មេធាវីអន្តរជាតិរបស់កញ្ញា សេង ធារី ថា លោកនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងកូនក្តីរបស់លោកជាបន្ទាន់។ មេធាវីអន្តរជាតិរូបនេះ ដែលរងនូវបម្រាមមិនឱ្យជាន់ទឹកដីកម្ពុជាជារៀងរហូតដោយសារតែលោករិះគន់ចំណាត់ការរបស់តុលាការកម្ពុជានោះ ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកទទួលបានការឆ្លើយតបជាវិជ្ជមានពីសំណាក់រដ្ឋបាលអាមេរិក ដែលនឹងជួយអន្តរាគមន៍ឱ្យដោះលែងកូនក្តីរបស់លោក។
សូមស្តាប់បទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក ចារិត ហ្គិនស័រ (Jared Genser) ជាមេធាវីអន្តរជាតិរបស់កញ្ញា សេង ធារី ជុំវិញការទាមទារឱ្យដោះលែងកូនក្តីរបស់លោក។
មាន ឫទ្ធិ៖ ក្នុងនាមជាមេធាវីមិនគិតកម្រៃឱ្យកញ្ញា សេង ធារី លោកទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ លោកប្រាកដជាបានឃើញវីដេអូនៃការចាប់ខ្លួននោះ។ តើលោកយល់ឃើញយ៉ាងម៉េចដែរជុំវិញការចាប់ខ្លួនកូនក្តីរបស់លោកនេះ?
ចារិត ហ្គិនស័រ ៖ បាទ! ខ្ញុំពិតជារង្កៀសចិត្ត ហើយក៏មិនភ្ញាក់ផ្អើលទេពីលទ្ធផលនៃការចាប់ខ្លួននេះទេ។ អ្នកដឹងទេ ច្បាស់ណាស់ថា លោក ហ៊ុន សែន ពិតជាខ្លាចកញ្ញា សេង ធារី ខ្លាំងមែនទែន និងសកម្មជននយោបាយដទៃទៀត ដែលត្រូវបានផ្ដន្ទាទោស និងកាត់ទោសជាច្រើនឆ្នាំក្នុងពន្ធនាគារ។ ដូច្នេះ ក្នុងន័យនេះ ទាំងអស់នេះគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ...។ ការពិតនោះគឺថា ច្បាស់ណាស់ថា កញ្ញាត្រូវបានគេឃុំខ្លួនដោយខុសច្បាប់ និងដោយរំលោភច្បាប់រដ្ឋធម្មនុញ្ញ រួមទាំងកាតព្វកិច្ចនានាក្រោមច្បាប់អន្តរជាតិ។ កញ្ញាត្រូវបានឃុំខ្លួនដោយរំលោភលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំដោយសន្តិវិធី សិទ្ធិចូលរួមក្នុងឆាកនយោបាយ ជាដើម។ ដំណើរការកាត់ក្តីទៀតសោតគឺបំពានលើសិទ្ធិទទួលបានការកាត់ក្តីដោយស្មើភាពគ្នានៅចំពោះមុខច្បាប់ជាច្រើនករណីនៅក្នុងដំណើរការក្តីក្តាំជារួមនេះ។ មនុស្សគ្រប់គ្នាដឹងថា នេះគឺជាដំណើរការកាត់ក្តីបែបឆាកល្ខោន ជាការកាត់ក្តីបែបនយោបាយ ដែលត្រូវបានគេធ្វើឡើងឱ្យមើលពីខាងក្រៅទៅថា ជាការកាត់ក្តីរបស់តុលាការ។ ក៏ប៉ុន្តែ តាមពិត វាមិនដូច្នោះឡើយ។ កញ្ញា សេង ធារី ចាត់ទុកដំណើរការកាត់ក្តីនេះថា ពុំមានភាពស្របច្បាប់ឡើយ ប៉ុន្តែ វាជាល្ខោននយោបាយ។ ដូច្នេះ កញ្ញាមានតួនាទីត្រូវសម្ដែង ដែលខុសស្រឡះពីអ្វីដែលជាតុលាការពិតប្រាកដ។
មាន ឫទ្ធិ ៖ តើលោកធ្វើជាតំណាងឱ្យកញ្ញា សេង ធារី ដោយរបៀបណា ខណៈរូបលោកមិនត្រូវបានអាជ្ញាធរកម្ពុជាអនុញ្ញាតឱ្យចូលកម្ពុជាជារៀងរហូតនោះ?
