សកម្មជន​សង្គ្រោះ​ជាតិ​ដែល​តាម​ឃ្លាំមើល​បាតុកម្ម​ប្រទេស​ថៃ​ថា​នឹង​មាន​បាតុកម្ម​បែប​នេះ​នៅ​ប្រទេស​កម្ពុជា​ឆាប់ៗ នេះ

0:00 / 0:00

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​បង្ហាញ​សាមគ្គីភាព​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ថៃ​ដែល​កំពុង​តស៊ូ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​ចុះចេញ​ពី​តំណែង និង​កែ​រដ្ឋធម្មនុញ្ញ​កាត់បន្ថយ​អំ​ណ​ច​យោធា​កែ​ទម្រង់​អំណាច​ព្រះមហាក្សត្រ​ថៃ​។​ ​រីឯ​សកម្មជន​សង្គ្រោះ​ជាតិ​ដែល​តាម​ឃ្លាំមើល​បាតុកម្ម​ប្រទេស​ថៃ​ថា នឹង​មាន​បាតុកម្ម​បែប​នេះ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា បាតុកម្ម​បែប​នេះ​មិន​អាច​កើតមាន​នៅ​ប្រទេស​កម្ពុជា​បាន​ឡើយ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបលោក​លើក​ម្រាមដៃ​៣​និង​សរសេរ​សារ​លើ​ហ្វេសប៊ុក​លោក​ថា «សូម​សម្ដែង​សាមគ្គីភាព​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ថៃ​ដែល​កំពុង​តស៊ូ»។ លោក​បន្ត​ទៀត​ថា «នៅ​ប្រទេស​ថៃ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​លើក​ម្រាមដៃ៣ ដើម្បី​សម្រែង​កំហឹង​របស់​ពួកគេ​ ​ប្រឆាំង​ជន​ផ្ដាច់ការ និង​ជន​ពុករលួយ​ជា​មហាសេដ្ឋី ដែល​ជា​ក្រុម​គ្រួសារ និង​បក្ខពួក​ជន​ផ្ដាច់ការ»។

​រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តាម​ឃ្លាំមើល​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ប្រទេស​ថៃ​ថា ការ​រៀបចំ​ធ្វើបាតុកម្ម​ដែល​ភាគច្រើន​ជា​យុវជន​គឺជា​គំរូ​ដល់​ពួក​គេ​យក​លំនាំ​តាម​នៅ​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ។
​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក នាង សុខុន ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ព្រោះ​វិបត្តិនយោបាយ​ឱ្យ​អាស៊ី​សេរី​ដឹង​ថា ប៉ុន្មានថ្ងៃនេះ​លោក​តែង​ទៅ​ឃ្លាំ​ការ​ធ្វើបាតុកម្ម​របស់​យុវជន​ថៃ។ លោក​សង្កេតឃើញ​ថា ក្រុម​បាតុករ​មាន​ភាព​ឆ្លាត​វ័យ​ដែល​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​ណាត់​ជួបជុំ​ប្រមូលផ្ដុំ​គ្នា​ដែល​មធ្យោបាយ​នេះ​មាន​ប្រសិទ្ធភាព និង​សម្ងាត់។ លោក​ថា គ្រាន់តែ​ឃើញ​រូបភាព​នៃ​ការ​ទាមទារ​ធ្វើ​ឱ្យ​មានចិត្ត​ពុះកញ្ជ្រោល​ចង់​ឃើញ​យុវជន ឬ​ពល​រដ្ឋកម្ពុជា​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ៖ «គឺ​ប្រើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​គេ​ចង​គ្នា​ជា​ក្រុមៗ គេ​មាន​ប្រធាន​នីមួយៗ​តំបន់​ណា​អ៊ីចឹង​មាន​ប្រធាន​ក្រុម​មួយ​អ៊ីចឹង ទៅ​ចង​សម្ព័ន្ធ​គ្នា​អ៊ីចឹង​ទៅ​ឧទាហរណ៍​គេ​ចង់​ទៅ​ធ្វើបាតុកម្ម​នៅកន្លែង​ណា​គេ​ណាត់គ្នា​នៅ​វេលា​ម៉ោង​ប៉ុន្មាន​អ៊ីចឹង​គេ​ជួបជុំគ្នា​នៅកន្លែង​ហ្នឹង​ហ្មង គឺ​អត់មាន​មេដឹកនាំ​ឬក៏​ប្រធាន​គណបក្ស​អី​ទេ​ដូច​ប្រទេស​យើង​ទេ»

