ផ្ទៀងផ្ទាត់​ការពិត​នៃ​សារ​នយោបាយ​លោក ហ៊ុន សែន ក្រោយ​ផ្ទុះ​ជំងឺ COVID-19 និង​អឺរ៉ុប​ដក EBA ២០%

0:00 / 0:00

មួយ​រយៈ​ពេល​ចុង​ក្រោយនេះ ចាប់​តាំង​ពី​មានការ​ផ្ទុះឡើង​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម COVID-19 និង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% លោក ហ៊ុន សែន បាន​ចេញមុខ​ថ្លែង​សារ​នយោបាយ​ឥត​ដាច់​ស្ទើរ​រាល់ថ្ងៃ ការពារ​ជំហរ​របស់​លោក​។ សារ​ដែល​លោក​បាន​ថ្លែង​ភាគច្រើន ពាក់ព័ន្ធ​នឹង​បញ្ហា​ការពារ​អធិបតេយ្យ​កម្ពុជា បញ្ហា​មនុស្សធម៌ ការ​មិន​រើសអើង​នឹង​ជំងឺ COVID-19 និង​ការ​ការពារ​នយោបាយ​ដែល​លោក​កំពុង​អនុវត្ត​ជាមួយ​មហាមិត្ត​ចិន​ជាដើម។

តើ​សារ​នយោបាយ​របស់​លោក ហ៊ុន សែន ទាំងនេះ មាន​ភាព​ចម្រូងចម្រាស និង​ការពិត​កម្រិត​ណា?

បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម COVID-19 និង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ចំនួន​២០% ពី​កម្ពុជា ដែល​ចង់​ឬ​មិន​ចង់​អាច​ធ្វើ​ឱ្យ​កម្ពុជា​រអិល​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២០​នេះ មិន​អាច​ធ្វើ​ឱ្យ​លោក ហ៊ុន សែន នៅ​សម្ងំ​ស្ងៀម​បាន​ឡើយ​។ បញ្ហា​ទាំងពីរ​នេះ បាន​តម្រូវ​ឱ្យ​លោក ហ៊ុន សែន ចាំ​បាច់​ត្រូវ​ចេញមុខ​ថ្លែង​សារ​នយោបាយ​ស្ទើរ​រាល់ថ្ងៃ ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​ចំពោះ​មុខ​ប្រកបដោយ​ភាព​មិន​ប្រាកដប្រជា​នេះ​។ ពេលខ្លះ លោក​បាន​ចំណាយ​ពេល​រហូតដល់​ទៅ​ប្រមាណ ៥ ម៉ោង​ឯណោះ ពោល​គឺ​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​កាលពី​ពេល​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា ឆ្នាំ​២០១២ ពន្យល់​រឿង​បញ្ហា​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ដ៏​ចម្រូងចម្រាស។

​ជាក់ស្ដែង ជុំវិញ​បញ្ហា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​ជា​ការ​គិត​ពន្ធ​ទៅលើ​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​តម្លៃ​ជិត ១​ពាន់​១​រយ​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​ការខាតបង់​ថ្លៃ​បង់ពន្ធ​របស់​កម្ពុជា​ទៅ​ឱ្យ​អឺរ៉ុប​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​នោះ លោក ហ៊ុន សែន ថ្លែង​ការពារ​ថា លោក​នឹង​មិន​ស្នើ​ឱ្យ​អឺរ៉ុប​ប្រគល់​មកវិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទាំងស្រុង​នោះ​ទេ​។ លោក​ផ្ដល់​អំណះអំណាង​ដដែល​ជា​ដដែល​ថា ការ​ធ្វើ​ដូច្នេះ គឺ​មិន​ខុស​អ្វី​ទៅ​នឹង​ការដោះដូរ​ច្បាប់ និង​អធិបតេយ្យ​របស់​កម្ពុជា​នោះ​ទេ៖ «ខ្ញុំ​បញ្ជាក់​លើ​ចំណុច​នេះ កម្ពុជា​មិន​អាច​យក​ច្បាប់​របស់​ខ្លួន អធិបតេយ្យ​របស់​ខ្លួន ទៅ​ដោះដូរ​នូវ​ភាព​អនុគ្រោះ​ពន្ធ​២០ % ត្រលប់​មកវិញ​ទេ​។ អ្នក​សម្រេច​ក៏​សម្រេច​ទៅ​ចុះ ហើយ ហ៊ុន សែន មិន​ស្នើសុំ ឱ្យ​មានការ​យោគយល់​ថា បោះឆ្នោត​ជំទាស់ បោះឆ្នោត​ប្រឆាំង​អី​ទេ គឺ​អនុវត្ត​ចុះ»។