ចារិត ហ្គិនស័រ ៖ បាទ ខ្ញុំគួរកត់សម្គាល់ថា យ៉ាងណាក៏ដោយ ខ្ញុំនឹងធ្វើសំណើទៅទស្សនកិច្ចនៅកម្ពុជាម្តងទៀត បើទោះបីជាមានការលើកឡើងពីបម្រាមនេះជាសាធារណៈក៏ដោយ។ ដោយសារតែកញ្ញា សេង ធារី មានសិទ្ធិជ្រើសរើសមេធាវីដោយខ្លួនឯង ដែលក្នុងចំណោមជម្រើសនោះក៏រួមមានទាំងរូបខ្ញុំ។ យើងនឹងលើកសំណុំរឿងរបស់កញ្ញាទៅប្រាប់ក្រុមការងាររបស់អង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមទំនើងចិត្ត ដែលកន្លងទៅធ្លាប់បានរកឃើញថា មានអ្នកទោសនយោបាយកម្ពុជាមួយចំនួនត្រូវបានឃុំខ្លួននៅកម្ពុជាតាមទំនើងចិត្ត។ ខ្ញុំចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយកូនក្តីរបស់ខ្ញុំនៅក្នុងពន្ធនាគារដើម្បីរៀបចំញត្តិដាក់ទៅអង្គការសហប្រជាជាតិ។ ដូច្នេះ វានឹងក្លាយជាការចាប់អារម្មណ៍ថា តើរដ្ឋាភិបាលកម្ពុជានឹងឆ្លើយតបយ៉ាងដូចម្តេចទៅនឹងសំណើរបស់ខ្ញុំនេះ។ ខ្ញុំសង្ឃឹមថា គេនឹងអនុញ្ញាតឱ្យខ្ញុំចូលទៅកម្ពុជា ដើម្បីឱ្យខ្ញុំអាចបំពេញការងាររបស់ខ្ញុំបាន។ ប្រសិនបើពួកគេមិនអនុញ្ញាតឱ្យខ្ញុំចូលកម្ពុជាទេ នោះវានឹងក្លាយជាឧទាហរណ៍មួយទៀតដែលថា រដ្ឋាភិបាលកម្ពុជារំលោភកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។
ជាការពិត យើងបានជួបពិគ្រោះយោបល់តាមវិធីផ្សេងៗជាមួយមន្ត្រីអាមេរិកាំងជាន់ខ្ពស់នៅសេតវិមាន និងនៅក្រសួងការបរទេសអាមេរិក រួមទាំងសមាជិកសភានៅវិមានកាពីតូល។ យើងដឹងឮទាំងអស់គ្នាហើយថា កញ្ញា សេង ធារី មានសញ្ជាតិពីរ គឺកម្ពុជា និងអាមេរិក។ ដូច្នេះ ខ្ញុំជឿជាក់ថា ករណីនេះ នឹងក្លាយជាការព្រួយបារម្ភពិសេសមួយរបស់សហរដ្ឋអាមេរិក។ តាមរយៈកិច្ចសន្ទនាដំបូងៗ ខ្ញុំទទួលបានចម្លើយជាវិជ្ជមានឆ្លើយតបទោនឹងការស្មើសុំរបស់ខ្ញុំឱ្យជួយអន្តរាគមន៍។ អ្នកដឹងហើយថា លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) បានជួបជាមួយលោក ហ៊ុន សែន កាលពីពេលថ្មីៗនៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ហើយលោកប្រធានាធិបតី បៃឌិន ត្រូវបានគេរំពឹងថា មានបំណងធ្វើដំណើរទៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខនេះ។ យើងនឹងផ្ញើសារយ៉ាងច្បាស់ប្រាប់ទៅកាន់រដ្ឋបាលនេះថា លោកប្រធានាធិបតីមិនគួរយល់ព្រមជួបជាមួយលោក ហ៊ុន សែន ជាលក្ខណៈទ្វេភាគីឡើយ លុះត្រាណាតែលោក ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយដទៃទៀត។
មាន ឫទ្ធិ ៖ ប្រសិនបើកញ្ញា សេង ធារី ត្រូវបានអាជ្ញាធរកម្ពុជាឃុំខ្លួនពេញរយៈពេលកាត់ទោសរបស់កញ្ញារហូតដល់ទៅ ៦ឆ្នាំនេះ តើអ្វីទៅជាផលវិបាកសម្រាប់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន?
