ក្រុមមេដឹកនាំគណបក្សកាន់អំណាចរបស់កម្ពុជា វៀតណាម និងឡាវ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពិភាក្សាពីទិសដៅនៃកិច្ចសហប្រតិបត្តិការរបស់គណបក្សទាំង៣ទៅថ្ងៃមុខ នៅក្នុងជំនួបផ្ទាល់មួយនៅទីក្រុងហាណូយ (Hanoi) ប្រទេសវៀតណាមកាលពីថ្ងៃ អាទិត្យម្សិលមិញ។
មេដឹកនាំនៃបក្សកាន់អំណាចទាំងនោះមាន លោក ហ៊ុន សែន ដែលជាប្រធានគណបក្ស ប្រជាជនកម្ពុជា លោក ង្វៀន ភូជុង (Nguyen Phu Trong) ជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការ បក្សប្រជាជនបដិវត្តន៍ឡាវ។
ក្នុងជំនួបដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុននោះ មេដឹកនាំគណបក្សទាំងបីប្រទេសនេះបានឯកភាពរួមអំពីសារសំខាន់នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតល្មួតរវាងប្រទេសទាំង៣។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា មេដឹកនាំទាំង៣ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយអះអាងថា ដើម្បីប្រយោជន៍ប្រជាជនរបស់ប្រទេសនីមួយៗ ក្នុងគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
បើទោះជាបែបណាក្ដី កន្លងទៅអ្នកឃ្លាំមើលសង្គម និងនយោបាយ តែងស្នើឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន យកចិត្តទុកដាក់ពីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្លួន នៅពេលដែលពូកគេសង្កេតឃើញថា កម្ពុជាតែងចាញ់ប្រៀបវៀតណាម និងឡាវក្នុងទំនាក់ទំនងនេះ ពិសេសការរំលោភបំពានខ្សែបន្ទាត់ព្រំដែន និងការហូរចូលជនជាតិវៀតណាមខុសច្បាប់ចូលមករស់នៅកម្ពុជាជាដើម។
ជំនួបជាមួយមេដឹកនាំវៀតណាមនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ក្រោយពីប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងស្របពេលដែលទាំងកម្ពុជា និងឡាវ រងការរិះគន់ថា កំពុងផ្អៀងខ្លាំងទៅរកប្រទេសចិនកុម្មុយនិស្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។