ការ​ផ្សា​ភ្ជាប់​រឿង EBA របស់​អឺរ៉ុប ទៅ​នឹង​ការដោះដូរ​ច្បាប់ និង​អធិបតេយ្យ​កម្ពុជា ជា​សារ​នយោបាយ​ពន្យុះ​ឱ្យ​មាន​ចលនា​ជាតិនិយម​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ ក្នុង​ចេតនា​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មានគំនិត​ស្អប់​អឺរ៉ុប ឬ​ប្រទេស​លោក​ខាងលិច​។ ការ​ផ្តល់​អំណះអំណាង​ដោយ​បែរជា​ទម្លាក់កំហុស​ទៅលើ​អឺរ៉ុប​វិញ​នេះ លោក ហ៊ុន សែន ក៏​មាន​បំណង​ចង់​បិទបាំង​កំហុស​របស់​លោក​ដែល​បាន​រៀបចំ​ការបោះឆ្នោត «ក្លែងក្លាយ​» ក្រោយ​ពី​លោក​បាន​បើក​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ​រួចមក​។ នេះ ក៏​ជា​ការ​មិន​ដឹង​គុណ​ដល់​អំពើ​មនុស្សធម៌​របស់​សហភាព​អឺរ៉ុប ដែល​បាន​បង្កើត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើង ដល់​ប្រទេស​ក្រីក្រ និង​មានការ​អភិវឌ្ឍន៍​តិចតួច​បំផុត​ដូចជា​កម្ពុជា​ជាដើម​នោះ ដើម្បី​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព និង​ការ​គោរព​សិទ្ធិមនុស្ស​ជា​គោល​នោះ។

ប្រសិនបើ​ការ​ចង់​ទទួល​បាន ២០% នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អឺរ៉ុប​មកវិញ​នេះ ពិតជា​បាន​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ដោះដូរ​ច្បាប់ និង​អធិបតេយ្យ​ដូច​តាម​សម្ដី​លោក ហ៊ុន សែន មែន​នោះ នោះ​ក៏​មានន័យថា ការ​បន្សល់ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ៨០% ទៀត​ដែល​កម្ពុជា​សុខចិត្ត​ទទួលយក និង​ការណ៍​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទាំងស្រុង​ពី​អឺរ៉ុប​កាល​ពី​ពេល​អតីតកាល ក៏​មានន័យ​ស្មើនឹង​ថា កម្ពុជា សុខចិត្ត​យក​អធិបតេយ្យ និង​ច្បាប់​របស់​ខ្លួន​ទៅ​ដោះដូរ​ជាមួយ​នឹង​អឺរ៉ុប​ដូចគ្នា​ដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិន​បាន​ពន្យុះ​អឺរ៉ុប​ឱ្យ​ផ្តាច់ ៨០% នៃ​ការ​អនុគ្រោះ​ពន្ធ​ដែល​នៅ​សេសសល់​ពី​កម្ពុជា​ទាំងស្រុង​តែម្ដង ដើម្បី​ការពារ​អធិបតេយ្យ និង​ច្បាប់​របស់​កម្ពុជា​នោះ​ទេ​។ ការ​នៅតែ​បន្ត​ទទួលយក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ៨០% របស់​អឺរ៉ុប ដោយ​មិន​ជំទាស់​នេះ ក៏​មានន័យ​ស្មើនឹង​ការ​ទទួល​ស្គាល់ថា ការ​រក​ឃើញ​របស់​គណៈកម្មការ​អឺរ៉ុប ថា​មានការ​រំលោភ​សិទ្ធិមនុស្ស «​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​» នៅ​កម្ពុជា ជាពិសេស​គឺ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នោះ​ដែរ ក្រោយ​របប​របស់​លោក ហ៊ុន សែន បាន​រម្លាយ​ប្រជាធិបតេយ្យ​ទាំងស្រុង​ក្រោយ​ឆ្នាំ​២០១៧ ដើម្បី​ធានា​ជ័យជម្នះ​ជា​និរន្ត​នៃ​បក្ស​កាន់អំណាច​របស់​លោក។

