មន្ត្រី​សង្គ្រោះ​ជាតិ​ថា លោក ហ៊ុន សែន ជា​អ្នក​ផ្ដល់​គំរូ​អាក្រក់​ដល់​មន្ត្រី​ថ្នាក់​ក្រោម

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា អនុសាសន៍​របស់​លោក ហ៊ុន សែន រឿង​ចង់​ឱ្យ​​មន្ត្រី​​បម្រើ​ពលរដ្ឋ​ជា​ធំ​នោះ នឹង​មិន​មាន​​ប្រសិទ្ធភាព​ឡើយ ពីព្រោះ​លោក ហ៊ុន សែន ផ្ទាល់​បាន​​ផ្ដល់​គំរូ​អាក្រក់​ជា​ច្រើន​ដល់​មន្ត្រី​ថ្នាក់​ក្រោម ​​ទាំង​រឿង​អំពើ​ពុករលួយ និង​បង្កើត​វប្បធម៌​និទណ្ឌភាព។

ប្រធាន​​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​​ភ្នំពេញ ដែល​កំពុង​រត់​ភៀស​ខ្លួន​​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា ជឿ​ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​​ថ្នាក់ក្រោម​​អាច​ប្រឈម​នឹង​ការ​ដក​​ចេញ​​ពី​តួនាទី ប្រសិន​បើ​ពួក​​គេ​ហ៊ាន​សម្រេច​ចិត្ត​ខ្លួន​​ឯង ដោយ​មិន​ឆ្លង​យោបល់​ពី​​ថ្នាក់​លើ។ ម្យ៉ាង​វិញ​ទៀត លោក​​មើល​ឃើញ​ថា លោក ហ៊ុន សែន ក៏​មិន​មែន​ជា​មេ​ដឹក​នាំ​គំរូ​សម្រាប់​មន្ត្រី​ក្រោម​ឱវាទ​នោះ​ដែរ ដោយសារ​តែ​លោក​ដឹកនាំ​តាម​របៀប​ផ្ដាច់ការ និង​ពុក​រលួយ​។ ជាង​នេះ​​ទៅទៀត លោក​ថា លោក​ ហ៊ុន សែន បាន​បង្កើត​​វប្បធម៌​និទណ្ឌភាព និង​លើក​ទឹក​​ចិត្ត​ដល់​មន្ត្រី​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ ប៉ុន្តែ​បាន​ផល​ប្រយោជន៍​​ដល់​រូប​លោក។

លោក ម៉ន ផល្លា ​លើក​ឧទាហរណ៍​​​ ករណី​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវ​ក្រុម​កង​អង្គរក្ស​លោក ហ៊ុន សែន វាយ​ដំ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រុម​ជន​​ដៃ​ដល់​បាន​​ជាប់​ឃុំ​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ រួច​​ក៏​ត្រូវ​បាន​ដោះលែង និង​ត្រូវ​​ដំឡើង​ឋានន្តរសក្ដិ​ខ្ពស់​ជាង​មុន​ទៅទៀត។​ លោក​​ថា ករណី​មួយ​​ទៀត​នោះ គឺ​មន្ត្រី​រដ្ឋាភិបាល និង​​តុលាការ​ ដែល​មាន​​ស្នាដៃ​ក្នុង​​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ការ​បំផ្លាញ​ចោល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ និង​តួនាទី កាន់​តែ​ខ្ពស់​ផង​ដែរ៖« នេះ​គឺ​ជា​វប្បធម៌​និទណ្ឌភាព​​ដែល​លោក ហ៊ុន សែន តែង​តែ​ប្រើប្រាស់​មនុស្ស​ដែល​រក​ប្រយោជន៍​​ឱ្យ​​គាត់ អ៊ីចឹង​ហើយ​គាត់​មិន​​អាច​ដាក់​ទណ្ឌកម្ម​​ទៅលើ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​​​ឆ្គង​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ជាតិ​នោះ​បាន​ទេ។ គាត់​ត្រូវ​តែ​បិទបាំង​ និង​ការពារ​អ្នក​នោះ​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ថែម​ទៀត​ផង »

