គណបក្ស​ចំនួន៥ ដែល​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត

0:00 / 0:00

គណបក្ស​នយោបាយ​ចំនួន​៥ រួម​មាន គឺ​គណបក្ស​ អំណាច​ខ្មែរ គណបក្ស​ ភ្លើង​ទៀន គណបក្ស មហា​សាមគ្គី​ជាតិ​ខ្មែរ គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស ជាតិ​និយម ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត។ គណបក្ស​នយោបាយ​ទាំង ៥​នោះ យល់​ឃើញ​ស្រដៀង​នឹង​គណបក្ស​ប្រឆាំង​ដែរ គឺ​ការ​បោះ​ឆ្នោត​លើក​នេះ មិន​មែន​ជា​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ សេរី យុត្តិធម៌ អព្យាក្រឹត្យ ដែល​អាច​ទទួល​យក​បាន​ទេ។ ពួក​គេ​ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នេះ គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​ជ្រក​ក្រោម​ស្លាក​លទ្ធិ​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ ដើម្បី​អាច​ឲ្យ​គណបក្ស ប្រជាជន​កម្ពុជា បន្ដ​អំណាច។

អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក យិន ឈឿន ឲ្យ​អាស៊ី​សេរី​ដឹង​ថា គណបក្ស អំណាច​ខ្មែរ​នឹង​​​ចេញ​សេចក្តី​ថ្លែង​ការណ៍​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​ប្រកាស​ប្រឆាំង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦​នេះ។

គណបក្ស អំណាច​ខ្មែរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន លើក​ទី១ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ដើម្បី​បញ្ជាក់​ជំហរ មិន​ចូលរួម​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។ អតីត​ប្រធាន​គណបក្ស អំណាចខ្មែរ គឺ លោក សួន សេរីរដ្ឋា បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ ដោយសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​បទ​ញុះញង់​កងទ័ព​កុំ​ឲ្យ​ស្ដាប់​បញ្ជា។ គណបក្ស​នេះ បាន​បង្ខំ​ចិត្ត​ធ្វើ​សមាជ​ផ្លាស់​ប្ដូរ​ប្រធាន​គណបក្ស ដើម្បី​កុំ​ឲ្យ​រង​ការ​រំលាយ​ចោល។ បច្ចុប្បន្ន ប្រធាន​គណបក្ស អំណាច​ខ្មែរ គឺ​លោក សួង សុភ័ណ្ឌ ជា​អតីត​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​គណបក្ស សង្គ្រោះ​ជាតិ ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល។

ចំណែក​ប្រធាន​គណបក្ស​ភ្លើង​ទៀន ឬ​អតីត​គណបក្ស សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋសភា​ឯក​បក្ស នៃ​របប​លោក ហ៊ុន សែន តាក់តែង​ច្បាប់​បង្ខំ​ឲ្យ​ប្ដូរ​ឈ្មោះ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៧ លោក ទាវ វណ្ណុល ឲ្យ​ដឹង​ថា ដើម​ហេតុ​ដែល​គណបក្ស ភ្លើង​ទៀន មិន​ចូលរួម​ការ​បោះ​ឆ្នោត គឺ​ដោយសារ​គណបក្ស​នេះ បាន​បដិសេធ​លទ្ធផល​ឆ្នោត​រួច​ទៅ​ហើយ។ លោក​បញ្ជាក់​ថា ​សម្រាប់​ការ​បោះ​ឆ្នោត​មួយ ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ គណបក្ស ភ្លើង​ទៀន មិន​ទទួល​យក​លទ្ធផល​ទេ៖ «»

គណបក្ស ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មិន​ចូលរួម​ការ​បោះ​ឆ្នោត អាណត្តិ​ទី៦ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា។ ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ណោះ គណបក្ស ភ្លើង​ទៀន ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ធានា​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​រាស្ត្រ​ពិត​ប្រាកដ​សិន។

មិន​ខុស​ពី​គណបក្ស ភ្លើង​ទៀន និង​អ្នក​នាំ​ពាក្យ​គណបក្ស អំណាច​ខ្មែរ ទេ ប្រធាន​គណបក្ស មហា​សាមគ្គី​ជាតិ​ខ្មែរ លោក ញ៉ែម វណ្ណថន ឲ្យ​ដឹង​ថា មាន​មូលហេតុ​ចំនួន ៣ ដែល​គណបក្ស​លោក​មិន​ចូលរួម​ការ​បោះ​ឆ្នោត និង​ប្រកាស​ទាត់​ចោល​លទ្ធផល​ឆ្នោត ដោយសារ​តែ គ.ជ.ប មិន​ឯករាជ្យ សភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន បង្កើត​ច្បាប់​ថ្មី មិន​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ និង​ការ​តម្រូវ​ឲ្យ​បង់​ថវិកា​តម្កល់​ចូល​រដ្ឋ​ច្រើន​សន្ធឹក​សន្ធាប់៖ «»