ម្យ៉ាង​វិញ​ទៀត ការ​កែ​លម្អ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​គណៈកម្មការ​អឺរ៉ុប តម្រូវ​នោះ ក៏​ធ្វើឡើង​ស្រប​ទៅ​តាម​អនុសញ្ញា និង​កតិកា​ស​សញ្ញា​អន្តរជាតិ​នានា​របស់​អង្គការសហប្រជាជាតិ ដែល​កម្ពុជា​ខ្លួនឯង​បាន​យក​មក​ដាក់បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ខ្លួន​។ នេះ​មាន​ន័យ​ថា គណៈកម្មការ​អឺរ៉ុប គ្រាន់តែ​ចង់​ឃើញ​កម្ពុជា គោរព​តាមច្បាប់​កំពូល​របស់​ខ្លួន​តែប៉ុណ្ណោះ​។

ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា ជារឿយៗ ក្រុម​មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក តែង​យក​បញ្ហា​អធិបតេយ្យ​មក​ធ្វើជា​ខែល​ដើម្បី​បិទបាំង​ទង្វើ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​ក្នុង​ប្រទេស​របស់​ខ្លួន។ ជា​ឧទាហរណ៍​ជាក់ស្ដែង គឺ​ដោយសារតែ​បញ្ហា​អធិបតេយ្យ​នេះ​ហើយ បាន​បណ្ដោយ​ឱ្យ​របប​ខ្មែរក្រហម​របស់ ប៉ុល ពត បណ្ដេញ​ជនបរទេស​ចេញពី​ស្រុក​ទាំងអស់ ដើម្បី​បិទបាំង​អំពើ​កាប់សម្លាប់ និង​ប្រល័យពូជសាសន៍​មក​លើ​ពលរដ្ឋ​ខ្លួនឯង ដែល​ជា​លទ្ធផល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណ​ជិត​២​លាន​នាក់​បាន​ស្លាប់​។ គឺ​ដោយសារ​ការ​ប្រើ​សិទ្ធិ​អធិបតេយ្យ​ជ្រុល​ហួសហេតុ​ពេក​របស់​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នេះ​ហើយ ទើប​បាន​ជា​ជំពូក​ទី​៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ផ្តល់​សិទ្ធិ​អំណាច​ពិសេស​ឱ្យ​អង្គការសហប្រជាជាតិ​អាច​ប្រើ​វិធានការ​យោធា ដើម្បី​ថែរក្សា​សន្តិភាព និង​សន្តិសុខ​នៅ​លើ​ពិភពលោក។

ក្រៅពី​បញ្ហា EBA លោក ហ៊ុន សែន ក៏បាន​អួតអាង​អំពី​មោទនភាព​របស់​លោក ដែល​បាន​សម្រេចចិត្ត​ប្រកបដោយ​មនុស្សធម៌ និង​គ្មាន​ការរើសអើង​ក្នុងនាម​ជា​ប្រទេស​តូចតាច​មួយ ក្រោយពី​លោក​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​អាមេរិក​ឈ្មោះ Westerdam ចូល​ចត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ៖ « ខ្ញុំ​ចាប់ដៃ​១៣៩​នាក់ ជាមួយ​នឹង​អ្នកដំណើរ ចាប់​ទាំងអស់ ចាប់​ហើយ​ជូន​ផ្កាៗ​។ ខ្លះ​មក​ឱប​ទៀត ថតរូប​។ ក្រៅពីនោះ​មាន​ក្រុម​នា​វឹក ប្រមាណ​ជា​២០​ទៅ​៣០​ទៀត ចាប់​ទៀត​។ អ៊ីចឹង គឺ​សរុបទៅ​ខ្ញុំ​ចាប់​មិន​តិច​ជាង ១៥០​នាក់​ទេ​។ ខ្ញុំ​អត់​មាន​ជំងឺ​អី​។ អ្នកខ្លះ​រើសអើង​ខ្ញុំ​ក៏​រើសអើង​ទៅ​ ! មិន​ចាប់ដៃ​ខ្ញុំ​ក៏​ហី​ទៅ​ !»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។ (រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន)

