លោក​ ហ៊ុន សែន​ គ្រោង​ចាប់​លោក​ កឹម​ សុខា​ ដាក់​គុក​វិញ​​​​​​បន្ទាប់​ពី​សាលក្រម​សម្រេច​របស់​តុលាការ

0:00 / 0:00

ខណៈ​តុលាការ​កំពុង​ដំណើរ​ការ​ក្តី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​​ចាប់​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​គុក​វិញ ក្រោយ​ពេល​តុលាការ​បញ្ចប់​ការ​ជម្រះ​ក្ដី និង​រក​ឃើញ​ថា​មាន​ទោស។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ថា ជា​សារ​នយោបាយ​បំភិតបំភ័យ និង​គ្រប​សង្កត់​កិច្ចការ​តុលាការ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​មិន​អាច​យក​អធិបតេយ្យ​របស់​កម្ពុជា​ប្ដូរ​យក​ការ​អនុគ្រោះ​ពន្ធEBA ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​មិន​កាត់​ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឡើយ។ មេដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​រូប​នេះ​ ហាក់​និយាយ​ប្រាប់​ទៅ​តុលាការ​ដោយ​ប្រយោល​ទៀត​ថា លោក កឹម សុខា ពិត​ជា​មាន​ទោស​មិន​អាច​ប្រកែក​បាន ហើយ​លោក​ហាក់​ថែម​ទាំង​ដឹង​មុន​សេចក្ដី​សម្រេច​របស់​តុលាការ​ទៀត​ថា លោក កឹម សុខា​ និង​ត្រូវ​កាត់​ឱ្យ​ជាប់​ទោស ពីព្រោះ​លោក​បាន​ត្រៀម​ពន្ធនាគារ​មួយ​ផ្សេង​ទៀត ដែល​លោក កឹម សុខា មិន​ដែល​ធ្លាប់​ជាប់​នៅ​ពេល​កន្លង​ទៅ៖ «អា​មុន​បោះ​ឆ្នោត​អា​ឯង​ឃោសនា​ដូរ​មិន​ដូរ ហ្អែង​ឃោសនា​ត្រូវ​ហើយ ដូរ​មិន​ដូរ​ ដូរ​ហ្នឹង​មុន​បោះ​ឆ្នោត។ តែ​បោះ​ឆ្នោត​រួច​ហើយ​ហ្អែង​មក​ទារ​ដូរ អា​ហ្នឹង​ស្អី ? ។ ផែនការ​ដែល​ផ្ដួល​រំលំ​ចុង​ក្រោយ ដែល​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៣ អា​ហ្នឹង​ជា​ស្អី ? ដែល​ជា​ចុង​បំផុត នាំ​ដល់​មនុស្ស​ស្លាប់​នឹង​របួស​នៅ​ផ្លូវ វេង ស្រេង អា​ហ្នឹង​ជា​ស្អី ? ។ គិត​មិន​ឱ្យ​គេ​កាត់​ទោស ឬ​ស្អី ត្រូវ​តែ​កាត់ ហើយ​ម្ដង​នេះ មិន​មែន​គុក​ត្រពាំង​ផ្លុង​ទេ ប្រាប់​ឱ្យ​ហើយ គឺ​កន្លែង​ផ្សេង។ តែ​សាលក្រម​ចេញ​គ្រឹប​ហើយ គឺ​ដាក់​ហើយ គ្មាន​ទៅ​ទុក​ទេ »

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សហ​មេធាវី របស់​លោក កឹម សុខា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​ នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០​មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​កន្លង​ទៅ​សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ​ធ្លាប់​មាន​ប្រសាសន៍​ថា ​ការ​ចោទ​ប្រកាន់​មក​លើ​កូន​ក្ដី​​នេះ​ជា​រឿង​អយុត្តិធម៌​ និង​ស្នើ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ។ ចំណែក​ការ​ជម្រះ​ក្ដី​​សំណុំ​រឿង​លោក កឹម សុខា ជា​បន្ត​បន្ទាប់​មក​នេះ​មេធាវី​លោក អាង ឧត្ដម ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ បើ​តុលាការ​ ឈរ​លើ​គោលការណ៍​សច្ចៈ​យុត្តិធម៌​ពិតប្រាកដ កូន​ក្ដី​របស់​លោក នឹង​ត្រូវ​តុលាការ​រក​ឃើញ​ថា គ្មាន​កំហុស​អ្វី​ទាំង​អស់។

