ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញនៅថ្ងៃទី១៥ វិច្ឆិកា បានសម្រេចបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា ក្រោយចំណាយពេលស៊ើបអង្កេតអស់ជាង ២ឆ្នាំ។ មេធាវីអះអាងថា ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ តុលាការត្រូវតែទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា លោក ផែង ហេង ប្រាប់អាស៊ីសេរីថា ក្រុមមេធាវីនឹងពិភាក្សាគ្នាបន្ថែមទៀតអំពីឯកសារដែលត្រូវដាក់ជូនទៅតុលាការ ក្រោយទទួលដំណឹងអំពីការបិទបញ្ចប់នីតិវិធីស៊ើបអង្កេតក្នុងសំណុំរឿងនេះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រុមមេធាវីនៅតែប្រកាន់ជំហរទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា ដដែល។
ការបិទបញ្ចប់នីតិវិធីស៊ើបអង្កេតនេះ ធ្វើឡើងរយៈពេល ៥ថ្ងៃ ក្រោយពេលតុលាការបានអនុញ្ញាតឱ្យលោក កឹម សុខា មានសេរីភាពដើរហើរពេញផ្ទៃប្រទេស ប៉ុន្តែហាមធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបចំពោះការកោះហៅពីគ្រប់សមត្ថកិច្ច។ វិធានការនេះក៏ធ្វើឡើងនៅក្រោយពេលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានទទូចឱ្យតុលាការបិទការស៊ើបសួរឱ្យបានឆាប់ ឬក៏ទម្លាក់ចោលការចោទប្រកាន់ទាំងឡាយលើលោក កឹម សុខា តែម្ដង។ ក្រៅពីនេះ រដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស សហភាពអឺរ៉ុប ជាដើម សុទ្ធតែចង់ឃើញរដ្ឋាភិបាលកម្ពុជាលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា ព្រមទាំងផ្ដល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដល់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះវិញ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា យល់ថា សំណុំរឿងលោក កឹម សុខា អាចមានសេណារីយ៉ូ៣ កើតឡើង។ លោកថា ទីមួយសំណុំរឿងនេះអាចត្រូវទម្លាក់ចោលនៅដំណាក់កាលចៅក្រមស៊ើបសួរ ទីពីរតុលាការអាចកាត់ឱ្យលោក កឹម សុខា គ្មានទោស និងទីបីតុលាការកាត់ឱ្យលោក កឹម សុខា ជាប់ទោស រួចនាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រដើម្បីព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា នៅក្នុងសេណារីយ៉ូនីមួយៗពោរពេញទៅដោយបញ្ហាស្មុគស្មាញដែលត្រូវដោះស្រាយនៅជំហានបន្ទាប់។ «»
សមត្ថកិច្ចរបបក្រុងភ្នំពេញបានសម្រុកចូលចាប់ខ្លួន លោក កឹម សុខា ដល់ក្នុងផ្ទះទាំងកណ្តាលអធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ទាំងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភា ។ តុលាការដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន បានចោទប្រកាន់មេបក្សប្រឆាំងរូបនេះ ពីបទ "សន្ទិដ្ឋិភាព" ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជាង២ ឆ្នាំ ទាំងការជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះ នៅមុនចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី ប្រកាសបិទបញ្ចប់នីតិវិធីស៊ើបអង្កេតនៅពេលនេះ។
សកម្មជនសិទ្ធិមនុស្ស និងសិទ្ធិការងារ លោក មឿន តុលា យល់ថា ការពន្លឿននីតិវិធីក្នុងសំណុំរឿងលោក កឹម សុខា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រមទាំងការដោះលែងសកម្មជនបក្សប្រឆាំងឱ្យនៅក្រៅឃុំ សុទ្ធសឹងតែជាវិធានការរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហភាពអឺរ៉ុបរឿងដកឋានៈអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ទោះជាយ៉ាងណា លោកថ្លែងថា វិធានការទាំងនេះមិនទាន់គ្រប់គ្រាន់ទៅនឹងលក្ខខណ្ឌដែលសហភាពអឺរ៉ុបបានទាមទារនោះឡើយ ពោលគឺរដ្ឋាភិបាលត្រូវធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជាច្រើនទៀត ដូចជាសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិការងារ ជាដើម។ «»
សហភាពអឺរ៉ុបបានសរសេរនៅក្នុងរបាយការណ៍បឋមរបស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបញ្ចៀសការបាត់បង់ការអនុគ្រោះពន្ធ ពិសេសផ្នែកពាណិជ្ជកម្មនោះឡើយ ជាពិសេសគឺរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យកំណត់ត្រាផ្នែកសិទ្ធិមនុស្សកាន់តែយ៉ាប់យឺន ចាប់តាំងពីសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការត្រួតពិនិត្យកាលពី៩ ខែមុន។ សហភាពអឺរ៉ុបរកឃើញថា មានតែសិទ្ធិការងារ និងសិទ្ធិដីធ្លីទេ ដែលមានការវិវឌ្ឍទៅមុខជាក់ស្ដែង ប៉ុន្តែសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយវិញ មានលក្ខណៈកាន់តែដុនដាប។ របាយការណ៍សម្ងាត់កម្រាស់៧០ ទំព័រដែលសហភាពអឺរ៉ុបផ្ញើទៅរដ្ឋាភិបាលកម្ពុជា បង្ហាញថា ករណីរំលោភបំពានធ្ងន់ធ្ងរជាប្រព័ន្ធលើគោលការណ៍នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) នៅតែកើតមាននៅកម្ពុជា ហើយការរំលោភបំពានធ្ងន់ធ្ងរទាំងនេះជាមូលហេតុដែលនាំទៅរកការព្យួរការអនុគ្រោះពន្ធ EBA។ សហភាពអឺរ៉ុបទុករយៈពេល ១ខែឱ្យរបបក្រុងភ្នំពេញឆ្លើយតបនឹងរបាយការណ៍នេះ មុននឹងសហភាពអឺរ៉ុបសម្រេចចិត្តជាចុងក្រោយអំពីការព្យួរ EBA នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។