កាយវិការ​ប្រកបដោយ​មនុស្សធម៌ និង​ការ​មិន​រើសអើង​របស់​លោក ហ៊ុន សែន ទទួល​បាន​នូវ​ការ​សាទរ​ពី​ឥស្សរជន​មួយ​ចំនួន ជាពិសេស ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ដែល​មាន​ជនជាតិ​របស់​ខ្លួន ធ្វើ​ដំណើរ​តាម​កប៉ាល់​នោះ​។ ក៏ប៉ុន្តែ ការណ៍​ដែល​លោក ហ៊ុន សែន អនុវត្ត​នយោបាយ​បែបនេះ តែ​ជាមួយ​ជនបរទេស ជាពិសេស​មហាមិត្ត​ចិន ខណៈ​ជាមួយ​ពលរដ្ឋ​ខ្លួនឯង ដែល​គ្រាន់​តែ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​លោក លោក​មិនដែល​បាន​យក​ផ្កា​កូឡាប​ទៅ​ចែក​ជូន​ដល់​ពួកគេ​ឡើយ​។ ផ្ទុយទៅវិញ លោក​បែរ​ជា​ប្រើ​ភាសា​ហិង្សា «​ស្ដាយ​មិនបាន​សម្លាប់​» «​ក្ដារមឈូស» និង​ពេល​ខ្លះ​ទៀត គំរាម​ប្រើ​រ៉ុកកែត គុក​ច្រវាក់ ដើម្បី​កម្ចាត់ ឬ​បង្ក្រាប​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង ដែល​ទាំងអស់​នេះ គឺ​សុទ្ធសឹងតែ​ធ្វើ​ឱ្យ​អំពើ​មនុស្សធម៌ និង​គុណធម៌​របស់​លោក ហាក់​ពិបាក​ទទួល​យក​បាន​ពី​សំណាក់​មតិ​ជាតិ និង​អន្តរជាតិ។

ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ពលរដ្ឋ​កម្ពុជា​មិនតិច​ជាង ១.៥ លាន​នាក់​ឡើយ ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​ធ្វើ​ការ​ជា​កម្មករ​ស៊ីឈ្នួល​នៅ​ក្រៅ​ប្រទេស បែក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​។ នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ករណី​ដែល​របប​របស់​លោក បាន​បើក​យុទ្ធនាការ​បង្ក្រាប​មក​លើ​សកម្មជន និង​សំឡេង​ប្រឆាំង តាំងពី​ក្រោយ​ឆ្នាំ​២០១៧ ដែល​បាន​បណ្ដាល​ឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ខណៈ​ពលរដ្ឋ​ក្នុងស្រុក មិន​តិច​ជាង​រាប់​រយ​នាក់​ទៀត បាន​រង​ការ​ចាប់​ខ្លួន​ដាក់គុក ចេញ​ដីកា​តាម​ចាប់ខ្លួន ចេញមុខ​សារភាព​ដោយ​បង្ខំ និង​រង​ការវាយប្រហារ​លើ​រាងកាយ​តាម​រូបភាព​ផ្សេងៗ​។ របាយការណ៍​របស់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ហៅ​កាត់​ថា UNHCR ស្ដីពី​និន្នាការ​សាកល​នៃ​ការ​បន្លាស់​ទីលំនៅ​ដោយ​បង្ខំ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​មាន​ប្រភព​មកពី​ប្រទេស​កម្ពុជា សរុប​ចំនួន​ជាង ៧៥០ នាក់ បាន​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ គិត​ត្រឹម​ឆ្នាំ​២០១៨។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ដែរ​ថា ជនភៀសខ្លួន​សរុប​មក​ពី​កម្ពុជា​មាន​ជាង ១២.០៩៤​នាក់ ដែល​សំណុំរឿង​របស់​ពួកគេ​កំពុង​ពិចារណា​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន UNHCR។

