រដ្ឋាភិបាល​ប្រកាន់​ជំហរ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​តតាំង​ក្ដី​ក្នុង​តុលាការ​ឡើយ

ដោយ សេក បណ្ឌិត
2021-01-08
Share
រដ្ឋាភិបាល​ប្រកាន់​ជំហរ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​ស្រុក​តតាំង​ក្ដី​ក្នុង​តុលាការ​ឡើយ អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA

រដ្ឋាភិបាល ​បដិសេធ​ក្នុង​ការ​ផ្តល់​វីសា (Visa) និង​សុពលភាព​លិខិត​ឆ្លង​ដែន​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​មាន​បំណង​វិល​ចូល​កម្ពុជា ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ។ គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ជំនាញ​ច្បាប់​ថា​ តុលាការ ​និង​រដ្ឋាភិបាល ​មាន​កាតព្វកិច្ច​សម្របសម្រួល​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង វិល​ចូល​កម្ពុជា​វិញ ព្រោះ​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​​ការ​ជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌​ នៅ​ចំពោះ​មុខ​តុលាការ។

រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​​ផ្តល់​សុពលភាព​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ ឬ​វីសា ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ បើ​ទោះបី​ជា​ច្បាប់​កម្ពុជា​ហាម​មិន​ឱ្យ​ដក​ហូត​សញ្ជាតិ​ពី​ពលរដ្ឋ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ​យ៉ាង​ណា​ក្ដី។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា រឿង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ វិល​ចូល​កម្ពុជា ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ​ គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​នោះ​ទេ។ លោក​ បញ្ជាក់​ជា​ថ្មី​ថា ​រដ្ឋាភិបាល ​នៅតែ​រក្សា​ជំហរ​មិន​ផ្តល់​វីសា និង​សុពលភាព​លិខិត​ឆ្លង​ដែន​ដល់​ពួក​គេ​ឡើយ ដូច្នេះ​ពួក​គេ​ត្រូវ​រក​វិធី​ចូល​កម្ពុជា​ដោយ​ខ្លួនឯង៖ «គេ​មាន​នីតិវិធី​គេ​ត្រូវ​ធ្វើ​ ព្រោះ​ទី១ គាត់​អត់​ទទួល​ស្គាល់​រដ្ឋាភិបាល​ពី​អង្កាល់​ គាត់​មិន​ដែល​ទទួល​ស្គាល់​ផង ​ហើយ​មិន​ត្រឹម​តែ​មិន​ទទួល​ស្គាល់​ទេ​ គាត់​រៀបចំ​ឲ្យ​មាន សកម្មភាព​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​រដ្ឋប្រហារ​ទម្លាក់​រាជរដ្ឋាភិបាល ការ​ឲ្យ​កង​កម្លាំងប្រដាប់អាវុធ​ហ្នឹង បែរ​កាណុង​ទៅ​នាយករដ្ឋមន្ត្រី ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត។ ករណី​ទាំង​អស់​នេះ​ហើយ​ដែល​គាត់ ត្រូវ​ដោះ​ស្រាយ​ផ្ទាល់​ខ្លួន​របស់​គាត់»

លោក​ បន្ត​ថា ករណី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​កាន់​ប៉ាស្ព័រ​អាមេរិក ដើម្បី​ចូល​កម្ពុជា​នោះ គឺ​អាស្រ័យ​លើ​ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា​ ជា​អ្នក​សម្រេច​អនុញ្ញាត​ឲ្យ​ចូល ឬ​មិន​ឲ្យ​ចូល។

