ក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់បានប្រកាសលទ្ធផលការបោះឆ្នោតនៅឡើយនោះ គណបក្សនយោបាយចំនួន ២ បានប្រកាសថា ឈ្នះរៀងៗខ្លួន។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានចេញផ្សាយលទ្ធផលបណ្ដោះអាសន្នថា តាមបណ្ដាញសមាជិករបស់ខ្លួនទទួលបានបូកសរុបទៅ គឺលទ្ធផលបណ្ដោះអាសន្នបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៦អាសនៈ។
បើសិនជាតួលេខអាសនៈនេះអាចយកជាការបាន តើសភាអាណត្តិទី៥ អាចកោះប្រជុំលើកទី១ បានឬទេ?
អតីតសមាជិកសភា និងអ្នកច្បាប់មួយចំនួនបានអះអាងថា បើសិនជាគ្មានសមាជិកសភាជាប់ឆ្នោតចំនួន ១២០នាក់ ចូលរួមប្រជុំនៅក្នុងការកោះប្រជុំលើកដំបូងទេ គឺមិនមានការបង្កើតសភាអាណត្តិទី៥ បានឡើយ។
លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានពន្យល់ថា យោងមាត្រា ៧៦ នៅក្នុងរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវមានសមាជិកយ៉ាងតិច ១២០រូប បើមិនដូចនេះទេ គេមិនអាចនិយាយបានថាមានរដ្ឋសភាបានឡើយ៖ «មិនមែនរដ្ឋសភានៅឡើយទេ! ទាល់តែបាន ១២០ ហើយទាល់តែស្បថជាតំណាងរាស្ត្រសិន។ អាហ្នឹងបានចាប់ផ្ដើមរដ្ឋសភាមួយកើតឡើង គ្រាន់តែពេលហ្នឹងមិនដឹងថា អ្នកណាជាប្រធាន ឬអនុប្រធាននៅឡើយទេ»។
ចំណែកលោក សឺន ស៊ូប៊ែរ្ដិ៍ អតីតសមាជិកសភា និងជាប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ថា បើសិនជាមិនមានសមាជិកសភាជាប់ឆ្នោតថ្មីចូលរួមប្រជុំតាមរដ្ឋធម្មនុញ្ញកំណត់ទេ សភានោះមិនស្របច្បាប់ឡើយ៖ «បើទិដ្ឋភាពចែងក្នុងរដ្ឋធម្មនុញ្ញគេថា រដ្ឋសភាមានសមាជិក ១២០នាក់យ៉ាងតិច។ អាហ្នឹងទៅជាសភាបាន បើវាអត់គ្រប់ ១២០នាក់ទេ វាធ្វើម៉េចទៅជាសភា? ប្រជុំធ្វើម៉េចបាន? បានត្រូវប្រកាសសុពលភាពសមាជិកសភាមួយៗទៀត បើមិនអ៊ីចឹងវាមានន័យអី! ប្រជុំវាចេះតែបាន ប៉ុន្តែវាមិនមែនសភា បើវាអត់មានគ្រប់នៅហ្នឹងផង»។
រីឯលោក ប៉ុល ហំម អតីតសមាជិកសភាមានប្រសាសន៍ថា ការប្រជុំលើកទី១ របស់សមាជិកសភាជាប់ឆ្នោតត្រូវមានសមាជិកសភាជាប់ឆ្នោតមកពីគ្រប់គណបក្សចូលរួម ដើម្បីប្រកាសសុពលភាពផង និងដើម្បីចូលរួមបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនដឹកនាំសភាផង៖ «និយាយមែនទែនទៅ ការបកស្រាយវាផ្សេងពីគ្នាណាស់។ ខ្ញុំ! ខ្ញុំនិយាយមែនទែន កាលពីខ្ញុំធ្វើរដ្ឋធម្មនុញ្ញដំបូងនោះក៏ខ្ញុំមិនបាននិយាយថាប្រជុំដំបូង! យើងគិតថា សភាត្រូវមានសមាជិកយ៉ាងតិច ១២០។ ដូច្នេះការបកស្រាយ លោក សុក សំអឿន ការប្រជុំដំបូងត្រូវមានសមាជិក ១២០ កាលណាសមាជិកមិនគ្រប់ ១២០ អាហ្នឹងមិនហៅថាសភាទេ។ លោក សំអឿន និយាយអ៊ីចឹងដូចសមរម្យដែរណា! បើនិយាយមែនទែនទៅការបកស្រាយហ្នឹងទៅតាមច្បាប់ប្រទាំងប្រទើសគ្នា។ អ្នកបកស្រាយចុងក្រោយហ្នឹងគឺក្រុមប្រឹក្សាធម្មនុញ្ញ»។