ម្យ៉ាងវិញទៀត អ្នកវិភាគ​មួយ​ចំនួន​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​យក​កាយវិការ​មនុស្សធម៌​បែបនេះ មក​ធ្វើជា​ល្បែង​នយោបាយ​ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍​ពី​រឿង​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រឿង​ដំណើរការ​កាត់​ក្តី​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង និង​យកចិត្ត​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក ដែល​មាន​អ្នក​ដំណើរ​របស់​ខ្លួន​ជាង​៦០០ នាក់​នៅ​លើ​នាវា​នោះ កុំ​ឱ្យ​ចោទ​ប្រកាន់​ថា របប​របស់​លោក​ផ្អៀង​ទៅ​រក​ចិន​ខ្លាំង​ពេក។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ខណៈ​នៅ​មាន​រឿងរ៉ាវ​អាថ៌កំបាំង​ជាច្រើន​ជុំវិញ​ជំងឺ COVID-19 មិនទាន់​ត្រូវ​បាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​នៅឡើយ​នោះ កាយវិការ​មនុស្សធម៌​របស់​លោក ហ៊ុន សែន ក៏​រង​ការ​រិះគន់​ថា ជា​ការ​មើលស្រាល​លើ​ឥទ្ធិពល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដែរ​។ ឧបមា​ថា ប្រសិនបើ​មាន​ករណី​ឆ្លង​រាលដាល​ណាមួយ​នៃ​មេរោគ​នេះ កើតមានឡើង​នា​ពេល​អនាគត​នៅ​កម្ពុជា​ដោយ​ប្រការ​ណាមួយ​នោះ ក្រោយពី​ការសម្រេចចិត្ត​បែប​នយោបាយ​របស់​លោក ហ៊ុន សែន នេះ សុខភាព​ពលរដ្ឋ​កម្ពុជា​ទាំងមូល និង​វិស័យ​សុខាភិបាល​សាធារណៈ​របស់​កម្ពុជា នឹង​ត្រូវ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់។

ឧទាហរណ៍​ជាក់ស្ដែង​នៅ​ប្រទេស​អ៊ីរ៉ង់ ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) មិន​ខុស​ពី​លោក ហ៊ុន សែន ក៏​ធ្លាប់​អួតអាង​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឱ្យ​ភ័យខ្លាច​ជ្រុល​ហួសហេតុ​ចំពោះ​ជំងឺ​នេះ ក៏ប៉ុន្តែ​ឥឡូវនេះ ប្រទេស​អ៊ីរ៉ង់ កំពុង​រងគ្រោះ​ដោយ​ការវាយប្រហារ​នៃ​ជំងឺ​នេះ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងតិច ៣៤ នាក់​ស្លាប់ និង​៣៣៨​នាក់ ឆ្លង​ជំងឺ​នេះ​។ រឹតតែ​គួរ​ឱ្យ​អាម៉ាស់​ទៅទៀត​សម្រាប់​អ៊ីរ៉ង់ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​នេះ គឺ​លោក អ៊ីរ៉ាជ ហារីជី (Iraj Harirchi) បាន​ចេញ​មុខ​មក​អួត​អាង​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​អាច​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​នេះ​បាន ក៏ប៉ុន្តែ​មួយថ្ងៃ​ក្រោយ​មក លោក​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​ឆ្លង​ជំងឺ​នេះ​តែម្ដង។