ការ​បញ្ជាក់​បែប​នេះ របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ធ្វើ​ឡើង​ស្រប​ពេល​ថ្ងៃ​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ខិត​ជិត​មក​ដល់។ សវនាការ​លើ​សំណុំ​រឿង "ឧបឃាត" "ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ" ពាក់ព័ន្ធ​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៩រូប ក្នុង​នោះ​រួម​ទាំង​លោក សម​ រង្ស៊ី និង​អ្នកស្រី មូរ សុខហួរ ផង​ដែរ​នោះ គ្រោង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី២៩ ខែមករា បន្ទាប់​ពី​ត្រូវ​បាន​លើក​ពេល​ពីរ​ដង​រួចមក​ហើយ ព្រោះ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​មិន​អាច​ចូល​ស្រុក​បាន។ ជា​មួយ​គ្នា​នេះ តុលាការ​ក៏​គ្រោង​ជំនុំ​ជម្រះ​រឿង​ក្តី​មួយ​ទៀត​ដែរ ដែល​មាន​ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ “រួម​គំនិត​ក្បត់” និង “ញុះញង់” នៅ​ថ្ងៃ​ទី១៤ មករា និង​ថ្ងៃ​ទី៤ ខែមីនា​ខាង​មុខ។ ភាគ​ច្រើន​នៃ​អ្នក​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ទាំង​នេះ កំពុង​រស់​នៅ​ភៀស​ខ្លួន​នៅ​បរទេស ហើយ​ពួក​គេ​មួយ​ចំនួន ក៏​ត្រូវ​បាន​របប​លោក ហ៊ុន សែន លុប​ចោល​សុពលភាព​លិខិត​ឆ្លង​ដែន​ដែរ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ការ​បដិសេធ​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ ឬ​សុពលភាព​លិខិត​ឆ្លង ដែន​ដល់​អ្នកស្រី​នេះ បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំសាក គ្មាន​ការ​ទទួលខុសត្រូវ ​និង​កំពុង​រំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ៖ «មិន​ឲ្យ​ពួក​យើង​ខ្ញុំ​ចូល​ទៅ​ប្រទេស​វិញ ​មានន័យ​ថា ដក​សញ្ជាតិ​របស់​យើង​ខ្ញុំ ហើយ​និរទេស​យើង​ខ្ញុំ តើ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ ហើយ​បើ​ខ្លួន​ឯង​ថា ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ បង្ហាញ​មក។ ទី២ នៅ​ក្នុង​រដ្ឋាភិបាល មាន​ក្រសួង​យុត្តិធម៌។ ដូច្នេះ ក្រសួង​ត្រូវ​តាម​ដាន​មើល​នូវ​នីតិវិធី​ទាំង​ឡាយ​នៃ​តុលាការ»

អ្នកស្រី មូរ សុខហួរ បន្ត​ទៀត​ថា អ្នកស្រី និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត មាន​ឆន្ទៈ​ពិត​ប្រាកដ វិល​ចូល​កម្ពុជា ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ។ ដូច្នេះ អ្នកស្រី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ឈប់​បង្កើត​ឧបសគ្គ​រារាំង​ និង​ត្រូវ​ផ្តល់​វីសា (Visa) ឬ​ផ្តល់​សុពលភាព​លិខិត​ឆ្លងដែន​ជូន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​អស់​ឡើង​វិញ។

អ្នកស្រី មូរ សុខហួរ បន្ត​ថា នៅ​ពេល​ដែល​តុលាការ បាន​ចោទ​ប្រកាន់ និង​ចេញ​ដីកា​កោះ​ហៅ​ថ្នាក់​ដឹកនាំ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​សវនាការ ប៉ុន្តែ​មិន​បង្គាប់​ទៅ​រដ្ឋាភិបាល ឲ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ពួក​គាត់​ទៅ​បង្ហាញ​វត្តមាន និង​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​បែប​នេះ បង្ហាញ​ថា តុលាការ​កំពុង​អនុវត្ត​ច្បាប់​ឡប់ឡែ​តាម​តែ​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​នាំ​គ្រោះថ្នាក់​ដល់​ជាតិ និង​ប្រជាពលរដ្ឋ។

