រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន រឿង​ទំនាក់ទំនង​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​កម្ពុជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ថ្ងៃ​សៅរ៍​ទី​២២​នេះ​។ អ្នក​ទាំង​ពីរ​បាន ពិភាក្សា​លើ​ការ​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​វិស័យ​សេដ្ឋកិច្ច​បន្ថែម​ទៀត​។ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ យល់ថា ជំនួប​បិទទ្វារ​រវាង​ភាគី​ទាំងពីរ​នេះ អាច​មាន​ចំណុច រសើប​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​បង្ហាញ​ជា​សាធារណៈ។

លោក ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ក្រោយ​ជំនួប​ទ្វេ​ភាគី​នោះ​ថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) បាន​កោតសរសើរ​លោក​ថា ពូកែ​ទប់ស្កាត់​ជំងឺ​កូវីដ និង​ឈ្លាសវៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ទៅ​រក​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​។ លោក​បន្ត​ថា ក្នុង​ជំនួប​នោះ ជប៉ុន ក៏បាន​សន្យា ត្រៀម​ផ្ដល់​ថវិកា​បន្ថែម​ទៀត សម្រាប់​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ និង​ស្នើសុំ​ឲ្យ​បើក​ដំណើរការ​ជើង​ហោះហើរ​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ទាំង​វិស័យ​ពាណិជ្ជកម្ម​ទាំង វិស័យ​សេដ្ឋកិច្ច ទាំង​វិស័យ​ធុរកិច្ច។

លោកនាយក​រដ្ឋមន្ត្រី ឆ្លើយតប​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ជំរុញ​ឲ្យ​បើក​ដំណើរការ​ជើង​ហោះហើរ និង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ឡើងវិញ ក្រោយ​ធូរស្បើយ​ជំងឺ​កូវីដ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។ ក្នុង​រយៈពេល​ប្រមាណ ៩​ខែ នៃ​ឆ្នាំ​២០២០​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​- ជប៉ុន មាន​ជាង​៨​រយ (៨០០)​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ប្រមាណ​៥​រយ​(៥០០) លាន​ដុល្លារ និង​នាំចូល មកវិញ​ប្រមាណ​៣​រយ (៣០០) លាន​ដុល្លារ។

នៅ​ក្នុង​ជំនួប​បិទទ្វារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​បង្ហាញ​ថា តើ​ភាគី​ជប៉ុន បាន​ជជែក​អំពី​វិបត្តិ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា និង​ជំហរ​កម្ពុជា នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ឡើយ។

ទោះ​យ៉ាងណា នៅមុន​ជំនួប​ជាមួយ​លោក ហ៊ុន សែន​នេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ផ្ញើ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថា ប្រទេស​ជប៉ុន នឹង​បន្ត​ផ្តល់ ការ​គាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា អាច​ដើរ​លើ​មាគ៌ា​សំដៅ​ទៅ​រក​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន ដោយ​បញ្ចូល​កម្លាំង​យុវជន​ជា​សសរទ្រូង​។ លើស​ពី​នេះ នៅ​ក្នុង​សេចក្ដី ប្រកាស​របស់​ក្រសួងការបរទេស​ជប៉ុន បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស ជប៉ុន​នឹង​ជជែក​ពី​កង្វល់ និង​ផលប្រយោជន៍​រួម​ទៅលើ​កិច្ច​សហប្រតិបត្តិការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង បើកចំហ និង​បញ្ហា​ក្នុង​តំបន់​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​អាច​មាន​កិច្ចការ​សំខាន់ៗ​ពិភាក្សា​គ្នា​ជាច្រើន​ចំណុច​លើស​ពី​អ្វី​ដែល​លោកនាយ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ជា​សាធារណៈ​។ លោក​ជឿជាក់​ថា ចំណុច​ដែល​ភាគី​ទាំងពីរ បាន​ជជែក​គ្នា​ស៊ីជម្រៅ​នោះ គឺ ជំហរ​របស់​កម្ពុជា​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ខណៈ​កន្លងមក​អន្តរជាតិ មើល​ឃើញ​ថា កម្ពុជា​មាន ជំហរ​លម្អៀង​ទៅ​រក​មហាអំណាច​ចិន៖ «បញ្ហា​ដែល​គាត់​លើក​មក​និយាយ​គឺ​បញ្ហា ទី​១ ជំហរ​កម្ពុជា​នៅ​ក្នុង​តំបន់​ជាពិសេស​គឺ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ -​ ប៉ាស៊ីហ្វិក គេ​ចង់​ឲ្យ​កម្ពុជា​រក្សា​ជំហរ​ចុងក្រោយ ដែល​កាលពី​ប្រជុំ​នៅ​ប្រទេស​វៀតណាម​ថ្មីៗ​នេះ គឺ ជំហរ​របស់​កម្ពុជា​ឈរ​នៅ​កណ្ដាល ខុស​ពី​កន្លងមក​ដែល​កម្ពុជា ប្រកាស​ថា ខ្លួនឯង​ថា អព្យាក្រឹត្យ តែ​ឥរិយាបថ​យើង​ហាក់​ដូចជា ឈរ​នៅ​ខាង ចិន​ជាង»។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ លើកឡើង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​ប្រហែលជា មិន​មាន​ការ​លើកឡើង​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តាម​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ស្នើ​លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) លើកឡើង​ត្រង់ៗ​ទៅ​រដ្ឋាភិបាល​កម្ពុជា អំពី​ក្ដី​បារម្ភ​ចំពោះ​ការ​យាយី ការ​បំភិតបំភ័យ ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​វាយ​ដំ​រាងកាយ និង​ការ​ចាប់​ខ្លួន​តាម​ទំនើងចិត្ត​លើ​មេដឹកនាំ​សហជីព សកម្មជន​ដីធ្លី អ្នកការ​កា​ពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​អ្នកនយោបាយ​ប្រឆាំង​ជាដើម​។ អង្គការ​អន្តរជាតិ​មួយ​នេះ លើកឡើង​ថា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន គួរតែ​ប្រើ​ដំណើរ​នេះ​បង្ហាញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​យល់​ដឹង​ថា ជំនួយ​ហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន​ចាំបាច់​ត្រូវតែ​ដើរ​ទន្ទឹម​ជាមួយ​ការ​ប្តេជ្ញាចិត្ត និង​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​។ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់​ឃើញ​ថា ជំហរ​របស់​ជប៉ុន​ក្នុង​ពេលនេះ គឺ​ហាក់​ដូចជា គាំទ្រ​រដ្ឋាភិបាល​ឡើង​វិញ ផ្ទុយ​ពី​ជំហរ​ក្រោយពេល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​ភ្លាមៗ ដែល​កាលនោះ ជំហរ​ជប៉ុន សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សន្លឹកឆ្នោត​មិន​បាន​ការ​ច្រើន​។ លោក ឯម សុវណ្ណារ៉ា ជឿ​ថា ជំហរ​របស់​ជប៉ុន​បែបនេះ គឺ​មិន​អាច​ជួយ​ជំរុញ​ឲ្យ​មានការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​បានទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។