អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញអោយរដ្ឋាភិបាលកម្ពុជា ស្នើទៅអង្គការសហប្រជាជាតិ (អ.ស.ប) អោយស៊ើបអង្កេតករណីវាយដំលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប ដោយក្រុមអ្នកតវ៉ាដែលមានការរៀបចំមួយ។
សេចក្ដីប្រកាសព័ត៌មានរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញនៅថ្ងៃទី២៧ ខែតុលា បានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងលើអ្នកតំណាងរាស្ត្រ ២រូប និងការទាមទារទម្លាក់លោក កឹម សុខា ពីតំណែងជាអនុប្រធានរដ្ឋសភា។ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា អំពើហិង្សានៅខាងមុខរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលា នោះ ប្រហាក់ប្រហែលគ្នានឹងអំពើហិង្សាដែលគណបក្សកាន់អំណាចធ្លាប់ប្រើកាលពីក្នុងទសវត្សរ៍ទី៩០ ដែលគេស្គាល់ថា ជាកម្លាំងវាយបក។
នៅក្នុងឯកសាររបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងរបាយការណ៍របស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ ឬអ៊ុនតាក់ (UNTAC) ធ្លាប់បញ្ជាក់ថា ក្នុងវិធីសាស្ត្រប្រភេទនេះ កម្លាំងវាយបកគឺជាក្រុមដែលមិនមែនជាពលរដ្ឋធម្មតា ប៉ុន្តែមានកំហឹងនឹងគណបក្សប្រឆាំង ហើយការពិតពួកគេត្រូវរៀបចំឡើងដោយចង្កោមអ្នកដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។
នាយកប្រចាំតំបន់អាស៊ីនៃ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ការប្រើប្រាស់មហាជនវាយដំលើក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង គឺជាសញ្ញាមួយប្រាប់ទៅពលរដ្ឋថា អំពើហិង្សាលើអ្នកនយោបាយអាចកើតឡើងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក ប៊្រែដ អាដាម បន្តថា ហេតុភេទអាក្រក់លើអ្នកនយោបាយនេះ គឺដូចគ្នានឹងករណីអំពើហិង្សាកាលពីទសវត្សរ៍ទី៩០ ទៅលើអ្នកប្រឆាំង ដើម្បីទប់ទល់នឹងការប្រណាំងប្រជែងនឹងបក្សដែលដឹកនាំដោយលោក ហ៊ុន សែន។
លោក ប៊្រែដ អាដាម លើកឡើងទៀតថា ករណីនេះចាំបាច់ត្រូវមានការស៊ើបអង្កេតដោយឯករាជ្យដើម្បីនាំអ្នកប្រព្រឹត្តមកផ្ដន្ទាទោស។ ស្របគ្នានេះ ប្រទេសម្ចាស់ជំនួយមិនគួរមើលរំលងហេតុការណ៍នេះទេ គឺត្រូវជំរុញអោយគណបក្សកាន់អំណាចបញ្ឈប់អំពើហិង្សាលើអ្នកនយោបាយប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។