លោក កឹម សុខា ត្រូវ​​បាន​​សមត្ថកិច្ច​​របប​ក្រុង​​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ២០១៧ ដោយ​​ចោទ​​ប្រកាន់​ពី​​បទ​ត្រូវ​រ៉ូវ​គ្នា​​​ជាមួយ​​បរទេស​ ដើម្បី​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​អង្គការ​​ជាតិ​និង​អន្តរជាតិ ដែល​ឃ្លាំ​មើល​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា មើល​ឃើញ​ថា ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​នេះ ជា​រឿង​នយោបាយ​ ដោយសារ​​លោក ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ។

ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​លោក ​ហ៊ុន​ សែន​នេះ​ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា លើក​ឡើង​ថា ​​នេះ​គ្រាន់​តែ​ជា​សារ​នយោបាយ​របស់​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ​ ដើម្បី​បំភិតបំភ័យ​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង​ឱ្យ​ចុះ​ខ្សោយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​​លោក​ថា ​​សម្ដី​របស់​លោក​ ហ៊ុន សែន​នេះ​​ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​នីតិ​វិធី​ និង​សេចក្ដី​សម្រេច​របស់​តុលាការ ​​ធ្វើ​ឱ្យ​ចៅក្រម​ភ័យ​ខ្លាច បណ្ដាល​ឱ្យ​មិន​អាច​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​​ប្រកបដោយ​យុត្តិធម៌។ ឧទាហរណ៍​កន្លង​ទៅ​មាន​ករណី​មួយ​ចំនួន​ក្រោយ​ពី​លោក ហ៊ុន សែន និយាយ តុលាការ​ក៏​ធ្វើ​តាម ដូច​ជា ករណី​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ចាប់​ខ្លួន​ជិត ១០០នាក់ អំឡុង​យុទ្ធនាការ​បង្ក្រាប​បក្ស​ប្រឆាំង​​កាល​ពី​ឆ្នាំ២០១៩ ហើយ​បន្ទាប់​មក​​ត្រូវ​បាន​ដោះលែង​ភ្លាម​ៗ​ បន្ទាប់​ពី​លោក ​ហ៊ុន សែន ប្រកាស​ឱ្យ​លើក​លែង​ពួក​គេ​វិញ​នោះ៖ «ហើយ​អ្វី​ដែល​សំខាន់​នោះ មិន​មែន​ទៅ​លើ​រឿង​លោក​នាយករដ្ឋមន្ត្រី​អ្នក​សម្រេច ឬ​ក៏​ប្រកាស​អីចឹង​ទេ វា​ត្រូវ​តែ​មាន​ការ​សម្រេច​ពី​តុលាការ។ បើ​សិន​ជា​យើង​និយាយ​ពី​ប្រទេស​នីតិរដ្ឋ​មែនទែន​នោះ​គឺ​ថា ការ​សម្រេច​សេចក្ដី គឺ​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ ដូច្នេះ​គឺ​លោក ហ៊ុន សែន មិន​គួរ​ណា​យក​រឿង​ដែល​កំពុង​តែ​នៅ​ក្នុង​តុលាការ​យក​មក​ធ្វើ​អត្ថាធិប្បាយ​ទេ គឺ​វា​មាន​ឥទ្ធិពល​ណាស់​ទៅ​ដល់​ស្ថាប័ន​តុលាការ »

​​​​​​​​​​​​​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា​ ​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ នឹង​ធ្វើ​ឱ្យ​​នយោបាយ​របស់​កម្ពុជា​កាន់​តែ​អាក្រក់​ទៅ​ និង​ធ្វើ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​​ជាតិ ដោយសារ​​សហភាព​អឺរ៉ុប​នឹង​ផ្ដាច់​ពន្ធEBA ជា​ផ្លូវ​ការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ​លោក នី សុខា បន្ត​ថា ​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ EBA នឹង​​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ ដោយសារ​តែ​ប្រទេស​មួយ​នេះ​រំលោភ​ និង​ពុំ​មាន​ប្រជាធិបតេយ្យ​ពេញលេញ ហើយ​នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទុក​​មិន​ចង់​មក​រក​ស៊ី​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។