អ្នកស្រី មូរ សុខហួរ ដឹង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្នើសុំ​ទៅ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះ​ប្រធាន ដើម្បី​ធ្វើការ​កោះ​ប្រជុំ​ចៅក្រម ចំពោះ​ការ​បំពេញ​ការងារ​របស់​ពួក​គេ ដែល​មិន​ធានា​ការពារ និង​គោរព​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​ប្តឹង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ហៅ​ចៅក្រម​ទៅ​ស្តី​បន្ទោស​នោះ គ្មាន​បាន​ប្រយោជន៍​អ្វី​ឡើយ ព្រោះ​ករណី​នេះ ​ពាក់​ព័ន្ធ​នឹង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល។ លោក​ថា ប្រសិន​បើ​តុលាការ បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ចូលរួម​សវនាការ​រួច​ហើយ រដ្ឋាភិបាល​ត្រូវ​តែ​មាន​តួនាទី​អនុវត្ត​តាម​ដីកាកោះ​នោះ តាម​រយៈ​ការ​ជួយ​សម្របសម្រួល​ឲ្យ​ជន​ជាប់​ចោទ ឬ​សាក្សី​ទាំង​អស់​ ចូល​តតាំង​ក្តី​ក្នុង​តុលាការ ដោយ​គ្មាន​ការ​រារាំង​ឡើយ៖ «រឿង​នេះ​វា​ចូល​ជា​រឿង​នយោបាយ​ វា​លែង​ទៅ​ជា​ច្បាប់​ហើយ។ បើ​និយាយ​ពី​ច្បាប់ ​គាត់​មាន​សិទ្ធិ​មក ហើយ​រដ្ឋាភិបាល ក៏​អត់​ត្រូវ​ហាម។ តុលាការ​អាច​បង្គាប់​រដ្ឋាភិបាល ​បើក​ចំហ​ឲ្យ​គេ​មក​ទៅ អា​ហ្នឹង​បើ​និយាយ​ពី​រឿង​ច្បាប់​ទាល់​តែ​អីចឹង។ អា​នេះ​បើ​មើល​ទៅ​វា​មិនមែន​ជា​រឿង​ច្បាប់​ទេ វា​ទៅ​ជា​រឿង​នយោបាយ​ពាក់ព័ន្ធ​ដល់​អ៊ីចឹង​ទៅ​និយាយ​ច្បាប់​ម៉េច​កើត»

អ្នក​ជំនាញ​ច្បាប់​រូប​នេះ​បន្ត​ថា ប្រសិនបើ​មន្ត្រី ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​វិល ​ចូល​កម្ពុជា​ ដើម្បី​តតាំង​ក្ដី និង​បំភ្លឺ​ក្នុង​តុលាការ​ទេ​នោះ គឺ​តុលាការ​មិន​អាច​បើកសវនាការ​ជំនុំ​ជម្រះ​បាន​ឡើយ។ លោក សុក សំអឿន បន្ត​ថា ករណី​តុលាការ ​នៅ​តែ​បន្ត​កាត់​ក្តី​ដោយ​មិន​មាន​វត្តមាន​សាក្សី ឬ​ជន​ជាប់​ចោទ គឺ​មិន​អាច​ផ្តល់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ៖ «ខ្ញុំ​ថា បើ​តុលាការ ​កាត់​ក្តី​ ដោយ​អត់​ខ្វល់​ពី​រឿង​សាក្សី​ អត់​ខ្វល់​ពី​រឿង​អី ហើយ​ចេះ​តែ​បើក​សវនាការ​កាត់​ក្តី​ទៅ មាន​ន័យ​ថា ​ការ​កាត់​ក្តី វា​អត់​យុត្តិធម៌​ទេ ហើយ​បើ​កាល​ណា​វា​អត់​យុត្តិធម៌ គឺ​ប្រសិន​បើ​ប្រជារាស្ត្រ​គេ​មិន​ដឹង​វា​មិន​អី​ទេ តែ​បើ​គេ​ដឹង​គេ​វាយ​តម្លៃ​ទាប​ទៅ​លើ ប្រព័ន្ធ​តុលាការ​ហ្នឹង​ហើយ»

អ្នក​ដឹក​នាំ​គម្រោង​វិល​ទៅ​កម្ពុជា​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ អះអាង​ថា ទោះ​បី​ជា​របប​ក្រុង​ភ្នំពេញ ​មិន​ផ្តល់​វីសា និង​រាំង​ខ្ទប់​បែប​ណា​ក្តី ក៏​អ្នក​ស្រី​នៅ​តែ​ប្ដេជ្ញា​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ​ដដែល។ អ្នកស្រី​បញ្ជាក់​ថា អ្នក​ស្រី​នឹង​ចេញ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១៥ ខែ​មករា តាម​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី (Singapore Airline) ដោយ​កាន់​ប៉ាស្ព័រ​អាមេរិក​ទៅ​ដល់​ទីតាំង​ចុង​ក្រោយ។ អ្នកស្រី​បញ្ជាក់​ថា បើ​គ្មាន​ការ​រាំង​ខ្ទប់​ទេ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ទៅ​ដល់​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី១៧ ខែ​មករា វេលា​ម៉ោង ៥កន្លះ​ល្ងាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល