មន្ត្រី HRW ជំរុញ​​ឱ្យ​អាមេរិក​​លុបចោល​​កិច្ចប្រជុំ​​កំពូល​​ពិសេស​​អាស៊ាន-អាមេរិក

0:00 / 0:00

មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ​(Human Rights Watch) ​ជំរុញ​ឱ្យ​អាមេរិក​លុបចោល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋធានីវ៉ាស៊ីនតុន (Washington) នាពេល​ខាងមុខនេះ។ មន្ត្រី​រូបនោះ​ថា សហរដ្ឋអាមេរិក​គួរតែធ្វើ​ដូច្នេះ ដោយសារតែ​ក្រុមមេដឹកនាំ​អាស៊ាន​មួយ​ចំនួន ក្នុងនោះ​រួមមាន​ទាំង​មេដឹកនាំ​កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង មិន​សាកសម​នឹង​ទទួលបាន​ការស្វាគមន៍​នៅ​សេតវិមាន​ប្រធានាធិបតី​អាមេរិក (White House) នោះទេ ដោយសារតែ​ពួកគេ​មាន​ប្រវត្តិ​រំលោភសិទ្ធិមនុស្ស។

នាយករង​ប្រចាំ​តំបន់អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន​​ (Phil Robertson)​ ​ប្រាប់​​វិទ្យុអាស៊ីសេរី ​តាម​សារអេឡិចត្រូនិក​​កាលពីពេល​ថ្មីៗនេះ​ថា ​រដ្ឋបាល​លោកប្រធានាធិបតី បៃឌិន​ (Biden Administration) ​កំពុង​ព្យាយាម​​ធ្វើឱ្យ​ក្រុមមេដឹកនាំ​អាស៊ាន​ចាប់អារម្មណ៍​​ដោយ​អញ្ជើញ​ពួកគេ​ឱ្យ​មកចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​នៅ​សេតវិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន និង​ផ្តល់​ឱ្យ​ពួកគេ​នូវ​កិត្យានុភាព​ប្រកៀកគ្នា​នឹង​ប្រធានាធិបតី និង​ក្រុមអ្នកធ្វើ​គោល​នយោបាយ​​ជាន់ខ្ពស់​​របស់​​អាមេរិក។

មន្ត្រី​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ រូបនេះ​ថា ក្រុមមេដឹកនាំ​ភាគច្រើន​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំងនេះ មានដូចជា ប្រធានាធិបតី​ហ្វីលីពីន​ (The Philippines)​ លោក រូឌ្រីហ្គូ ឌូទែរតេ ​(Rodrigo Duterte)​ នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន សែន និង​​មេដឹកនាំ​ផ្តាច់ការ​​នៃ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ (Vietnam) ​និង​​ឡាវ (Laos) ​ជាដើម ​មិនសាកសម​នឹង​ទទួលបាន​នូវ​ការទទួល​ស្វាគមន៍​ដោយ​កម្រាលព្រំ​ក្រហម​នោះទេ ដោយសារតែ​ពួកគេ​មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើរំលោភ​សិទ្ធិមនុស្ស ហើយ​ពួកគេ​មួយចំនួន​ក៏មាន​បាតដៃ​ប្រឡាក់ឈាម​ដែរ។

លោក ហ្វ៊ីល រ៉ូប៊ើតសុន គូសបញ្ជាក់​ថា ការអញ្ជើញ​ក្រុមមេដឹកនាំ​អាស៊ាន​ទាំងនោះ​ឱ្យ​មកចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ស្មើនឹង​ការបង្កើតឱ្យមាន​ជា​ «កិច្ចប្រជុំ​​កំពូល​​ប្រឆាំង​នឹង​​លទ្ធិប្រជាធិបតេយ្យ» ដែលលោកថា ផ្ទុយគ្នា​ទៅនឹង​សន្និសីទ​​ប្រជាធិបតេយ្យ ដែល​សហរដ្ឋអាមេរិក​ទើបបាន​ធ្វើ​កាលពីខែធ្នូ ឆ្នាំទៅ។

លោក ហ្វ៊ីល រ៉ូប៊ើតសុន បន្តថា ការរៀបចំ​ធ្វើ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​នៅ​សេតវិមាន​ប្រធានាធិបតី មានន័យថា រដ្ឋបាល​លោក បៃឌិន នឹងផ្តល់​ឱ្យ​ក្រុមមេដឹក​នាំ​​មក​ពី​​រដ្ឋាភិបាល​ផ្តាច់ការ​ទាំងនេះ នូវ​ការយល់ឃើញ​ខុស​ដែរថា ពួកគេ​អាចធ្វើ​អ្វី​ៗបាន​ស្រេចតែ​អំពើចិត្ត ទៅលើ​ក្រុមអ្នកនយោបាយ​បក្សប្រឆាំង និង​សកម្មជន​សង្គមស៊ីវិល ហើយ​ពួកគេ​នូវតែ​អាច​ទទួលបាន​នូវ​ការស្វាគមន៍​ដោយ​កម្រាលព្រំ​ក្រហម​ដដែល។

នាយករង​ប្រចាំ​តំបន់អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន ស្នើឱ្យ​រដ្ឋបាល​លោកប្រធានាធិបតី បៃឌិន គួរ​លុបចោល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នេះ ឬ​យ៉ាងហោចណាស់ គួរ​ផ្លាស់ប្តូរ​ទីតាំង​រៀបចំ​កិច្ចប្រជុំ​នេះ​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតុន ដោយជ្រើសរើស​យក​ទីតាំង​ដទៃទៀត ដូចជា​នៅ​​រដ្ឋ​នៅតាម​ឆ្នេរខាងលិច​នៃ​សហរដ្ឋអាមេរិក ដូចដែល​រដ្ឋបាល​លោក បារ៉ាក់ អូបាមា​ (Barak Obama)​ ធ្លាប់បានធ្វើ​កាលពីឆ្នាំ២០១៦ កន្លងទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។