សង្គម​ស៊ីវិល​ថា​ការ​ប្ដូរ​អភិបាល​ខេត្ត​ក្រចេះ​ជា​ការ​ព្រមាន​ដល់​អភិបាលខេត្ត​ផ្សេងទៀត

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ក្រចេះ​របស់​ក្រសួងមហាផ្ទៃ គឺ​ជា​ការព្រមាន​ដល់​អភិបាលខេត្ត​ផ្សេងទៀត ឲ្យ​យកចិត្តទុកដាក់​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។

ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ខេត្ត​នេះ ក្រោយ​ពេល​មាន​ផ្ទុះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជុំវិញ​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន រហូត​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​អាជ្ញាធរ ដោយ​ប្រើ​អាវុធ បាញ់រះ​មក​លើ​ពលរដ្ឋ​តវ៉ា និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ខេត្ត​ក្រចេះ បាន​ផុស​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។

កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បាន​សរសេរ​លិខិត​អញ្ជើញ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​មួយ​ចំនួន​ឲ្យ​ចូលរួម ផ្ទេរ​តំណែង​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ជំនួស​ដោយ​អភិបាលរង​ខេត្ត​ក្រចេះ លោក វ៉ា ថន ឲ្យ​កាន់​តំណែង​ជា​គណ​បញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អភិបាលខេត្ត។ វិធី​ប្រកាស​តែងតាំង​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា ខាងមុខនេះ ដោយ​មាន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​គណៈ​អធិបតី។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា រំពឹង​ថា អភិបាលខេត្ត​ក្រចេះ​ថ្មី នឹង​ពិនិត្យមើល​ករណី​ដែល​ពលរដ្ឋ​ដង្ហោយ​រក​ដំណោះស្រាយ រឿង​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ក្រចេះ និង​បញ្ហា​ប្រឈម​នានា ដែល​ពលរដ្ឋ​កំពុង​រង់ចាំ​ដំណោះស្រាយ​ដោយ​យុត្តិធម៌។ លោក​អង្កេត​ឃើញ​ថា ការ​ផ្លាស់ប្ដូរ​អភិបាលខេត្ត​ថ្មី​នេះ គឺ​ស្រប​ពេល​ដែល​របប​ក្រុងភ្នំពេញ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​ថា ការ​ផ្លាស់ប្តូរ​អភិបាលខេត្ត​ក្រចេះ​នេះ ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​អភិបាល​ខេត្ត​ផ្សេងទៀត​ពិនិត្យមើល​ចំណុច​ខ្វះខាត​នៃ​កិច្ច​ការងារ​របស់​ខ្លួន​ឡើងវិញ និង​កែទម្រង់​ឲ្យ​បាន​ត្រឹមត្រូវ៖ «ជា​រឿង​មួយ​ដែល​ពញ្ញាក់​ស្មារតី​ដល់​អភិបាលខេត្ត​ផ្សេងទៀត​ដែរ ដែល​ខ្លួន​មាន​តួនាទី​ទទួលខុសត្រូវ​ទាំង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ត្រូវ​តែ​មាន​ដុត​ដៃ​ជើង។ យើង​រំពឹង​ថា អភិបាលខេត្ត​ថ្មី​នឹង​ពិនិត្យមើល​ពលរដ្ឋ​ដង្ហោយ​ហៅរក​ដំណោះស្រាយ និង​កន្លងមក​មាន​បញ្ហា​រ៉ាំរ៉ៃ​ត្រូវតែ​ពិនិត្យ»។

យ៉ាងណា​ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ សង្ឃឹម​ថា អភិបាលខេត្ត​ថ្មី​នឹង​យកចិត្តទុកដាក់​បម្រើ​ពលរដ្ឋ​ដោយ​មិន​រើសអើង និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អភិបាលខេត្ត​មុនៗ​ធ្វើ​មិនបាន។ ពួកគេ​អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​ថ្មី បម្រើ​ពលរដ្ឋ​កុំ​រើសអើង​និន្នាការ​នយោបាយ និង​កុំ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បាញ់រះ​មក​លើ​ពលរដ្ឋ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។