ចារិត ហ្គិនស័រ ៖ ខ្ញុំគិតថា ការណ៍ដែលកញ្ញាជាប់ឃុំកាន់តែយូរ នោះនឹងមានការផ្តោតកាន់តែខ្លាំងទៅលើអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើ។ វិធីដ៏ឆ្លាតវៃបំផុតដែលគាត់អាចធ្វើបាន គឺដោះលែងកញ្ញាឱ្យបានឆាប់បំផុត សម្រាលទោសរបស់កញ្ញាដោយផ្អែកលើហេតុផលមនុស្សធម៌ និងប្រើប្រាស់អំណាចតាមរដ្ឋធម្មនុញ្ញរបស់គាត់ដើម្បីលើកលែងទោសដល់កញ្ញា។ ពីព្រោះថាយើងនឹងទទួលបាននូវលទ្ធផលមួយចំនួន ដែលថា កញ្ញានឹងមិនត្រូវជាប់ពន្ធនាគារពេញ ៦ឆ្នាំ នោះឡើយ។ វានឹងមិនកើតមានឡើងនោះទេ។ យើងនឹងមិនឱ្យវាកើតឡើងឡើយ ហើយយើងមិនបោះបង់ការទាមទាររបស់យើងឡើយ។
មាន ឫទ្ធិ ៖ ដោយសារតែកញ្ញាមានសញ្ជាតិអាមេរិកាំង ហើយកញ្ញាក៏ជាមេធាវីនៅរដ្ឋញូវយ៉ក តើមានលទ្ធភាពផ្លូវច្បាប់ដែរឬទេ ដែលថាលោកអាចដាក់បណ្តឹងប្រឆាំងរដ្ឋាភិបាលកម្ពុជាទៅកាន់តុលាការនៅរដ្ឋញូវយ៉ក?
ចារិត ហ្គិនស័រ ៖ អ្វីដែលខ្ញុំអាចនិយាយបាននាពេលនេះគឺថា យើងនឹងពិនិត្យមើលគ្រប់លទ្ធភាពផ្លូវច្បាប់ទាំងអស់ ដើម្បីធានាបានឱ្យមានការដោះលែងកញ្ញា សេង ធារី។ ដូច្នេះ អ្វីដែលយើងអាចធ្វើទៅបានដោយស្របច្បាប់ យើងនឹងពិចារណាធ្វើផ្អែកតាមការវាយតម្លៃរបស់យើងថាតើវានឹងមានផលប៉ះពាល់យ៉ាងណាខ្លះដើម្បីសម្រេចបានគោលដៅចុងក្រោយរបស់យើង ដែលនោះគឺការទទួលបានការដោះលែងកញ្ញាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
មាន ឫទ្ធិ ៖ សំណួរចុងក្រោយរបស់ខ្ញុំ ប្រសិនបើលោកមានឱកាសជួបផ្ទាល់ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តើលោកមានសារអ្វីចង់និយាយប្រាប់ទៅកាន់លោក ហ៊ុន សែន?
ចារិត ហ្គិនស័រ ៖ ខ្ញុំនឹងនិយាយទៅកាន់គាត់ថា ប្រសិនបើគាត់គិតថាគាត់ពិតជាបុរសខ្លាំងមែន ហើយប្រសិនបើពលរដ្ឋពិតជាស្រលាញ់គាត់ខ្លាំងដូចដែលគាត់អះអាងមែន ហេតុអ្វីបានជាកម្ពុជាមានអ្នកទោសនយោបាយ? នេះគឺជាសំណួរដែលខ្ញុំនឹងសួរទៅលោកនាយករដ្ឋមន្ត្រី ដោយសារតែពុំមានចម្លើយផ្សេងទៅនឹងសំណួរនេះទេ លើកលែងតែថាការពិត គាត់ពុំទុកចិត្តខ្លួនឯង និងទន់ខ្សោយតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ គាត់ចង់សំញែងអំណាចរបស់គាត់។ ដូច្នេះ ខ្ញុំនឹងប្រាប់ទៅគាត់ថា បើគាត់ចង់ឱ្យគេស្ញប់ស្ញែងពីអំណាចរបស់គាត់មែន នោះគាត់គួរតែមានភាពថ្លៃថ្នូរ និងសប្បុរស។ គាត់ទទួលបានអ្វីមួយដែលគាត់ហៅថា ជាការឈ្នះការបោះឆ្នោតឃុំសង្កាត់រួចហើយ។ ដូច្នេះ គាត់គួរតែអនុញ្ញាតឱ្យអ្នកទោសនយោបាយទាំងអស់បានចេញពីគុក។ គួរតែអនុញ្ញាតឱ្យមានការលើកលែងទោសទ្រង់ទ្រាយធំ ព្រោះថា ពួកគេពុំបានប្រព្រឹត្តបទឧក្រិដ្ឋឡើយ។ ប្រសិនបើគាត់ហ៊ានធ្វើដូច្នេះមែន ខ្ញុំគិតថា គាត់នឹងត្រូវបានសហគមន៍អន្តរជាតិមើលទៅគាត់ក្នុងក្រសែភ្នែកបែបវិជ្ជមានច្រើនជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។