លោក អ៊ីរ៉ាជ ហារីជី (Iraj Harirchi) (ឆ្វេង) អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ និង​ជា​ប្រធាន​​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​វ៊ីរុស​កូរ៉ូណាថ្មី ជូត​មុខ​​​​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មានមួយ​ជាមួយ​អ្នកនាំពាក្យ​រដ្ឋាភិបាលអ៊ីរ៉ង់​ លោក អាលី រ៉ាប៊ីអី (Ali Rabiei)​ កាលពីថ្ងៃទី​​២៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក អ៊ីរ៉ាជ ហារីជី (Iraj Harirchi) (ឆ្វេង) អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ និង​ជា​ប្រធាន​​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​វ៊ីរុស​កូរ៉ូណាថ្មី ជូត​មុខ​​​​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មានមួយ​ជាមួយ​អ្នកនាំពាក្យ​រដ្ឋាភិបាលអ៊ីរ៉ង់​ លោក អាលី រ៉ាប៊ីអី (Ali Rabiei)​ កាលពីថ្ងៃទី​​២៤ ខែកុម្ភៈ ឆ្នាំ២០២០។ (AP/AP)

លើស​ពី​នេះ​ទៀត ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន ក៏បាន​បណ្ដាល​ឱ្យ​កម្ពុជា​ស្ទើរ​តែ​ធ្លាក់​ក្នុង​វិបត្តិ​ជម្លោះ​ការទូត​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ទៀត​ផង ដែល​សុទ្ធតែ​ជា​រឿងរ៉ាវ​មិន​គួរ​កើត​មាន​ឡើង​តាំងពី​ដំបូង​នោះ។

ការ​ចាត់​វិធានការណ៍​សមស្រប​ណាមួយ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ មិនមែន​មាន​ន័យថា ជា​ការ​រើសអើង ឬ​អំពើ​អមនុស្សធម៌​ឡើយ ក៏ប៉ុន្តែ​ជា​ការ​ផ្ដល់​អាទិភាព និង​ឱ្យ​តម្លៃ​ដល់​សុខភាព​ពលរដ្ឋ​ខ្លួនឯង​ជាធំ​ទៅវិញ​ទេ ក្នុង​ករណី​មាន​អាសន្ន​ណាមួយ​នោះ​។ លោក ហ៊ុន សែន នឹង​ត្រូវ​ប្រវត្តិសាស្ត្រ​ស្តី​បន្ទោស​ទៅ​ថ្ងៃក្រោយ ប្រសិនបើ​ជំងឺ COVID-19 រាតត្បាត​នៅ​កម្ពុជា ហើយ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​រាប់​សិប​នាក់​ស្លាប់​នោះ។

លោក ហ៊ុន សែន ក៏បាន​បន្ត​ថ្លែង​ការពារ​ចំពោះ​ការសម្រេចចិត្ត​របស់​លោក មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​នៅ​ចិន ការ​មិនបិទ​ជើង​ហើរ​រវាង​កម្ពុជា និង​ចិន និង​ការណ៍​ដែល​លោក​ជា​មេដឹកនាំ​មុនគេ​លើ​ពិភពលោក ដែល​បាន​ទៅ​ស្រុក​ចិន ក្នុង​គ្រា​ដែល​ចិន​កំពុង​រងគ្រោះ​ដោយ​បញ្ហា​ជំងឺ​រាតត្បាត​នេះ​។ លោក​យក​អំណះអំណាង​ផ្នែក​សីលធម៌ និង​សេដ្ឋកិច្ច មក​ប្រើ​។ ដោយ​មោទនភាព​ជាមួយ​នឹង​ពាក្យពេចន៍​បញ្ចើច​បញ្ចើ​របស់​ជនជាតិ​ចិន ដែល​ហៅ​លោក​ថា​ជា «​បុរស​ដើរ​បញ្ច្រាស​ទិស​» លោក​អះអាង​ទាំង​ដែល​ពិភពលោក​ទាំងមូល​នៅ​មិនទាន់​អាច​កម្ចាត់​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​បាន​នៅឡើយ ថា​ការសម្រេចចិត្ត​របស់​លោក​នេះ ជា​ការ​សម្រេចចិត្ត «​មហា​ត្រឹមត្រូវ»៖ «ក្នុង​ពេល​វេលា​មួយ​ដ៏​លំបាក ប្រទេស​ដទៃ​មិន​ហ៊ាន​ទៅកាន់​ប្រទេស​ចិន ក៏ប៉ុន្តែ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ទៅកាន់​ប្រទេស​ចិន ហើយ​ដែល​ឥឡូវនេះ អ្នកសារព័ត៌មាន​ចិន អ្នកលេង​អ៊ីនធឺណិត​ចិន គេ​បាន​និយាយ​ថា បុរស​សង្ហារ​ធ្វើ​ដំណើរ​បញ្ច្រាស​។ ... យើង​សម្រេចចិត្ត​នេះ ត្រឹមត្រូវ​។ ខ្ញុំ​គិត​ថា នេះ​មិនមែន​គ្រាន់តែ​ជា​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​ទេ គឺ​មហា​ត្រឹមត្រូវ​សម្រាប់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​ -​ ចិន​។ សូម​អ្នក​ទាំងអស់​គ្នា​រង់​ចាំ​មើល​នៅ​លទ្ធផល​ចុងក្រោយ តើ​កម្ពុជា​នឹង​សម្រេច​បាន​នូវ​ទំនាក់ទំនង​នេះ យ៉ាងម៉េច​ ?»។

