លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្តលើកឡើងពីភាពស្អាតស្អំរបស់លោក និងអរគុណដល់ក្រុមប្រទេសប្រជាធិបតេយ្យ និងប្រជាពលរដ្ឋខ្មែរ ដែលឈឺឆ្អាលនឹងសុខទុក្ខរបស់លោក ក្នុងពេលលោកកំពុងជាប់បម្រាមនយោបាយ។ អ្នកតាមដានស្ថានការណ៍យល់ថា មេបក្សប្រឆាំងរូបនេះត្រូវតែធ្វើសកម្មភាពឱ្យបានច្រើន ដើម្បីរក្សាប្រជាប្រិយភាព។
លោក កឹម សុខា បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៩ តុលា ដោយលើកយកពាក្យទំនៀមខ្មែរមួយឃ្លាថា «មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមាសទឹកដប់ នៅតែមានតម្លៃដដែល»។ លោកបកស្រាយថា មនុស្សបរិសុទ្ធមានគុណតម្លៃពិត ទោះជារងការចោទប្រកាន់ មួលបង្កាច់ ជេរប្រមាថ លាបពណ៌ មាន ឬគ្មានតួនាទី ឬឋានៈបុណ្យស័ក្ដិធ្លាក់ដល់ណាក៏ដោយ ក៏អ្នកទាំងឡាយដែលជាគតិបណ្ឌិតពិត នៅតែស្វះស្វែងទទួលស្គាល់ ផ្តល់តម្លៃ និងគោរពដល់បុគ្គលដែលតម្កល់នូវគុណតម្លៃនោះដែរ។
លោក កឹម សុខា ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលគាំទ្រជំហរអហិង្សា ការមិនយកខ្មែរណាជាសត្រូវ និងភាពតស៊ូអត់ធ្មត់របស់លោក ព្រមទាំងគោរពស្រឡាញ់រូបលោក ដោយការមកសួរសុខទុក្ខដល់គេហដ្ឋាន ស្កាត់ជួបនៅទីសាធារណៈ និងផ្ញើសារពីចម្ងាយ ជាដើម។ ជាងនេះទៅទៀត លោកអរគុណដល់ក្រុមប្រទេសប្រជាធិបតេយ្យដែលនៅតែគោរព និងផ្តល់តម្លៃដល់រូបលោក តាមរយៈការចាត់ឱ្យមន្ត្រីទូតតំណាងប្រទេសរបស់ខ្លួន ទៅជួបលោកដល់គេហដ្ឋាន ឬទៅជួបនៅស្ថានទូត ដើម្បីសួរសុខទុក្ខ និងសម្ដែងកង្វល់ចំពោះស្ថានភាពសិទ្ធិសេរីភាព និងសុវត្ថិភាពរបស់លោករូបលោក។
មួយរយៈពេលចុងក្រោយនេះ លោក កឹម សុខា តែងបង្ហោះរូបភាព និងវីដេអូលើបណ្តាញសង្គមជាញឹកញាប់ស្ដីអំពីការងារមនុស្សធម៌របស់លោក និងជំនួបជាមួយមន្ត្រីទូតបរទេសទាំងឡាយ។ សាររបស់លោក កឹម សុខា អមជាមួយរូបភាពទាំងនោះ ច្រើនតែផ្ដោតទៅលើគុណធម៌មេដឹកនាំ ការចង់ឃើញខ្មែររួបរួមគ្នា ការបញ្ឈប់វប្បធម៌លាបពណ៌ និងការសងសឹក គោលការណ៍អហិង្សា និងភាពស្អាតស្អំរបស់លោកក្នុងនាមជាមេដឹកនាំបក្សប្រឆាំង។
ទោះជាយ៉ាងណា សារសន្តិភាពរបស់លោក កឹម សុខា ទាំងនេះ ហាក់មិនទាន់អាចបន្ទន់ចិត្តរបបក្រុងភ្នំពេញ ឱ្យលើកលែងការចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់រូបលោកវិញនៅឡើយទេ។ ផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតថា លោកនឹងមិនចរចាជាមួយគណបក្សប្រឆាំងនោះឡើយ ព្រោះលោកថា ជាគណបក្សខុសច្បាប់។ បុរសខ្លាំងរូបនេះបញ្ជាក់ថា មន្ត្រីបក្សប្រឆាំងណា ដែលកំពុងជាប់បណ្ដឹង ឬត្រូវតុលាការកាត់ទោសរួចហើយនោះ ត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ជាមុនសិន