គ្រួសារ​ថា អាជ្ញាធរ​បង្ខំ​ឱ្យ​លោក កង សារ៉ន សុំទោស​ជា​ថ្នូរ​ទទួល​បាន​សេរីភាព​ឡើង​វិញ

ដោយ ច័ន្ទ ដារ៉ូ
2023.12.03
គ្រួសារ​ថា អាជ្ញាធរ​បង្ខំ​ឱ្យ​លោក កង សារ៉ន សុំទោស​ជា​ថ្នូរ​ទទួល​បាន​សេរីភាព​ឡើង​វិញ (ពីស្ដាំ) លោក កង សារ៉ន កូនស្រី និងប្រពន្ធ លោកស្រី ហង្ស ត្រឹប កាលលោកនៅមានសេរីភាព​ជាមួយគ្រួសារ។
រូប៖ ហ្វេសប៊ុក ហង្ស ត្រឹប

គ្រួសារ​អះអាង​ថា អាជ្ញាធរ​បាន​បង្ខំ​ឱ្យ​លោក កង សារ៉ន ធ្វើ​លិខិត​សុំទោស​ជា​ថ្នូរ​ទទួល​បាន​សេរីភាព​ឡើងវិញ។ ប៉ុន្តែ​អ្នក​ដែល​ជាប់​ពន្ធនាការ​ទាក់ទង​ការប្រើប្រាស់​ហ្វេសប៊ុក (Facebook) រិះគន់​គណបក្ស​កាន់អំណាច​រូប​នេះ​បាន​ច្រាន​សំណើ​នោះ​ដោយ​សុខចិត្ត​ជាប់គុក​បន្ត​ទៀត​។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​អ្នក​ដែល​បង្ខំ ឬ​បំភិតបំភ័យ​ឱ្យ​ពលរដ្ឋ​សារភាព ឬ​សុំទោស​ផ្ទុយ​ពី​ឆន្ទៈ​នោះ​គឺជា​ទង្វើ​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

គ្រួសារ​ឱ្យ​ដឹង​ថា​លោក កង សារ៉ន កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាការ ខេត្ត​បន្ទាយមានជ័យ​នៅតែ​មាន​ឆន្ទៈ​មោះមុត ស្មារតី​រឹងមាំ​ជា​ធម្មតា​ដដែល​។ ជាងនេះ​ទៅ​ទៀត​លោក​សុខចិត្ត​ជាប់គុក​ទាំង​អយុត្តិធម៌​បន្ត​ទៀត ដោយ​មិន​សុំទោស​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​នោះ​ទេ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៣ ខែ​ធ្នូ ថា អាជ្ញាធរ​បាន​ប្រាប់​លោកស្រី និង​ម្តាយ​វ័យ​១០២​ឆ្នាំ​គឺ​លោកយាយ សួង ឃិន ឱ្យ​ទៅ​ជួប​លោក កង សារ៉ន នៅក្នុង​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃទី​២ ខែធ្នូ ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​គាត់​សារភាព​ទទួលកំហុស និង​ឈប់​រិះគន់​រដ្ឋាភិបាល​ជាដើម​។ លោកស្រី​បន្ត​ថា ភ្លាមៗ​នោះ​ប្តី​លោកស្រី​បាន​បដិសេធ​ធ្វើ​លិខិត​សុំទោស ដោយ​នៅតែ​រក្សា​ជំហរ​ដើម​ដែល​គាត់​យល់​ថា គ្មាន​កំហុស ហើយ​សុខចិត្ត​នៅ​បន្ត​ជាប់ឃុំ​។ ទន្ទឹម​នឹង​នេះ​លោក​ឱ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ហៅ​លោកស្រី​សួរនាំ​ដោយ​ហាម​លោកស្រី​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថែម​ទៀត។

លោកស្រី ហង្ស ត្រឹប៖ «អាជ្ញាធរ​ឱ្យ​សុំទោស​គេ ដើម្បី​ធានា​មក​វិញ​នោះ ប្តី​របស់ខ្ញុំ​អត់​ទេ​និយាយ​តែ​ប៉ុណ្ណោះ​ឯង គេ​ឱ្យ​ប្តី​របស់​ខ្ញុំ​ឈប់​និយាយ គាត់​ថា ឯង​ទៅ​វេច​នំ​លក់​វិញ​ទៅ​មិន​បាច់​មក​យក​ខ្ញុំ​ចេញ​ទេ គាត់​ថ្វាយ​បង្គំ​ម៉ែ​បី​ដង ខ្ញុំ​ក៏​ត្រឡប់​មក​វិញ​ជាមួយ​ម៉ែ​ទៅ គេ​អត់ឱ្យ​ជួប​យូរ​ទេ​ឱ្យ​និយាយ​ពីរ​បី​ម៉ាត់​ក៏​មក​វិញ»

