លោក ហ៊ុន សែន រំលឹកសមាជិកបក្ស ឲ្យបំពេញតួនាទីបំរើជាតិនិងប្រជាពលរដ្ឋ
2022.11.27

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំឭកដល់សមាជិកប្រមាណជាង ៣ពាន់នាក់របស់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តយកចិត្តទុកដាក់ បំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ក្នុងនោះ រួមមានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាដើម។
ការក្រើនរំលឹកនេះធ្វើឡើង ខណៈលោក ហ៊ុន សែន ជួបសំណេះសំណាល ជាមួយសមាជិកសមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀត ចំនួនជាង ៣ពាន់នាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នៅឯវិមាន ៧មករា។
លោកហ៊ុន សែន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា អាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព។ រាល់បញ្ហាកើតឡើងក្នុងសង្គម រួមមាន បញ្ហាដីធ្លី អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព។ ចំណែកឯជំលោះរវាងកម្មករ ជាមួយរោងចក្រ និងក្រុមហ៊ុនវិញ លោក ហ៊ុន សែន ក៏លើកទឹកចិត្តអាជ្ញាធរ ឲ្យព្យាយាមដោះស្រាយជម្លោះទាំងនោះ ក្រៅប្រព័ន្ធតុលាការ។
ទោះជាមានការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះក្តី តុលាការនៅតែបន្តផ្តន្ទាទោសមន្ត្រីបក្សប្រឆាំង សកម្មជនបរិស្ថាន សកម្មជនសហជីព និងសកម្មជនដីធ្លី ជាដើមឲ្យជាប់ពន្ធនាគារ ពីបទចោទប្រកាន់មួយចំនួន ដែលទាំងមន្ត្រីសង្គមស៊ីវិលជាតិនិងអន្តរជាតិលើកឡើងថា គ្មានភស្តុតាងត្រឹមត្រូវ និងផ្អែកលើមូលដ្ឋានច្បាប់ច្បាស់លាស់។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមវិញ ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន មានក្តីបារម្ភជាខ្លាំងចំពោះការកើនឡើងនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងការជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាដើម ដែលសមត្ថកិច្ចមិនលទ្ធភាពចុះបង្ក្រាបឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។