ពលរដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​​នៅ​ខេត្ត​មួយ​ចំនួន​​ត្អូញ​ថា​ អាជ្ញាធរ​​​​​មិន​​បាន​ជួយ​​​​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួក​គាត់​ឡើយ

0:00 / 0:00

ប្រជាពលរដ្ឋ​​​​រងគ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​មួយ​ចំនួន​រិះគន់​​​​​អាជ្ញាធរ​ពាក់ព័ន្ធ​​ថា ការ​ចុះ​ចែក​ស្បៀង​អាហារ​​​រើសអើង​និន្នាការ​គណបក្ស​នយោបាយ ដែល​​មិន​ខ្វល់​​​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​​ឡើយ​។ អ្នក​ភូមិ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​ទឹក​ជំនន់​បាន​លិច​ផ្ទះ​សម្បែង​និង​ផល​ដំណាំ​របស់​​ពលរដ្ឋ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​ចុះ​សួរ​សុខទុក្ខ និង​ផ្ដល់​ស្បៀង​​​​​ដល់​ពួកគាត់​នៅ​ឡើយ ស្រប​ពេល​ដែល​ការ​រស់​នៅ​របស់​ពួកគាត់​កំពុង​តែ​ជួប​ការ​លំបាក​ខ្លាំង។ តើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ជួប​ការ​លំបាក​​បែប​​ណា​ខ្លះ​ បន្ទាប់​ពី​ជួប​គ្រោះ​ធម្មជាតិ​នេះ?

ក្រុម​ប្រជាពលរដ្ឋ​​ជា​ច្រើន​គ្រួសារ​នៅ​ ខេត្ត​បាត់ដំបង​និង​ ខេត្ត​បន្ទាយមានជ័យ​​​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ​អំឡុង​ពេល​​​ទឹក​ជំនន់​មួយ​រយៈ​នេះ​ អាជ្ញាធរ​ចុះ​ចែក​ស្បៀង​ប្រជាពលរដ្ឋ​​​ ភាគ​ច្រើន​​ជា​ការ​សម្ដែង​ឱ្យ​ល្អ​មើល​ ដើម្បី​បាន​ចំណេញ​នយោបាយ​ ជា​ជាង​ការ​​បម្រើ​ពលរដ្ឋ​​ពិតប្រាកដ​ ជាពិសេស​​ គឺ​ជ្រើស​យក​​​​​តែ​អ្នក​​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​​ ចំណែក​​ពលរដ្ឋ​​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​ អាជ្ញាធរ​មិន​​សូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​នូង ឃុំ​គយម៉ែង ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយមានជ័យ​ ប្រាប់​អាស៊ី​សេរី​ថា​ ​​ពួកគាត់​ប្រមាណ ៣០គ្រួសារ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​ទឹក​ជន់​លិច​ផ្ទះ​កម្ពស់​ប្រហែល ២ម៉ែត្រ និង​មាន​រយៈ​ពេល​ប្រមាណ ១០ថ្ងៃ​ហើយ មិន​ទាន់​ស្រក​ទៅ​វិញ​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​ទាំង​នេះ​បន្ថែម​ថា បើ​ទោះ​បី​ជា​ពួក​គាត់​រស់​នៅ​លើ​ទឹក​​យ៉ាង​លំបាក​បែប​នេះ​ក្ដី​ ក៏​ពុំ​មាន​អាជ្ញាធរ​ណា​​ចុះ​មក​សួរ​សុខ​ទុក្ខ ឬ​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួកគាត់​ម្ដង​នៅ​ឡើយ​ទេ ដែល​បណ្ដោយ​ឱ្យ​ពួក​គាត់​​រស់​នៅ​តេលតាល​​ដូច​សត្វ​ធាតុ។ អ្នក​ភូមិ​ទាំង​នេះ បញ្ជាក់​ទៀត​ថា សព្វ​ថ្ងៃ​ពួក​គេ​ព្រួយ​បារម្ភ​​​​ខ្លាច​កូន​តូចៗ របស់​ពួក​គាត់​លង់​ទឹក​ស្លាប់​ផង និង​ព្រួយ​ខ្លាច​គ្មាន​អង្ក​ច្រក​ឆ្នាំ​ផង ពីព្រោះ​ចាប់​តាំង​ពី​ទឹក​ឡើង​លិច​ផ្ទះ និង​ផល​ដំណាំ​មក ពួក​គាត់​ពុំ​មាន​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ក្រពះ​នោះ​ឡើយ៖ «ខ្ញុំ​ទឹក​លិច​ដល់​ក្ដារ​លើ​ផ្ទះ​ទៀត​ ខ្ញុំ​លំបាក​ណាស់​ វា​វេទនា​ហ្នឹង​ចៅ​មិន​ហ៊ាន​ទៅ​ណា​ទេ ទៅ​រក​អី​ក៏​មិន​បាន​ស៊ី​ទៅ​រក​ត្រី​ក៏​មិន​ហ៊ាន​ទៅ​ដែរ។ គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​យើង​ទេ​ គេ​ឱ្យ​មែន​តែ​គេ​ឱ្យ​ចោះៗ ជួន​ណា​ទៅ គេ​ឱ្យ​ទៅ​ បើ​គេ​មិន​ពេញ​ចិត្ត​ក៏​គេ​មិន​ឱ្យ​ទៅ។ ខ្ញុំ​និយាយ​​នេះ​ជា​ការ​ពិត​ ខ្ញុំ​កាន់​សីល​ប្រាំ​ខ្ញុំ​មិន​កុហក​ទេ។ ខ្ញុំ​វេទនា​ណាស់​រក​អី​ក៏​មិន​បាន​ស៊ី​ ទឹក​ឱ្យ​ល្ហាចល្ហឹម​ដូច​ទន្លេ​បួន​មុខ​​រក​អី​មិន​បាន​ទេ »

