"ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​របស់​លោក ហ៊ុន សែន មិន​បាន មក​ពី​គ្មាន​ឆន្ទៈ​ពិតប្រាកដ"

ដោយ ទីន ហ្សាការីយ៉ា
2022.10.01
Share on WhatsApp
Share on WhatsApp
"ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​របស់​លោក ហ៊ុន សែន មិន​បាន មក​ពី​គ្មាន​ឆន្ទៈ​ពិតប្រាកដ" លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​មេ​ដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពី​ថ្ងៃ​ទី៧ មករា ឆ្នាំ​២០២២។
រូបពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ឬ​ភូមា នៅតែ​បន្ត​អូស​បន្លាយ ហើយ​របប​សឹក​នៅតែ​ប្រើ​អំពើ​ហិង្សា​សម្លាប់​ពលរដ្ឋ​ឥត​ឈប់ឈរ។ ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ព្យាយាម​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ​យ៉ាងណាក្ដី ក៏​អំពើ​ហិង្សា​ក្រោយ​រដ្ឋប្រហារ​បង្ហូរឈាម​របស់​មេដឹកនាំ​យោធា កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ជា​លំដាប់ ។​

តើ​មូល​ហេតុអ្វី បានជា​លោក ហ៊ុន សែន ឬ​អាស៊ាន មិនអាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​នេះ​បាន?

ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​ភូមា​ឡើយ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មក​នេះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន មិន​អាច​យក នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​បាន​ឡើយ​។ លោក​បន្ថែម​ថា នយោបាយ​ឈ្នះ​ឈ្នះ របស់​លោក បានតែ​អនុវត្ត​នៅ​កម្ពុជា​ទេ ដែល​លោក ហ៊ុន សែន អាច​ប្រើ​អំណាច​យកឈ្នះ​លើ​គេឯង​បាន។ ក៏ប៉ុន្តែ​ករណី​នៅ​ភូមា​នេះ លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ដោះស្រាយ​ឡើយ រួមផ្សំ​ទាំង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​កំពុងតែ​ជាប់​គាំង​ផង​នោះ។ «»

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ធ្វើជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​តាំងពី​ខែ​មករា​ឆ្នាំ​២០២២​មក។ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ភ្លាម លោក​បាន​ចេញមុខ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ឬ​ភូមា​ដោយ​ឯកតោភាគី​ដ៏​ចម្រូងចម្រាស និង​មាន​ការ​រិះគន់​ពី​សមាជិក​អាស៊ាន​ទៀត​ផង។ លោក​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅ​ជួប​មេដឹកនាំ​យោធា​ខុសច្បាប់​ភូមា​កាលពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០២២​។ លោក ហ៊ុន សែន និង លោក ម៊ីន អ៊ុងលាំង (Min AungHlaing) បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដោយ​ផ្ដោត​សំខាន់​ឲ្យ​បញ្ឈប់​ការប្រើ​អាវុធ ឬ​អំពើ​ហិង្សា​ទៅលើ​ជន​ស៊ីវិល​ភូមា។ ក៏ប៉ុន្តែ​ក្រុម​មេដឹកនាំ​យោធា​មិន​បាន​គោរព​តាម​សន្យា​នេះ​ទេ​។ លោក​ហ៊ុន សែន ត្រលប់​មក​កម្ពុជា​វិញ​ភ្លាម ក្រុម​យោធា​ភូមា​នៅតែ​ទម្លាក់​គ្រាប់​លើ​ភូមិឋាន​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដដែល​។ មក​ទល់​ពេល​នេះ ក្រុម​យោធា​នៅតែ​បន្ត​ប្រើប្រាស់​អាវុធ​សម្លាប់​ជន​ស៊ីវិល ទោះជា​មានការ​ថ្កោល​ទោល​ពី​សហគមន៍​អន្តរជាតិ​ក្ដី។

ចាប់​តាំង​ពី​របប​សឹក​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suukyi) កាល​ពី​ខែកុម្ភៈ​ឆ្នាំ​២០២១ មក របប​សឹក​បាន​សម្លាប់​ជន​ស៊ីវិល​ជិត ២.៣០០នាក់។ តុលាការ​បាន​កាត់ទោស​ប្រហារជីវិត​សកម្មជន​ដែល​ប្រឆាំង​ខ្លួន​ចំនួន​៤​នាក់ និង​ចាប់ខ្លួន​មនុស្ស​ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់​ផ្សេងទៀត​ដាក់​ពន្ធនាគារ។

លោក ហ៊ុន សែន ក្រោយពី​ព្យាយាម​ដោះស្រាយ​ភូមា ដោយ​ឯកតោភាគី​មិន​បាន​ជោគជ័យ លោក​ក៏​ងាក​មក​ដោះស្រាយ​វិបត្តិ​នយោបាយ​ភូមា​ជាមួយ​សមាជិក​អាស៊ាន​វិញ ក្រោយពី​ក្រុម​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី បាន​ចុះទៅ​ជួប​លោក ហ៊ុន សែន និង​ជំរុញ​ឲ្យ​រួមគ្នា​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​ក្នុង​នាម​ជា​អាស៊ាន​វិញ។ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ វិបត្តិ​ភូមា ក៏​នៅ​មិនទាន់ ដោះស្រាយ​បាន​នៅ​ឡើយ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា មូល​ហេតុ​ដែល​អាស៊ាន​មិនទាន់​ដោះស្រាយ វិបត្តិ​ភូមា​នេះ​បាន អាច​មក​ពី​ប្រធាន​អាស៊ាន​ឲ្យ​តម្លៃ​លើ​ក្រុម​មេដឹកនាំ​យោធា​ខុសច្បាប់​ខ្លាំងពេក ដូចជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​ប្រេសិត​អាស៊ាន​ជួប​តែ​ខាង​របប​សឹក ហើយ​មិនបាន​ជួប​ខាង​រដ្ឋាភិបាល​ស្រមោល​ជាដើម ដើម្បី​ស្វែងរក​ការ​ចរចា។ «»

