លោក ហ៊ុន សែន ខឹង​សម្បារ​នឹង​អ្នក​បន់​ឱ្យ​លោក​ឆាប់​ស្លាប់​ពេល​លោក​ទៅ​ព្យាបាល​នៅ​សិង្ហបុរី

ដោយ ទីន ហ្សាការីយ៉ា
2019.07.07
ហ៊ុន សែន ឈឺ សិង្ហបុរី ៦២២ លោក ហ៊ុន សែន ពេល​សម្រាក​ព្យាបាល​ជំងឺនៅ​ប្រទេស​សិង្ហបុរី​។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ ប្រតិកម្ម​ខឹង​សម្បារ ដល់​អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) ដែល​ហ៊ាន​ចូល​ទៅ​បញ្ចេញមតិ (Comment) បន់ស្រន់​ឱ្យ​លោក​ស្លាប់ ដោយសារ​ជំងឺ​។ ប្រតិកម្ម​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​លោក កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី។

លោក ហ៊ុន សែន ថា មាន​មនុស្ស​មួយ​ចំនួន ដែល​លោក​ថា ជន​មួយ​ក្ដាប់​តូច លួច​ចូល​បញ្ចេញមតិ ឬ​បង្ហោះ​តាមហ្វេសប៊ុក​បន់​ឱ្យ​លោក​ឆាប់​ស្លាប់ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ស្ថានភាព​ជំងឺ​របស់​របស់​លោក។ លោក ហ៊ុន សែន ព្រមាន​ឱ្យ​អ្នក​ហ៊ាន​បង្ហោះ​សារ​បន់​ឱ្យ​លោក ឆាប់​ស្លាប់ ឬ​ក្លែង​ស្ថានភាព​ជំងឺ​របស់​ឱ្យ​ឈប់​ជាបន្ទាន់ ព្រោះ​លោក​មិន​ងាយ​ស្លាប់​ទេ។

លោក ហ៊ុន សែន ហៅ​ការ​ចូល​ទៅ​បញ្ចេញមតិ និង​បង្កើត​ព័ត៌មាន​ថា លោក​ឈឺ​ធ្ងន់ ជា ការ​ធ្វើ​នយោបាយ​រង់ចាំ​ឱ្យ​លោក​ស្លាប់ ដើម្បី​ដណ្ដើម​អំណាច​។ តែ​លោក​ផ្ដាំ​ថា ឱ្យ​រង់​ចាំជាតិ​ក្រោយ ព្រោះ​យមរាជ​មិន​ត្រូវ​ការ​ជីវិត​លោក​ទេ រយ​:​ពេល​៤០​ឆ្នាំ​ទៅមុខ​នេះ។ លោក ហ៊ុន សែន ឆ្លៀត​ខ្ចី​ឈ្មោះ យមរាជ​មក​កេង​ចំណេញ​នយោបាយ លាប​ពណ៌​បក្ស​ប្រឆាំង​ថា យមរាជ​ត្រូវ​ការ​ឱ្យ​លោក​នៅ​បម្រើ​ប្រជាជន និង​កម្ចាត់​អ្នកប្រឆាំង ដែល​លោក​ថា ពួក​ក្បត់​ជាតិ ដើម្បី​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ។

វា​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ហ៊ុន សែន ខឹង​អ្នក​បង្ហោះ​ព័ត៌មាន​ថា លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ស្លាប់ ឬ​ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ​។ កាលពី​ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ខឹង​អ្នក​បង្ហោះ​ហ្វេសប៊ុក​ម្នាក់ ថា លោក​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ លោក ហ៊ុន សែន កាល​ណោះ បាន​យក​ឱកាស ចុះ​ទៅ​សម្ពោធ​ស្ពាន​ជ្រៃ​ធំ នៅ​ជិត​ព្រំដែន​កម្ពុជា វៀតណាម អះអាង​ថា លោក​គ្មាន​ពូជ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ឆ្កួត​ឡប់​ទេ​។ តែ​លោក​បែរ​ព្រមាន ថា បើ​លោក​ឆ្កួត ឬ​ដាច់​សរសៃឈាម​ខួរក្បាល ប្រទេស​កម្ពុជា​នឹង​ចលាចល។ «»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ជា​សីលធម៌ អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មិន​គួរ​ចូល​ទៅ​បញ្ចេញមតិ ឬ​បង្ហោះ​ព័ត៌មាន មិន​ពិត ជា​ការ​ប្រមាថ​អាយុជីវិត​គេ​ឡើយ។ ប៉ុន្តែ លោក​សង្កេត​ឃើញ​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ខ្លះ​ធ្លាប់​ថ្លែង​សារ​ប្រភេទ​ហិង្សា​ប្រមាថ​ជីវិត​ពលរដ្ឋ​ដែរ ទើប​បណ្ដាល​ឱ្យ​មានការ​សាប​ព្រួស​សីលធម៌ ប្រមាថ​ជីវិត​គ្នា និង​ពិបាក​ក្នុង​ការ​ហាមឃាត់ ពលរដ្ឋ​មិន​ឱ្យ​ប្រមាថ​ជីវិត​វិញ។ «»

លោក ហ៊ុន សែន កាល​ពី​ពេល​កន្លង​មក ធ្លាប់​ប្រកាស​ថា នឹង​បញ្ជា​ឱ្យ​កម្ទេច​មនុស្ស ចំនួន ២​រយ ឬ ៣​រយ (៣០០) នាក់ ប្រសិនបើ មាន​សញ្ញា​ណាមួយ ដែល​លោក​យល់ថា ជា​សកម្មភាព​ប្រឆាំង​របប​លោក។ លោក ហៅ​ការ​បញ្ជា​ឱ្យ​កម្ទេច​នេះ ជា​រក្សា​សន្តិភាព។ តែ​អ្នកវិភាគ ហៅ​អំពើ​របស់​លោក ហ៊ុន សែន ជា​ការ​រក្សា​អំណាច។ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ឱ្យ​ប្រើ​កាំភ្លើង​យន្ត បាញ់រះ សម្លាប់ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង អ្នក​ហែហម​អម​ដំណើរ ប្រសិនបើ​ពួកគេ​ហ៊ាន​វិល​ត្រលប់​ចូល​កម្ពុជា តាម​ព្រំដែន​គោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។