លោក ហ៊ុន សែន បន្តប្រកាសថា អ្នកចេញពីលោក សម រង្ស៊ី ស្វាគមន៍ តែអ្នកភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី ប្រឈមការជាប់ទោស
2023.06.09

លោកនាយករដ្ឋមន្ត្រី ប្រកាសដាក់ទោសបើអ្នកណាហ៊ានភ្ជាប់ជាមួយ លោក សម រង្ស៊ី តែបើអ្នកណាផ្ដាច់ខ្លួនចេញពីមេបក្សរូបនេះ លោក ហ៊ុន សែន ប្រកាសស្វាគមន៍។ ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្ស ជំរុញទៅលោក ហ៊ុន សែន គួរកុំយកអ្នកនយោបាយដែលមានទស្សនៈផ្ទុយពីខ្លួនធ្វើជាសត្រូវ និងគួរទុកផ្លូវឱ្យដល់អ្នកទាំងនោះ ដើម្បីពួកគេបានបម្រើជាតិផង។
បើទោះជាយ៉ាងណាក្ដី គណបក្សភ្លើងទៀន ដែលជាមរតករបស់លោក សម រង្ស៊ី ត្រូវបាន គ.ជ.ប បិទឱ្យចូលរួមការបោះឆ្នោតខាងមុខក្ដីតែ លោក ហ៊ុន សែន នៅតែប្រកាសតាមផ្ដាច់ឫសគល់របស់លោក សម រង្ស៊ី ដដែល។ លោក ហ៊ុន សែន អួតអាងថា ពេលនេះសកម្មជនគណបក្សសង្គ្រោះជាតិ បានមកចុះចូលជាមួយលោកដូចទឹកបាក់ទំនប់។ ទោះយ៉ាងណាក្ដី លោក ហ៊ុន សែន នៅតែហាមឃាត់លោក សម រង្ស៊ី អាចវិលចូលស្រុកវិញបានដដែល ចំណែកមនុស្សក្បែរលោក សម រង្ស៊ី អាចចូលស្រុកវិញ ដោយគ្រាន់តែប្រកាសផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី។
លោក ហ៊ុន សែន៖ «ធ្វើម៉េចឱ្យតែខ្ញុំខឹង ប៉ុន្តែ ឱ្យតែខឹង អញជេរអ្ហែង (លោក សម រង្ស៊ី) អញជេរអាក្បត់ជាតិ៣ជំនាន់ តាអ្ហែងក៏ក្បត់ ឪអ្ហែងក៏ក្បត់ខ្លួនអ្ហែងក៏ក្បត់ព្រោះអ្ហែងជេរស្ដេច ចង់ទម្លាក់ស្ដេចរឿងអីអ្ហែងមិនក្បត់ឱ្យតែអ្នកណាផ្ដាច់ខ្លួនចេញពីមួយហ្នឹងខ្ញុំលើកលែងទោសទាំងអស់ប៉ុន្តែអ្នកណាចូលដៃជាមួយអាហ្នឹងអាហ្នឹង ត្រូវមានទោសនិយាយឱ្យច្បាស់ព្រោះឃុបឃិតជាមួយទណ្ឌិត»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពេលចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា។ បើទោះជាលោក ហ៊ុន សែន ព្រមានដូច្នេះក្ដី ប៉ុន្តែ មន្ត្រីបក្សប្រឆាំងនៅតែរក្សាជំហររត់ចោលលោក សម រង្ស៊ី តាមការអូសទាញរបស់លោក ហ៊ុន សែន នោះទេ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ យល់ថា សាររបស់លោក ហ៊ុន សែន ដែលមានទាំងការលួងលោមផង គំរាមកំហែងផងដូច្នេះ ព្រោះលោក ហ៊ុន សែន ខ្លាចកម្លាំងសម រង្ស៊ី និយម។ លោកបន្តទៀតថា បើទោះជាលោក សម រង្ស៊ី មិនទាន់អាចជាន់ដីខ្មែរជាច្រើនឆ្នាំមកនេះហើយក្ដី តែមេបក្សប្រឆាំងរូបនេះ មានតែមានកម្លាំងនយោបាយពេញផ្ទៃប្រទេស និងគាំទ្ររបស់ខ្លួនយ៉ាងច្រើនដដែល។ អ្នក សម រង្ស៊ី រូបនេះ អះអាងថា បើទោះរូបលោករងការធ្វើទុក្ខបុកម្នេញបែបណា តែលោកនឹងបន្តដើរតាមមារគានយោបាយលោក សម រង្ស៊ី ដដែល។
