អ្នក​ជំនាញ​ថា ការ​បកស្រាយ​របស់​ក្រសួង​ការបរទេស​កម្ពុ​ជា នឹង​មិន​អាច​កែប្រែ​ជំហរ​អាមេរិក

ដោយ ជុន ច័ន្ទបុត្រ
2019-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (ឆ្វេង) និង​កិច្ចប្រជុំ​រដ្ឋសភាសហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី១៦ កក្កដា ២០១៩។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (ឆ្វេង) និង​កិច្ចប្រជុំ​រដ្ឋសភាសហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី១៦ កក្កដា ២០១៩។
រូប​ក្រសួង​ការបរទេស និង​www.house.gov

អង្គការ​សង្គម​ស៊ីវិល​យល់ឃើញ​ថា សេចក្ដី​ពន្យល់​របស់​ក្រសួងការបរទេស​ជុំវិញ​ស្ថានការណ៍​កម្ពុជា នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​ក្រុងភ្នំពេញ​នោះ​ឡើយ​។ មូលហេតុ គឺ​ដោយសារតែ​សហរដ្ឋអាមេរិក​បាន​តាម​ដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​កម្ពុជា និង​បាន​ទុក​ពេល​ឱ្យ​របប​នេះ​ជាច្រើន​ខែ​ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើងវិញ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ។

អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ប្រឹងប្រែង​ស្ដារ​ស្ថានភាព​ធ្លាក់​ចុះ​ដុនដាប​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ជាជាង​ប្រឹង​បកស្រាយ​ការពារ​ខ្លួន​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដោយសារ​ទង្វើ​របស់​ខ្លួន។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី ថ្លែង​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ឆ្លើយ​ការពារ​ខ្លួន​ទៅ​នឹង​ការ​លើកឡើង​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏ប៉ុន្តែ​លោក​ជឿ​ថា ការ​បកស្រាយ​ទាំងនោះ​នឹង​មិន​មាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​បង្កើត​ច្បាប់ H.R ៥២៦ របស់​សមាជិកសភា​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​។ លោក​កត់សម្គាល់​ថា សហរដ្ឋអាមេរិក​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ ស្រប​ពេល​ដែល​ស្ថានភាព​នៅ​កម្ពុជា​មិនទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​នៅឡើយ​។ លោក​យល់ថា សេចក្ដី​ពន្យល់​ទាំង​អំបាលម៉ាន​របស់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស នឹង​មិន​អាច​កែប្រែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​បញ្ហា​ប្រជាធិបតេយ្យ​កម្ពុជា​នោះ​ឡើយ៖ «កាលពី​ថ្ងៃ​ទី​១៦ កក្កដា រដ្ឋសភា​អាមេរិក​បាន​អនុម័ត​ច្បាប់ H.R 526 ដើម្បី​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អាមេរិក​នៅ​ពេល​ឆាប់ៗ​ខាងមុខ ហើយ​សមាជិកសភា​អាមេរិក​ដែល​សកម្ម​ក្នុង​រឿង​នេះ ជឿជាក់​ថា ច្បាប់​នេះ​នឹង​អាច​ឆ្លង​ផុត​សភា​ជាន់ខ្ពស់​ទៅ​ដល់ដៃ​ប្រធានាធិបតី ដើម្បី​ចុះហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​។ សមាជិកសភា​អាមេរិក​អះអាង​ថា ការ​ធ្វើ​ច្បាប់​នេះ គឺជា​រឿង​ចាំបាច់ និង​សមស្រប​បំផុត ពីព្រោះ​លោក ហ៊ុន សែន បាន​ក្បត់​ពាក្យ​សន្យា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទោះជា​យ៉ាងណា ក្រសួង​ការបរទេស​របប​ក្រុងភ្នំពេញ បាន​ចាត់​ទុក​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ H.R ៥២៦ នេះ ថា​ជា​ការ​ដើរ​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ភាពជា​ដៃគូ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។ ក្រសួង​ការបរទេស​អះអាង​ថា សេចក្ដី​ព្រាងច្បាប់​នេះ មាន​ខ្លឹមសារ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែកលើ​ព័ត៌មាន​បំភ្លៃ លម្អៀង និង​ហួស​សម័យ ក្រោម​ហេតុផល​នយោបាយ និង​មាន​ស្តង់ដារ​ពីរ​។ ក្រសួង​ថា ច្បាប់​នេះ​រំលោភបំពាន​លើ​គោលការណ៍​អន្តរជាតិ​ស្ដីពី​អធិបតេយ្យភាព និង​ការ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។

