លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកឡើងវិញនៅថ្ងៃទី២៧ ខែមីនា ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាមធំជាងគេឈ្មោះ អាលសារកាល់ (Alserkal) ថា រដ្ឋាភិបាលរបស់លោកធានានូវការគោរពប្រតិបត្តិគ្រប់សាសនាទាំងអស់ដោយសារីទៅតាមជំនឿរបស់សាសនានីមួយៗ។
ក្រៅពីនេះទៀត លោកជំរុញឲ្យគ្រឹះស្ថានឯកជន និងសាធារណៈ បើកទូលាយឲ្យអ្នកកាន់សាសនាឥស្លាមជាស្ត្រី អាចទទូរក្រមា ឬពាក់ ហីជាប នៅកន្លែងធ្វើការ និងសាលារៀនបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យម្ចាស់សណ្ឋាគារទាំងអស់ ត្រូវរៀបចំឲ្យមានកន្លែងថ្វាយបង្គំសម្រាប់អ្នកកាន់សាសនាឥស្លាម ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទាំងក្នុងតំបន់ និងនៅប៉ែកមជ្ឈិមបូព៌ាកាន់តែច្រើនថែមទៀត។
នៅក្នុងពិធីសម្ពោធវិហារឥស្លាម ធំជាងគេឈ្មោះ អាលសារកាល់ ភ្នំពេញ ដែលមានទីតាំងនៅតំបន់បឹងកក់ ជាប់នឹងទីតាំងដែលក្រុមហ៊ុនស៊ូកាគូ (Sukaku) បូមខ្សាច់ចាក់បឹងកក់ នៅព្រឹកថ្ងៃទី២៧ មីនា នេះ លោក ហ៊ុន សែន មិនបានថ្លែងពីសារនយោបាយអ្វីផ្សេងទេ ក្រៅពីប្រកាសនៅចំពោះមុខជនជាតិចាមអ្នកកាន់សាសនាឥស្លាមជាង ១ម៉ឺននាក់ ក្នុងពិធីសម្ពោធវិហារនោះថា ក្នុងរដ្ឋបាលគ្រប់គ្រងរបស់លោក លោកបើកទូលាយឲ្យមានជំនឿខាងសាសនាគ្រប់សាសនាទាំងអស់នៅកម្ពុជា៖ «»។
លោក ហ៊ុន សែន បន្ថែមថា បច្ចុប្បន្ន នៅវិមានសន្តិភាពដែលជាកន្លែងធ្វើការរបស់រដ្ឋាភិបាល ក៏មានកន្លែងសម្រាប់មន្ត្រីអ្នកកាន់សាសនាឥស្លាមថ្វាយបង្គំ នៅពេលពួកគេអញ្ជើញមកប្រជុំដែរ។ ក្រៅពីនេះទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានខែត្រសៀមរាប ក៏មានសូរ៉ាវថ្វាយបង្គំរបស់សាសនិកឥស្លាមដែរ។
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឹមអៀង បានសំដែងសុទិដ្ឋិនិយមថា បើសិនជានៅតាមសណ្ឋាគារធំៗ មានរៀបចំកន្លែងថ្វាយបង្គំសម្រាប់អ្នកកាន់សាសនាឥស្លាមមែននោះ គឺជាការចាប់អារម្មណ៍មួយទៀតរបស់ភ្ញៀវទេសចរណ៍ជាឥស្លាម ដែលប្រទេសមួយចំនួនគេបានធ្វើដូច្នេះដែរ៖ «»។
ប្រធានកម្មវិធីវិទ្យុផ្សាយសំឡេងជាភាសាចាម លោក ស្លេះ ណាស៊ី មានប្រសាសន៍ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរអ្នកកាន់សាសនាឥស្លាមមកពីក្នុងតំបន់អាស៊ាន និងមជ្ឈិមបូព៌ា បានកើនឡើង។ ភ្ញៀវទេសចរទាំងនោះ មួយចំនួនមកជាក្រុមដើម្បីជួយដល់សហគមន៍ជនជាតិចាមក្រីក្រនៅកម្ពុជា៖ «»។
ការសម្ពោធវិហារឥស្លាម អាលសារកាល់ ភ្នំពេញ នេះ គឺមានភ្ញៀវជាតិ និងអន្តរជាតិមកពីប្រទេសម៉ាឡេស៊ី និងអារ៉ាប់ ព្រមទាំងមកពីប្រទេសមួយចំនួនទៀត។ វិហារនេះ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១១ មក ដោយពាណិជ្ជករអារ៉ាប់រួមអេមីរ៉ាត (United Arab Emirates) លោក អ៊ីសា ពិន ណាសៀរ (EISA BIN NASSER) ដែលចំណាយថវិកាអស់ប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។
វិហារឥស្លាមទាំងអស់នៅទូទាំងប្រទេសកម្ពុជា មានជាង ៥០០វិហារ ដែលថវិកាសាងសង់វិហារស្ទើរតែទាំងអស់បានមកពីសប្បុរសធម៌នៅក្រៅប្រទេស ពិសេសប្រទេសនៅមជ្ឈិមបូព៌ា និងម៉ាឡេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។