ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះគឺលោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាក្នុងបំណងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។
អ្នកទាំង២បានស្នើទៅប្រធានគណបក្សកាន់អំណាចលោក ហ៊ុន សែន តាមរយៈលិខិតពីរដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៣ ខែវិច្ឆិកា។ លិខិតទាំង២បានបញ្ជាក់ថាទាំងបណ្ឌិត យ៉ង សាំងកុមារ ទាំងអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ សំអាងថា ការចុះចូលនេះដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្មដែលរដ្ឋាភិបាលដាក់ចេញកាលពីពេលថ្មីៗនេះ។ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំង២រូបបញ្ជាក់ទៀតថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សរបស់លោក ហ៊ុន សែន នេះទៀតសោតដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះឱ្យជោគជ័យនិងមានផ្លែផ្កាសំដៅលើកស្ទួយជីវភាពកសិករសន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះអ្នកទាំង២ក៏បានរម្លឹកពីគោលនយោបាយរដ្ឋាភិបាលដែលអ្នកទាំងពីរពេញចិត្តដែរនោះ គឺគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែងដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យគោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិងជនបទព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមអំពីរឿងនេះពីលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធា បានទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា។ យ៉ាងណា លោកបណ្ឌិត យ៉ង សាំងកុមារ ប្រាប់វិទ្យុក្នុងស្រុកថាលោកមានបំណងសុំជួបជាមួយលោក ហ៊ុនសែន ជាមុនសិនដើម្បីជជែកពីផែនការលម្អិតជួយវិស័យកសិកម្មទើបលោកនឹងស្នើសុំចូលជួបជាមួយគណបក្សនេះតាមក្រោយប៉ុន្តែលិខិតស្នើសុំបែរជាត្រូវគេទម្លាយចេញមុនពេលលោកបានជួបជាមួយលោក ហ៊ុន សែន ទៅវិញ។
ទាក់ទងនឹងករណីមន្ត្រីជាន់ខ្ពស់គណបក្សស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក លោក យ៉េង វីរៈ បានថ្លែងប្រាប់ឱ្យសមាជិកនិងអ្នកគាំទ្ររក្សាភាពស្ងៀមស្ងាត់ព្រមទាំងបន្តតាមដានការវិវត្តន៍នៃរឿងនេះទៀត។ លោកបញ្ជាក់ដែរថា នៅមុនពេលមានលិខិតស្នើទៅលោក ហ៊ុន សែន របស់មន្ត្រីជាន់ខ្ពស់និងជាអ្នកជំនាញផ្នែកកសិកម្មនេះគណបក្សលោកបានដាក់លិខិតទៅក្រសួងកសិកម្មកាលពីថ្ងៃទី១៨ខែវិច្ឆិកា ដោយផ្ដល់ជាអនុសាសន៍ដោះស្រាយវិបត្តិទីផ្សារស្រូវអង្ករពិសេសស្ថានភាពរបស់កសិករ។
បើទោះបីជា លោក យ៉េង វីរៈ បញ្ជាក់ថា លោកបណ្ឌិត យ៉ង សាំងកុមារ នៅមិនទាន់បានការបញ្ជាក់ពីលោក ហ៊ុន សែន ថានឹងព្រមតាមសំណើឬយ៉ាងណាក៏ក្នុងលិខិតរបស់លោកបញ្ជាក់ថា លោកអាចនឹងចាប់ផ្តើមជីវភាពនយោបាយជាមួយគណបក្សដែលធ្លាប់ប្រកួតប្រជែងមួយនេះចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។