ទាក់ទង​នឹង​បញ្ហា​នេះ នៅក្នុង​ជំនួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ទីក្រុង​ញ៉ូវយក ក្នុង​ឱកាស​លោក​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧​នោះ លោក ហ៊ុន សែន ហាក់​ទទួលស្គាល់​អំពី​ការ​បរាជ័យ​លើ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។ លោក​បាន​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​ប្រធាន​អាស៊ាន គឺ​មាន​បញ្ហា​ប្រឈម​ច្រើន​ដោយសារ​ស្ថានភាព​តំបន់ និង​ពិភពលោក ជាពិសេស​ដូចជា​បញ្ហា​នៅ​មីយ៉ាន់ម៉ា​ជាដើម​។ ទោះជា​បែបនេះ​ក្ដី លោក ហ៊ុន សែន ប្ដេជ្ញា​ថា នឹង​ព្យាយាម​ខិតខំ​ដោះស្រាយ ទោះបីជា​មានការ​លំបាក​យ៉ាងណាក៏ដោយ។

រីឯ​នៅក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ជប៉ុន និង កាល​ពី​ពេល​ថ្មីៗ​នេះ​វិញ លោក​ហ៊ុន សែន​ក៏​លើក​ពី​បញ្ហា​ភូមា​ជាមួយ​មេដឹកនាំ​ជប៉ុន​ដែរ។ លោក ហ៊ុន សែន ថា​នឹង​ស្វះ​សែង​រក​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ ការ​​​លើកឡើង​របស់​លោក ហ៊ុន សែន នេះ នៅ​ស្របពេល​អាស៊ាន​នឹង​បើក​កិច្ចប្រជុំ​កំពូល​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​នេះ។

ទោះបីជា​យ៉ាងនេះ​ក្ដី លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​ឡើយ ពីព្រោះ​ថា លោក ហ៊ុន សែន ជា​គំរូ​មេដឹកនាំ​រដ្ឋប្រហារ​អចិន្ត្រៃយ៍​នៅក្នុង​តំបន់​អាស៊ាន​ស្រាប់​ទៅ​ហើយ។ «»

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ប្រទេស​ភូមា បាន​ថ្លែង​ពី​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​របប​សឹក លោក មីន អ៊ុងលាំង ( Min AungHlaing) កំពុងតែ​រៀបចំ​ផែន​ការ​ចង់​បោះឆ្នោត​ក្លែងក្លាយ​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក ក្លាយទៅជា​រដ្ឋាភិបាល​ស្របច្បាប់​។ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រួប​នេះ ព្រមាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ថា បើសិនជា​មិន​មាន​ចំណាត់ការ​ណាមួយ​ជាក់លាក់​លើ​ក្រុម​មេដឹកនាំ​យោធា​ភូមា​ទេ នោះ​អំពើ​ហិង្សា​សម្លាប់​ជន​ស៊ីវិល​នៅ​ភូមា​នៅតែ​បន្ត​។ ក្រៅ​ពី​នេះ លំហូរ​ជនភៀសខ្លួន​ភូមា​ទៅ​ប្រទេសជិតខាង រួម​ទាំង​អាស៊ាន​ផង​កាន់តែ​ច្រើន​ថែម​ទៀត។

ក្រុម​អ្នក​​តាមដាន​អន្តរជាតិ​លើកឡើង​ថា ប្រសិន​របប​សឹក​រៀបចំ​ការបោះឆ្នោត​ក្លែងបន្លំ​នៅ​ឆ្នាំក្រោយ​មែន នឹង​ធ្វើ​ឲ្យ​ប្រទេស​ពីរ​ទៀត​នៅក្នុង​តំបន់ គឺ​កម្ពុជា និង​ថៃ នឹង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ ដោយសារតែ​ប្រទេស​ទាំងពីរ​នេះ មាន​លំនាំ​នយោបាយ​ប្រហាក់ប្រហែល​នឹង​ភូមា​ដែរ​។ មេដឹកនាំ​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន់អូចា ធ្លាប់​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់ អ្នកស្រី យីង ឡាក់ ចេញពី​រដ្ឋាភិបាល​ស្របច្បាប់​។ រីឯ​លោក ហ៊ុន សែន​វិញ ធ្លាប់​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ បន្ទាប់​មក​លោក ហ៊ុន សែន រៀបចំ​ការបោះឆ្នោត ដោយ​គ្មាន​វត្តមាន​គណបក្សប្រឆាំង ដើម្បី​មានឱកាស​ដឹកនាំ​ប្រទេស​មកដល់​សព្វថ្ងៃ។

ទោះជា​យ៉ាងណា​តួនាទី​របស់​លោក ហ៊ុន សែន ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នេះ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​នេះ​។ ហើយ​បញ្ហា​វិបត្តិ​នយោបាយ​នយោបាយ​នៅ​ភូមា​នឹង​ធ្លាក់​លើ​ដៃ​ឥណ្ឌូណេស៊ី ជា​អ្នក​ដោះស្រាយ​បន្ត ក្រោយពី​ឥណ្ឌូណេស៊ី​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​បន្ត​ពី​លោក ហ៊ុន សែន នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។