លោក ហ៊ុន សែន គំរាម​តាម​ចាប់​ពលរដ្ឋ​ម្នាក់ ដែល​បញ្ចេញ​មតិ​រិះគន់​លោក នៅ​លើ​ហ្វេសប៊ុក រឿង​ប្ដឹង​មន្ត្រី​អាដហុក

ដោយ ចាន់ ដារ៉ូ
2024.02.06
លោក ហ៊ុន សែន គំរាម​តាម​ចាប់​ពលរដ្ឋ​ម្នាក់ ដែល​បញ្ចេញ​មតិ​រិះគន់​លោក នៅ​លើ​ហ្វេសប៊ុក រឿង​ប្ដឹង​មន្ត្រី​អាដហុក (រូបឯកសារ) លោក ហ៊ុន សែន កាល​ពី​ពេល​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ដែល​បញ្ចេញ​មតិ​រិះគន់​លោក​នៅ​លើ​ហ្វេសប៊ុក​រឿង​យក​ប្រព័ន្ធ​ច្បាប់​ធ្វើ​ជា​ឧបករណ៍​ប្ដឹង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា​សង្គម​ប្រជាធិបតេយ្យ​អ្នក​ដឹកនាំ​គួរ​បើក​ចិត្ត​ទទួល​យក​មតិ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​យក​ទៅ​កែ​លម្អ​ក្នុង​ការដឹកនាំ​ប្រទេស។

អតីត​នាយក​រដ្ឋ​មន្រ្តី​លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​ម្ចាស់​គណនី​ហ្វេកប៊ុក (Facebook) ម្នាក់​ឈ្មោះ ស៊ាង ហៃហេង (Shang Hai Heng) ដែល​ចូល​ទៅ​បញ្ចេញ​មតិ (Comment) រិះគន់​រឿង​លោក​ប្ដឹង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ គឺ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ ដោយ​បញ្ជា​ឱ្យ​មេធាវី​គណបក្ស​កាន់អំណាច​សិក្សា​ផ្លូវ​ច្បាប់​ប្ដឹង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ទៅ​តុលាការ​ ចំពោះ​ការ​អត្ថាធិប្បាយ​ជុំវិញ​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​អតីត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ កន្លង​ទៅ។

ប៉ុន្តែករណី​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឆ្លើយតប​ឌឺដង​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ពួកគេ​ថា​ លោក ហ៊ុន សែន កំពុង​យក​ប្រព័ន្ធ​ច្បាប់​ធ្វើ​ឧបករណ៍​នយោបាយ​ សម្រាប់​ដាក់​សម្ពាធ​លើ​អ្នក​បញ្ចេញមតិ ដូចជា​អ្នក​លេង​ហ្វេកប៊ុក​ម្នាក់​ឈ្មោះ ស៊ាង ហៃហេង (Shang Hai Heng) បាន​សរសេរ​ថា «បើ​គ្មាន​មូលដ្ឋាន​ច្បាប់ សម្ដេច​អាច​បង្កើត​បាន​តើ​សម្ដេច ពីព្រោះ​ច្បាប់​ឥឡូវ​នៅ​លើ​បបូរ​មាត់​របស់​សម្ដេច​ហើយ»។ ភ្លាមៗ នោះ លោក ហ៊ុន សែន បាន​សរសេរ​គំរាម​ទៅវិញ​ថា «បើ​នៅ​ក្នុង​ប្រទេស​ត្រៀម​រត់​ឱ្យ​លឿន»

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ស៊ាង ហៃហេង (Shang Hai Heng) គឺ​លោក ហាច កំហែង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​លោក​ហ៊ាន​បញ្ចេញ​មតិ ពីព្រោះ​លោក​មើល​ឃើញ​លោក ហ៊ុន សែន កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នៅ​ក្នុង​សង្គម ដោយ​ប្រើ​មាត់​ធ្វើ​ជា​ច្បាប់​ទៅ​គាប​សង្កត់ គំរាម​កំហែង និង​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​តាម​អំពើ​ចិត្ត។ លោក​យល់​ថា​សារ​របស់​លោក ហ៊ុន សែន នេះ បើ​សិន​រូប​លោក​រស់​នៅ​ក្នុង​ប្រទេស​វិញ​គឺ​គេច​មិន​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​នោះ​ទេ។ លោក ហាច កំហែង ចាត់​ទុក​ការ​គំរាម​ចាប់​លោក​ញាត់​​គុក​នេះ​ថា គឺ​ជា​ទង្វើ​ផ្ដាច់ការ រំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ។