នៅក្នុងពេលដែលមានការជជែកវែកញែកថា ការប្រជុំលើកទី១ របស់សមាជិកសភាជាប់ឆ្នោតថ្មីត្រូវមានវត្តមានសមាជិកសភា ១២០រូបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២ សីហា ថាការប្រជុំសភាដើម្បីតែងតាំងរដ្ឋាភិបាលថ្មីត្រូវការកូរ៉ុមសមាជិកសភាចូលប្រជុំតែ ៦៣រូបប៉ុណ្ណោះ។
លោក ហ៊ុន សែន៖ «សួរថា តើប្រជុំសភាអាចប្រជុំបានទេបើបក្សប្រឆាំងអត់ចូលរួម? រឿងនេះ វាបានកើតនៅឆ្នាំ២០០៨។ គេថាមាត្រា ៧៦ បើខ្ញុំមិនច្រឡំ គេថាមាត្រា ៧៦ សភាមានសមាជិកយ៉ាងតិច ១២០។ អ៊ីចឹងទេ បញ្ហាដែលចោទឡើងនៅកន្លែងណា? បញ្ហាដែលចោទឡើងនៅត្រង់ថា គេថាបើគេមិនចូលប្រជុំសភាមិនអាចប្រជុំបាន។ អត់ទេ! អត់ខាច់ខាត ព្រោះរឿងនេះកើតឡើងនៅឆ្នាំ២០០៨ ហើយតើ!»។
តបចំពោះការលើកឡើងនេះ លោក ប៉ុល ហំម បានថ្លែងថា បើសិនជាមានការប្រជុំសភាលើកទី១ ដោយមានសមាជិកសភាជាប់ឆ្នោតថ្មីមកពីគណបក្សប្រជាជនកម្ពុជា តែម្នាក់ឯងចូលប្រជុំចំនួន ៦៣ រូបនោះវាមិនមែនជារដ្ឋសភារបស់ជាតិទេ៖ «បើទុកជា ៦៨ និង ៥៥ ក៏ដោយ ហើយដល់ពេល ៥៥ មិនចូលទៅហើយ អាហ្នឹងជាលក្ខណៈនយោបាយមួយទៅហើយ វាមិនអាចធ្វើស្អីទៅកើតនោះទេ»។
នៅក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០០៣ បានចែងទាក់ទងវាក្យខណ្ឌទី១ នៃមាត្រា ៧៦ របស់រដ្ឋធម្មនុញ្ញថា យ៉ាងតិចត្រូវមានសមាជិកជាតំណាងរាស្ត្រ ១២០រូប ទើបអាចបង្កើតរដ្ឋសភាក្នុងនីតិកាលនីមួយៗបាន។ ច្បាប់បោះឆ្នោតមិនអាចកំណត់ចំនួនតំណាងរាស្ត្រតិចជាង ១២០រូបបានឡើយ។
វាក្យខណ្ឌទី១នេះជាលក្ខខ័ណ្ឌចាំបាច់សម្រាប់ការបង្កើតរដ្ឋសភា ប៉ុន្តែមិនមែនសម្រាប់ដំណើរការរដ្ឋសភាទេ។ នៅពេលបោះឆ្នោតចប់ហើយ លទ្ធផលត្រូវឲ្យបានតំណាងរាស្ត្រចាប់ពី ១២០រូបឡើងទៅ តាមការកំណត់នៃច្បាប់បោះឆ្នោតទើបបានអាចបង្កើតរដ្ឋសភានីតិកាលថ្មីមួយបានដោយគោរពទៅតាមនីតិវិធីដែលមានចែងនៅក្នុងមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ គឺថា រដ្ឋសភាដែលកើតចេញពីការបោះឆ្នោតត្រូវចូលកាន់តំណែងជាផ្លូវការនៅពេលសម័យប្រជុំដំបូងតាមការកោះហៅរបស់ព្រះមហាក្សត្រ ហើយនិងមានការប្រកាសសម្រេចសុពលភាពឈ្មោះអ្នកតំណាងរាស្ត្របិទផ្សាយក្នុងមន្ទីររដ្ឋសភានិងជាសាធារណៈ។
មកទល់ពេលនេះ លទ្ធផលការបោះឆ្នោតផ្លូវការមិនទាន់បានប្រកាសនៅឡើយ។ ប៉ុន្តែបើសិនជាមានការប្រកាសលទ្ធផលការបោះឆ្នោតផ្លូវការ ហើយមានតួលេខដូចអង្គការសង្គមស៊ីវិលរកឃើញនោះ គេនៅមិនទាន់ដឹងថា តើគណបក្សសង្គ្រោះជាតិ អាចយល់ព្រមចូលប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើតរដ្ឋសភាអាណត្តិទី៥ បានឬក៏អត់ទេ?
មន្ត្រីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងលទ្ធផលបោះឆ្នោតក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតនេះ ហើយបើគិតជាអាសនៈ គឺបាន ៦៨អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិបានទទួល ៥៥អាសនៈ។ រីឯមន្ត្រីគណបក្សសង្គ្រោះជាតិវិញ បានអះអាងថា ឈ្នះ ដោយគណបក្សបានទទួល ៦៣អាសនៈ ក្នុងចំណោមអាសនៈទាំង ១២៣នៃរដ្ឋសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
