនិទណ្ឌភាព” បានចាប់ផ្ដើមធ្វើកាលពីថ្ងៃទី១០ ខែកក្កដា គឺចំថ្ងៃប្រារព្ធពិធីបុណ្យខួបគម្រប់ ៤ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី។ ចំពោះអ្នកចង់ចូលរួមគាំទ្រ ឬចុះហត្ថលេខាក្នុងយុទ្ធនាការនេះ អាចស្វែងរកឃ្លា “Together We Fight to End Impunity” នេះ នៅលើអ៊ិនធើណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។