ទាក់ទង​នឹង​បញ្ហា​នេះ មេភូមិ​គយម៉ែង លោក ចាន់ ឆាយ ប្រាប់​អាស៊ី​សេរី​ថា នៅ​ឃុំ​គយម៉ែង ស្រុក​មង្គលបូរី អាជ្ញាធរ​ទើប​តែ​ចុះ​ចែក​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់ ហើយ​ការ​ចែក​នេះ​ធ្វើ​ឡើង​ស្មើភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ ដោយ​មិន​មាន​ការ​រើស​អើង​នោះ​ឡើយ៖ «អត់​មាន​រើសអើង​បក្ស​ខាង​ណា​ខាង​ណី​ទេ ឱ្យ​តែ​ប្រជាពលរដ្ឋ ពិត​ជា​លិចលង់​មែន ដូច​ថា ជម្លៀស​ចេញ​បី​ផ្ទះ​ហ្នឹង គឺ​ចែក​ឱ្យ​ប្រជាជន​ទៅ​ អត់​មាន​ចាំ​ថា​បក្ស​ខាង​ណា​ទេ »

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ នៅ​ស្រុក​រុក្ខ​គិរី​ និង​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​​វិញ​ ​ថ្លែង​ថា​ ​​ពួកគេ​​​ប្រឈម​នឹង​ដាច់​ស្បៀង​​​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ ប្រសិន​បើ​​ទឹក​នៅ​តែ​ជន់​លិច​ភូមិឋាន​ ហើយ​អាជ្ញាធរ​​​នៅ​តែ​មិន​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួកគេ​នោះ។ ពលរដ្ឋ​ទាំង​នេះ​ អះអាង​ថា ចាប់​តាំង​​ពី​ទឹក​​ហូរ​ចូល​​​ផ្ទះ​និង​​​ផល​ដំណាំ​​​​មក​​ ​ពួកគាត់​​នៅ​ក្នុង​ផ្ទះ​មិន​បាន​​ចេញ​ទៅ​ប្រកប​របរ​រក​ប្រាក់​​ចំណូល​​ដោះស្រាយ​ជីវភាព​​ប្រចាំ​ថ្ងៃ​នោះ​ទេ​។អ្នក​ភូមិ​ទាំង​នោះ អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​​ចែក​ស្បែង​អាហារ​​ឱ្យ​បាន​គ្រប់ៗ​ គ្នា​ កុំ​​ឱ្យ​មាន​ការ​​រើស​​និន្នាការ​គណបក្ស​នយោបាយ​ដូច​សព្វ​ថ្ងៃ​ទៀត៖ «អត់​រលីង​សូម្បី​តែ​គេ​មក​សម្ភាសន៍​សួរ​យើង​សូវ​អី​ខូច​ខាត​អី​យ៉ាង​ម៉េច​​គេ​មិន​មក​សួរ​មក​។​ខ្ញុំ​ឈឺ​ចាប់​ដែរ​ យើង​ខ្មែរ​ដូច​គ្នា​ទៅ​ជា​ ពេល​មាន​គ្រោះ​មហន្តរាយ​អីចឹង​អាជ្ញាធរ​រើស​អើង​ដែរ​។​ខ្ញុំ​ជួប​បញ្ហា​ច្រើន​ទី១ ខ្ញុំ​ខ្វះខាត​ស្បៀង​អាហារ​ហ្នឹង​ធ្ងន់ធ្ងរ​មែនទែន​ព្រោះ​ បងប្អូន​នៅ​ទី​រួច​ទាំង​ខ្ញុំ​ផង​ពឹង​ទៅ​លើ​ ការ​ប្រមូល​សំរាម​រើស​អេតចាយ​យក​ទៅ​លក់​ ដល់​ពេល​ទឹក​លិច​អីចឹង​ទៅ​អ្នក​ប្រមូល​ទិញ​ក៏​គាត់​​ចូល​ទៅ​អត់​កើត​ដែរ​ ហើយ​ខ្ញុំ​ ក៏​មិន​មាន​អី​ដឹក​ជញ្ជូន​ចេញ​មក​ដែរ​ ដល់​ពេល​អីចឹង​ខ្ញុំ​ប្រឈម​ខ្លាំង​ការ​ដាច់​ស្បៀង​ហ្នឹង​តែ​ម្ដង។ ខ្ញុំ​និយាយ​ដោយ​ស្មោះ​មក​ដល់​ម៉ោង​នេះ​ខ្ញុំ​មិន​ទាន់​បាន​អី​យក​មក​ទទួល​ទាន​ទេ​ គឺ​អត់​សោះ​តែ​ម្ដង »

​​​​អាស៊ី​សេរី​មិន​ទាក់​ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ រាត្រី​ និង​អភិបាល​ខេត្ត​បាត់ដំបង​ លោក ងួន រតនៈ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៨ តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​​ចុះ​បាន​ចែក​អំណោយ​​ជូន​ពលរដ្ឋ​​​​រងគ្រោះ​ទឹកជំនន់​ធ្វើ​ឡើង​ដោយ​ស្នើ​ភាព​គ្នា​​​គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ និង​​ពុំ​មាន​ការ​រើស​ពូជ​​សាសន៍​ពណ៌​សម្បុរ​​នោះ​ឡើយ ​ពោល​គឺ​​ពលរដ្ឋ​​​ទាំង​ឡាយ​ដែល​មាន​ហានិភ័យ​​បណ្ដាល​មក​ពី​គ្រោះ​ទឹក​ជំនន់​នឹង​បាន​ទទួល​អំណោយ​​​​ទាំង​អស់​​។​លោក​បន្ថែម​ថា រដ្ឋាភិបាល​​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​​​​កាត់​បន្ថយ​កុំ​ឱ្យ​​ប្រជាពលរដ្ឋ​​ស្លាប់​​​​គ្រោះ​ធម្មជាតិ​នេះ៖ «បាទ​នេះ​គ្រាន់​តែ​ជា​ពាក្យ​អ្នក​គាត់​និយាយ ប៉ុន្តែអ្នក​ដែល​ធ្វើ​ការ​អាជ្ញាធរ​ថ្នាក់​ជាតិ​ថ្នាក់​ខេត្ត​ទាំង​អស់​ហ្នឹង គឺ​ធ្វើ​​ការងារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ហើយ​តាន​ដាន​មែន​ទែន​យើង​អត់​មាន​​ទុក​ឱ្យ​ពលរដ្ឋ​ខ្វះខាត​ទេ។ ប៉ុន្តែ​អ្នក​ដែល​និយាយ​ហ្នឹង គ្រាន់​ជា​ការ​លើក​ឡើង​ទេ ចំពោះ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រោះ​មហន្តរាយ​ហ្នឹង គឺ​ខិតខំ​មែនទែន ហើយ​កំពុង​តែ​ធ្វើ​ការងារ​នេះ »