ជា​ការ​ពិត ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន នេះ នឹង​ជា​ការ​សម្រេចចិត្ត​ប្រកបដោយ​មនុស្សធម៌ និង​សីលធម៌ ក្នុងនាម​ជា​មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រាក្រ ប្រសិនបើ​លោក​ពិតជា​ធ្វើឡើង​ដោយ​សុទ្ធចិត្ត​មែន​នោះ​។ ក៏ប៉ុន្តែ ការសម្រេចចិត្ត​ធ្វើដំណើរ​ទៅ​ចិន​របស់​លោក ហ៊ុន សែន កើតមានឡើង​ដោយ​តក់ក្រហល់ ក្រោយ​លោក​រង​សម្ពាធ​ជា​ការ​រិះគន់​ខ្លាំងៗ​ពី​ក្រុម​អ្នកប្រើប្រាស់​នៅ​លើ​បណ្ដាញ​សង្គម ដោយសារតែ​កម្ពុជា​មិន​ព្រម​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ជា​និស្សិត​ចំនួន ២៣​រូប ចេញពី​តំបន់​ស្នូល​នៃ​ការ​ផ្ទុះ​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ក្រុង​អ៊ូហាន ប្រទេស​ចិន​នោះ​។ ការ​សម្រេចចិត្ត​ធ្វើដំណើរ​ទៅ​ចិន​នេះ ក៏​ត្រូវ​ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ជា​នយោបាយ​ផលប្រយោជន៍ «​ហុតទឹកសម្លឹងកាក​» ព្រោះ​លោក​បាន​ឆ្លៀតឱកាស​សណ្ដោង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ទៅ​ជួប​ជាមួយ​មេដឹកនាំ​កំពូល​ៗ​របស់​ចិន ដើម្បី​កេង​ប្រយោជន៍​នយោបាយ បង្ហាញ​មុខមាត់​កូនប្រុស​របស់​លោក ឱ្យ​មេដឹកនាំ​ចិន​ទទួលស្គាល់​ជា​អនាគត​មេដឹកនាំ​បន្តវេន​ពី​រូបលោក​។ បើ​ទោះ​ជា​ពលរដ្ឋ​ចិន បាន​សរសើរ​លោក​ក៏​ដោយ​ចុះ ក៏ប៉ុន្តែ ដំណើរ​ទស្សនកិច្ច និង​រាល់​ការសម្រេចចិត្ត​របស់​លោក​ចុងក្រោយ​នេះ ក៏​ទទួលរង​ការ​រិះគន់​ថា ជា​ការ​បង្ហាញ​ថា កម្ពុជា​រណប​ទៅ​ចិន​កាន់តែ​ខ្លាំង​។ កម្ពុជា​ទាំងមូល​អាច​នឹង​ក្លាយ​ជា​ជនរងគ្រោះ ប្រសិនបើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក បាន​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​វីរ៉ុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ដោយ​ប្រការ​ណាមួយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។