ចំណែក​គណបក្ស សិទ្ធិ​មនុស្ស ដែល​មាន​ស្ថាបនិក​ជា​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ជំហរ​មិន​ចូលរួម​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា។ អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស គឺ​លោក សឺន ស៊ូប៊ែរ្តិ៍ បាន​ទេ ជុំវិញ​ជំហរ​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​នោះ ដោយសារ​ទូរស័ព្ទ​មិន​ចូល។ តែ​យ៉ាង​ណា​ក្ដី លោក សឺន ស៊ូប៊ែរ្តិ៍ ធ្លាប់​ឲ្យ​អាស៊ី​សេរី​ដឹង​កន្លង​មក​ថា គណបក្ស​នេះ ក៏​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ជា​មុន​សិន។

គណបក្ស​ដែល​ប្រកាស​ជំហរ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​មួយ​ទៀត គឺ​គណបក្ស ជាតិ​និយម។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ជំហរ​មិន​ចូលរួម​ការ​បោះ​ឆ្នោត ចេញ​កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា គណបក្ស ​ជាតិ​និយម អះអាង​ថា គណបក្ស​នេះ ធ្លាប់​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​កន្លង​មក ហើយ​ទទួល​បាន​អសនៈ​រដ្ឋសភា នៅ​ឆ្នាំ២០០៨ និង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ឆ្នាំ២០០៩ ហើយ​ធ្លាប់​ជាប់​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ២០០៧ និង​ឆ្នាំ២០១២។

អគ្គលេខាធិការ​គណបក្ស​ជាតិ​និយម គឺ​លោក សុខ សាវណ្ណ បញ្ជាក់​ថា គោលការណ៍​របស់​គណបក្ស​បាន​សម្រេច​ថា មិន​ត្រឹម​តែ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ទេ គណបក្ស ជាតិ​និយម ក៏​មិន​ទទួល​យក​លទ្ធផល​ឆ្នោត ដែល​រៀបចំ​ដោយ គ.ជ.ប នៅ​ពេល​ខាង​មុខ​ដែរ ព្រោះ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ មិន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ។ លោក សុខ សាវណ្ណ ឲ្យ​ដឹង​ថា គណកម្មការ​អចិន្ត្រៃយ៍​បក្ស ជាតិ​និយម នឹង​ប្រជុំ​ថា គួរ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត ឬ​យ៉ាង​ណា៖ «»

ការបោះឆ្នោតដ៏ចម្រូងចម្រាស នៅ​អាណត្តិ​ទី៦ រៀបចំ​ដោយ​របប​លោក ហ៊ុន សែន រង​ការ​តិះតៀន​ពី​គណបក្ស​ទាំង​៥ ថា នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​គណ​បក្ស​កាន់​អំណាច។ ប៉ុន្ដែ​សម្រាប់ គ.ជ.ប វិញ តែង​បដិសេធ ហើយ​អះអាង​ថា គ.ជ.ប ធ្វើការ​តាម​តែ​ច្បាប់​កំណត់។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ធ្លាប់​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា ការ​ធ្វើ​ពហិការ ឬ​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត មិន​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដែរ ខណៈ​ដែល​លោក ហ៊ុន សែន ប្រធាន​គណបក្ស​កាន់​អំណាច​អួត​ថា របប​លោក​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ត្រឹមត្រូវ ដោយសារ​មាន​បក្ស​ច្រើន​បាន​ចូលរួម​ប្រកួត។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត យល់​ថា នៅ​ពេល​ដែល​គណបក្ស​កាន់​តែ​ច្រើន​ប្រកាស​ទាត់​ចោល​លទ្ធផល​ឆ្នោត​បែប​នេះ គណបក្ស​ផ្សេង​ទៀត ដែល​ចូលរួម​ការ​ប្រកួត ហើយ​មិន​ទទួល​បាន​អាសនៈ​រដ្ឋសភា ក៏​អាច​នឹង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ដែរ៖ «»

គណបក្ស​នយោបាយ​ទាំង​៥ ដែល​ប្រកាស​ទាត់​ចោល​លទ្ធផល​ឆ្នោត​ឲ្យ​ដឹង​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ សេរី យុត្តិធម៌ មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ ពួក​គេ​នឹង​ប្រកាស​ចូលរួម ឬ​គាំទ្រ​លទ្ធផល​ឆ្នោត​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។