លោក ដូង ចន្ត្រា៖ «ការតស៊ូ និងការផ្លាស់ប្ដូរទៅតាមផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ ដែលចង់បានសេរីភាព ចង់បានការរស់នៅសមរម្យសេដ្ឋកិច្ចស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង គឺគេមិនដើរតាមលោក ហ៊ុន សែន ទេ គឺរង់ចាំឱកាសណាមួយនឹងងើបឡើង ដើម្បីតស៊ូធ្វើការផ្លាស់ប្ដូររបបផ្ដាច់ការនេះហើយបាទ»។
បើទោះជារបបក្រុងភ្នំពេញ បិទឱ្យគណបក្សភ្លើងទៀន អាចចូលការបោះឆ្នោតជាតិខាងមុខបានក្ដី ប៉ុន្តែ លោក ហ៊ុន សែន ហាក់មានការភ័យខ្លាចនូវចរន្តគាំទ្រ ឬឥទ្ធិពលលោក សម រង្ស៊ី។ លោក ហ៊ុន សែន ថែមទាំងប្រកាសបាញ់សម្លាប់លោក សម រង្ស៊ី ដោយកាំភ្លើងធំប៊េអឹម២១ បើលោក សម រង្ស៊ី ហ៊ានវិលចូលស្រុកវិញ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា គុណវិបត្តិនៃការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយប្រឆាំង ឬអ្នក សម រង្ស៊ី និយម នឹងធ្វើឱ្យប្រទេសកម្ពុជា បាត់បង់ធនធានមនុស្ស ដែលគិតគូរពីបញ្ហាប្រទេសជាតិ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឃើញលោក ហ៊ុន សែន គួរផ្ដល់ផ្លូវដើរដល់អ្នកនយោបាយ ដែលមានផ្ទុយពីលោក ដើម្បីប្រយោជន៍នៅពេលខាងមុខ។
លោក រស់ សុដ្ឋា៖ «អ្នកក្លាហានពិតប្រាកដ គេវាយហើយគេប្រស់ គេមិនវាយហើយគេសម្លាប់ចោលទេ បិទមិនឱ្យមានដង្ហើមរស់ទេ ក្នុងអរិយធម៌ខ្មែរយើងអ្នកដែលធ្វើជាអ្នកក្លាហានត្រូវប្រកាន់គោលការណ៍នេះឯងគេសំដៅមេដឹកនាំខ្មែរហើយអ្នកដែលហាត់ក្បាច់គុន ឬក៏រៀនសិល្បសាស្ត្រអីហ្នឹងត្រូវមានគោលការណ៍ហ្នឹង»។
លោក សម រង្ស៊ី និងបក្ខពួកកំពុងក្លាយជាក្រុមគោលដៅទី២ បន្ទាប់របបខ្មែរក្រហម ដែលលោក ហ៊ុន សែន ប្រកាសតាមកម្ចាត់។ នៅរដូវបោះឆ្នោតនេះ គណបក្សកាន់អំណាច បន្តធ្វើទុក្ខបុកម្នេញលើសកម្មជនប្រឆាំងនៅស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ទន្ទឹមគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា ក៏ប្រមូលទិញសកម្មជនបក្សប្រឆាំង ឬអ្នកឱ្យធ្លាប់សរសេរគាំទ្រគណបក្សសង្គ្រោះជាតិ ឬអ្នកគាំទ្រគណបក្សនេះតាមបណ្ដាញសង្គមហ្វេសប៊ុកក្ដី ឱ្យតែប្រកាសចុះចូលជាមួយបក្សកាន់អំណាចគឺគណបក្សនេះរៀបចំពិធីបញ្ចូលជាសមាជិក និងមានការផ្ដល់យកកាក់ និងតួនាទីក្នុងស្ថាប័នរដ្ឋជាដើមដល់អ្នកទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។