លោក ហ៊ុន សែន ព្រមាន​កម្ទេច​បក្ស​ប្រឆាំង​បន្ថែម​ទៀត បើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា


2019.01.14
លោក ហ៊ុន សែន 011419 ៦២២ លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កាត់​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdec Hun Sen, Cambodia Prime Minister

មេដឹកនាំរបបក្រុងភ្នំពេញ ព្រមានតាមកម្ទេច​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត​ ដោយ​មិន​ទុក​ឲ្យ​មាន​ជីវិត ប្រសិន​បើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា​មែន​នោះ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​​ជាតិ និង​អ្នក​ឃ្លាំ​មើល​កម្ពុជា ហៅ​ការ​ប្រើ​វោហាសាស្ត្រ​គ្រោតគ្រាត មិន​ចំណេញ​ដល់​កម្ពុជា​បែប​នេះ​ថា វា​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​បន្ត​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា។

លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ថា បើ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នោះ គឺ​ស្មើ​នឹង​សម្លាប់​គណបក្ស​ប្រឆាំង។

ថ្លែងក្នុងពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កាត់​ភ្នំពេញ និង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី១៤ ខែ​មករា លោក ហ៊ុន សែន ចោទ​គណបក្ស​ប្រឆាំង​ថា ជា​អ្នក​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។ ដូច្នេះ​លោក​មិន​អាច​អត់ឱន​ឲ្យ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ពីរ​រូប ដាក់​សេចក្តី​ស្នើ​ច្បាប់​មួយស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ពិចារណា​ឡើង​វិញ លើ​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​របប​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើងវិញ​នេះ រួម​មាន ការ​ដក​ទាំង​ស្រុង ព្យួរ ឬ កាត់​បន្ថយ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ដែល​ផ្ដល់​ដល់​កម្ពុជា ដោយសារ​តែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប ដែល​ជា​បណ្តុំ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ក៏​បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​របប​លោក ហ៊ុន សែន តាំងពី​ដើម​ខែ​តុលា ឆ្នាំ២០១៨ ថា នឹង​ដក​ការ​អនុគ្រោះ​ពន្ធ EBA នៅ​អំឡុង​ខែ​មីនា​ឆ្នាំ​នេះ បើ​របប​លោក ហ៊ុន សែន មិន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ​នោះ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើក​ឡើង​ថា ការ​ព្រមាន​កម្ទេច និង​សម្លាប់ បក្ស​ប្រឆាំង​ម្តង​ហើយ​ម្តង​ទៀត​នេះ គឺ​មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ ហើយ​កាន់​បង្ហាញ​ពី​ភាព​ឃោរឃៅ​របស់​លោក ហ៊ុន សែន ដែល​មាន​តាំង​ពី​លោក​នៅ​ធ្វើ​ជា​កម្មាភិបាល​ខ្មែរក្រហម។ លោក បន្ត​ថា ការ​ដែល​អន្តរជាតិ ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ មិន​មែន​ជា​កំហុស​បក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​នោះ​ទេ គឺ​ជា​កំហុស​របស់​លោក ហ៊ុន សែន ផ្ទាល់ ដែល​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា បន្ទាប់​ពី​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ និង​ចាប់​លោក កឹម សុខា ដាក់​គុក​ជា​ដើម៖ «»

លោក អ៊ុំ សំអាន សង្កេតឃើញថា បុរស​ហិង្សា​និយម លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ស្លន់ស្លោ​ខ្លាំង​មែន​ទែន ដោយសារ​តែ​សហគមន៍​អន្តរជាតិ កំពុង​ចាត់​វិធានការ​កាន់​តែ​តាន់តឹង ខណៈ​ដែល​កន្លង​មក លោក ហ៊ុន សែន រឹង​ទទឹង និង​តែងតែ​និយាយ​ត្រឡប់ត្រឡិន​ថា មិន​ខ្វល់ ម្តង​ខ្វល់ ម្តង​មិន​ភ័យ ម្តង​ភ័យ ម្ដង​ថា មិន​ប៉ះពាល់ ម្តង​ថា​ប៉ះពាល់  ជុំវិញ​ការ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក។

លោក អ៊ុំ សំអាន បន្ត​ទៀត​ថា ការ​ប្រើ​ភាសា​កាប់​សម្លាប់​ចេញ​ពី​មាត់​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​អំពើ​រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បំផុត ព្រោះ​នៅ​កម្ពុជា ពុំ​មាន​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត​នោះ​ទេ៖ «»

កន្លងមក លោក ​ហ៊ុន សែន​ តែងតែងប្រើ​ភាសា​ប្រមាថ​អាយុ​ជីវិត​ និង​សម្តែង​ការ​សោក​ស្តាយ ដែល​លោក ​មិន​បាន​សម្លាប់​ថ្នាក់​ដឹក​នាំ ​និង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ជា​ពិសេស​លោក សម រង្ស៊ី ជា​ដើម។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ប្រកាស​បន្ត​កម្ទេច​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ដែល​មាន​និន្នាការ​ផ្ទុយ​នោះ គឺ​មិន​មាន​ផល​ចំណេញ​សម្រាប់​ប្រជា​ពលរដ្ឋ និង​ជាតិ​ខ្មែរ​នោះ​ទេ។ លោក​សំណូមពរ​ឲ្យ​លោក ហ៊ុន សែន គិត​ឡើង​វិញ ដើម្បី​សម្របសម្រួល​ជាមួយ សហគមន៍​អន្តរជាតិ ដែល​ចង់​ឃើញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ៖ «»

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការនាំចេញ​ផលិតផល​ក្នុងស្រុក ដែល​កម្ពុជា​ផលិត ក្នុង​នោះ​មាន​ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ម្ហូបអាហារ និង​ផលិតផល​កសិកម្ម​ជាដើម។

សហរដ្ឋអាមេរិក ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) តាំង​ពី​ឆ្នាំ១៩៩៧។ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ​សរុប​តម្លៃ ៤០០​លាន​ដុល្លារ ពី​សហរដ្ឋ​អាមេរិក តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ។ ចំណែក​ឯ​សហភាព​អឺរ៉ុប ក៏​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ តាម​រយៈ​កម្មវិធី​អ្វីៗ ទាំង​អស់ លើកលែង​តែ​អាវុធ (Everything But Arms, EBA) តាំងពី​ឆ្នាំ២០១២។ ក្នុង​មួយឆ្នាំៗ កម្ពុជា​ទទួល​បាន​ការ​មិន​យក​ពន្ធ សរុប​តម្លៃ​ជិត ៧០០​លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប។

អ្នកវិភាគ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ធ្លាប់​បាន​ព្រមាន​ហើយ​ថា កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន គឺ​មិន​អាច​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​ឡើយ បើ​លោក ហ៊ុន សែន នៅតែ​ចចេស​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ តាម​សំណូម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។