លោក ហ៊ុន សែន មិន​ព្រម​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដោយ​ហៅ​ការ​ទាមទារ​​របស់​អន្តរជាតិ​ថា គ្មាន​មូលហេតុ​ត្រឹមត្រូវ

ដោយ សុជីវី
2020-01-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន រក្សា​ជំហរ​មិន​ព្រម​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស តាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ។ លោក​ថា ហេតុផល​នៃ​ការ​ទាមទារ​​របស់​សហគមន៍​អន្តរជាតិ​ទាំង​នោះ មិន​សម​ហេតុផល។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង គាំទ្រ​ការ​ទាមទារ​របស់​សភាព​អឺរ៉ុប និង​ហៅ​ជា​ការ​សម​រម្យ​បំផុត។

ថ្លែង​ក្នុង​ពិធី​បុណ្យ ៧ មករា ខួប​ទី ៤១ឆ្នាំ លោក ហ៊ុន សែន ប្រកាស​ថា នឹង​មិន​ព្រម​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ទេ តែ​បាន​​ចោទ​អ្នក​ទាមទារ​​​ទៅ​វិញ​ថា បាន​បង្ខំ​ឲ្យ​​របប​លោក​មិន​អាច​អនុវត្ត​ច្បាប់​ជាតិ​ ដែល​​របប​ក្រុង​ភ្នំពេញ​បាន​តាក់តែង​ឡើង។

សហគមន៍​អន្តរ​ជាតិ កំពុង​ថ្កោល​ទោស និង​​​ដាក់​កំហិត​ឲ្យ​របប​លោក ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​បាន​ដាច់​ខាត នៅ​​មុន​ថ្ងៃ​ទី១២ កុម្ភៈ ខាង​មុន​នេះ។ តែ​លោក ហ៊ុន​ សែន លើក​ឡើង​​ថា របប​លោក​កំពុង​តែ​គោរព​ ថែរក្សា និង​លើក​កម្ពស់​​លទ្ធិ​ប្រជាធិបតេយ្យ​រាល់​ថ្ងៃ ដោយ​​ឥត​ឈប់​ឈរ ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន៖ «ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ​​ណា​មួយ ដែល​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លះ បាន​លើក​ឡើង ដដែលៗ អំពី​ការ​ស្ដារ​ឡើង​វិញ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​​​នៅ​កម្ពុជា​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា មជ្ឈដ្ឋាន​ទាំង​នោះ នឹង​ពិចារណា​ឲ្យ​ត្រឹមត្រូវ ចំពោះ​ការ​វិវត្តន៍​ប្រកប​ដោយ​ភាព​វិជ្ជមាន​នៅ​កម្ពុជា ហើយ​គោរព​ចំពោះ​សិទ្ធិ ​និង​ការ​ជ្រើស​រើស​របស់​ប្រជាជន​កម្ពុជា នូវ​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍន៍​​របស់​ខ្លួន ដែល​ស្រប​ទៅ​នឹង​ប្រវត្តិ​សាស្ត្រ​ ស្ថានភាព​ សង្គម​ វប្បធម៌​ និង​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន»

ថ្វី​បើ លោក ហ៊ុន សែន ថា ហេតុផល​របស់​សហភាព​អឺរ៉ុប​មិន​សម​ទំនង ប៉ុន្តែ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​របប​ក្រុង​ភ្នំពេញ កម្រាស់ ៧០ទំព័រ។ របប​ លោក ហ៊ុន សែន បាន​ព្យាយាម​ប្រកែក​រាល់​ការ​ចោទ​ប្រកាន់​ និង​បាន​ផ្ញើ​របាយការណ៍​ការពារ​ខ្លួន ​ជូន​សហភាព​អឺរ៉ុប​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៩។ នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ខាង​មុខ​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប នឹង​សម្រេច​ថា ឲ្យ​របប​ក្រុង​ភ្នំពេញ​​ បន្ត​ការ​មិន​បង់​ពន្ធ ឬ​តម្រូវ​ឲ្យ​បង់​ពន្ធ​ រាល់​មុខ​ទំនិញ​នាំ​ចូល​ទៅ​អឺរ៉ុប ចំពោះ​ការ​រឹង​ទទឹង មិន​ព្រម​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ តាម​ការ​ទាមទារ​នោះ។

អ្នក​វិភាគ​នយោបាយ​ លោក គឹម​ សុខ អះអាង​ថា សហភាព​អឺរ៉ុប​មាន​ហេតុផល​ច្បាស់លាស់​ និង​ត្រឹម​ត្រូវ​ណាស់ ក្នុង​ការ​ទាញ​​របប លោក ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ឲ្យ​ត្រឹមត្រូវ​។ លោក គឹម សុខ ថា ប្រជាធិបតេយ្យ ដែល​លោក ហ៊ុន សែន តែង​លើក​ឡើង​ការពារ​ខ្លួន​នេះ​ គឺ​ក្លែងក្លាយ ​​ជា​ប្រជាធិបតេយ្យ​របៀប​​ទឹក​កន្លះ​ក្អម ​បំពាន​​រដ្ឋធម្មនុញ្ញ និង​បំភ្លៃ​ប្រវត្តិសាស្ត្រ៖ «ការ​បំភ័ន្ត​ប្រវត្តិសាស្ត្រ​បែប​នេះ​ហើយ ហើយ​ការ​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ​របស់​ លោក ហ៊ុន សែន ដែល​កំពុង​តែ​ធ្វើ​ គឺ​ប្រជាធិបតេយ្យ​ទឹក​កន្លះ​ក្អម ដែល​គេ​បង្កើត​ឡើង ដើម្បី​​តែ​ការពារ​អំណាច​របស់​គេ​ ហើយ​និង​បម្រើ​បក្ខពួក​របស់​គេ​ ដែល​នៅ​ពី​ក្រោយ​ ដែល​បាន​លើក​បន្តុប​គេ​ឲ្យ​ឡើង​កាន់​អំណាច​ តាំង​ពី​ឆ្នាំ១៩៧៩ មក​ដល់​ឥឡូវ​ហ្នឹង»

ជំទប់​ទី​២ ជាប់​ឆ្នោត​ ​ឃុំ​ក្ដី​រុន ស្រុក​ពួក ខេត្ត​សៀមរាប លោក ឈុន វាន និយាយ​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ទទួល​ស្គាល់​កំហុស និង​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ ទើប​ខំ​ប្រកែក ​ចោទ​គេ​ឯង​ថា មិន​សម​រម្យ មិន​ត្រឹមត្រូវ ជាដើម។ ​លោក​ថា លោក ហ៊ុន សែន​ ទេ ដែល​ប្រឹង​ប្រកែក​គ្រប់​ពេល ដើម្បី​ថែរក្សា​អំណាច​របស់​ខ្លួន។ ឯ​សហគមន៍​អឺរ៉ុប គ្រាន់​តែ​ចង់​ឲ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

in fact he fears himself if Cambodian pple of power wake up call the entire the country...he's gonna to hell sooner rather later

Inside CCP's gpvm't says...NVC's collusion EBA/GPS with behind tmil HunSen puppet govm't not to save the EU's EBA/GPS sanctions coming.Because,nvc try to keep its puppet govm't in control and let this EBA/GPS policy switch it to nvc's economic growth rather better to feed a laziness its puppet govm't who depending on China's iv supply each year"world worst foreign beggar on the planet".

Jan 07, 2020 12:46 PM

គេហទំព័រ​ទាំងមូល