អាជ្ញាធររារាំងដោយហិង្សាលើប្រពន្ធនិងកូនរបស់សកម្មជនគណបក្សសង្គ្រោះជាតិក្នុងពេលពួកគេនាំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ បណ្ដាលឱ្យស្ត្រី៥នាក់រងរបួស នៅព្រឹកថ្ងៃទី២៤កក្កដា។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះ ថា ជាការរំលោភបំពានលើសិទ្ធិ សេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកតវ៉ាប្រមាណ ៥០នាក់ពាក់អាវយឺតសដៃខ្លី មានរូបសកម្មជនគណបក្សសង្គ្រោះជាតិ ១៧នាក់ ដែលកំពុងជាប់ឃុំ បិទនៅមុខអាវបង្ហាញដល់សាធារណជន។ ការតវ៉ានេះក្រុមបាតុករព្យាយាមឈរតវ៉ានៅមុខច្រកទ្វារសាលាដំបូងរាជធានីភ្នំពេញ ហើយនាំគ្នាស្រែទាមទារឱ្យតុលាការដោះលែងប្ដីនិងឪពុករបស់ពួកគេជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
ទោះជាយ៉ាងណា កងសន្តិសុខសាលារាជធានីភ្នំពេញប្រមាណ ៣០នាក់ បានចេញរារាំង និងចាប់អូសស្ត្រីជាច្រើននាក់ លើថ្នល់កៅស៊ូឆ្លងមកម្ខាងផ្លូវទាំងកម្រោល ហើយអ្នកខ្លះត្រូវបានក្រុមសន្តិសុខចាប់លើកទម្លាក់ពីលើរបងដែកម្ខាងផ្លូវទល់មុខតុលាការ បណ្ដាលឱ្យស្ត្រីចំនួន ៥នាក់របួសរលាត់ដៃចេញឈាម គ្រេចជើង និងគ្រេចចង្កេះជាដើម។
ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា កងសន្តិសុខប្រមាណ ៤នាក់ បានចាប់លោកស្រីលើកទម្លាក់ពីលើរបងដូចលើកសត្វធាតុ បណ្ដាលឱ្យគ្រេចចង្កេះឈឺចុកចាប់រាងកាយ ហើយដើរមិនត្រង់ផ្លូវនោះទេ។លោកស្រីបន្តថា ភ្លាមៗ ក្រោយពេលចប់ការតវ៉ា លោកស្រីទៅរកគ្រូពេទ្យរបស់អង្គការលីកាដូ (Licadho) ឱ្យព្យាបាលជំងឺដើម្បីបំបាត់ការឈឺចាប់៖ « ខ្ញុំចង់ឱ្យពួកគាត់មានសេរីភាពត្រឡប់មកជួបមុខប្រពន្ធកូនវិញ។ និយាយទៅខ្មែរដូចគ្នាគឺធ្វើអំពើហិង្សាមកលើពួកខ្ញុំជាស្ត្រី ដែលខ្សោយហើយអត់មានអាវុធក្នុងដៃ ។វាហាក់ដូចជាធ្វើបាបពួកខ្ញុំហ្មងអូសពួកខ្ញុំហើយលើកដៃលើកជើងហើយបោះខ្ញុំដូចសត្វជ្រូក។ឥឡូវចង្កេះខ្ញុំវាឈឺដោយសារគេបោះអុកនឹងថ្មី » ។
ក្រោយរងហិង្សាពីក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ក្រុមអ្នកតវ៉ាបាននាំគ្នាទៅដាក់ញត្តិនៅស្ថានទូតអង់គ្លេស (English) ដើម្បីឱ្យជួយអន្តរាគមន៍ពួកគាត់ ហើយស្ថានទូតអនុញ្ញាតឱ្យតំណាងអ្នកតវ៉ាចំនួន ៥នាក់ចូលដាក់ញត្តិ ព្រមទាំងបានសន្យាថា ស្ថានទូតនឹងប្រជុំជាមួយបណ្ដាលស្ថានទូតប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលក្រុមអ្នកតវ៉ាបានដាក់ញត្តិកន្លងទៅ ដើម្បីពិភាក្សារកដំណោះស្រាយលើរឿងនេះ។ ក្រុមអ្នកតវ៉ាគ្រោងប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីទៀតនៅថ្ងៃសុក្រសប្ដាហ៍ក្រោយ ហើយនឹងតវ៉ាទៅមុខទៀតរហូតមានដំណោះស្រាយ។
ឆ្លើយតបនឹងបញ្ហានេះស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរីថា កងសន្តិសុខនិងប៉ូលិសពុំបានរារាំងដល់ក្រុមបាតុករដូចការចោទប្រកាន់ឡើយ៖ « កម្លាំងសមត្ថកិច្ចខ្ញុំណែនាំណាស់ហើយទាំងថ្នាក់ដឹកនាំទាំងអស់មិនឱ្យមានការប្រើហិង្សាទៅលើប្រជាពលរដ្ឋទេ។នៅរាល់ការតវ៉ាផ្សេងៗ ពីព្រោះពួកគាត់ក៏មានការថតរូបភាពទុកដែរមិនមែនដូចតាមការចោទប្រកាន់អីចឹងទេ។ដល់ថ្នាក់ថាទាញទម្លាក់ពីលើរបងនោះវាដូចជាហួសហេតុពេកហើយខ្ញុំដូចជាទទួលយកមិនបានទេ » ។
អាស៊ីសេរីមិនអាចទាក់ទងនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដោយទូរស័ព្ទចូលជាច្រើនពុំមានអ្នកទទួល នៅថ្ងៃទី២៤ កក្កដា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា ការបង្ក្រាបក្រុមបាតុករនេះ ជាការរំលោភសិទ្ធិសេរីសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។ លោកបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិសេរីតវ៉ាដោយសន្តិវិធី គឺពុំខុសច្បាប់ឡើយ៖ « យើងជាអង្គការសង្គមស៊ីវិលយើងគ្រាន់តែថា ធ្វើយ៉ាងណាកុំឱ្យមានការរិះគន់បន្ថែមទៀត។ អីចឹងហើយបានជាយើងទទូចថា បើសិនបើមានការធ្វើបាតុកម្ម ឬការតវ៉ាណាមួយដោយមិនបានជូនដំណឹងតែធ្វើដោយអហិង្សា អាជ្ញាធរគួរតែប្រើប្រាស់នូវការសម្របសម្រួលណាមួយដោយសន្តិវិធីនិងដោយអហិង្សា » ។
ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ ដោយសារពួកគាត់មិនពេញចិត្តនឹងអាជ្ញាធរចាប់ខ្លួនសកម្មជនបក្សប្រឆាំង ចំនួន ១៧នាក់ ដាក់ពន្ធនាគារព្រៃស ជាបន្តបន្ទាប់ តាំងពីខែមករារហូតមក ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និង ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ និងខ្លះទៀតត្រូវបានចោទប្រកាន់ ពីបទជេរប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ សាច់ញាតិជនជាប់ឃុំទាំងនោះ ចាត់ទុកករណីនេះថា ជារឿងអយុត្តិធម៌ ពីព្រោះអ្នកទាំង ១៧នាក់នោះ មិនបានប្រព្រឹត្តិខុសច្បាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។