ក្រុមប្រពន្ធកូនរបស់សមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ នៅព្រឹកថ្ងៃទី១៦ ខែតុលា នាំគ្នាដាក់បណ្ដឹងទៅតុលាការក្រុងភ្នំពេញ និងដាក់ញត្តិទៅអង្គការយូនីសេហ្វ (UNICEF) ពាក់ព័ន្ធករណីអាជ្ញាធរក្រុងភ្នំពេញ បានចាប់ឃុំខ្លួន និងធ្វើទារុណកម្មលើកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាកូនប្រុសរបស់អ្នកទោសនយោបាយ កាក់ កុម្ភារ។ ក្រុមស្ត្រីអ្នកតវ៉ា ក៏បានស្រែកតវ៉ា និងលើកបដា ទាមទារឲ្យតុលាការដោះលែងប្តីរបស់ពួកគាត់ឲ្យមានសេរីភាពឡើងវិញដែរ។ រីឯកងកម្លាំងសមត្ថកិច្ច និងសន្តិសុខខណ្ឌ ៧មករា ក៏តាមរារាំងក្រុមអ្នកតវ៉ាទាំងនោះតាមទម្លាប់ ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងធ្ងន់ធ្ងរនោះទេ។
ក្រុមស្ត្រីអ្នកតវ៉ាដែលមានគ្នាប្រមាណជាង១០នាក់ បានជួបជុំគ្នានៅម្តុំអាងទឹកអូឡាំពិក ហើយនាំគ្នាដើរទៅដាក់បណ្តឹងជូនសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែភ្លាមៗនោះ មានក្រុមសមត្ថកិច្ច និងសន្តិសុខខណ្ឌ៧មករាជាច្រើននាក់ បានព្យាយាមរារាំងពួកគេមិនឲ្យចូលទៅមុខតុលាការនោះទេ។បន្ទាប់មកក្រុមសន្តិសុខ និងសមត្ថកិច្ច អនុញ្ញាតឲ្យស្ត្រីអ្នកតវ៉ាពីរនាក់គឺប្រពន្ធរបស់លោក ស៊ុន ធន និងប្រពន្ធរបស់លោក កាក់ កុម្ភារ ដែលត្រូវជាម្តាយរបស់កុមារា កាក់ សុវណ្ណច្ឆ័យ ទៅដាក់បណ្តឹងនៅតុលាការ។
ក្រោយដាក់បណ្តឹងរួច ក្រុមស្ត្រីទាំងនោះ បាននាំគ្នាដើរស្រែកតវ៉ានិងលើកបដាទាមទារឲ្យដោះលែងស្វាមី និងទោសមនិសការទាំងអស់ នៅតាមចញ្ចើមផ្លូវឆ្ពោះទៅដាក់ញត្តិនៅអង្គការយូនីសេហ្វ(UNICEF)។ ការដើរតវ៉ានេះ ត្រូវបានក្រុមសមត្ថកិច្ច និងសន្តិសុខខណ្ឌ៧មករា តាមរារាំងនិងរុញច្រានស្ត្រីទាំងនោះជាបន្តបន្ទាប់ ដោយមិនអនុញ្ញាតឲ្យដើរថ្មើជើងនោះទេ ក្រោមហេតុផលប៉ះពាល់សណ្តាប់ធ្នាប់។ ការទប់ស្កាត់នេះ បណ្តាលឲ្យមានការប៉ះទង្គិចពាក្យសម្តី តែមិនបង្កឲ្យអំពើហិង្សានោះទេ ហើយស្ត្រីទាំងនោះ សម្រេចចិត្តនាំគ្នាឡើងជិះមូតូកងបីទៅអង្គការយូនីសេហ្វ ដើម្បីបញ្ជៀសអំពើហិង្សា។
ប្រពន្ធរបស់អ្នកទោសនយោបាយ លោក កាក់ កម្ភារ និងត្រូវជាម្តាយរបស់កុមារារងគ្រោះ កាក់ សុវណ្ណច្ឆ័យគឺ លោកស្រី ព្រហ្ម ចន្ថា រៀបរាប់ថា ការសម្រេចដាក់បណ្តឹងទៅតុលាការ និងដាក់ញត្តិសុំអន្តរាគមន៍ពីអង្គការយូនីសេហ្វនេះ ព្រោះលោកស្រី ចង់ឲ្យតុលាការផ្តន្ទាទោសលើនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ក្នុងនោះមានមេប៉ុស្តិ៍ លោក ជា រតនា ដែលបានចាប់ឃុំខ្លួន និងធ្វើទារុណកម្មលើកូនប្រុសរបស់លោកស្រី។ លោកស្រី បញ្ជាក់ថា អង្គការយូនីសេហ្វ ដែលធ្វើការការពារនិងលើកកម្ពស់ សិទ្ធិ និងសុខភាពកុមារ បានទទួលយកញត្តិរបស់លោកស្រី