គ្រួសារ​ខកចិត្ត​នឹង​ការ​ផ្ទេរ​មន្ត្រី​បក្ស​ភ្លើងទៀន​លោក តូច ថឹង ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់

ដោយ ច័ន្ទ ដារ៉ូ
2023.11.12
គ្រួសារ​ខកចិត្ត​នឹង​ការ​ផ្ទេរ​មន្ត្រី​បក្ស​ភ្លើងទៀន​លោក តូច ថឹង ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ​មន្ត្រី​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ចាម​លោក តូច ថឹង ពេលត្រូវបានបញ្ជូនមកសវនាការ តុលាការកំពូល កាលពីថ្ងៃទី១១ វិច្ឆិកា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ប្រពន្ធ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​យល់​ថា អាជ្ញាធរ​ផ្ទេរ​លោក តូច ថឹង ទៅ​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់ ឆ្ងាយ​ពី​សាច់ញាតិ​គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ដាក់​សម្ពាធ​បន្ថែម​លើ​អ្នកនយោបាយ​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បញ្ជូន​លោក តូច ថឹង មក​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ ដើម្បី​ជៀសវាង​ការ​រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ។

គ្រួសារ​បារម្ភ​អំពី​សុខភាព​លោក តូច ថឹង ជា​ខ្លាំង ក្រោយពេល​សមត្ថកិច្ច​ផ្ទេរ​មន្ត្រី​គណបក្ស​ភ្លើងទៀន​រូប​នេះ​ចេញ​ពី​ពន្ធនាគារ​ព្រៃស ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ (ម៤) ក្នុងស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​នៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​គ្រួសារ និង​សាច់​ញាតិ។

ប្រពន្ធ​របស់​មន្ត្រី​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ចាម​លោក តូច ថឹង គឺ​លោកស្រី ហាស់ សុវណ្ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា​ថា លោកស្រី​ខកចិត្ត​ដែល​អាជ្ញាធរ​បញ្ជូន​ប្តី​លោកស្រី​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ទាំង​តក់ក្រហល់ និង​មិន​ប្រាប់​ពី​មូលហេតុ​ជាមុន​នោះ​ថា ជា​រឿង​អយុត្តិធម៌​បន្ថែម​ពី​ការ​ផ្ដន្ទាទោស​ប្តី​លោកស្រី ឱ្យ​ជាប់គុក​២​ឆ្នាំ​ដោយ​គ្មាន​កំហុស។ លោកស្រី​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ការ​ឃុំ​ប្តី​លោកស្រី​នៅ​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត នឹង​ធ្វើ​ឱ្យ​គ្រួសារ​ប្រឈម​ការ​លំបាក​បន្ថែម​ទៀត​ទាក់ទង​ការ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ ផ្ញើ​ថ្នាំពេទ្យ និង​ម្ហូបអាហារ​ជាដើម។ ប៉ុន្តែ​លោកស្រី​ថា​រឿង​ដែល​លោកស្រី​បារម្ភ​បំផុត​នោះ​គឺ​ជំងឺ​ភ្នែក និង​ជំងឺ​បេះដូង​ប្តី​របស់​លោកស្រី​កំពុង​ធ្វើទុក្ខ​ដោយ​ត្រូវការ​ថ្នាំលេប និង​ព្យាបាល​តាម​កាល​ណាត់​ពី​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ខាងក្រៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ចាំបាច់។

លោកស្រី ហាស់ សុវណ្ណា៖ «ខ្ញុំ​គិតថា​អាជ្ញាធរ​បញ្ជូន​គាត់​ទៅ​ហ្នឹង​ជា​រឿង​នយោបាយ​ច្រើនជាង អាហ្នឹង​ផ្ដឹក​ស្នាម​ដៃ​ហ្នឹង​ខ្ញុំ​ច្រាន​ចោល ពីព្រោះ​ប្តី​របស់ខ្ញុំ​ប្រាប់​ថា អត់​ទទួលយក​រឿង​ហ្នឹង​ទេ គាត់​(​ប្តី​)​ជាប់​រឿង​នយោបាយ​ហើយ​តើ​ហេតុអ្វី​បានជា​យក​គាត់​ទៅ​ឆ្ងាយ ខ្ញុំ​សួរ​គាត់​(​ប្តី​)​ព្រឹក​មិញ​ហ្នឹង​គាត់​អត់​ដឹង​ខ្លួន​សោះ​ដែល​យក​គាត់​ទៅ​ហ្នឹង​ឥឡូវ​គាត់​អត់​មាន​ថ្នាំលេប​ទេ»

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា បាន​វាយ​ខ្នោះ​រុញ លោក តូច ថឹង បញ្ចូល​ក្នុង​ឡាន​ដឹក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ពោធិ៍សាត់​ភ្លាមៗ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​លោក យូ ប៊ុនឡេង បដិសេធ​បណ្តឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ទាក់ទង​រឿង នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធ​ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវ​នា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ការផ្ទេរ​លោក តូច ថឹ​ង ទៅ​មណ្ឌល​អប់រំ​កែប្រែ​(​ម​៤) មិន​ជាប់ទាក់ទង​រឿង​និន្នាការ​នយោបាយ​នោះ​ទេ។ លោក​អះអាង​ថា ការផ្ទេរ​ជន​ជាប់ឃុំ​ពី​ពន្ធនាគារ​ព្រៃ​ស​ទៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ​គឺធ្វើ​ឡើង​ជា​ធម្មតា​ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ។