លោក ហាច កំហែង៖ «ប្រព័ន្ធ​យុត្តិធម៌​ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ទាំងអស់ គាត់​ចង់​ធ្វើ​អ្វី ចង់​ឱ្យ​នរណា​រស់ ចង់​ឱ្យ​អ្នក​ណា​ងាប់​តាម​ចិត្ត ប្រព័ន្ធ​យុត្តិធម៌​គឺ​សូន្យ​តែ​ម្ដង គ្មាន​​ទេ​យុត្តិធម៌​សម្រាប់​អ្នក​មាន​មតិ​ផ្ទុយ​ពី​គាត់។ យើង​​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​គាត់​គំរាមកំហែង​ដល់​ថ្នាក់​ហ្នឹង គាត់​គិត​ថា​កម្ពុជា​​ជា​របស់​គ្រួសារ​​របស់​គាត់​ហើយ​មើល​​ទៅ​​បាន​ដេញ​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​ក្រៅ​ប្រទេស »

លោក ហ៊ុន សែន តែងតែ​ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​​គំរាមកំហែង​តាម​ចាប់​អ្នក​ដែល​ហ៊ាន​ចូល​មក​រិះគន់​លោក។ កន្លងទៅ​លោក​មិន​ត្រឹម​តែ​ខ្លាច​ការរិះគន់​នោះ​ទេ​សូម្បី​តែ​រឿង​យុវជន សួង នាគព័ន្ធ ចូល​បញ្ចេញ​មតិ​ឌឺដង​លោក​រឿង​ភ្នាល់​បាល់​ទាត់​ពិភព​លោក​ចាញ់​គេ ក៏​លោក​ខឹង​សម្បា​ប្រកាស​តាម​រក​ឪពុកម្ដាយ​យុវជន​នោះ​ដល់​ផ្ទះ​ដែរ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ ដែល​ចូល​ទៅ​បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក ក៏​លោក ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ពួកគេ​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ស្រុក​ខ្មែរ​វិញ​ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា​ពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មាន​​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សម្ដែង​មតិ ឬ​បញ្ចេញ​ទស្សន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​ការ​គំរាម​កំហែង​ដើម្បី​ជំរុញ​ឱ្យ​មេដឹកនាំ​ប្រទេស​យក​ទៅ​ពិនិត្យ​ដោះស្រាយ និង​កែ​លម្អ​ចំណុច​ខ្វះខាត​ឱ្យ​ប្រសើរ​ឡើង។ ប៉ុន្តែ​លោក​សោកស្ដាយ​​ដែល​អ្នក​បញ្ចេញ​មតិ​តែងតែ​រង​ការ​ចោទ​ប្រកាន់ ចាប់ខ្លួន និង​ប្ដឹង​ទាមទារ​សំណង​លើស​លុប​ជា​បន្តបន្ទាប់​ដែល​ករណី​ទាំង​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ត​ទៅ​ទៀត។

លោក កើត សារ៉ាយ៖ «ការ​រារាំង ការ​រឹតត្បិត​លើ​ការ​បញ្ចេញ​មតិ​ចំ​លើ​ការ​ចូល​រួម​របស់​ពលរដ្ឋ គឺ​​វា​​មិន​​ចំណេញ និង​ធ្វើ​ឱ្យ​មាន​វិបត្តិ​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ខ្ញុំ​គ្រាន់​តែ​ជូន​ជា​អនុសាសន៍​មួយ​ថា​មនុស្ស​មិន​មែន​សត្វ​គោ​ទេ សត្វ​គោ​កាន់​តែ​វាយ​កាន់​តែ​ធ្វើបាប​កាន់តែ​ខ្លាច តែ​មនុស្ស​បើ​ធ្វើ​ឱ្យ​កាន់​ក្ដៅ​ក្រហាយ និង​មិន​សប្បាយ​ចិត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពីព្រោះ​មនុស្ស​ចេះ​គិត​ពិចារណា ចង់​មិន​ចង់​វា​មិន​ជួយ​​ដល់​​ការ​រក្សា​ឱ្យ​បាន​នូវ​ស្ថិរភាព និង​សន្តិភាព​សង្គម​ទេ​បាទ  »

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ដើម្បី​ឆ្លើយតប​រឿង​បាន​ទេ នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។

សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ជន​គ្រប់​រូប​មាន​សិទ្ធិ​សំដែង​កង្វល់ និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល។ មិន​តែ​ប៉ុណ្ណោះ​ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ស្វែង​រក ទទួល និង​ចែកចាយ​ព័ត៌មាន ឬ​គំនិត​គ្រប់​យ៉ាង​តាម​មធ្យោបាយ ឬ​ទម្រង់​ផ្សេង​គ្នា។

កាល​ពី​ពេល​ថ្មីៗ នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចេញ​របាយការណ៍​រក​ឃើញ​ថា​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​រង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើងៗ ចាប់​តាំង​ពី​មុន​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែកក្កដា​​កន្លង​ទៅ។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​ទៅលើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។