ក្រសួងការបរទេស​កម្ពុជា​បាន​បកស្រាយ​តាមរយៈ​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​១៦ កក្កដា​ថា ការបោះឆ្នោត​ឆ្នាំ​២០១៨ កន្លងទៅ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ពុំ​មាន​អំពើ​ហិង្សា ហើយ​ពលរដ្ឋ​បាន​ចេញទៅ​បោះឆ្នោត​ជាង​៨៣%​។ ក្រសួងការបរទេស​បន្ត​ថា ការ​បដិសេធ​មិន​ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​​នេះ គឺជា​ការ​មើលងាយ​ឆន្ទៈ​ម្ចាស់​ឆ្នោត និង​មិន​ទទួលស្គាល់​ការពិត។ បន្ថែម​ពីលើ​នេះ ក្រសួង​បាន​ថ្លែង​ការពារ​ចំណាត់​ការ​ចាប់ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សន្តិ​សន្តិភាព និង​ស្ថិរភាព​សង្គម។

ជុំវិញ​បញ្ហា​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) វិញ ក្រសួង​បកស្រាយ​ថា ច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​ឡើង ដោយ​ស្រង់​យក​បទពិសោធន៍​ល្អៗ​របស់​ប្រទេស​ដែល​មាន​ភាព​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ និង​មាន​អត្ថន័យ​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ក្រសួង​បន្ត​បដិសេធ​ថា រដ្ឋាភិបាល​មិនបាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន​ឡើយ ហើយ​ការបញ្ឈប់​ប្រតិបត្តិការ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​នោះ គឺ​ដោយសារ​ពួកគេ​បាន​បំពាន​ច្បាប់​កម្ពុជា​។ ក្រសួង​បញ្ជាក់​ថា កំពុង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ ហើយ​អង្គភាព​ព័ត៌មាន​ជាង ១​ពាន់​ស្ថាប័ន កំពុង​ដំណើរការ​យ៉ាង​រស់​រវើក​នៅ​ក្នុង​សង្គម​។ ក្រៅ​ពី​នេះ ក្រសួង​ថា កម្ពុជា​មាន​សេរីភាព​អ៊ីនធឺណិត​យ៉ាង​ពេញលេញ ដោយ​ពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​គ្មាន​ដែន​កំណត់ និង​គ្មាន​ការ​រឹតត្បិត។

ទោះជា​យ៉ាងណា សេចក្ដី​ពន្យល់​របស់​ក្រសួងការបរទេស​នេះ ត្រូវ​បាន​ច្រាន​ដោល​ដោយ​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ថា ការ​បង្កើត​ច្បាប់​នេះ​មិន​ពាក់ព័ន្ធ​នឹង​អធិបតេយ្យ​ជាតិ​កម្ពុជា​ឡើយ ពោល​គឺ​សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​កម្ពុជា និង​បដិសេធ​ទិដ្ឋាការ​មន្ត្រី​ទាំងនោះ បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន។ ម្យ៉ាងវិញទៀត លោក​ថា ការរំលោភ​សិទ្ធិមនុស្ស គឺជា​បញ្ហា​សាកល​ដែល​អន្តរជាតិ​អាច​ឈឺឆ្អាល ជាពិសេស​ក្នុង​លក្ខខណ្ឌ​ដែល​សហរដ្ឋអាមេរិក​ជា​ប្រទេស​ប្រជាធិបតេយ្យ​ឈានមុខ និង​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៖ «គេ​មាន​មក​គ្រប់​​គ្រង​យើង​ឯណា ព្រោះ​ប្រទេស​គេ​ជា​ប្រទេស​ប្រជាធិបតេយ្យ ហើយ​បើ​យើង​មិន​គោរព​​គោលការណ៍​ប្រជា​ធិបតេយ្យ គេ​​អត់​និយាយ​រក​ បើ​និយាយ​ដោយ​សាមញ្ញ។ ខ្ញុំ​ថា​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​​ខ្មែរ ជា​ការ​​លើក​ឡើង​ដដែលៗរាប់​ឆ្នាំមក​​ហើយ។ ឱ្យ​តែ​គេ​​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ឱ្យ​តែ​គេ​លើក​​ឡើង​​អំពី​ការ​រំលោភ​លើ​គោលការណ៍​​ប្រជាធិបតេយ្យ គឺ​គាត់​តែង​​តែ Copy-Paste (ចម្លង) នូវចម្លើយជា​រហូត​មក»។