លោក នុត សវនា៖ «គាត់​មានឈ្មោះ​ត្រូវ​ផ្ទេរ​មិនមែន​មុខសញ្ញា​អ្វី​ទេ ប៉ុន្តែ​ដោយសារ​យើង​ជួយ​សម្រួល​ភាព​ចង្អៀត​ណែន អ៊ីចឹង​អ្នក​ដែល​កាត់ទោស​ហើយ ឬ​មិន​មាន​នីតិវិធីតុលាការ​បន្ត​វែងឆ្ងាយ​ទៀត អាហ្នឹង​អង្គភាព​របស់​យើង​បញ្ជូន​ទៅ​ម​៤ ឬ​ម​៣​ទៅតាម​កម្រិត​ទោស»

ទោះជា​យ៉ាងណា លោកស្រី ហាស់ សុវណ្ណា ចាត់ទុក​ការសម្រេច​របស់​អាជ្ញាធរ​ពន្ធនាគារ និង​តុលាការ​ថា​ជា​ចេតនា​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​តាមរយៈ​ការ​ដាក់​ឱ្យ​ប្តី​លោកស្រី​នៅ​ឯ​កា​ពី​ប្រពន្ធ​កូន ឬ​បងប្អូន ជាពិសេស​រង​សម្ពាធ​ផ្លូវកាយ​ចិត្ត​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ប្តី​របស់​លោកស្រី​បោះបង់​ការ​តស៊ូ​ទៅមុខ​។ អ្នកស្រី​ស្នើ​ដល់​រដ្ឋាភិបាល​បញ្ឈប់​គាបសង្កត់​លើ​សកម្មជន​បក្ស​ប្រឆាំង ហើយ​ដោះលែង​ប្ដី​របស់​លោកស្រី​ឱ្យ​មាន​សេរីភាព​មកវិញ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ថា​អាជ្ញាធរ​ពន្ធនាគារ​មិន​គួរ​បញ្ជូន​លោក តូច ថឹង ទៅ​ឃុំ​នៅ​ខេត្តពោធិ៍សាត់​ធ្វើ​ឱ្យ​ឯកា​ពី​សាច់ញាតិ និង​ពិបាក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ដូច្នេះ​ទេ​។ លោក​សង្កេត​ឃើញ​ថា ការផ្ទេរ​សកម្មជន​បក្ស​ប្រឆាំង​ជាប់ឃុំ​ទៅ​ពន្ធនាគារ​តំបន់​ដាច់ស្រយាល​កន្លង​ទៅ សាធារណជន​រិះគន់​ថា ជា​ទណ្ឌកម្ម ដែល​ផ្ទុយ​ពី​ហេតុផល​របស់​អាជ្ញាធរ​ថា ការផ្ទេរ​សកម្មជន​ទាំងនោះ​ដើម្បី​កាត់បន្ថយ​ការ​ចង្អៀត​ណែ​ត​នៅក្នុង​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បញ្ជូន​លោក តូច ថឹ​ង មក​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ រួម​ទាំង​មេធាវី​ងាយស្រួល​ក្នុង​ការ​ចូល​សួរសុខទុក្ខ និង​បន្ត​អនុវត្ត​នីតិវិធី​នៅ​តុលាការ​ដើម្បី​ជៀសវាង​រិះគន់​ពី​ការរំលោភ​សិទ្ធិ​របស់​ជន​ជាប់ឃុំ​ជាដើម។

លោក អំ សំអាត៖ «អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថា​ផ្ទេរ​ហ្នឹង​យោង​ភាព​ចាំបាច់ ភាព​ចង្អៀត​ណែន ឬ​អសន្តិសុខ​ជាដើម ប៉ុន្តែ​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ថា ជៀសវាង​ការរិះគន់​ត្រូវ​ពិនិត្យ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ ពីព្រោះ​រឿង​ក្តី​របស់​គាត់​ហ្នឹង ដំណើរការ​នៅ​តុលាការ​នៅ​ទីក្រុង​ភ្នំពេញ អ៊ីចឹង​កាលណា​បញ្ជូន​ទៅ​ឆ្ងាយ​វា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​គាត់​ដែរ ទាក់ទង​រឿង​ជួប​ជាមួយ​មេធាវី​ក៏​មិនសូវ​បាន​ជួប ក្រុម​គ្រួសារ​មិន​សូវ​បាន​ជួប ហើយ​រឿង​បញ្ហា​សុខភាព​របស់​គាត់​បន្ត​តាមដាន​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ផង​ដែរ​បាទ»

លោក តូច ថឹ​ង អាយុ ៧៥​ឆ្នាំ មាន​ដើម​កំណើត​ខ្មែរក្រោម និង​ជា​អតីត​សមាជិក​ក្រុមការងារ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម កាលពី​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន​លោក​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ចាម​ដដែល។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​លោក និង​លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី កាលពី​ថ្ងៃទី​២៤ ខែ​មីនា។ ការ​ចាប់ខ្លួន​នេះ គឺ​៦​ម៉ោង​មុន​ពេល​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​លោក សៀម ភ្លុក ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ៦​ខែ ចំណែក​លោក និង​សមាជិក​បក្ស​ភ្លើងទៀន​ពីរ​នាក់​ទៀត​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ​២០២១ ។ ទោះ​យ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ករណីនេះ​ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​ប្រគល់​សេរីភាព​ជូន​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។