​ស្រដៀងគ្នា​នេះ​ដែរ​ ​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក ឃិន ជំរឿន ដែល​បាន​តាមដាន​ការ​ធ្វើបាតុកម្ម​នេះ​ដែរ​នោះ​ជឿជាក់​ថា ប្រទេស​កម្ពុជា​នឹង​មាន​បាតុកម្ម​ដូច​ប្រទេស​ថៃ​ដែរ​ ​ខណៈ​លោក​សង្កេតឃើញ​ថា​ ​រដ្ឋាភិបាល​កំពុង​ធ្វើទុក្ខបុកម្នេញ​យក​ដីធ្លី​ពលរដ្ឋ និង​វាយ​ធ្វើបាប​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្តបន្ទាប់។ លោក​រម្លឹក​ថា​ ​រូបភាព​បាតុកម្ម​នៅ​ប្រទេស​បែប​នេះ​ក៏​ធ្លាប់​កើតមាន​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២​០​១​៣​កន្លងទៅ​ដែរ​។​ ​លោក​ថា​ ​បើ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​នៅ​បំបិទ​សិទ្ធិ​សេរីភាព​ដូច​សព្វ​ថ្ងៃ​នេះ​មិន​យូរ​ទេ​នឹង​មាន​បាតុកម្ម​ប្រឆាំង​លោក​ ​ហ៊ុន​ ​សែន​ ​មិន​ខាន៖ «បាទ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ហើយ​ជឿជាក់​ថា​មិន​យូរ​ប្រទេស​កម្ពុជា​យើង​នឹង​មានការ​ការ​តវ៉ា​ដូច​ឆ្នាំ​២​០​១​៣​ដូច​ប្រទេស​ថៃ​សព្វថ្ងៃ​នេះ​ដែរ​ព្រោះ​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​ដល់​កម្រិត​ហើយ​ដូច​បងប្អូន​ដឹង​ស្រាប់ហើយ​នៅ​ប្រទេស​កម្ពុជា​គេ​បង្កើត​កម្លាំង​មួយ​គេ​ហៅថា បាតដៃ​ទី​បី​ដើរ​វាយ​សកម្មជន​ធ្វើបាប​ប្រជាពលរដ្ឋ​យក​ដី​ដុត​ផ្ទះ»

រីឯ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត លោក ករុណា ពៅ យល់​ថា ផ្នត់គំនិត​របស់​យុវជន​ខ្មែរ​សព្វថ្ងៃ​ក៏​មិន​ខុស​ពី​យុវជន​ថៃ​ដែរ ដូច្នេះ​លោក​យល់ថា នៅ​ពេល​លោក សម រង្ស៊ី វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​នឹង​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ សកម្មជន​រូប​នេះ​អះអាង​ដែរ​ថា លោក​បាន​ត្រៀម​ខ្លួន​រូច​ហើយ ដើម្បី​អម​លោក សម រង្ស៊ី ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្ត​លើក​ទី២ ខាង​នេះ៖ «នៅ​ថ្ងៃខាងមុខ​នេះ​រូប​ហ្នឹង​អាច​ឆ្លង​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​ព្រោះអី​គំនិត​យុវជន​ភាគច្រើន​គាត់​មានគំនិត​ចង់​ផ្លាស់​ប្ដូរ​ដែរ ហើយ​គាត់​រង់ចាំ​មើល​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ក្នុង​ថ្ងៃ​ខាង​មុខ​នៅ​ពេល​លោក​ប្រធាន សម រង្ស៊ី វិល​ត្រឡប់​ចូល​មាតុភូមិ »