របប​ក្រុងភ្នំពេញ​បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​កង្វះ​ភស្តុតាង ពី​បទ​ក្បត់ជាតិ​។ ក្រៅ​ពី​នេះ របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​យក​អាសនៈ​សភា និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​បក្ស​នេះ យក​ទៅ​ចែក​គ្នា​កាន់កាប់ ហើយ​បាន​ហាមប្រាម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជាង ១០០​នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត របប​នេះ​បាន​រៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅ រួច​ប្រមូល​យក​អាសនៈ​សភា​ទាំងអស់​មក​ក្ដោបក្ដាប់​តែម្នាក់​ឯង ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ថ្មី​មួយ​នៅ​លើ​ពិភពលោក ក្នុង​សតវត្ស​ទី ២១​នេះ។

លោក មឿន តុលា ថ្លែង​ថា ចំណាត់ការ​បែប​នេះ​ហើយ​ដែល​សហគមន៍​អន្តរជាតិ​វាយតម្លៃ​ថា ជា​ការ​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ ដែល​មិន​អាច​ប្រកែក​បាន៖ «យើង​ដឹង​ហើយ​ថា អាសនៈ​ទាំង​អស់នោះ​បាន​​មក​ពី​​ការ​បោះឆ្នោត​ វា​បាន​មក​ពី​សំឡេង​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​យើង​យក​​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​មក​ហ្នឹង យក​ទៅ​ចែក​គ្នា។ អាហ្នឹងគឺជា​ការ​បំផ្លាញ​​ប្រជាធិបតេយ្យទាំង​ស្រុង​តែ​ម្តង ហើយ​​យើង​គាប​សង្កត់​​ទៅលើ​តួនាទីរបស់​អង្គការ​សង្គម​​ស៊ីវិល តួនាទី​​របស់​សារព័ត៌មាន​ឯករាជ្យ​ជាដើម​​ហ្នឹង ត្រង់​នេះ​​ដែល​​ធ្វើ​ឱ្យ​សហភា​ព​អឺរ៉ុប​​ក៏​​គេ​បាន​យក​បញ្ហា​​ហ្នឹង​ ដើម្បីពិនិត្យ​​​មើ​ល​ឋានៈ​អនុគ្រោះពន្ធរបស់​កម្ពុជាក្នុង​ការ​​នាំ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​របស់​​គេដែរ។ អ៊ីចឹង​ការ​អនុម័ត​ច្បាប់​​របស់​អាមេរិកនេះ មិន​មែន​ជា​​ព័ត៌មាន out-of-date (ហួសសម័យ) ទេ ប៉ុន្តែ​ជា​បញ្ហា​ដែល​​កម្ពុជា​កំពុង​តែ​​ជួប​ប្រទះ»។

ទន្ទឹម​នឹង​ការ​កម្ទេច​គណបក្សប្រឆាំង​ដើម្បី​ក្រសោប​យក​អំណាច​ផ្ដាច់មុខ​នេះ របប​លោក ហ៊ុន សែន ក៏បាន​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ផង​ដែរ ជាពិសេស​របប​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី កត់សម្គាល់​ថា គ្មាន​ចំណុច​ណាមួយ​ខាងលើ​នេះ ត្រូវ​បាន​កែប្រែ​ឱ្យ​ល្អ​ឡើងវិញ​នោះ​ឡើយ ផ្ទុយទៅវិញ​រដ្ឋាភិបាល​នៅតែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាបសង្កត់ និង​រឹតត្បិត​លំហ​សេរីភាព​សង្គម​ស៊ីវិល ស្រប​ពេល​ដែល​សេរីភាព​សារព័ត៌មាន​នៅ​តែ​មាន​លក្ខណៈ​តូច​ចង្អៀត ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ៖ «ប្រជាធិបតេយ្យ​​ គេ​អត់​រាប់​ចំនួន​គណបក្ស​​នយោបាយ​ទេ ប៉ុន្តែ​និយាយ​អំពី​គុណ​ភាពនៃ​ការ​ចូល​រួម​​ ហើយ​និង​គុណ​ភាព​នៃ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។ ហើយ​សេរីភាព​​សារព័ត៌មាន គឺ​​ដូច​គ្នា​ គឺមិន​ផ្អែក​ទៅលើចំនួន ឬក៏​ស្ថាប័ន​សារព័ត៌មាន​ហ្នឹង​ច្រើន​​ទេ ប៉ុន្តែ​សំដៅ​​ទៅលើ​ស្ថាប័ន​សារព័ត៌មាន​ហ្នឹង ដែល​គាត់​អាច​រាយការណ៍​ ប្រាប់​ពី​ការ​​ពិត​ដោយ​មិន​លម្អៀង ដោយ​​មិន​រង​ការ​គាប​​សង្កត់ និង​មិន​​រង​ការ​គំរាម​កំហែង​ពី​ស្ថាប័ន​នយោបាយ»។

