របប​ក្រុងភ្នំពេញ​ថា ខ្លួន​នឹង​មិន​បញ្ឈប់​ការ​យាយី​ផ្នែក​តុលាការ​លើ​សមាជិក​បក្ស​ប្រឆាំង​ឡើយ

ដោយ ហេង រស្មី
2019-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA

របប​ក្រុងភ្នំពេញ​ច្រាន​ចោល​សំណើ របស់​អង្គការ​សង្គម​ស៊ីវិល​ជាង​៧០ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ស្នើសុំ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​តុលាការ មក​លើ​សមាជិក​បក្ស​ប្រឆាំង និង​ស្នើសុំ​ឱ្យ​ចាត់វិធានការ​ជាក់លាក់​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

របប​ក្រុងភ្នំពេញ ប្រកាស​ថា ការ​ចាត់​វិធានការ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការអនុវត្ត​ច្បាប់​ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ដូច្នេះ​មិន​អាច​បញ្ឈប់​តាម​ការ​ស្នើសុំ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា​នោះ បាន​ទេ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើង​ថា សេចក្ដី​ថ្លែងការណ៍​ដែល​មាន​ការចូលរួម​ពី អង្គការ​-​សមាគម​ជាង​៧០​នេះ គឺជា​គ្រាន់តែ​ជា​ការ​បន្លាច​ក្នុង​រឿង​នយោបាយ​និង​ជា​ឧបករណ៍​របស់ ក្រុម​នយោបាយ​ណាមួយ​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​គោលការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​និង​យកចិត្តទុកដាក់​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​របៀប នេះ​ទេ៖ «ដំណើរការ​តុលាការ​វា​អាច​មាន​ទិដ្ឋភាព​ពីរ​ទីមួយ​ខ្ញុំ​មើល​ឃើញ​ថា ជា​ឧកាស​ដែល​បុគ្គល​ទាំងអស់​ហ្នឹង​ក្នុង​ការ​ប្រើ​ភាព​ទុច្ចរិត​របស់​ខ្លួន។ អាហ្នឹង​ទិដ្ឋភាព​ទីមួយ​ដល់​តុលា​ការដែល​ឆ្លើយតប​ក្នុង​ការ​សង្ស័យ​របស់​តុលាការ​។ អាហ្នឹង​ជា​ដំណើរការ​យុត្តិធម៌​នៅ​គ្រប់​ប្រទេស​គេ​ត្រូវតែ​ធ្វើ​អ៊ីចឹង​ម្ល៉ោះ​ហើយ​យើង​មាន​ឧកាស​ក្នុង​ការ​តវ៉ា​តតាំង​ថា យើង​អត់​មាន​ប្រព្រឹត្តិ​ដូច​អ្វី​ដែល​មានការ​ផ្សព្វផ្សាយ។ ក៏ប៉ុន្តែ​នៅ​ក្នុង​ទិដ្ឋភាព​ទី​ពីរ​គួរ​ឱ្យ​មានការ​កោះហៅ​ជន​ដែល​សង្ស័យ​ដែល​ឆ្លើយតប​សុខដុមរមនា​របស់​មហាជន»

កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៧៣ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ រួមគ្នា​មួយ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​នេះ ចាត់ទុកថា ការ​ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​បែបនេះ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់។ អង្គការ​ទាំងនេះ ក៏​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់វិធានការ​ជាក់ស្ដែង ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ ស្ដារ​សេរីភាព​ពលរដ្ឋ និង​ធ្វើ​យ៉ាងណា​ឱ្យ​ជន​គ្រប់រូប អាច​អនុវត្ត​សិទ្ធិ​សេរីភាព​​របស់​ខ្លួន ក្នុង​ការ​បញ្ចេញមតិ ជួប​ប្រជុំគ្នា និង​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ដោយ​សេរី និង គ្មាន​ការ​រឹតត្បិត ឬ​គំរាមកំហែង​។ សេចក្ដី​ថ្លែងការណ៍​លើកឡើង​ដែរ​ថា ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព មូលដ្ឋាន រួម​ទាំង​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​ជាដើម​ផង​នោះ បាន​នាំ​ឱ្យ​សហភាព​អឺរ៉ុប​ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA

មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ លើកឡើង​ថា ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល គឺជា​ការ​មិន ទទួលខុសត្រូវ និង​ឆ្លើយ​ឱ្យ​តែ​រួចពីមាត់​ប៉ុណ្ណោះ​។ លោក​បន្ត​ថា រដ្ឋាភិបាល មិន​អាច​លាក់បាំង​សកម្មភាព​ធ្វើទុក្ខបុកម្នេញ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ​បានទេ​៖ «ក្នុង​សង្គម​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុងនាម​យើង​ជា​សង្គម​ស៊ីវិល​ដែល​ធ្វើការ​តាមដាន​នៅ ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​សិទ្ធិ​ការងារ ក៏ដូចជា​ការអនុវត្ត​នៅ​សិទ្ធិ​ប្រជាធិបតេយ្យ​ពួក​យើង​ធ្វើការ​តាមដាន និង​ធ្វើការ​វាយតម្លៃ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា។ អ៊ីចឹង​អ្វី​ដែល​យើង​មើល​ឃើញ​ថា សិទ្ធិ​ទាំងអស់​ហ្នឹង​ត្រូវ​បាន​រឹតត្បិត​គឺ​អ្វី​ដែល​ជា​កាតព្វកិច្ច​និង​តួនាទី​អាណត្តិ​របស់​យើង​អនុវត្ត​តាម​បេសកកម្ម និង​ទស្សនវិស័យ​កន្លងមក​ហ្នឹង យើង​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​ការ​ចាត់​វិធានការ​ណា​មួយ​ជាក់លាក់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល»

សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​១៤០ នាក់​ហើយ ដែល​ត្រូវ​បាន​តុលាការ និង​ប៉ូលិស​កោះហៅ​ទៅ​សាកសួរ​នៅ​តាម​ខេត្ត​ជាច្រើន​ដូចជា នៅ​ខេត្ត​បាត់ដំបង កំពង់ធំ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និង ត្បូងឃ្មុំ ជាដើម​។ ក្រៅ​ពី​នេះ អាជ្ញាធរ របប​ក្រុងភ្នំពេញ ក៏បាន​ចាប់​ឃុំខ្លួន​សមាជិក​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន ដោយ​គ្មាន​មូលដ្ឋាន ច្បាស់លាស់​។ ការ​ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​នេះ ក៏​រង​ការរិះគន់ និង​ថ្កោលទោស​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។

សង្គម​ស៊ីវិល យល់ថា​ប្រសិនបើ​រដ្ឋាភិបាល នៅតែ​មិន​បញ្ឈប់​ការ​យាយី​ផ្នែក​តុលាការ​លើ​មន្ត្រី​ប្រឆាំង និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ កម្ពុជា​នឹង​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Sopheak Pouv

របបលោកហ៊ុនសែនយកតុលាការធ្វើជាខែលការពារគ្រាន់ចាប់ពួករិះគន់ តែគ្នាគាត់កុំថាឡើយចាប់ មានតែឡើងសក្តិ

Jun 04, 2019 11:22 PM

stupid=bully=moron=evil

No anybody can fix a stupid person...but everybody can laugh at it....don't wast your times for nothing...and do something else.

Jun 03, 2019 04:02 PM

គេហទំព័រ​ទាំងមូល