ហើយសន្យាផ្តល់ចម្លើយក្នុងពេលឆាប់ៗ៖ «ខ្ញុំទាមទារឲ្យតុលាការរកយុត្តិធម៌ឲ្យពួកខ្ញុំវិញ។ ប្រសិនបើតុលាការមានភាពសុក្រិត មានភាពយុត្តិធម៌ពិតមែន ត្រូវតែយកអ្នកដែលធ្វើបាបកូនខ្ញុំ មកផ្តន្ទាទោសតាមច្បាប់ ហើយខ្ញុំអត់មានទាមទារសំណងអីទេ។ ក្មេងអត់ទាន់គ្រប់អាយុទេ ហើយចាប់ពីបទស្អីគេ គ្រាន់តែទៅរើសទង់ជ័យបក្សដែលគេរំលាយចោល ហើយចោរចូលទៅធ្វើឲ្យបែកបាក់ និងលួចឆក់អស់រលីង គាស់អស់រលីងហើយ តែគ្រាន់តែកូនខ្ញុំចូលទៅរើសទង់ជ័យបក្សសោះខុសដែរ។ ខ្ញុំទាមទារឲ្យយកគាត់ប៉ុលិសនោះ មកផ្តន្ទាទោសតាមច្បាប់ ព្រោះអត់មានទៅចប់ក្មេងអត់ទាន់គ្រប់អាយុ មកធ្វើបាបធ្វើទារុណកម្មលើកូនខ្ញុំចឹងទេ ហើយឃុំ៤៨ម៉ោងទៀត។ ខ្ញុំខឹងខ្លាំងណាស់ ព្រោះកូនខ្ញុំ គឺខ្ញុំស្រលាញ់ថ្នមដូចកែវមិនដែលធ្វើអីផង » ។
ម្តាយរបស់កុមារារងគ្រោះរូបនេះបន្តថា ក្រោយដោះលែងមកវិញ កូនប្រុសលោកស្រី មានសុខភាពធម្មតា ប៉ុន្តែមានស្មារតីខុសប្រក្រតីជាងមុនដូចជាមានអារម្មណ៍ភ័យខ្លាច ក្រោយការឃុំខ្លួននៅទីងងឹតម្នាក់ឯង និងសម្លុតសួរចម្លើយ ព្រមទាំងធ្វើទារុណកម្មលើរាងកាយជាដើម។
ទាក់ទងនឹងករណីនេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងអធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារាបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល នៅថ្ងៃទី១៦ តុលា។
ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងថា ករណីនេះ មានព័ត៌មានតែពីភាគីម្ខាង ហើយភាគីដើមចោទ ក៏បានប្តឹងទៅតុលាការរួចហើយដែរ ដូច្នេះសមត្ថកិច្ច នឹងមិនស៊ើបអង្កេតករណីនេះទេ ប្រសិនបើគ្មានបញ្ជាពីតុលាការ៖ « ខ្ញុំដូចអត់មានអីទៅឆ្លើយតបជាមួយពាក្យបណ្តឹតផ្តេសផ្តាស់ចឹងទេ បើគាត់ប្តឹងទៅតុលាការ តើលោកឯងឲ្យខ្ញុំឆ្លើយតបថាម៉េច។បើប្តឹងមកខ្ញុំ អាហ្នឹងខ្ញុំឆ្លើយតប បាន។ បើតុលាការ លោកសម្រេចថា ហេតុផលត្រឹមត្រូវ លោកចេញដីកាបង្គាប់បញ្ជាមកហើយ ខាងអាជ្ញាធរគេនឹងអនុវត្តតាមបង្គាប់របស់តុលាការហើយ » ។
កុមារា កាក់ សុវណ្ណច្ឆ័យ គឺជាកូនប្រុសរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសជាមួយសកម្មជនបក្សប្រឆាំងជាង២០នាក់ទៀត។ កុមារារូបនេះ មានជំងឺអូទីហ្សឹមពីកំណើតដែលធ្វើឲ្យគាត់ធ្វើសកម្មភាពដដែលៗ និង និយាយទៅមុខទៅក្រោយ។ អាជ្ញាធររបបក្រុងភ្នំពេញ ចាប់ឃុំខ្លួនកុមារា កាក់ សុវណ្ណច្ឆ័យ អស់រយៈពេល ២ថ្ងៃកាលពីដើមខែតុលានេះ ដោយសារតែបានចូលទៅប្រមូលទង់គណបក្សសង្គ្រោះជាតិនៅឯទីស្នាក់ការកណ្ដាលគណបក្សនេះ។ នគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចាប់កុមារារូបនេះ ដាក់ខ្នោះ រួចថតរូបកុមារារូបនេះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ កាន់តែធ្ងន់ធ្ងរជាងនេះទៀត កុមារារូបនេះ ប្រាប់អាស៊ីសេរីក្រោយពេលដោះលែងថា មន្ត្រីប៉ូលិសនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ក្នុងខណ្ឌមានជ័យ បានវាយដុំលើខ្លួនប្រាណ និងដាល់ផ្ទៃមុខខ្លួនជាច្រើនដៃក្នុងពេលឃុំខ្លួន។ ក្រោយឃុំខ្លួននៅក្នុងប៉ុស្តិ៍ នគរបាលចាក់អង្រែលើ១យប់រួច កុមាររូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួននិងសួរចម្លើយនៅស្នងការនគរបាលរាជធានីភ្នំពេញមួយយប់ទៀត មុននឹងដោះលែងវិញ ក្រោយបង្ខំឲ្យធ្វើកិច្ចសន្យាសារភាព និងថតវីដេអូសុំទោសជាសាធារណៈ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ពន្លឿនការស្រាវជ្រាវករណីហិង្សានេះ និងចាត់វិធានការទៅតាមច្បាប់ ដោយមិនគួរបែខ្នងដាក់ប្រជាពលរដ្ឋនោះទេ។ លោក ពិនិត្យឃើញថា ទង្វើរបស់សមត្ថកិច្ចដែលថតរូបកុមារា កាក់ សុវណ្ណច្ឆ័យ ទាំងដៃជាប់ខ្នោះហើយបង្ហោះក្នុងបណ្តាញសង្គម គឺជាទង្វើរំលោភសិទ្ធិកុមារធ្ងន់ធ្ងរទៅហើយ ដូច្នេះប្រសិនបើមានអំពើហិង្សាលើកុមាររូបនោះថែមទៀត គឺកាន់តែល្មើសផ្លូវច្បាប់ធ្ងន់ធ្ងរ៖ « ប្រសិនបើតុលាការទទួលពាក្យបណ្តឹងហើយចាត់ការទៅតាមនីតិវិធី គឺជារឿងល្អប្រសើរបំផុត ដើម្បីធ្វើយ៉ាងណាបញ្ចប់អំពើនិទណ្ឌភាព ហើយប្រសិនបើមិនមានវិធានការរកយុត្តិធម៌ណាមួយមកដល់កុមារទេ មកដល់ក្រុមគ្រួសារពួកគាត់ទេ គឺមានន័យថាអំពើបែបនេះ វានឹងកើតមានតទៅទៀត » ។
តាមក្រមព្រហ្មទណ្ឌមាត្រា ២១០ ចែងថា ទារុណកម្ម ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំដល់ ១៥ឆ្នាំ។ លើសពីនេះ ប្រសិនបើការប្រព្រឹត្តអំពើទារុណកម្ម និងអំពើឃោរឃៅបែបនេះ លើបុគ្គលទន់ខ្សោយដោយមូលហេតុនៃអាយុ លើស្ត្រីមានគភ៌ ឬលើបុគ្គលទន់ខ្សោយ ពិសេសដោយហេតុនៃជំងឺ ឬពិការភាព អាចផ្ដន្ទាទោសចាប់ពី ១០ឆ្នាំទៅ ២០ឆ្នាំ។
ពាក់ព័ន្ធនឹងករណីចាប់ឃុំខ្លួន និងធ្វើទារុណកម្មលើកុមារា កាក់ សុវណ្ណច្ឆ័យ នេះដែរ ប្រធានផ្នែកទំនាក់ទំនងនៃអង្គការយូនីសេហ្វ ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិកុមារ អ្នកស្រី រូឌីណា វ៉ូចវ៉ូដា (Rudina Vojvoda) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក កាលពីដើមសប្តាហ៍នេះថា កុមារគ្រប់រូបមិនត្រូវប្រឈមនឹងអំពើទារុណកម្ម ឬលក្ខខណ្ឌនៃការឃុំឃាំងបែបអមនុស្សធម៌ឡើយ។ អ្នកស្រីពន្យល់ថា ការឃុំខ្លួនកុមារ មានន័យថា ជាការដកសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយអាចបំផ្លាញដល់សុខភាព និងការអភិវឌ្ឍន៍របស់កុមារ។ អ្នកស្រីបន្តថា ផលវិបាកនៃទង្វើនេះ ធ្វើឲ្យកុមារបាត់បង់កុមារភាពរបស់ពួកគេ ហើយអាចបន្សល់ទុកនូវស្លាកស្នាមជ្រាលជ្រៅនៅក្នុងជីវិតរបស់កុមារ និងប៉ះពាល់ដល់គ្រួសារ និងសង្គមទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។