ថ្វីត្បិតតែ​របប​ក្រុងភ្នំពេញ​បាន​ប្រតិកម្ម​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ក្តី ក៏​របប​នេះ​មិនបាន​ដាក់​ចេញ​នូវ​វិធានការ​ណាមួយ​តបត​ទៅ​នឹង​សហរដ្ឋអាមេរិក​វិញ​ឡើយ។ ផ្ទុយទៅវិញ របប​នេះ​បែរជា​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ជាមួយ​សហរដ្ឋអាមេរិក មាន​ជាអាទិ៍ បេសកកម្ម​មនុស្សធម៌ ការ​គាំទ្រ​ដល់​អ្នកស្ម័គ្រចិត្ត​ផ្នែក​សន្តិភាព ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការ​ជួញដូរ​មនុស្ស និង​ជាពិសេស​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​កិច្ច​សន្ទនា​យោធា ដែល​របប​នេះ​ធ្លាប់​បាន​បែរខ្នង​ដាក់​សហរដ្ឋអាមេរិក​។ បន្ថែម​ពីលើ​នេះ របប​នេះ​បញ្ជាក់​ប្រាប់​អាមេរិក​ជាថ្មី​ទៀត​ថា ខ្លួន​មានការ​ប្តេជ្ញា​ចិត្ត​ច្បាស់លាស់​ក្នុង​ការ​ប្រកាន់យក​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ការ​លើក​កម្ពស់​នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ទោះជា​យ៉ាងណា អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យល់ថា ការសន្យា​របស់​របប​លោក ហ៊ុន សែន នេះ នឹង​មិន​អាច​ជួយ​ឱ្យ​របប​នេះ​ចៀស​ផុត​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​នោះ​ឡើយ ប្រសិនបើ​គ្មាន​ការអនុវត្ត​ជាក់ស្ដែង​ទេ​នោះ។ ពួកគេ​ស្នើ​ឱ្យ​របប​នេះ​អនុវត្ត​តាម​អនុសាសន៍​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​បញ្ចៀស​គ្រោះកាច​សម្រាប់​ប្រជាជាតិ​ខ្មែរ​។ គ្រោះកាច​នោះ គឺ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក និង​ទណ្ឌកម្ម​ផ្សេងទៀត​ពី​ក្រុម​ប្រទេស​សម្ពន្ធមិត្ត​របស់​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

many foreign companies,investors,stakeholders with tmil Hun Sen's business criminal conspiracy...they quick to pack mmoney run away before EBA/GPS sanctions coming...

U are the first ones in this case"comrade Prak Sokhon"u and tmil Hun Sen are very ruthless behavior to the international community,the world,U.N and superpowers and all your stupid cronies aren't care anything else beside of your tmil Hun Sen stay in power.The world leaders/superpowers gave u and your master criminal boss Hun Sen for years,but u and your stupid pundits always pissed off,or look down to the world leaders,U.N and international community and it said u and your moron govm't don't care whatever the world,u.n and superpowers wanted.It isn't only pissed off to everybody,but u and your moron govm't not care anything....because your rogue commie govm't always said...hey we've China commie leaders are our best friend who can help us to survive.See China commie leaders helped us for success unofficial election in 2013-2018"see China commie helped us a lot during the killing fields 1970-1975-1979 and today"that why we can't forget it,and China commie leaders ever never abandoned us at all.

Jul 17, 2019 04:36 PM

គេហទំព័រ​ទាំងមូល