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ថ្ងៃទី២៥ កុម្ភៈ​ថា មន្ត្រី​មិន​​ត្រូវ​តាំង​ខ្លួន​​ឯង​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ចាំ​ថា ខ្លួន​​គឺ​ជា​អ្នក​​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ប្រជាពលរដ្ឋ។​ ជាមួយ​គ្នា​នេះ លោក​ ហ៊ុន សែន បាន​ព្រម​មាន​ដក​ចេញ​​ពី​តួនាទី​ចំពោះ​​មន្ត្រី​ណា​ដែល​រង់ចាំ​អនុវត្ត​ការងារ​​តាមតែ​អនុសាសន៍​​ពី​ថ្នាក់​លើ៖« រឿង​យើង​វា​ល្មម​ដល់​ពេល​ហើយ បើ​ស្អីក៏​អនុសាសន៍ៗ បាន​​ជា​ខ្ញុំ​​ចេះ​តែ​ស្រែក​​ថា ចុះ​បើ​​អត់​អនុសាសន៍​​ហ្នឹង វា​ងាប់​ឬ​ស្អី ? តំណែង​គេ​ឱ្យ​​ទៅ​​ធ្វើ​​ហើយ ធ្វើ​​តាម​បទបញ្ជា ឬ​ធ្វើ​តាម​ច្បាប់ ? តួនាទី​​អភិបាលខេត្ត តួនាទី​អភិបាល​ស្រុក តួនាទី​រដ្ឋមន្ត្រី គេ​ចែង​នៅ​ក្នុង​​អនុក្រឹត្យ ព្រះរាជក្រឹត្យ ឬ​ក្នុង​ច្បាប់​អស់​ហើយ នាំគ្នា​ធ្វើ​ទៅ កុំ​ចាំបាច់​អនុសាសន៍​បាន​ធ្វើ »

នេះ​មិន​មែន​ជា​លើក​​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន ក្រើន​រំលឹក​មន្ត្រី​ថ្នាក់ក្រោម​ឱ្យ​​គោរព​តួនាទី​របស់​ខ្លួន។ ជា​ញឹកញាប់​ លោក​​តែង​ប្រដៅ​ពួកគេ​ឱ្យ​បម្រើ​ពលរដ្ឋ​ដោយ​​ស្មោះត្រង់ ហើយ​មាន​ពេល​ខ្លះ​លោ​ក​បាន​ព្រមាន​ដក​មន្ត្រី​​ណា​ដែល​មិន​បម្រើ​ពលរដ្ឋ​ទៀត​ផង ក៏​ប៉ុន្តែ​វិធានការ​នេះ​ត្រូវ​បាន​ក្រុម​​អ្នក​​សង្កេត​ការណ៍​​វាយ​​តម្លៃ​ថា មាន​តែ​លើ​បបូរ​មាត់ ខ្វះ​ការ​​អនុវត្ត​ជាក់​ស្តែង។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​មន្ត្រី​​ភាគច្រើន​​ក្លាយ​ជា​អ្នក​​រង់​ចាំ​អនុវត្ត​តាម​តែ​អនុសាសន៍​នោះ គឺ​ដោយសារ​តែ​អំពើ​ពុករលួយ និង​ការ​ខ្លាច​អំណាច​មន្ត្រី​ថ្នាក់​លើ។ លោក​ពន្យល់​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​មាន​​ជាប់​ពាក់​ព័ន្ធ​ដោយ​​ផ្ទាល់​នឹង​អំពើ​ល្មើស​ច្បាប់ ដូច​ជា ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ទន្ទ្រាន​​​ដី​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ ជាដើម ដូច្នេះ​មន្ត្រី​ថ្នាក់​ក្រោម​មិន​អាច​អនុវត្ត​ច្បាប់​តាម​តួនាទី​របស់​ខ្លួន​ឡើយ។