ទាក់ទង​រឿង​នេះ មេឃុំ​ទទួល​ពង្រ ខេត្ត​បន្ទាយមានជ័យ លោក ទឹម ម៉ន និង​អធិការ​នគរបាល​ស្រុក​ម៉ាឡៃ លោក បេន សំអាត បដិសេធ​ឆ្លើយ​តប​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ីសេរី។

ទោះជា​យ៉ាងណា កន្លងទៅ​គ្រួសារ​ចាត់ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​លើ​លោក កង សារ៉ន ដែល​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ទំនាស់​ដីធ្លី​ឱ្យ​ពួកគេ​ដែល​ជា​អ្នករងគ្រោះ​ដោយសារ​អ្នកមាន​លុយ​មានអំណាច​។ ពួកគេ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សមាជិកគ្រួសារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជំហរ និង​ការ​សម្រេច​ចិត្ត​របស់​លោក កង សារ៉ន គឺ​ជា​សិទ្ធិ​សេរីភាព។ លោក​បន្ថែម​ថា​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ទទួល​ស្គាល់ និង​យក​មក​អនុវត្ត​។ ផ្ទុយ​ទៅវិញ​លោក​ថា បើ​សិន​អាជ្ញាធរ​រឹត​ត្បិត​ទៅ​លើ​សិទ្ធិ​ទាំងនោះ​តាមរយៈ​ការ​បង្ខិតបង្ខំ បំភិតបំភ័យ ឬ​ដាក់​សម្ពាធ​ក្រោម​រូបភាព​ផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ធ្វើ​រឿង​អ្វីមួយ​ខុសពី​ឆន្ទៈ ឬ​ការ​យល់​ឃើញ​នោះ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោក អំ សំអាត៖ «មើល​ឃើញ​ថា លោក កង សារ៉ន ត្រូវ​បាន​តុលាការ​កាត់ទោស​ទៅ​ហើយ តើ​មាន​ហេតុផល​អ្វី​ទៀត​ត្រូវ​ឱ្យ​គាត់​សុំទោស ខ្ញុំ​គិតថា​រឿង​នេះ​មិន​សមស្រប ឬ​ត្រឹមត្រូវ​ទេ ពីព្រោះ​តុលាការ​បាន​ចេញ​សាលក្រម​មក​អនុវត្ត​ការ​ចាប់ខ្លួន​គាត់​ទៅ​ហើយ​នោះ អ៊ីចឹង​អ្វី​ដែល​សំខាន់​យើង​រង់ចាំ​មើល​តែ​សាលាឧទ្ធរណ៍​នៅក្នុង​សវនាការ តើ​អាច​ផ្តល់​ភាព​យុត្តិធម៌​ដល់​លោក កង សារ៉ន ដល់​កម្រិត​ណា​នោះ​បាទ»

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​វាយ​ខ្នោះ​លោក កង សារ៉ន ជា​លើក​ទី​២ កាលពី​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា ក្រោយ​ពេល​តុលាការ​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ ៣​ឆ្នាំ ពី​បទ «​ជេរប្រមាថ​តាម​ទី​សាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ»

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​លោក កង សារ៉ន បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និយាយ​រិះគន់​ការដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត កាល​ពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៣។

នៅក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រោយ​ពេល​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ពលរដ្ឋ​វៀតណាម​ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុសច្បាប់​បន្ត​ទៀត? ហើយ​នៅ​ក្នុង​នោះ លោក​ក៏បាន​រិះគន់​ពី​បញ្ហា​គ្រឿងញៀន អំពើពុករលួយ​និង​បញ្ហា​អសន្តិសុខ​មួយ​ចំនួន​ទៀត។

ទាក់ទង​នឹង​សំណុំរឿង​របស់​លោក កង សារ៉ន នេះ​ដែរ លោក អំ សំអាត ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មេធាវី​របស់​អង្គការ​លីកាដូ​បាន​ប្តឹង​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​រួចហើយ ហើយ​មេធាវី​កំពុង​រង់ចាំ​ដំណើរការ​តាម​នីតិវិធី​នៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
មន្ត្រី គ.ជ.ប ខេត្តតាកែវសួរនាំក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនម្នាក់ ក្រោយថតសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។