មន្ត្រី​ជាន់ខ្ពស់​មហាផ្ទៃ​ព្រមាន​ថា អ្នក​ដែល​បន្ត​ប្រើ​ឈ្មោះ​និង​រចនាសម័្ពន្ធ​បក្ស​ប្រឆាំង​នឹង​ត្រូវ​ផ្ដន្ទាទោស

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ព្រមាន​ជន​ណា​ដែល​នៅតែ​បន្ត​ប្រើប្រាស់​ឈ្មោះ សញ្ញា​សម្គាល់ (Logo) និង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះជាតិ នឹង​ប្រឈម​ការ​ផ្ដន្ទាទោស ដូចជា​ការ​ផាក​ពិន័យ​ជា​ប្រាក់ និង ត្រូវ​ជាប់​ពន្ធនាគារ​ជាដើម។ ប៉ុន្តែ អតីត​សមាជិក​គ.ជ.ប យល់​ថា ការ​ព្រមាន​បែបនេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​បិទ​ផ្លូវ​តវ៉ា ហើយ​ក្រសួង​មហាផ្ទៃ ក៏បាន​លុបឈ្មោះ​គណបក្ស​នេះ ចេញពី​បញ្ជី​ឈ្មោះ​រួចហើយ​ដែរ។ ដោយ​យោង​តាម​ដំណើរ​រឿង​នេះ លោក​អះអាង​ថា បុគ្គល​ណាមួយ​នៅតែ​បន្ត​ប្រើប្រាស់ គ្រប់គ្រង ឬ​ដឹកនាំ​គណបក្ស​នេះ​បន្ត​ទៀត គឺជា​ទង្វើ​ប្រព្រឹត្ត​​​ល្មើស​ទៅ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ការ​ព្រមាន​បែបនេះ​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន បាន​លើក​ឡើង​ទៀត​ថា ករណី​បុគ្គល​ណា​ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​កំហុស​ដូចដែល​លោក​លើកឡើង​នេះ​អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ ២០លាន​រៀល ឬក៏​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅដល់​មួយ​ឆ្នាំ។

ប៉ុន្តែ​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប លោក រ៉ុង ឈុន យល់ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គាំទ្រ​គណបក្ស នយោបាយ​ណាមួយ ហើយ​លោក​បាន​ចាត់​ទុក​ការព្រមាន​បែបនេះ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស។

លោក រ៉ុង ឈុន បន្ត​ទៀត បើ​ទោះ​ជា​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ ជាតិ​ទៅ​ហើយ​ក្តី​ប៉ុន្តែ​អ្នកគាំទ្រ​គណបក្ស​នេះ​គេ​យល់ថា​ការ​រំលាយ​នេះ​មិន​ត្រឹមត្រូវ ដូច្នេះ​ពល រដ្ឋ​នៅ​តែ​មាន​សិទ្ធិ​សេរី​ក្នុង​ការ​ទាមទារ៖ «ចំពោះ​ការព្រមាន​នេះ​គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ទោះបី​តុលាការ​កំពូល​ធ្វើ​សេចក្ដី​សម្រេច​ផ្លូវការ​ក៏ដោយ​ពួកគាត់​នៅ​តែ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទាមទារ»។

ការព្រមាន​នេះ ក្រោយពេល លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោ​ជាតិ អះអាង​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​អ្នកគាំទ្រ និង​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ ជាតិ​ដែល​មាន​ជាប់​បម្រាម​នយោបាយ​បាន​ប្រកាស​ត្រៀម​កម្លាំង​ចាំ​ទទួល​លោក សម រង្ស៊ី។ ទន្ទឹម​ការ​ប្រកាស​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​ប្រកាស​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ចំពោះ​វត្ត មាន​លោក សម រង្ស៊ី និង​អ្នក​ទៅ​ទទួល​លោក សម រង្ស៊ី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​និង​ជា​អ្នក​រៀបចំ​រចនាសម្ព័ន្ធ​ក្នុង​ការ​ចាំ​ទទួល​លោក សម រង្ស៊ី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៧ មករា ថា ការព្រមាន​បែបនេះ​របស់​មន្ត្រី​ក្រសួងមហាផ្ទៃ​គឺជា​ការ​គំរាមកំហែង សកម្មជន និង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​។ ប៉ុន្តែ លោក ម៉ន ផល្លា ថា ការ​គំរាម​នេះ មិន​បាន​ធ្វើ​លោក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ភ័យខ្លាច​ទេ ហើយ​ពួកគេ​នៅ​បន្ត​រៀបចំ​រចនាសម្ព័ន្ធ និង​ផែនការ​រង់ចាំ​ទទួល​លោក សម រង្ស៊ី ដដែល៖ «យើង​អត់​មានការ​ព្រួយបារម្ភ​ឬ​ស្ដាយក្រោយ ដែល​លោក​ប្រធាន​បាន​សម្រេច​ចិត្ត​ច្បាស់លាស់​ហើយ​ថា​គាត់​នឹង​វិលត្រឡប់​ក្នុង​ឆ្នាំ​២០១៩​នេះ ដូច្នេះ​ពួក​យើង​ជា​មន្ត្រី​នៅ​តាម​មូលដ្ឋាន ជា​ប្រជាពលរដ្ឋ​នៅ​រង់ចាំ​ស្វាគមន៍»។

ស្របគ្នា​នេះ​ក្រុម​មេ​យោធា​របប​ក្រុងភ្នំពេញ និង​មេបញ្ជាការ​ស្និត​ជាមួយ​លោក ហ៊ុន សែន បាន​នាំគ្នា​ប្រកាស​ថា​នឹង​កម្ទេច​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​នៅ​ពេល​ឈាន​ជើង​ជាន់​ទឹកដី​កម្ពុជា។

ចំណែក​លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​មេ​យោធា​ទាំងអស់ កុំ​ឱ្យ​ស្ដាប់​តាម​ការ​បញ្ជា​របស់​ជន​ផ្ដាច់ការ លោក ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​កងទ័ព​សម្លាប់ ជីវិត​ពលរដ្ឋ​ខ្មែរ ដូចគ្នា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។