ចំណែក​គេហទំព័រ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី១៨ តុលា​ថា លោក​​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ចុះ​ចែក​ស្បៀង​អាហារ​ជូន​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​ចំនួន​៣០០​គ្រួសារ​ ឃុំ​ឫស្សី​ក្រោក​និង​ឃុំ​បត់ត្រង់​​​ស្រុក​មង្គលបូរី ដោយ ១គ្រួសារ​ទទួល​បាន អង្ករ ១ថង់ ប្រមាណ ១០គីឡូ​ក្រាម មី ១កេស ទឹក​ត្រី ១យួរ ទឹក​ស៊ីអ៊ីវ ១យួរ ត្រីខ​កំប៉ុង ១យួរ និង​ថ្នាំពេទ្យ​​មួយ​ចំនួន​ទៀត។

ទាក់​ទង​នឹង​រឿង​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ក្នុង​ពេល​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់ នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី១៥ ថា រដ្ឋាភិបាល​របស់​លោក​​​បាន​ទទួល​អំណោយ​ពី​សប្បុរស​ជន​ប្រមាណ ៦លាន​ដុល្លារ​អាមេរិក (៦.០០០.០០០) ដើម្បី​​ទិញ​ស្បៀង​ចែក​ជូន​ពលរដ្ឋ​។​លោក​ ហ៊ុន សែន ​និយាយ​ថា ការ​ចែក​ស្បៀង​អាហារ​នេះ​ធ្វើ​ឡើង ដោយ​ស្នើ​ភាព​គ្រប់​និន្នាការ​គណបក្ស​នយោបាយ និង​ដោយ​មិន​មាន​ការ​រើស​អើង​នោះ​ឡើយ៖ «យើង​គិត​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រជាជន​យើង​បាន​រស់​រាន​មាន​ជីវិត​ អីចឹង​បាន​ជា​ខ្ញុំ​ករុណា​ខ្ញុំ នៅ​តែ​បន្ត​និយាយ​ហើយ​និយាយ​ទៀត​ទៅ​កាន់​អាជ្ញាធរ​​ ទាំង​កង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ សូម​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​អាទិភាព​ខ្ពស់​បំផុត​ ជម្លៀស​ប្រជាជន​មក​កាន់​ទី​ទូល​សុវត្ថិភាព ហើយ​ត្រូវ​ថែទាំ​ប្រជាជន​ឱ្យ​បាន​ល្អ​បំផុត ចំពោះ​បញ្ហា​បាយ​ទឹក បញ្ហា​អនាម័យ​ ថ្នាំ​ពេទ្យ »