ទើបអាចនិយាយគ្នាជាមួយលោកបាន៖ «ខ្ញុំមិនត្រូវការចរចាជាមួយអ្នកណាទាំងអស់។ អ្នកដែលធ្វើខុសច្បាប់ គឺមានតែតុលាការមួយគត់ ហើយអ្នកដែលបានតុលាការកាត់ទោសហើយ ត្រូវមកជាប់គុកសិន។ បន្ទាប់ពីជាប់គុកហើយ អាហ្នឹងចាំនិយាយគ្នា។ អ្នកឯងរួចផុតពីគុក បង្កើតបក្សនយោបាយ អាហ្នឹងជាសិទ្ធិរបស់អ្នកឯង។ អ៊ីចឹងមនុស្សមួយចំនួនថា រង់ចាំដំណោះស្រាយនយោបាយ ខ្ញុំប្រកាសថា អត់មាន។ ស៊ីសងលើអាសែន មិននិយាយរក ចប់»។
តុលាការរបបលោក ហ៊ុន សែន ចោទប្រកាន់លោក កឹម សុខា ពីបទ“សន្ទិដ្ឋិភាព” ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ លោកបានជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះប្រមាណ២ ឆ្នាំ មុននឹងត្រូវបានតុលាការបន្ធូរបន្ថយបម្រាមមួយចំនួន។ តុលាការបានអនុញ្ញាតឱ្យលោកមានសេរីភាពធ្វើដំណើរនៅក្នុងប្រទេស ប៉ុន្តែហាមដាច់ខាតមិនឱ្យលោកធ្វើសកម្មភាពនយោបាយឡើយ។ ចំណែក សវនាការសំណុំរឿងរបស់លោកវិញ តុលាការបានផ្អាកជាច្រើនខែមកហើយ ដោយមិនទាន់កំណត់ពេលជាថ្មីទៀតនៅឡើយ ទោះជាមានសំណើផ្លូវការពីក្រុមមេធាវីលោក កឹម សុខា យ៉ាងណាក្តី។
សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត សេង សារី ថ្លែងថា មកទល់ពេលនេះ គណបក្សកាន់អំណាចមិនព្រមបន្ធូរបន្ថយបរិយាកាសនយោបាយនៅឡើយទេ ដូច្នេះសកម្មភាពរបស់លោក កឹម សុខា ហាក់មិនបានហុចផ្លែផ្កាអ្វីនោះឡើយ។ លោកជឿថា បើចង់ឱ្យគណបក្សកាន់អំណាចវិលមករកតុចរចា ទាល់តែថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិបែកបាក់គ្នា ប៉ុន្តែនេះមិនមែនជាជម្រើសល្អឡើយសម្រាប់មេបក្សប្រឆាំង៖ «ខ្ញុំមើលឃើញថា សកម្មភាពបែបនេះមិនអាចបន្ទន់ចិត្តមេដឹកនាំគណបក្សកាន់អំណាចបានទេ។ អ្វីដែលបន្ទន់ចិត្តមេដឹកនាំគណបក្សកាន់អំណាចបានហ្នឹង គឺការបង្ហាញពីសញ្ញាណបែកបាក់រវាងលោក កឹម សុខា និងលោក សម រង្ស៊ី។ អាហ្នឹង គឺជាចំណុចមួយដែលអាចបន្ទន់ចិត្តឱ្យមានការបន្ធូរបន្ថយបរិយាកាសនយោបាយបាន ក៏ប៉ុន្តែជម្រើសមួយនេះជាជម្រើសអត្តឃាតនយោបាយ»។
ទោះជាយ៉ាងណា បណ្ឌិត សេង សារី មានប្រសាសន៍ថា លោក កឹម សុខា ត្រូវតែធ្វើសកម្មភាពឱ្យកាន់តែច្រើន តាមដែលអាចធ្វើទៅបាន ដូចជា សកម្មភាពមនុស្សធម៌ និងសាសនាជាដើម ដើម្បីបង្ហាញអំពីទឹកចិត្តរបស់លោក និងរក្សាប្រជាប្រិយភាព។ ក្រុមប្រទេសប្រជាធិបតេយ្យនៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេទទូចដល់របបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា វិញ ដើម្បីលោកបន្តជីវិតនយោបាយក្នុងនាមជាមេដឹកនាំបក្សប្រឆាំងធំជាងគេនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។