​ទោះ​យ៉ាង​ណា អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា បាតុកម្ម​ប្រទេស​ថៃ​មិន​ទាក់ទង​និង​ប្រទេស​កម្ពុជា​នោះ​ទេ។ អ្នកនាំពាក្យ​រូប​នេះ​ថា បើ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ចង់​ឱ្យ​ប្រទេស​កម្ពុជា​មាន​បាតុកម្ម​ដូច​ប្រទេស​ថៃ​ដែរ​នោះ​ ឱ្យ​ពួកគេ​ចូល​មក​ប្រទេស​កម្ពុជា​មក​កុំ​នៅ​ដើរ​ស្រែក​ក្រៅ​ស្រុក​បែប​នេះ៖ «រត់​គេច​ហើយ​ចូល​មកវិញ​មក​បើ​ចង់​ធ្វើបាតុកម្ម​បើ​អ្នក​នៅ​ក្នុង​គេ​អត់​ធ្វើ​ផង​អ៊ីចឹង បើ​គាត់​ចង់​ធ្វើ​ឱ្យ​ចូល​ប្រទេស​ទៅ​គ្មាន​ទេ​កុំ​ចង់​ចម្លង​តាម​គេ​នោះ »

ប៉ុន្មានថ្ងៃនេះ​នៅ​ប្រទេស​ថៃ ចំនួន​បាតុករ​កាន់តែ​កើន​ឡើង​ច្រើន​ជាច្រើន​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​យុវជន​ជា​សិស្ស និង​និស្សិត បាន​ចេញ​សម្ដែង​ការ​តវ៉ា​ជាច្រើន​កន្លែង នៅ​ក្នុង​ទីក្រុង​បាងកក និង​ផ្ទុះឡើង​យ៉ាងតិច​ណាស់​នៅ​តាម​ខេត្ត​ចំ​នូន​២​០​ផ្សេងទៀត។ ក្រុម​បាតុករ​ទាមទារ​ឲ្យ​មានការ​ដក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-O-Cha) ចេញពី​តំណែង​កែ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​បាន​ផ្តល់​អំណាច​ឱ្យ​ក្រុម​យោធា និង​ទាមទារ​ធ្វើ​កំណែទំរង់​របប​រាជា​និយម​ផង​ដែរ។ ក្រុម​បាតុករ​បាន​លើក​ម្រាមដៃ​៣​យកលំនាំតាម​ខ្សែ​ភាពយន្ត​ហូលីវូដ​រឿង The Hunger Games បង្ហាញ​ពី​កំហឹង និង​មិន​ការ​ពេញ​ចិត្ត។

ទោះ​រដ្ឋាភិបាល​ថៃ​បាន​ប្រកាសអនុវត្ត​ក្រឹត្យ​ច្បាប់​អាសន្ន​មិន​ឱ្យ​មានការ​ជួបជុំ​លើស​ពី​មនុស្ស​ប្រាំ​នាក់​ក្ដី ក៏​ចំនួន​ក្រុម​បា​តុ​នៅតែ​ធ្វើបាតុកម្ម​ជា​ធម្មតា និង​ពង្រីក​កា​រមូល​ផ្ដុំ​កាន់តែ​ធំ​ពី​មួយថ្ងៃ​ទី​មួយ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៤ តុលា​មក។

​ក្រោយ​ពី​មានការ​ផ្ទុះ​ការ​តវ៉ា​កាន់តែ​ខ្លាំង​ឡើង​ពាសពេញ​ផ្ទៃ​ប្រទេស​ប្រធានរដ្ឋសភា​ថៃ​បាន​ប្រកាស​ឱ្យ​មាន​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ហើយ​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល​ជា​មេ​រដ្ឋប្រហារ​ឆ្នាំ២០១៤ នោះ ក៏​បាន​ប្រកាស​ស្នើ​ឱ្យ​មាន​ការ​ច​ចារ​ជាមួយ​ក្រុម​មេ​បាតុករ។ ចំណែក​ឯ​ព្រះ​មហាក្សត្រ មហាវិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​បាតុករ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ឱ្យ​មាន​ការ​គាំទ្រ​ដល់​របប​រាជា​និយម​ថៃ។ ប៉ុន្តែ​កំសួល​នៃ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​រក​ប្រជាធិបតេយ្យ​វិញ​នេះ​នៅតែ​មានសន្ទុះ​ខ្លាំង​ទៅមុខ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។