លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយសមភាគីវៀតណាមដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាមឲ្យកាន់តែស៊ីជម្រៅ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងលិខិតមួយច្បាប់របស់លោក កាលពីថ្ងៃទី០៥ ខែមេសា ផ្ញើរទៅកាន់លោក ផាម មិញជិញ (Pham Minh Chinh) ក្នុងឱកាសដែលលោកត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម។
លោក ហ៊ុន សែន សរសេរថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ផាម មិញជិញ ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរលង់ ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពុស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ លោក ហ៊ុន សែន ជឿថា កម្ពុជា និងវៀតណាម នឹងអាចជម្នះបាននូវបញ្ហាប្រឈមជាច្រើន ដែលប្រទេសទាំងពីរមិនធ្លាប់ជួបប្រទះ ពិសេសគឺបញ្ហាការរាតត្បាតនៃជំងឺកូវី១៩។
កាលពីថ្ងៃទី០៥ ខែមេសា នោះដែរ លោក ហ៊ុន សែន ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ដែលទើបត្រូវបានជ្រើសតាំងជាប្រធានរដ្ឋ ឬប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម។ លោក ង្វៀន សួនហ៊្វុក បានប្រាប់លោក ហ៊ុន សែន ពីបំណងបន្តអភិវឌ្ឍន៍ទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
គិតរហូតមកទល់ពេលនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម មានរយៈពេល ៥៤ឆ្នាំហើយ។ នារយៈពេលចុងក្រោយនេះ ទំនាក់ទំនងនេះ ស្ថិតក្នុងភាពមន្ទិល ក្រោយកម្ពុជាងាកទៅពឹងមហាអំណាចចិនកាន់តែខ្លាំងជាងពេលណាៗទាំងអស់ ធ្វើជាបងធំទីមួយ ហើយប្រទេសនេះបានពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅកម្ពុជា លើគ្រប់វិស័យ ស្របពេលដែលឥទ្ធិពលរបស់វៀតណាមដែលធ្លាប់លើកបន្តុបលោក ហ៊ុន សែន ឲ្យឡើងកាន់អំណាចកាលពីដើមទសវត្សទី៨០ កំពុងតែថមថយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។