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា (TIC) លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ពលរដ្ឋ ដែល​រងគ្រោះ​ធម្មជាតិ​នេះ និង​ត្រូវ​ចែក​ស្បៀង​អាហារ​ជូន​ពលរដ្ឋ​រងគ្រោះ​ឱ្យ​បាន​ស្មើភាព​គ្នា​គ្រប់​និន្នាការ​គណបក្ស​នយោបាយ។ លោក​បញ្ជាក់​ថា ​គ្រោះ​ទឹក​ជំនន់​នេះ​​​​​​អាច​បណ្ដាល​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​កាន់​តែ​ខ្លាំង ព្រោះ​ពួកគាត់​ជួប​គ្រោះ​អាសន្ន​ផ្ទួនៗ ក្នុង​ឆ្នាំ​តែ​មួយ គឺ​ជួប​គ្រោះ​បណ្ដាល​មក​ពី​​ជំងឺ​កូវីដ១៩ និង​គ្រោះ​ទឹក​ជំនន់៖ «ខ្ញុំ​គិត​ថា​ មិន​ចំណេញ​អី​ដល់​រដ្ឋាភិបាល​ទេ​ បើ​សិន​ជា​គាត់​ផ្ដល់​ជូន​អំណោយ​ទាំង​នោះ​ដោយ​មិន​ស្មើភាព​ និង​ប្រកាន់​បក្ស​ពួក​អី​រឹត​តែ​ធ្វើ​ឱ្យ​ប្រជាជន​ហ្នឹង​ខឹង​សម្បារ​ទៅ​ទៀត។ ដើម្បី​ឱ្យ​ការ​ចែក​មាន​តម្លាភាព​ ដូច​ជា​មិន​ពិបាក​ទេ​ យើង​ឃើញ​ប្រជាពលរដ្ឋ​​មាន​ស្ថានភាព​​ជាក់​ស្ដែង​ដែល​គាត់​រងគ្រោះ​ហ្នឹង។ មេភូមិ​មេ​ឃុំ​ហ្នឹង គឺ​គាត់​ជា​អាជ្ញាធរ​ផ្ទាល់​នៅ​ទី​នោះ​គាត់​អាច​ដឹង​ព័ត៌មាន​អីចឹង​បើ​សិន​​ជា​មាន​ការ​បញ្ជា ឬ​ក៏​ដាក់​​ពិន័យ​ថា​គាត់​ត្រូវ​ចែក​ដោយ​​មិន​មាន​ការ​រើស​អើង​ពី​ថ្នាក់​លើ​ខ្ញុំ​គិត​ថា​អាច​អនុវត្ត​បាន​ហើយ »

នៅ​កម្ពុជា​​មាន​​ខេត្ត​ចំនួន ១៩ ហើយ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង បណ្ដាល​មក​ពី​ខ្យល់​ព្យុះ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ដើម​ខែ​តុលា​រហូត​មក។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៨ តុលា​មាន​ពលរដ្ឋ ចំនួន ២៤នាក់​ហើយ បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់។ ទឹក​ជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ពលរដ្ឋ​ជាង ២សែន ៤ម៉ឺន​នាក់ (២៤១.០០០) ក្នុង​នោះ​ជាង ២ម៉ឺន ៦ពាន់​នាក់​(២៦.៦០០) ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន​​ លិច​ផ្ទះ​​​ពលរដ្ឋ​ប្រមាណ ៦ម៉ឺន​ខ្នង (៥៩.២៦៨) ខូច​ដំណាំ​ស្រូវ​ជាង ១សែន ៦ម៉ឺន​ហិកតារ (១៦៩.០០០) និង​ដំណាំ​ផ្សេងៗ ជាង ៧ម៉ឺន​ហិកតារ (៧៧.៥០០)។ លើស​ពី​នេះ គ្រោះ​ធម្មជាតិ​មួយ​នេះ​​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ទំនប់​ទឹក ស្ពាន មន្ទីរ​ពេទ្យ សាលា​រៀន​ ផ្លូវ​ថ្នល់ ​​ និង​ផ្លូវ​លំ​តាម​ជនបទ​ជា​ច្រើន​កន្លែង​ទៀត ក្នុង​នោះ​​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ​​ធ្ងន់ធ្ងរ​ជាង​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។