មន្ត្រី​​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ថ្លែង​ទៀត​ថា ស្ថានភាព​កម្ពុជា​ពេល​នេះ សូម្បី​​តែ​អនុសាសន៍​​របស់​ប្រមុខ​រដ្ឋាភិបាល​ក៏​លែង​មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​គ្មាន​ការ​អនុវត្ត​ជាក់​ស្ដែង ហើយ​ពេល​ខ្លះ​គឺ​នាយក​​រដ្ឋ​មន្ត្រី​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ផ្ទុយ​នឹង​អនុសាសន៍​របស់​ខ្លួន ដោយ​ចេញ​មុខ​ការពារ​មន្ត្រី​អសកម្ម ឬ​មន្ត្រី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស៖« ដូច​ជា ការ​ដក​​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដំបូង នៅ​ពេល​ដែល​ព្រៃឈើ​បាត់បង់​ហ្នឹង អ្នក​ដឹក​នាំ​រដ្ឋ​និយាយ​ចំ​ពីមុខ​ថា លោក​​ខុស​អ៊ីចឹង​ទៅ ឥឡូវ​អនុគ្រោះ​ឱ្យ នាយ​ខណ្ឌ​ក្រោយ​អត់​អ៊ីចឹង​ទេ ក៏​ប៉ុន្តែ​នាយ​ខណ្ឌ​នោះ​ស្រាប់​​តែ​ឡើង​ធ្វើ​រដ្ឋ​លេខាធិការ​។ ដូច្នេះ​អ្នក​​មក​ក្រោយ​ហ្នឹង ចង់ ឬ​មិន​​ចង់ គឺ​ត្រូវ​យក​​គំរូ​​តាម​ហើយ ព្រោះ​គេ​ខុស​ហើយ ហើយ​ចង្អុល​បង្ហាញ​​ជា​សាធារណៈ​ហើយ ទីបំផុត​ឡើង​ឋានៈ​ទៀត ហើយ​រឿង​នេះ​វា​ច្រើន​​ទៀត អ៊ីចឹង​ហើយ​ធ្វើ​​ឱ្យ​​ថ្នាក់​ក្រោម​បាក់ ( ទឹកចិត្ត ) ។ បើ​នៅ​​តែ​ដឹកនាំ​របៀប​អ៊ីចឹង យើង​គិត​​ថា ថ្នាក់ក្រោម​​ចាប់​ពី​ថ្នាក់​ខេត្ត​ទៅ ប្រាកដ​ជា​អត់​មាន​ឆន្ទៈ​ធ្វើ​ការងារ​ អ្នក​បម្រើ​ស្មោះត្រង់​ទេ ព្រោះ​រឿង​កើត​ច្រើន ហើយ​វា​ជា​គំរូ​ទៀត »

ថ្វី​បើ​លោក ហ៊ុន សែន តែង​ណែនាំ​ឱ្យ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​យក​​ចិត្ត​​ទុក​ដាក់​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់​ក៏​ដោយ​ចុះ ក៏​ពេល​ខ្លះ​​លោក​រង​ការ​រិះគន់​ថា ជា​មេ​ដឹក​នាំ​គិត​តែ​ពី​ប្រយោជន៍​​អំណាច​របស់​ខ្លួន ហើយ​សុខ​ចិត្ត​ធ្វើ​បាប​រាស្ត្រ ឬ​មាន​បំណង​យាយី​ជាតិ​​សាសន៍​​របស់​ខ្លួន​ដែរ។ ជា​ឧទាហរណ៍ លោក​ធ្លាប់​​ប្រកាស​ជា​ច្រើន​ដង​ថា លោក​​សោក​ស្ដាយ​ដែល​​​មិន​បាន​​​សម្លាប់​ក្រុម​មេ​ដឹក​នាំ​បក្ស​​​ប្រឆាំង​ ដែល​បាន​ដឹក​នាំ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​​ឆ្នាំ២០១៣ ដោយ​លោក​ចោទ​ថា ពួក​គេ​ចង់​ផ្ដួល​រំលំ​លោក​ពី​អំណាច។ ក្រៅ​ពី​នេះ លោក​​បាន​គំរាម​ប្រើ​​គ្រាប់​រ៉ុក្កែត និង​អាវុធ​គ្រប់​ធុន​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្លួន​ឯង ប្រសិន​បើ​ពួកគេ​ហ៊ាន​អម​ដំណើរ​ក្រុម​​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​វិញទៀត​ផង។

មន្ត្រី​​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ជឿ​ជាក់​ថា ទាល់​តែ​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​សព្វ​ថ្ងៃ ទើប​កម្ពុជា​អាច​មាន​មន្ត្រី​ល្អ​ច្រើន​ដែល​បម្រើ​រាស្ត្រ​ពិត​ប្រាកដ ក៏​ប៉ុន្តែ​ប្រសិន​បើ​លោក ហ៊ុន សែន​ នៅ​តែ​បន្ត​កាន់​អំណាច​នោះ លោក​​យល់​ថា ​កម្ពុជា​នឹង​​មិន​អាច​ផ្លាស់​ប្តូរ​ទៅ​រក​​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ដែល​ឱ្យ​តម្លៃ​ខ្លាំង​លើ​ផល​ប្រយោជន៍​ពលរដ្ឋ​បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។